តុលាការខ្មែរក្រហម​នឹង​បិទ​បញ្ចប់​នីតិវិធី ក្រោយ​ការ​ប្រកាស​សាលដីកា​សំណុំ​រឿង​លោក ខៀវ សំផន

លោក ខៀវ សំផន អតីតមេដឹកនាំជាន់ខ្ពស់នារបបខ្មែរក្រហម ស្ថិតក្នុងសវនាការ​លើ​បណ្តឹង​សាទុក្ខ ឬបណ្តឹងតវ៉ារបស់លោក​ ក្នុងសំណុំរឿង ០០២/០២ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Khmer Rouge Tribunal (ECCC))

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នឹងបិទបញ្ចប់ដំណើរការនីតិវិធីច្បាប់ ក្រោយពី​ការ​ប្រកាស​សាលដីកាស្ថាពរលើអតីតប្រមុខរដ្ឋ (ប្រធានគណៈប្រធានរដ្ឋ) នៃ​របប​កម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន នៅក្នុងសប្ដាហ៍នេះ។

ប្រធានផ្នែកកិច្ចការសាធារណៈ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា លោក នេត្រ ភក្ត្រា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះថា ក្រោយការប្រកាស​សាល​ដីកា​លើ​សំណុំ​រឿង ០០២ វគ្គ០២ (002/02) តុលាការខ្មែរក្រហមនឹងបិទបញ្ចប់​នូវ​ដំណើរការនីតិវិធីច្បាប់របស់ខ្លួន។ លោកថា សាលដីកានេះ គឺ​ជាសាលដីកាចុងក្រោយ​របស់​អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

លោកថ្លែងថា៖ «សាលដីកាលើសំណុំរឿង ០០២/០២ ពាក់ព័ន្ធជនជាប់ចោទ ខៀវ សំផន គឺជាសាលដីកាចុងក្រោយ​របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅក្នុងបេសកកម្មស្វែងរកការពិត​ និងយុត្តិធម៌​ ជូនដល់ជនរងគ្រោះ​ តាមរយៈ​ការ​ជំនុំ​ជម្រះ​ក្តី​ប្រឆាំង​ទៅ​លើជន​ ២ជំពូក គឺអតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលប្រព្រឹត្តឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ»។

អង្គ​ជំនុំ​ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០០៦ ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ដើម្បី​កាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់​បំផុត ដោយចំណាយថវិកាអស់ជាង៣៣៧​​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ភាគី​អន្តរជាតិបានចំណាយថវិកាអស់២៣៩​លានដុល្លារអាមេរិក ខណៈភាគីរដ្ឋាភិបាលបានចំណាយអស់ជាង៩៨​លាន​ដុល្លារ​អាមេរិក។

ក្នុងរយៈ​ពេល​ជាង​១៦ឆ្នាំម​ក​នេះ តុលាការបានកាត់ទោសលើសំណុំរឿង ០០១ ដែលមានជនជាប់ចោទឈ្មោះ កាំង ហ្គេចអ៊ាវ ហៅ ឌុច ដែលមានតួនាទីជាប្រធានគុកទួលស្លែង និងសំណុំរឿង ០០២ ដែលមានជនជាប់ចោទ៤នាក់ ជាមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម រួម​មាន លោក ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ លោក នួន ជា អតីតប្រធានរដ្ឋសភា លោក អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស និងអ្នកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបខ្មែរក្រហម។

បច្ចុប្បន្ន ជនជាប់ចោទទាំងនោះបានស្លាប់បាត់បង់ជីវិត ដោយនៅតែលោក ខៀវ សំផន ម្នាក់ប៉ុណ្ណោះ។ ចំណែកសំណុំរឿង ០០៣ និង ០០៤ បានជាប់គាំង ដោយសារមានការជំទាស់ពីភាគីជាតិនៃតុលាការខ្មែរក្រហម។

