វិសមភាពការងារផ្ទះប៉ះពាល់ដល់ស្ត្រីកម្ពុជាក្នុងវិស័យសេដ្ឋកិច្ច

បុគ្គលិកក្រុមហ៊ុនប្រមូលសំរាមម្នាក់ជិះកង់ទៅបំពេញការងារប្រចាំថ្ងៃ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អ្នក​ស្រី សារឿន គឺជា​ស្ត្រីខ្មែរម្នាក់ក្នុង​ចំណោម​ស្ត្រី​ខ្មែរ​ជាច្រើន​ដែល​ហត់​នឿយ​បំផុត​ដើម្បី​ជីវភាពនិង​លំនឹងគ្រួសារ។ នាង​ស្ពាយ​អម្រែកពីរក្នុង​ពេលតែមួយ។

នៅពេលថ្ងៃ​ នាង​ត្រូវ​មើលថែកូនតូចៗ​ចំនួនប្រាំមួយនាក់​នៅ​ក្នុងបន្ទុក រួមទាំង​ធ្វើ​កិច្ច​ការ​ផ្ទះ​គ្រប់ជំពូក។ ប៉ុន្តែ​នៅពេល​យប់​មក​ដល់ មិនមែនជា​ពេលវេលា​សម្រាក​សម្រាប់​នាង​នោះទេ ​គឺនាង​ត្រូវ​ចេញ​ទៅ​រក​ស៊ីលក់ដូរ​នៅពេល​យប់ ដើម្បី​ទប់ទល់​នឹង​ជីវភាព​ខ្វះ​ខាត​របស់​នាង​ និង​ដើម្បី​ជួយ​សម្រាល​បន្ទុក​ប្តីរបស់​នាង​ដែល​​ធ្វើការ​តែម្នាក់ឯង។

រឿងនេះ​មិន​ត្រឹមតែឆ្លុះបញ្ចាំងពីជីវិតពិតរបស់​អ្នក​ស្រី សារឿន តែម្នាក់ទេ ប៉ុន្តែ​វាក៏បាន​បង្ហាញ​​ពី​បទពិសោធស្រដៀងគ្នារបស់ស្រ្តីខ្មែរដទៃទៀតផងដែរ ដែល​ពួកគេ​មិនត្រឹមតែ​រស់នៅ​ក្នុង​ភាពក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវរ៉ាប់រងបន្ទុកការងារផ្ទះ ការមើលថែកូន មើលថែអ្នកជំងឺ និងមនុស្សចាស់ក្នុងផ្ទះផងដែរ។

នៅប្រទេសកម្ពុជា ភាគច្រើនគឺស្ត្រី​ជា​អ្នករ៉ាប់រងការងារផ្ទះស្ទើរតែទាំងអស់ ដូចជា​ ការ​ចម្អិន​អាហារ ការបោសសម្អាត និងការ​ថែ​ទាំ​​គ្រួសារ ការមើលថែកុមារ​និង​មនុស្ស​ចាស់​ក្នុង​គ្រួសារ ​ជាដើម។ ការងារ​ផ្ទះ​ គឺ​ជា​សកម្មភាព​ប្រចាំថ្ងៃនិងចាំបាច់សម្រាប់គ្រប់ក្រុមគ្រួសារ​នីមួយៗ ប៉ុន្តែដោយ​សារ​តែ​ការងារនេះ​មិនបាន​​បង្កើត​ប្រាក់​ចំណូលជាចរន្តនៃសេដ្ឋកិច្ចជាតិ បញ្ហាដែល​ទាក់ទង​នឹង​ការងារផ្ទះ​មិន​ត្រូវ​បានគេយកចិត្តទុកដាក់ឡើយ។

យោងតាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) នៅ​ឆ្នាំ២០១៨ ស្រ្តីក្នុង​​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ​បាន​ចំណាយ​ពេល​ច្រើន​ជាង​បុរស​ចំនួន​៤​ដង​ សម្រាប់​ធ្វើ​កិច្ច​ការ​ផ្ទះ ​និង​ការ​ថែ​ទាំ​​​​គ្រួសារ។ ​ដោយឡែក ​ស្ត្រី​ខ្មែរ​ប្រើ​​ពេល​ធ្វើ​កិច្ច​ការ​ទាំង​នេះលើស​បុរស​ជាប្តី​រហូតទៅ​ដប់​ដង​ក្នុង​មួយថ្ងៃៗ។

