អាជ្ញាធរ​ឱ្យ​កម្មករ​រោងចក្រ ឃែនធើរេន រុះរើ​តង់​ចេញ​ពី​មុខ​រោងចក្រ ខណៈ​វិវាទ​ការងារ​មិន​ទាន់​ដោះស្រាយ​ចប់

កម្មករ-កម្មការិនី​ធ្វើការ​​នៅ​រោងចក្រ​​​ ឃែន​ធើរេន ស្ថិត​នៅ​សង្កាត់​​ចោម​ចៅទី​១ ខណ្ឌពោធិ៍សែន​ជ័យ រាជ​ធានី​​ភ្នំពេញ នាំគ្នា​តវ៉ានិងបោះតង់ដាក់វេនគ្នា​ដេកយាម​មុខ​​រោង​​ចក្រ ដើម្បី​ការ​ពារ​មិន​ឱ្យ​មាន​ការ​ដឹក​សម្ភារ​ផ្សេងៗ​ចេញ​ពី​រោង​ចក្រ និង​ទាម​ទារ​ឱ្យ​ថៅកែចេញ​មុខដោះស្រាយសំណងជូនពួកគេតាមផ្លូវច្បាប់ ក្រោយពីថៅកែរោង​ចក្រនេះ​បិទ​ទ្វាររត់ចោល​កម្មករ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

រដ្ឋបាល​សង្កាត់​ចោម​ចៅទី១ ឱ្យ​កម្មករ​រោងចក្រកាត់ដេរសម្លៀកបំពាក់​ ឃែន​ធើ​រេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) រុះរើតង់ចេញពីមុខរោងចក្រ ខណៈវិវាទ​ការ​ងារ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​ជា​ស្ថាពរ​នៅឡើយ។

កម្មករ-កម្មការិនី​ធ្វើការ​​នៅ​រោងចក្រ​​​ ឃែន​ធើរេន ស្ថិត​នៅ​សង្កាត់​​ចោម​ចៅទី​១ ខណ្ឌពោធិ៍សែន​ជ័យ រាជ​ធានី​​ភ្នំពេញ បាននាំគ្នា​តវ៉ា និងបោះតង់ដាក់វេនគ្នា​ដេកយាម​មុខ​​រោង​​ចក្រ​ជាង​៤ខែ​ហើយ ដើម្បី​ការ​ពារ​មិន​ឱ្យ​មាន​ការ​ដឹក​សម្ភារ​ផ្សេងៗ​ចេញ​ពី​រោង​ចក្រ និង​ទាម​ទារ​ឱ្យ​ថៅកែចេញ​មុខដោះស្រាយសំណងជូនពួកគេតាមផ្លូវច្បាប់ ក្រោយពីថៅកែរោង​ចក្រនេះ​បិទ​ទ្វាររត់ចោល​កម្មករ។

កាលពីថ្ងៃទី១៦ ខែកញ្ញានេះ រដ្ឋបាលសង្កាត់ចោមចៅទី១ បានចេញសេចក្តីជូនដំណឹងមួយឱ្យកម្មកររោងចក្រ ឃែនធើរេន រុះ​រើតង់ និងយកសម្ភារផ្សេងៗចេញពីមុខរោងចក្រ ដោយទុករយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្រោមហេតុផលថា ការ​បោះ​តង់​របស់​កម្មករ​នោះធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និង​បាត់​បង់​សោភ័ណភាព។

លិខិតជូនដំណឹងរបស់រដ្ឋបាលសង្កាត់ចោមចៅទី១ បិទនៅជាប់នឹងតង់របស់កម្មកររោងចក្រ ឃែនធើរេន ដោយបង្គាប់ឱ្យរុះរើងតង់ចេញពីមុខរោងចក្រ ដោយលិខិតជូនដំណឹងនេះចេញនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
លិខិតជូនដំណឹងរបស់រដ្ឋបាលសង្កាត់ចោមចៅទី១ បិទនៅជាប់នឹងតង់របស់កម្មកររោងចក្រ ឃែនធើរេន ដោយបង្គាប់ឱ្យរុះរើងតង់ចេញពីមុខរោងចក្រ ដោយលិខិតជូនដំណឹងនេះចេញនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

