ពលរដ្ឋខ្មែរ​គ្រោង​ធ្វើ​បាតុកម្ម ខណៈ​លោក ហ៊ុន សែន ទៅ​ចូលរួម​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​អាមេរិក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេង)

ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក គ្រោងធ្វើបាតុកម្មនៅមុខ​ទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក និងតាមទីកន្លែងផ្សេងទៀត​ ដើម្បី​ទាមទារ​ឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​គោរពសិទ្ធិមនុស្សនិងស្ដារលទ្ធិប្រជាធិបេតយ្យនៅកម្ពុជាឡើងវិញ។

ការប្រកាសធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកនេះ មុនពេលដែលលោក ហ៊ុន សែន ទៅចូលរួមសន្និបាតអង្គការសហប្រជាជាតិនៅសហរដ្ឋអាមេរិក។

សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួងការបរទេស​ ឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេស​ចាប់ពីថ្ងៃទី​២១ ដល់​ទី២៨ ខែកញ្ញា។ ​លោក ហ៊ុន សែន​ និងរដ្ឋមន្រ្តី​ផ្សេង​ទៀត ​នឹងត្រូវចូល​រួម​មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នាទីក្រុងញូវយ៉កសហរដ្ឋអាមេរិក បន្ទាប់មក ​បន្តដំណើរទៅទស្សនកិច្ចនៅប្រទេស​គុយបា និងចុងក្រោយ​ធ្វើ​ដំណើរទៅ​ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសពលោក ​ស៊ីហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃអង្គារនេះថា បើទោះជាលោកធ្វើដំណើរទៅសហរដ្ឋអាមេរិកក្តី ប៉ុន្តែលោកមិនមានគម្រោងជួបជាមួយអ្នកគាំទ្រលោកដូចពីពេលមុននោះទេ ដោយសារតែហេតុផលពេលវេលា និងភាពមមាញឹករបស់លោក។

លោក ហ៊ុន សែន បញ្ជាក់ថា៖ «ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា និងសូមការអធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន អាស្រ័យដោយការស្នាក់នៅទីក្រុងញូវយ៉កមានរយៈពេលខ្លី និងមានកម្មវិធីច្រើន។ ម្យ៉ាងទៀត យើងក៏ទើបជួបគ្នាកាលពីខែឧសភា ២០២២កន្លងទៅ នៅទីក្រុងវ៉ាស៊ីនតោន ហើយដែរ។ សង្ឃឹមថាបងប្អូននឹងមានការយោគយល់»។

ក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក កាលពីខែឧសភា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ត្រូវបានពលរដ្ឋខ្មែរម្នាក់គប់ស្បែកជើងសំដៅទៅកាន់រូបលោក ប៉ុន្តែស្បែកជើងនោះមិនបានហោះត្រូវលោកនោះទេ។ សកម្មភាពគប់ស្បែកជើងនោះក្នុងពេលដែលលោកកំពុងជួបជុំជាមួយអ្នកគាំទ្រដែលឈរតម្រង់ជួររង់ចាំទទួលស្វាគមន៍លោក។

​អ្នក​ស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា មានប្រសាសន៍ថា​ ការធ្វើបាតុកម្មប្រឆាំងវត្តមាន​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលគ្រោងធ្វើនៅពេលនេះទៀត បង្ហាញថា ​ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសមិន​ពេញចិត្តចំពោះការដឹកនាំរបស់លោក ហ៊ុន សែន ​ដែលពួកគេយល់ថាបានធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះ​។

ទោះជាយ៉ាងណា លោក វណ្ណ ប៊ុនណា មើលឃើញថា ​ការធ្វើបាតុកម្ម​នេះ​មិនអាច​ធ្វើ​ឱ្យ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្លាស់ប្ដូរគោលជំហរក្នុងការ​ដឹកនាំ​​ប្រទេស​ឱ្យ​មានការបើកលំហប្រជាធិបតេយ្យ​ឡើងវិញនោះ​ទេ ព្រោះថា​ កន្លងមក​ ធ្លាប់មាន​ការធ្វើបាតុកម្មដូច្នេះដែរ​។​

លោក​ថា​៖​ «ខ្ញុំមើលឃើញថា ការធ្វើបាតុកម្មហ្នឹងមិនមាន​ផលប៉ះពាល់​ ឬ​រដ្ឋាភិបាលកម្ពុជា​ផ្លាស់ប្ដូរគោលជំហរ​ក្នុងការដឹកនាំ​​នោះទេ​ ដោយសារយើងដឹងហើយ​ថា ​កន្លង​មក​មានការធ្វើបាតុកម្ម​ជាច្រើនលើកជាច្រើន​សា ក៏ប៉ុន្តែ​ទាក់​​ទងនឹងការសម្រេច​ចិត្តផ្ទៃក្នុង​ ជាពិសេស​សម្ដេច ​ហ៊ុន សែន​ គាត់ធ្វើអ្វីទៅតាមគោលជំហររបស់គាត់​»។

ចំណែកប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន​ មានប្រសាសន៍ថា ​នេះមិនមែនជា​លើកទីមួយ​នោះទេ​ដែល​​មានបាតុកម្ម​ប្រឆាំង​នឹង​លោក ​ហ៊ុន សែន នៅលើទឹកដីអាមេរិក ដែលលោកថា សកម្មភាព​បែបនេះ វា​តែងកើតមាននៅក្នុងសង្គម​ប្រជាធិបតេយ្យ​។​

លោកថា​៖ «អាហ្នឹងជារឿងធម្មតា​ មិនមែនជាលើកទី​មួយ​ឯណា! ​យើងមានអ្នកធ្វើបាតុកម្មបញ្ចេញយោបល់​ ហើយមានអ្នកគាំទ្រសម្ដេច​ ម៉្លោះហើយ​ប្រទេសលទ្ធិប្រជាធិបតេយ្យ​តែងតែមានសកម្មភាពបែបនេះ​ហើយ​»។

តាមគម្រោង អ្នកធ្វើបាតុកម្មត្រៀមរៀបចំបាតុកម្ម​នៅទីកន្លែងចំនួន៦ និងមានអ្នកចូលរួមជាង៣០០នាក់ ក្នុងនោះក្រៅពីពលរដ្ឋខ្មែរ ក៏មានជនជាតិផ្សេងៗទៀត ដូចជា ថៃ និងមីយ៉ាន់ម៉ា ជាដើម។ បាតុកម្មនេះគ្រោងចាប់ផ្ដើមជួបជុំគ្នានៅមុខ​ទីស្នាក់ការអង្គការសហប្រជាជាតិ​ និងមុខស្ថានទូត​សហភាពអឺរ៉ុប ជាដើម​។

អ្នករៀបចំបាតុកម្មបានលើកឡើងថា មូលហេតុ​ដែល​ពួកគេគ្រោងធ្វើបាតុកម្មនេះ​ឡើង ​គឺដើម្បីទាមទារ​​ឱ្យ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ បែរមកដឹកនាំប្រទេសតាម​បែបលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយគោរពរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាដើម​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