របាយការណ៍​បាន​រៀបរាប់ថា ​បុរស​កម្ពុជា​ចំណាយពេល​ត្រឹម១៨​នាទី​លើ​ការងារផ្ទះ​ក្នុង​មួយថ្ងៃ​​ ប៉ុន្តែភរិយា​របស់​ពួកគេចំណាយ​ពេល​រហូត​ទៅដល់១៨៨​នាទី​។

ILO គូស​បញ្ជាក់ថា​ ការ​ចំណាយ​ពេល​យ៉ាង​ច្រើន និងវិសមភាព​​រវាង​​បុរស​និង​ស្ត្រី​​ក្នុង​ការធ្វើ​ការងារផ្ទះនិង​ការថែទាំគ្រួសារ បាន​បណ្ដាលឱ្យ​ស្ត្រីជា​ភរិយា​បាត់​បង់​ឱកាស​​ចូលរួមក្នុ​ងផ្នែកសេដ្ឋកិច្ច និងការរួមចំណែក​ក្នុងសង្គម។​

​គិត​ត្រឹម​ឆ្នាំ២០១៨ ចំនួន​ពលកម្មស្រ្តី​​បាន​​កើន​ឡើង​ប្រមាណ ៤៨% នៃ​កម្លាំង​ពលកម្ម​សរុប​របស់​​កម្ពុជា​ គឺមានន័យថា​​ ប្រហែល ៨០% នៃ​ចំនួន​ស្ត្រី​សរុប​នៅ​កម្ពុជា​បាន​ចូល​ក្នុង​ទី​ផ្សារ​ការងារ។

​យ៉ាងណាក៏ដោយ​​​​ អង្គការ​ពលកម្ម​អន្តរជាតិ (ILO)​ លើក​ឡើងថា ​ថ្វី​បើ​ចំនួនស្ត្រីដែលចូលរួមក្នុង​សកម្ម​ភាព​សេដ្ឋកិច្ចមានការកើនឡើង ប៉ុន្តែការណ៍​នេះ​មិនបញ្ជាក់ថា ស្ត្រីទាំងនោះទទួល​បាន​នូវ​ឱកាសនិងអត្ថប្រយោជន៍ពេញលេញដែលពួកគេគួរតែទទួលបាននោះទេ។

​ដូច​គ្នា​នេះដែរ អង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) លើក​ឡើងថា ​គេ​ពុំ​អាចធ្វើការសន្និដ្ឋានឬវាយតម្លៃ​ថា ស្ត្រីកម្ពុជា​បានចូលរួម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ជាតិ ដោយផ្អែក​តែលើកំណើននៃចំនួន​ស្ត្រីចូលរួមក្នុង​វិស័យការងារបាននោះទេ។​

អ្នកស្រី Celia Boyd នាយកគ្រប់គ្រងអង្គការស៊ីអ៊ីនវេសម៉ិន (SHE Investments)​ ដែលជា​អង្គការ​គាំ​ទ្រដល់សហគ្រិនស្រ្តី បានបង្ហាញថា បន្ទុកក្នុងគ្រួសារ ដូចជា ការងារផ្ទះ និង​ការងារ​ថែ​ទាំគ្រួសារ​​ច្រើន​ពេក ​បានរារាំងស្ត្រីកម្ពុជាក្នុងការបញ្ចេញសក្តានុពលរបស់ពួកគេ ខណៈ​ដែលពួកគេ​មួយចំនួន​ជ្រើសរើសឈប់ពីការងារ ឬអាជីវកម្ម​ ដោយសារតែគ្មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ការងារ​ឬ​អាជីវកម្ម​នោះ។ ​យោងតាមអង្គការសហប្រជាជាតិដែលបានធ្វើការវិភាគលើសមភាពយេនឌ័រ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ បានបង្ហាញថា ការបិទខ្ទប់​ធ្វើឱ្យ​បន្ទុក​ការងារ​ផ្ទះ​របស់ស្ត្រី​កាន់តែកើនឡើង​ ​​ដោយក្នុងនោះមានការងារសម្អាត ការចម្អិនអាហារ និងការថែទាំមនុស្សចាស់និងកុមារ។​

ដូចបានរៀបរាប់ពីខាងលើ ការងារ​ផ្ទះមិន​ត្រឹមតែ​មិនទទួលបាន​ប្រាក់​កម្រៃទេ​ ហើយ​ថែមទាំង​ប៉ះពាល់​ដល់​លទ្ធភាពនិងពេលវេលា​របស់​ស្ត្រី​ក្នុង​ការ​ចូលរួមសកម្មភាព​សេដ្ឋកិច្ច​នៅ​ក្រៅ​ផ្ទះ​ទៀត​ផង។