រដ្ឋបាលសង្កាត់ចោមចៅទី១ បានព្រមានពីការចុះរុះរើដោយមិនទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិផ្សេងៗ និងកសាង​សំណុំរឿងបញ្ជូនទៅតុលាការផងដែរ ប្រសិនបើកម្មករទាំងនោះមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ។

កម្មការិនី​បម្រើកាងារនៅរោងចក្រ ឃែនធើរេន ជាង២០ឆ្នាំ អ្នកស្រី សាន់ សុផា ចាត់ទុកការជូនដំណឹងរបស់រដ្ឋបាលសង្កាត់ចោមចៅទី១នេះ ថាជាការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញបន្ថែមទៀត​លើកម្មករ​ដែល​កំពុង​ជួប​ទុក្ខ​លំបាក ដោយ​សារថៅកែ​គេច​វេះ​មិនដោះស្រាយ​សំណងតាមផ្លូវច្បាប់ជូនពួកគាត់។

កម្មការិនីរូបនេះបាននិយាយ​​នៅថ្ងៃអង្គារ​នេះ​ថា ចាប់​តាំង​ពី​កម្មករ​មាន​បញ្ហា​វិវាទ​ការងារ​មក ខាង​អាជ្ញាធរ​សង្កាត់និង​ខណ្ឌមិន​ដែល​ចុះ​សួ​រ​សុខ​ទុក្ខ និងស្វះស្វែងជួយរកដំណោះស្រាយជូនកម្មករឡើយ ក្រៅពីគំរាមកំហែងវាយខ្នោះ​ និងឱ្យកម្មកររុះរើតង់ចេញពីមុខរោងចក្រតាមការបញ្ជារបស់ម្ចាស់ទីតាំង។

អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំមកបោះតង់ដេកយាមមុខរោងចក្រជិត៥ខែហើយ គ្មានអាជ្ញាធរណាមកអន្តរាគមន៍ជួយទេ មាន​តែអា​ជ្ញាធរ​មក​គំរាម​ឱ្យ​ពួក​ខ្ញុំ​រើ​តង់ គំរាម​ដាក់​ខ្នោះដា​ក់​ច្រវាក់ទៅ​វិញ។ គាត់មិនដែលមកសួរសុខទុក្ខ​ពួកខ្ញុំថា ពួកខ្ញុំជួបទុក្ខលំបាកអ្វីខ្លះទេ។ ស្រាប់​តែ​ចេញ​មុខ​គំរាមពួកខ្ញុំដាក់ខ្នោះដាក់ច្រវាក់។ ខ្ញុំសោកស្តាយបំផុត ក្នុងនាមគាត់ជាអាជ្ញាធរ អ្នកកាន់ច្បាប់​ ហើយ​គាត់មកគំរាមកំហែងប្រជាពលរដ្ឋ។​ ពួកខ្ញុំកំពុងរងទុក្ខវេទនាហើយ គាត់មកគំរាមកំហែងមួយជាន់ពីលើទៀត»

កម្មការិនី​មាន​ផ្ទៃពោះម្នាក់ ​អ្នកស្រី ហេង ស៊ីនូន បម្រើកា​រងារ​នៅរោងចក្រ ឃែនធើរេន រយៈពេល​៨ឆ្នាំមក​ហើយ ប្រាប់វីអូឌីថា ចាប់តាំង​ពីរោងចក្របិទទ្វារដោយមិនបានដោះស្រាយសំណងជូនកម្មករនេះ បានធ្វើឱ្យ​​​​គ្រួសារ​​អ្ន​ក​​ស្រីជួប​ទុក្ខ​លំបាក​ជា​ខ្លាំង ដោយសារការបាត់បង់ការងារ និងគ្មានលុយសម្រាប់ចំណាយផ្សេងៗ។

