ក្រុមអភិរក្ស​ប្រារព្ធ​ពិធី​រំឭកគុណ​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង ខណៈ​ខ្សត់​អ្នក​បន្ត​វេន

ក្រុមការងារសហគមន៍ចាប៉ីអមតៈ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងវត្តនាគវ័ន្ត រាជធានីភ្នំពេញ។ (ផ្តល់ឱ្យ)

សហគមន៍ចាប៉ីអមតៈ បានប្រារព្ធពិធីរំឭកគុណព្រឹទ្ធាចារ្យចាប៉ីដងវែង និងដើម្បីបណ្ដុះស្មារតីដល់យុវជនជំនាន់ក្រោយ ​ចូលរួមថែរក្សា និងស្រឡាញ់វប្បធម៌ខ្លួន ខណៈដែលសិល្បៈតន្ត្រីបុរាណមួយនេះហាក់មិនមានអ្នកចាប់អារម្មណ៍សិក្សាក្នុងពេលបច្ចុប្បន្ន។

ប្រធានសហគមន៍ចាប៉ីអមតៈ លោក ពេជ សារ៉ាត់ បានថ្លែងប្រាប់ VOD ក្នុងពេលកំពុងប្រារព្ធពិធីនេះថា គោលបំណងដែលលោកបានផ្ដួចផ្ដើមបង្កើតកម្មវិធីនេះឡើង គឺដើម្បីជាការដឹងគុណចំពោះព្រឹទ្ធាចារ្យចាប៉ីដងវែងគ្រប់ជំនាន់ ដែលបានខិតខំបង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយនាពេលកន្លងមក។ លោកបន្ថែមថា ម្យ៉ាងទៀត គឺដើម្បីផ្សព្វផ្សាយឱ្យសាធារណជនបានស្គាល់កាន់តែច្បាស់ពីចាប៉ីដងវែង និងជំរុញឱ្យមានអ្នកបន្តវេនបន្ថែមទៀត។

លោក ពេជ សារ៉ាត់ ថ្លែងថា៖ «ចង់ឱ្យមហាជន សាធារណជន លោកបានដឹងអំពីសិល្បៈបុរាណខ្មែរយើងកាន់តែច្បាស់។ កម្មវិធីថ្ងៃនេះ គឺថា​ជាកម្មវិធីមួយដែលរំឭកគុណគ្រូ ដឹងគុណគ្រូ ហើយនឹងបង្សុកូលជូនទៅដល់អ្នកចាប៉ីដងវែង [ដែលបានបាត់បង់ជីវិត] គ្រប់ៗជំនាន់ទាំងអស់»។​

ពិធីរំឭកគុណគ្រូចាប៉ីដងវែង ត្រូវបានធ្វើឡើងរយៈពេលមួយព្រឹក នៅថ្ងៃទី១៨ ខែកញ្ញា នៅវត្តនាគវ័ន្ត រាជធានីភ្នំពេញ។ ក្រុមការងារស្ម័គ្រចិត្តសហគមន៍ចាប៉ីអមតៈ បានផ្សាព្វផ្សាយតាមរយៈបណ្ដាញសង្គមរបស់ខ្លួន ដើម្បីកៀរគររកថវិកាពីសប្បុរសជនសម្រាប់ចំណាយលើចង្ហាន់ព្រះសង្ឃ ការធ្វើដំណើររបស់ព្រឹទ្ធាចារ្យចាប៉ីដងវែង ជាដើម។

ក្រុមការងារសហគមន៍ចាប៉ីអមតៈ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងវត្តនាគវ័ន្ត រាជធានីភ្នំពេញ។
ក្រុមការងារសហគមន៍ចាប៉ីអមតៈ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងវត្តនាគវ័ន្ត រាជធានីភ្នំពេញ។ (ផ្តល់ឱ្យ)

ប្រធានសហគមន៍ចាប៉ីអមតៈ លោក ពេជ សារ៉ាត់ បានឱ្យដឹងថា សហគមន៍របស់លោកតែងតែប្រារព្ធពិធីដឹងគុណគ្រូនេះជារៀងរាល់ឆ្នាំ តាមទំនៀមទម្លាប់ពិធីព្រះពុទ្ធសាសនា ក្នុងមួយឆ្នាំចំនួន២ដង គឺក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធិបុណ្យភ្ជុំបិណ្ឌ។ លោកថា ការចាប់ផ្ដើមក្នុងឆ្នាំដំបូងនៃពិធីនេះ មិនសូវមានការចូលរួមពីសាធារណជនទេ ប៉ុន្តែក្នុងឆ្នាំនេះ គឺការចូលរួមមានការកើនឡើងច្រើន ដោយប្រមូលបានថវិកាតាមរយៈការផ្សព្វផ្សាយលើបណ្ដាញសង្គមប្រមាណ១លានរៀល និងមានមនុស្សចូលរួមប្រមាណ៣០នាក់ ក្នុងនោះមានសមាជិករបស់សហគមន៍ចំនួន៦នាក់។