ជាធម្មតា ពេលវេលានិងកម្លាំងមនុស្សមានដែនកំណត់ ដូច្នេះនៅពេលដែលស្ត្រីមានអម្រែក​ការងារផ្ទះលើសលុប ពួកគេមួយចំនួនបានបោះបង់ការសិក្សានិង​បោះ​បង់ការងារ ហើយក្លាយ​ជាស្ត្រី​មេផ្ទះ ខណៈដែល​ស្ត្រីខ្លះ​ទៀតត្រូវ​បានជំរុញ​ឱ្យចូល​ទៅក្នុងវិស័យ​ការងារ​ក្រៅ​ផ្លូវ​ការ​ ទទួលបានប្រាក់ចំណូលតិច និងងាយរងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។

ការសិក្សាស្តីពីអត្ថន័យយេនឌ័រក្នុងការធ្វើការងារផ្ទះ ឆ្នាំ២០១២​ បានរក​ឃើញថា ការបែងចែកការងារផ្ទះមិនស្មើគ្នារវាងបុរសនិងស្ត្រីនៅកម្ពុជា គឺបណ្ដាលមកបញ្ហាទំនៀមទម្លាប់ ដោយតម្លៃស្ត្រីត្រូវបានឆ្លុះបញ្ចាំងតាមរយៈការចេះធ្វើការងារផ្ទះ ហើយបើស្ត្រី​មិនចេះឬ​មិនធ្វើការងារផ្ទះទេ គេចាត់ទុកថាស្ត្រីនោះគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ម៉្យាងតាំងពីដើមមក គេឃើញថា ស្ត្រី​ខ្មែរ​ដែល​រៀបការរួច​ និងដែល​មិន​ចូល​រួម​ក្នុង​សកម្មភាព​រក​ចំណូល ឬ​ដែល​រក​ចំណូល​បាន​តិច​ជាង​ប្តី មិន​ហ៊ាន​សុំឬ​ជជែកជាមួយ​ប្តី​ឱ្យ​ចែករំលែក​បន្ទុក​​ការងារក្នុង​គ្រួសារ​ឡើយ។

តាមការសម្ភាសស្ត្រីផ្ទាល់ ពួកគេមានអារម្មណ៍ថា ខ្លួនចាំបាច់ត្រូវទទួល​បន្ទុកការងារផ្ទះ​ដោយ​គ្មាន​ជម្រើសទេ ព្រោះការធ្វេសប្រហែសឬអសកម្មក្នុងការងារផ្ទះអាច​បណ្ដាល​ឱ្យ​មានជម្លោះ ការបែកបាក់គ្នា ឬធ្ងន់ធ្ងរឈានដល់ការលែងលះទៀតផង។

ការណ៍​នេះ​ធ្វើឱ្យមាន​សំណួរចោទសួរថា តើ​រដ្ឋា​ភិបាលមាន​គោលនយោបាយណាមួយ​ឆ្លើយតបទៅនឹងការបែងចែកកម្លាំងពលកម្មក្នុងគ្រួសារ និងផលប៉ះពាល់​របស់វាលើការ​ចូលរួម​ក្នុង​សេដ្ឋកិច្ច​របស់​ស្ត្រីដែរឬទេ?

ការធ្វេសប្រហែសរបស់រដ្ឋាភិបាល

ទោះបីជារដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ របស់ប្រទេសកម្ពុជា បានចែង​យ៉ាង​ច្បាស់​ថា ការងារ​ផ្ទះ​មាន​តម្លៃ​ដូចគ្នា​ទៅនឹងការងារក្រៅផ្ទះក៏ដោយ ប៉ុន្តែការ​អនុវត្ត​ជាក់ស្តែងហាក់មិនដូច្នោះទេ។ សង្គមកម្ពុជា​នៅ​តែ​ចាត់​ទុក​ការ​ចែក​រំលែក​ការងារ​ផ្ទះ និង​ការងារ​ថែទាំ​គ្រួសារ​ដែលជា​ទម្ងន់​​ទៅលើ​ស្រ្តី​ ថា​ជា​បញ្ហា​តូចតាច​នៅឡើយ​។