អ្នកស្រី​បន្តថា ក្នុង១ខែៗ ​គ្រួសារអ្នកស្រីត្រូវការចំណាយរាប់រយដុល្លារទៅលើការហូបចុក​ប្រចាំ​ថ្ងៃ ថ្លៃសា​លាកូ​ន​រៀន បន្ទប់ជួល ទឹក​ ភ្លើង បង់​សង​ធនាគារ និងផ្តល់ជូនឪពុកម្តាយចាស់ជរាចាយ​វាយ​នៅស្រុកកំណើត ខណៈបច្ចុប្បន្ន អ្នកស្រី​ពឹងទាំង​ស្រុង​លើ​ចំណូល​របស់​ស្វាមីដែល​រកប្រាក់​តែម្នាក់ឯង។

កម្មករ-កម្មការិនី​ធ្វើការ​​នៅ​រោងចក្រ​​​ ឃែន​ធើរេន ស្ថិត​នៅ​សង្កាត់​​ចោម​ចៅទី​១ ខណ្ឌពោធិ៍សែន​ជ័យ រាជ​ធានី​​ភ្នំពេញ នាំគ្នា​តវ៉ានិងបោះតង់ដាក់វេនគ្នា​ដេកយាម​មុខ​​រោង​​ចក្រ ដើម្បី​ការ​ពារ​មិន​ឱ្យ​មាន​ការ​ដឹក​សម្ភារ​ផ្សេងៗ​ចេញ​ពី​រោង​ចក្រ និង​ទាម​ទារ​ឱ្យ​ថៅកែចេញ​មុខដោះស្រាយសំណងជូនពួកគេតាមផ្លូវច្បាប់ ក្រោយពីថៅកែរោង​ចក្រនេះ​បិទ​ទ្វាររត់ចោល​កម្មករ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។
កម្មករ-កម្មការិនី​ធ្វើការ​​នៅ​រោងចក្រ​​​ ឃែន​ធើរេន ស្ថិត​នៅ​សង្កាត់​​ចោម​ចៅទី​១ ខណ្ឌពោធិ៍សែន​ជ័យ រាជ​ធានី​​ភ្នំពេញ នាំគ្នា​តវ៉ានិងបោះតង់ដាក់វេនគ្នា​ដេកយាម​មុខ​​រោង​​ចក្រ ដើម្បី​ការ​ពារ​មិន​ឱ្យ​មាន​ការ​ដឹក​សម្ភារ​ផ្សេងៗ​ចេញ​ពី​រោង​ចក្រ និង​ទាម​ទារ​ឱ្យ​ថៅកែចេញ​មុខដោះស្រាយសំណងជូនពួកគេតាមផ្លូវច្បាប់ ក្រោយពីថៅកែរោង​ចក្រនេះ​បិទ​ទ្វាររត់ចោល​កម្មករ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

បញ្ហាមួយទៀត​នោះ អ្នកស្រីថា កម្មការិនីវ័យចាស់ និងកម្មការិនីមានផ្ទៃពោះ កំពុងប្រឈមអត់ការងារធ្វើ ដោយសារ​ការ​រើសអើង​ពីសំណាក់ថៅកែរោងចក្រមួយចំនួនផងដែរ។

អ្នកស្រីបន្ថែមថា៖ «ពេលគ្មានប្រាក់ខែអ៊ីចឹង យើងពិបាកត្រង់យើងជំពាក់ធនាគារ ត្រូវបង់ថ្លៃផ្ទះជួល ថ្ងៃទឹកភ្លើង យើងត្រូវចំណាយ​ចិញ្ចឹមម៉ែឪនៅផ្ទះទៀត និយាយទៅលំបាកខ្លាំងណាស់! ហើយ​ប្តីរកតែម្នាក់ឯង​ សម្រាប់​ចាយ​បាន​តែ​២នាក់​ទេ ពេល​ខ្លះ​ខ្ចីបងប្អូន​ចាយបន្ថែមទៀតក៏មាន»