លោកថា៖ «សម្រាប់ឆ្នាំក្រោយ យើងនឹងមានគម្រោងថារៀបចំកម្មវិធីឱ្យកាន់តែល្អបន្ថែមទៀត។ យើងនឹងជជែកគ្នា យើងនឹងធ្វើរួមគ្នា ថាធ្វើពិធីឱ្យកាន់តែល្អប្រសើរ»។

សហគមន៍ចាប៉ីអមតៈ បានបង្កើតឡើងក្នុងឆ្នាំ​២០១៣ ដោយអ្នកស្ម័គ្រចិត្តមួយក្រុម ក្នុងគោលដៅធ្វើសកម្មភាពជាច្រើន ដើម្បីអភិរក្សចាប៉ីដងវែង។​បច្ចុប្បន្ន សហគមន៍មួយនេះបានបើកវគ្គបណ្ដុះបណ្ដាល​សម្រាប់មហាជន​នានាដែលមានបំណងចង់សិក្សាចាប៉ីដងវែង ដោយមិនមានការបង់ថ្លៃសិក្សានោះទេ។

ព្រឹទ្ធាចារ្យចាប៉ីដងវែងជាស្រ្តីមួយរូប អ្នកស្រី ស៊ិន សយ ដែលបានចូលរួមពិធីនេះ បានបង្ហាញអារម្មណ៍សប្បាយចិត្ត នៅពេលដែលអ្នកស្រីទទួលបានការអញ្ជើញចូលរួមក្នុងពិធីរំឭកគុណគ្រូនេះ។

ព្រឹទ្ធាចារ្យចាប៉ីដងវែង អ្នកស្រី ស៊ិន សយ ពេលចូលរួមប្រារព្ធពិធីរំឭកគុណព្រឹទ្ធាចារ្យចាប៉ីដងវែង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងវត្តនាគវ័ន្ត រាជធានីភ្នំពេញ។
ព្រឹទ្ធាចារ្យចាប៉ីដងវែង អ្នកស្រី ស៊ិន សយ ពេលចូលរួមប្រារព្ធពិធីរំឭកគុណព្រឹទ្ធាចារ្យចាប៉ីដងវែង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងវត្តនាគវ័ន្ត រាជធានីភ្នំពេញ។ (ទួក ពិសិដ្ឋ)

អ្នកស្រី ស៊ិន សយ មានប្រសាសន៍ថា៖ «ខ្ញុំអរគុណដែលក្មេងចេះស្រឡាញ់ ហើយចេះគោរពព្រឹទ្ធាចារ្យពីមុនៗ អត់បោះបង់ចោល គឺថាស្រឡាញ់ ហើយគោរព។ ខ្ញុំមានចិត្តមួយត្រេកអរជាខ្លាំង ត្រេកអរឥតឧបមាទេ! ត្រេកអរនោះខ្លាំងមែនទែន។ ប្អូនៗដែលគោរពស្រឡាញ់ហើយហៅមក ដើម្បីជូនជាទេយ្យទានតិចតួច ទោះបីថវិកាតិចក៏ដោយ ប៉ុន្តែចិត្តទូលំទូលាយ»

មានវ័យ៦៣ឆ្នាំ អ្នកស្រី ស៊ិន សយ បានចាប់ផ្តើមសិក្សាសិល្បៈចាប៉ីដងវែង ក្នុងឆ្នាំ២០០០។ ការជ្រើសរើសយកអាជីពនេះ គឺដោយសារតែអ្នកស្រីមានទឹកចិត្តស្រឡាញ់ និងចង់ថែរក្សាវប្បធម៌អរូបិយមួយនេះមិនឱ្យបាត់បង់។ អ្នកស្រីបានប្រាប់ថា ក្នុងរយៈពេលប្រមាណ២០ឆ្នាំមកនេះ អ្នកស្រីបានបង្ហាត់បង្រៀនដល់អ្នកចង់សិក្សាចាប៉ីដងវែងនេះជាច្រើនរូប។

យ៉ាងណាក្ដី សិល្បករចាប៉ីដងវែង មានស្រុកកំណើតនៅខេត្តព្រៃវែងរូបនេះ ប្រាប់ថា ពេលបច្ចុប្បន្ននេះ អាជីពរបស់អ្នកស្រីមិនមានការគាំទ្រច្រើនទៀតនោះទេ ដោយថា យុវជនជំនាន់ក្រោយហាក់មិនមានការចាប់អារម្មណ៍ចំពោះសិល្បៈបុរាណផ្នែកចាប៉ីដងវែងនេះទេ ដែលធ្វើឱ្យអ្នកស្រីបារម្ភពីការបាត់បង់សិល្បៈនេះនាថ្ងៃអនាគត។