បច្ចុប្បន្ននេះមិនទាន់មានយន្តការមានប្រសិទ្ធភាព ឬក្របខណ្ឌនីតិបញ្ញត្តិ​​ ដើម្បីលើកទឹកចិត្ត​បុរសឱ្យចែករំលែកទំនួលខុសត្រូវការងារផ្ទះជាមួយដៃគូរបស់ពួកគេឡើយ។ ម្យ៉ាង​វិញ​ទៀត ​អ្នកបង្កើតគោលនយោបាយនៅកម្ពុជា​មិនទាន់​បាន​បញ្ចូល​បញ្ហា និងដំណោះស្រាយ​ស្តីពី
​អតុល្យភាពនៃការបែងចែក​ការងារផ្ទះ​ទៅក្នុង​គោល​នយោបាយជាតិ ដូចជា ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដើម្បី​ទប់ស្កាត់អំពើហិង្សាលើស្ត្រី និង​ផែនការ​យុទ្ធសាស្រ្ត​យេនឌ័រ​កម្ពុជា ​(នារីរតនៈ) នៅឡើយទេ។

ដំណោះស្រាយវិសមភាពការងារ​ក្នុង​គ្រួសារ

ជាការពិតណាស់ កម្ពុជាអាចដោះស្រាយនិងធ្វើឱ្យបញ្ហានេះបានប្រសើរឡើង ដោយ​មើល​ឧទាហរណ៍និងការអនុវត្តល្អៗពីប្រទេសផ្សេងៗដូចជាប្រទេសជប៉ុន ជាដើម។

នៅឆ្នាំ២០២១ ប្រទេសជប៉ុនបានអនុម័ត​កែសម្រួលច្បាប់​ស្តីពី​ការឈប់​សម្រាក​ថែទាំកុមារ​ ដោយអនុញ្ញាតឱ្យឪពុកឈប់សម្រាកសរុបចំនួន៤សប្តាហ៍ ផ្តល់ឱកាស​ឱ្យ​ឪពុក​មាន​ពេល​វេលា​​គ្រប់គ្រាន់ក្នុងការចែករំលែកបន្ទុកការងារថែទាំជាមួយម្តាយ។ ការ​ឈប់​សម្រាក​បិតុភាពនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។ ​ដោយឡែក នៅកម្ពុជាវិញ ការ​ឈប់​សម្រាក​បិតុភាព​មិន​ត្រូវបានចែងក្នុងច្បាប់ការងារនោះទេ។

ឯករាជ្យភាព និងស្ថិរភាពហិរញ្ញវត្ថុ​របស់ស្ត្រី​ គឺជាគន្លឹះ​ឆ្លើយតប​ទៅនឹង​វិសមភាព​សេដ្ឋកិច្ច​របស់​ស្ត្រី និងការចែកចំណែកមិនស្មើគ្នានៃការងារក្នុងផ្ទះ។ ដូច្នេះហើយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់យោបល់ថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលគួរតែគាំទ្រដល់កំណើនប្រាក់ឈ្នួល ផ្តល់ឱកាសការងារ វគ្គបណ្តុះបណ្តាល និង​កែលម្អលក្ខខណ្ឌការងារសម្រាប់ស្ត្រី តាមរយៈកំណែទម្រង់ច្បាប់ និង​ការអនុវត្ត​នៃ​បទប្បញ្ញត្តិ​ដែលបានកែសម្រួលហើយឱ្យកាន់តែប្រសើរឡើង។ ​​ដូច្នេះ នៅពេលដែលស្ត្រីកម្ពុជាមានចំណេះជំនាញ និងអាចរកប្រាក់ចំណូលបានគ្រប់គ្រាន់ ចង់ឬមិនចង់បុរសជាប្តីត្រូវចែករំលែកទំនួលខុសត្រូវក្នុងការធ្វើការងារផ្ទះ។ នៅពេលដែលបន្ទុកការងារផ្ទះមិនធ្លាក់មកលើស្ត្រីតែម្នាក់ ពួកគេនឹង​ទំនង​ជាចូលរួម​យ៉ាង​សកម្មក្នុងសកម្មភាពកិច្ចការខាងក្រៅផ្ទះ ហើយនោះ​គឺជាពេល​ដែលស្រ្ដី​អាច​ចូល​រួមក្នុងវិស័យសេដ្ឋកិច្ចបានយ៉ាងពេញលេញ៕


ហេង ម៉ូលីកា អ្នកស្រាវជ្រាវនៃអង្គការ​វេទិកា​អនាគត  | ខ្លឹមសារអត្ថបទរក្សាសិទ្ធិដោយអង្គការវេទិកាអនាគត

បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ For Cambodian Women, Equality Starts in the Home

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