មន្ត្រី​សម្ព័ន្ធ​​​​សហ​ជី​​ព​ចលនា​កម្មក​រ លោក ស៊ុត ចិត្រ ដែលតាមឃ្លាំមើលរឿងនេះ មានប្រសាសន៍ថា ករណីអាជ្ញាធរ​ឱ្យ​កម្មកររុះ​រើ​តង់ និងព្រមានប្តឹងទៅតុលាការនោះ ជាទង្វើមិនល្អ និង​មិនទទួលខុសត្រូវចំពោះពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែល​កំពុង​ជួប​ទុក្ខ​លំបាក​ដោយសារថៅកែបិទទ្វាររោងចក្ររត់ចោលកម្មករ។

មន្ត្រីសហជីព​រូប​នេះបន្ត​ថា ក្នុងនាម​ជា​អាជ្ញាធរគួរតែស្វះសែង និង​ជំរុញទៅភាគីពាក់ព័ន្ធ ជួយដោះស្រាយបញ្ចប់វិវាទជូនកម្មករ មិនគួរណាមកគំរាមកំហែងឱ្យកម្មកររុះ​រើតង់ចេញ ទាំងមិនទាន់ទទួលបានដំណោះស្រាយនោះទេ។ លោកថា ការបោះតង់​នេះ​ទៀត​សោត ក៏មិនប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនោះដែរ។

លោកបន្ថែមថា៖ «អ្វីដែលកម្មករគាត់ទាមទារ គឺគាត់ទាមទារនៅក្នុងផ្លូវច្បាប់។ ប្រសិនជាពេលរោងចក្របិទ គាត់​ត្រូវ​ទទួលបាន​៥ចំណុច អ៊ីចឹង​ភាគីពាក់ព័ន្ធគួរតែជំរុញឱ្យមានការជជែកគ្នា ដើម្បីដោះស្រាយបញ្ចប់វិវាទជូនបងប្អូនកម្មករ យើងមិនត្រូវ​យក​អំពើ​ហិង្សា ឬ​ការគំរាមកំហែងមកគំរាមកំហែង​លើពួកគាត់ដែលជាជនរងគ្រោះវេទនា​ដោយនិយោជកបិទ​រោងចក្រ​រត់​ចោល​ដោយមិន​ទូទាត់សំណងជូននោះទេ»

វីអូឌី មិនអាចសុំការឆ្លើយតបពីចៅសង្កាត់ចោមចៅទី១ លោក កង វង បាន​ទេ ​ជុំវិញ​រឿង​​នេះ។

ប៉ុន្តែមេភូមិត្រពាំងថ្លឹង​៣​ លោក យិន ពិសិដ្ឋ បញ្ជាក់​ថា អាជ្ញាធរ​សុំ​ឱ្យ​​​កម្មករ​​រុះ​រើតង់ចេញ​ពី​មុខ​ផ្លូវ​ចូល​រោង​ចក្រ ហើយ​អាចបោះ​​តង់​នៅ​​ចំហៀង​​ផ្លូវ​​ចូល​​នោះ​​វិញ ដើម្បី​ទុក​ផ្លូវ​ឱ្យ​ភ្ញៀវ និងម្ចាស់ទីតាំង អាចចេញចូលក្នុងបរិវេណរោងចក្រ​បាន​ស្រួលប៉ុណ្ណោះ។

លោកបន្ថែម​ថា៖ «ប្រសិនជាពួក​គាត់អត់ព្រមរើចេញតាមសេចក្តីជូនដំណឹង រដ្ឋបាលគេអាចសុំគោលការណ៍ពីថ្នាក់លើ ដើម្បី​ចាត់​វិធានការឱ្យគាត់រុះរើទៅនៅខាងលើម្ខាងទៀត​ ដើម្បីឱ្យភ្ញៀវងាយស្រួលចេញចូលមើលរោងចក្រហ្នឹង»

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឱ្យ​ដោះ​ស្រាយសំណ​ង​​​ជូន​កម្មករ​រោងចក្រ ឃែនធើរេន ដែលត្រូវបានថៅកែបិទទ្វារអាជីវកម្មរត់ចោល ដោយ​មិនបានបើកប្រាក់ឈ្នួល និង​ទូទាត់អត្ថ​ប្រយោជន៍​ផ្សេងៗ​ជូន​ពួក​គេ។