អ្នកស្រី ស៊ិន សយ មានប្រសាសន៍ថា៖ «មិនសូវនិយម ហើយគេមិនសូវស្រឡាញ់ចូលចិត្ត សិល្បៈខ្មែរ [ចាប៉ីដងវែង] គេចូលចិត្តតិចណាស់។ យើងប្រឹងយ៉ាងម៉េចក៏ដោយ អតិថិជនគេចូលចិត្តតិចណាស់ ដល់អ៊ីចឹងមានការខ្វះខាត សិល្បៈខ្មែររបស់យើងមានការខ្វះខាត [ផ្នែកជីវភាព] ដល់ពេលចាស់ឡើង ខ្លះជរាទៅ អត់មានអីមើលខ្លួន ទីពឹងអីក៏អត់»។

ប្រធានសហគមន៍ចាប៉ីអមតៈ លោក ពេជ សារ៉ាត់ បានសង្កេតឃើញដែរថា សម្រាប់ចាប៉ីដងវែងនេះ មិនទាន់បានជ្រួតជ្រាបទៅដល់យុវជនឱ្យបានស៊ីជម្រៅនៅឡើយទេ ដោយថា ការផ្សព្វផ្សាយពីសិល្បៈមួយនេះមិនទាន់បានទូលំទូលាយនៅឡើយ ហើយមានយុវជនខ្លះមិនទាំងដឹងថាគួររៀនជំនាញនេះនៅទីណា។

លោកថា៖ «ទី១ គេថារៀនចាប៉ីហ្នឹងរកលុយអត់បាន ទី២ រៀនចាប៉ីបណ្ដាលឱ្យពិការភ្នែក ទី៣ បើស្រីៗ គេថារៀនចាប៉ីខុសគ្រូ មានពាក្យចោទច្រើនណាស់ ជាឧបសគ្គនៃការរៀនចាប៉ីដងវែង។ ក្នុងឆ្នាំ២០១៣ មានសិស្សតែម្នាក់ទេ»។

ទោះជាយ៉ាងនេះក្ដី លោកថា ផ្នត់គំនិតដែលថាការសិក្សាចាប៉ីដងវែងបណ្តាលឱ្យពិការភ្នែកនោះ គឺមិនត្រឹមត្រូវទេ។ លោកបានជំរុញឱ្យយុវជនជំនាន់ក្រោយ ចំណាយពេលសិក្សាឈ្វេងយល់សិល្បៈចាប៉ីដងវែងបន្ថែមទៀត ដើម្បីចូលរួមរក្សាសម្បត្តិវប្បធម៌របស់កម្ពុជាមួយនេះ។

លោកថ្លែងថា៖ «យុវជនជា​សសរទ្រូងនៃដួងព្រលឹងវប្បធម៌ ខ្ញុំសូមអំពាវនាវជូនដំណឹងទៅដល់យុវជនខ្មែរយើងដែលជាទំពាំងស្នងឫស្សី​ សូមឱ្យគាត់មានការចាប់អារម្មណ៍ ងាករេមករកសិល្បៈបុរាណ​ខ្មែរយើង ទោះបីតែយើងរៀនមិនទាន់បាន មិនមានបំណងរៀន ប៉ុន្តែយើងគួរមានបំណងឈ្វេងយល់ [ចាប៉ីដងវែង]»។

បង់កក្រមា ដៃកាន់ចាប៉ីដងវែងមួយដើម យុវជន អ៊ូ សុជាតិ វ័យ២៨ឆ្នាំ ដែលបានចូលរួមពិធីរំឭកគុណគ្រូនេះដែរ ​បានប្រាប់ថា លោកចាប់ផ្តើមរៀនចាប៉ីដងវែងនៅសហគមន៍ចាប៉ីអមតៈ ឆ្នាំ២០១៥។ លោកថា ការរៀននេះ ក្នុងគោលបំណងចូលរួមចំណែកថែរក្សាចាប៉ីដងវែង និងជាការកម្សាន្តផង។

លោក អ៊ូ សុជាតិ និយាយថា៖ «ខ្ញុំជាអ្នករៀនចាប៉ីដែរ ប៉ុន្តែមិនយកជាអាជីពនោះទេ គ្រាន់តែរៀនដើម្បី យើងកម្សាន្តផង យើងជួយអភិរក្សផង មិនយកជាអាជីពដើម្បីបានបច្ច័យពីការច្រៀងចាប៉ីអីទេ»។

យុវជនវ័យ២៨ឆ្នាំរូបនេះបន្តថា ការមិនចាប់ជាអាជីពនេះ គឺដោយសារលោករវល់ប្រកបការងាររកចំណូលប្រចាំថ្ងៃរបស់លោក។

អគ្គនាយករងនាយកដ្ឋានបច្ចេកទេស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក សាន ផល្លា បានទទួលស្គាល់ថា ចាប៉ីដងវែងសព្វថ្ងៃកំពុងប្រឈមនឹងការខ្វះអ្នកបន្តវេនពិតប្រាកដមែន។ លោកថា មូលហេតុដែលខ្សត់អ្នកបន្តវេនចាប៉ីដងវែងនេះ ដោយសារបញ្ហាមិនមានទីផ្សារការងារ និងអ្នករៀនក៏ត្រូវការទេពកោសល្យច្រើនយ៉ាង ដូចជា សំឡេងពីរោះ ពូកែវោហារនិងចុងចួន ខួរក្បាលរហ័សរហួន ពូកែបង្កើតទំនុកច្រៀងបានភ្លាមៗ ពូកែចោទឆ្លើយ និងប៉ិនប្រសប់ដេញចាប៉ី ជាដើម។

លោកបន្ថែមថា៖ «សព្វថ្ងៃ ដោយសារចរន្ដសកលភាវូបនីយកម្មទំនើប ធ្វើឱ្យទម្រង់សិល្បៈប្រពៃណីជាច្រើនប្រឈមនឹងបាត់បង់ ហើយពុំមែនតែស្រុកខ្មែរទេដែលជួបបញ្ហានេះ ពោលគឺពិភពលោកទាំងមូល ដ្បិតមានទម្រង់សិល្បៈកម្សាន្តថ្មីៗនិងទំនើបមកជំនួសសិល្បៈប្រពៃណី។ តួនាទីក្រសួងវប្បធម៌ គឺប្រឹងប្រែងអស់លទ្ធភាព ស្ដារ អភិរក្ស ការពារ និងលើកស្ទួយសិល្បៈប្រពៃណីគ្រប់ទម្រង់ ពោលគឺពុំមែនតែចាប៉ីដងវែងនេះទេ»។ 

លោក សាន ផល្លា ថាដើម្បីថែរក្សាចាប៉ីដងវែង ក្រសួងវប្បធម៌បានរៀបចំយន្តការជាបន្តបន្ទាប់ ដូចជា ការបើកបង្រៀនវគ្គខ្លី ៣ខែទៅ៦ខែ សម្រាប់ការហាត់រៀនចាប៉ីដងវែង នៅសាលាមធ្យមវិចិត្រសិល្បៈ ដែលស្ថិតនៅក្រោមក្រសួងវប្បធម៌ ការរៀបចំមហោស្រពចាប៉ីដងវែង ​និងកម្មវិធីប្រកួតប្រជែងចាប៉ី ជារៀងរាល់ឆ្នាំ ការផ្តល់គ្រឿងឥស្សរិយយសដល់ព្រឹទ្ធាចារ្យចាប៉ីដងវែង និងការបញ្ចូលព្រឹទ្ធាចារ្យចាប៉ីដងវែងដែលមានទេពកោសល្យកម្រិតខ្ពស់ជាមត៌កមនុស្សរស់ ជាដើម។

លោកបន្ថែមថា៖ «ម៉្លោះហើយកិច្ចការនេះធំធេងនិងធ្ងន់ធ្ងរណាស់ ដែលត្រូវការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដ្បិតកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប ពោលគឺពុំមែនតែក្រសួងវប្បធម៌តែឯងនោះទេ»។

ចាប៉ីដងវែង ​ត្រូវបាន​ប្រជាពលរដ្ឋកម្ពុជា​​ភាគច្រើនបានស្គាល់តាមរយៈ​ការសម្ដែងរបស់សិល្បករជា​ទោល ឬ​ការសម្ដែង​ដោយ​មានការ​ច្រៀង​ឆ្លើយឆ្លង​គ្នាទៅវិញទៅមក។​ ឧបករណ៍តន្រ្តីបុរាណមួយនេះត្រូវបានគេ​ប្រើប្រាស់​ក្នុង​ទម្រង់​សិល្បៈ​ចំនួន៤ រួមមាន នៅ​ក្នុង​វង់ភ្លេង​អារក្ស វង់ភ្លេង​ការ​បុ​រាណ វង់ភ្លេង​មហោរី និង​ក្នុង​ចម្រៀង​ចាប៉ីដងវែង ​(តែងជាកំណាព្យ)។

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី បានចុះបញ្ជីចាប៉ីដងវែងរបស់កម្ពុជានៅក្នុងបញ្ជីមរតកវប្បធម៌អរូបី ដែលត្រូវការការពារជាបន្ទាន់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