ក្រោយមក ក្រសួងការងារប្រកាស​ប្រើប្រាស់​ថវិកាបុរេប្រទានរបស់​​រដ្ឋាភិបាល ដើម្បីទូទាត់ប្រាក់ចំនួន​៣ចំណុចជូនកម្មករ រួមមាន ប្រាក់ឈ្នួល​ចុង​ក្រោយ​ដែល​មិន​ទាន់​បាន​បើក ប្រាក់បំណាច់ជួសឱ្យការឈប់​សម្រាកប្រចាំឆ្នាំដែល​នៅ​សល់ និងប្រាក់​បំណាច់​អតីតភាពការងារ​ថ្មី​ក្នុង​ឆ្នាំ រួម​ទាំង​ប្រាក់​រំលឹក​អតីតភាពការងារដែលនៅសល់មុន​ឆ្នាំ២០១៩ ប៉ុន្តែកម្មករអះ​​អាង​ថា ការដោះស្រាយត្រឹម៣ចំណុចនេះ​មិនត្រឹមត្រូវតាមផ្លូវច្បាប់ឡើយ។

យ៉ាងណា អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ លោក ហេង សួរ បញ្ជាក់​ថា ការដោះស្រាយចំនួន៣ចំណុចនោះធ្វើឡើងយោងតាមច្បាប់ស្តីពីការងារ ហើយ​២ចំណុចទៀត កម្មករ​អាច​ប្តឹង​ទៅតុលាការទាមទារពីថៅកែបន្តទៀត​បាន។

ប្រធាន​​សហភាព​ចលនា​កម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ធ្លាប់ប្រាប់វីអូឌីថា តាម​​ផ្លូវច្បាប់ ពេលរោងចក្របិទទ្វារដោយមិនបានជូនដំណឹងជា​មុនឱ្យ​​ត្រឹមត្រូវទេ គឺថៅកែត្រូវផ្តល់សំណងចំនួន៥ចំណុចដល់កម្មករ ក្នុងនោះ​​មាន​ប្រាក់​ឈ្នួល​ចុងក្រោយ ប្រាក់​ជូនដំណឹង ប្រាក់សំណងជំងឺចិត្ត ប្រាក់អតីតភាពការងារ និងប្រាក់បំ​ណាច់ឆ្នាំដែលនៅសល់។

មេសហជីពរូបនេះឱ្យដឹងថា តាមការគណនាសំណង៥ចំណុចដែលកម្មកររោងចក្រ ឃែនធើរេន ទាមទារនោះ មានចំនួន​ខ្ទង់៧០​ម៉ឺន​ទៅ​៨០​ម៉ឺន​ដុល្លារ ប៉ុន្តែបើក្រសួងការងារដោះស្រាយត្រឹម៣ចំណុចនោះ គឺកម្មករបានខាតបង់ផលប្រយោជន៍ច្រើនណាស់។

បើតាមញត្តិរបស់កម្មករដែលដាក់ទៅខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ​​កាលពីថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០២២ គឺ​រោង​ចក្រ​ ឃែនធើរេន បានបើកដំណើរការតាំងពីឆ្នាំ១៩៩៧ ដែល​មានថៅកែ​ធំឈ្មោះ YAP FUNG KONG សញ្ជាតិម៉ាឡេស៊ី ហើយនាយកក្រុមហ៊ុនឈ្មោះ CHHOONG WEI PIAU និងបានជំពាក់បំណុលកម្មករ​ចំនួន៣២០នាក់។

ញត្តិដដែលបន្ត​ថា ក្នុង​អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំខ្មែរ ថ្នាក់ដឹកនាំរោងចក្របា​ន​លួច​​ដឹក​សម្ភារចេញ ដូចជា ម៉ាស៊ីន​ភ្លើង ម៉ាស៊ីន​ដេរ​ថ្មីៗ និង​ក្រណាត់ ជាដើម ផ្ទេរទៅរោងចក្រកាត់ដេរសម្លៀក​បំពាក់ ខ្វលលីធី តេក្សស្ទីល ជាក្រុមហ៊ុនមាន​ថៅកែតែមួយជាមួយក្រុមហ៊ុន ឃែនធើរេន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