យ៉ាងណា លោក នេត្រ ភក្ត្រា ដែលជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមផងនោះ បានចាត់ទុកថា ការបិទបញ្ចប់ដំណើរការនីតិវិធីច្បាប់នៃសាលាក្តីខ្មែរក្រហមនេះ គឺមិនមែនជាការបិទ​ទ្វារទាំងស្រុងនៅឡើយទេ ដោយសារតែតុលាការនេះនៅមានការងារសំខាន់ៗចំនួន២ទៀតដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​រយៈពេល​៣ឆ្នាំទៅមុខទៀត​​ ក្នុង​នោះរួម​មាន ការរៀបចំគ្រប់គ្រងបណ្ណាសារ ឬ​ទី​កន្លែង​សម្រាប់​រក្សាទុកឯកសារសំណុំរឿងនៅក្នុងបណ្ណា​ល័យ ដើម្បី​តម្កល់ទុក​ឯក​សារ​សម្រាប់​សាធារណជនចូលទស្សនា និងសិក្សាស្រាវជ្រាវ និងទី២ គឺការងារអប់រំ និងផ្សព្វផ្សាយ ស្តីពី សមិទ្ធផលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

លោកបានពន្យល់ថា៖ «អ៊ីចឹងការប្រកាសសាលដីកានៅថ្ងៃទី២២ ខែកញ្ញា គឺជាការបញ្ចប់នូវនីតិវិធីច្បាប់សំណុំរឿង ក៏ប៉ុន្តែមិនមានន័យថា តុលាការបិទទ្វារបញ្ចប់ទាំងអស់នោះទេ ខ្ញុំអាចបញ្ជាក់បានថា វាគឺជាការចាប់ផ្តើមនៃការបញ្ចប់ មានន័យថា មុននឹងបញ្ចប់ គឺជាការចាប់ផ្តើម អ៊ីចឹងការប្រកាសសាលដីកានេះ គឺជានិមិត្តសញ្ញាមួយនៃការចាប់ផ្តើមនៃការបញ្ចប់»។

តុលាការកំពូលនៃសាលាក្តី​ខ្មែរ​​ក្រហម ​នឹង​ប្រកាស​សាលដីកាចុងក្រោយ​លើបណ្តឹង​សាទុក្ខ​​របស់​អតីតមេដឹកនាំខ្មែរក្រហម លោក ​ខៀវ សំផន នៅថ្ងៃទី២២ ខែកញ្ញា សប្តាហ៍នេះ ដែលគេចាត់ទុកថាជាសាលដីកាចុងក្រោយ និងជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។

នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) លោក ឆាំង យុ បានចាត់ទុកតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម គឺជាកេរដំណែលប្រវត្តិសាស្ត្រទី២ របស់កម្ពុជា និងអង្គការ​សហប្រជាជាតិ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលនាំឱ្យមានការរៀប​ចំ​ការ​បោះ​ឆ្នោត​ជាស​កលនៅ​ឆ្នាំ​១៩៩៣។ លោកថា បើទោះបីជាតុលាការនេះមិនអាចផ្តល់យុត្តិធម៌ពេញលេញតាមការចង់បានរបស់ជនរងគ្រោះក្តី តែយ៉ាងហោចណាស់ តុលាការ​នេះបានរួមចំណែកផ្តល់យុត្តិធម៌ និងការផ្សះផ្សាបានមួយចំណែកផងដែរ។

លោកថា៖ «បើយើងនិយាយអំពី​យុត្តិធម៌តាមការចង់បានរបស់អ្នករស់រានមានជីវិតម្នាក់ៗ ដែលយើង​មាន​រហូតដល់​១៥លាននាក់នៅសព្វថ្ងៃ​នេះ ខ្ញុំគិតថា គ្មានតុលាការណាមួយអាចបំពេញ ឬនាំមកនូវដំណើរការមួយ ដើម្បីបំពេញ​នូវការបាត់បង់របស់ប្រជាជនយើងបានទេ។ ហើយការស្លាប់មានទំហំធំធេង ដូច្នេះពេលខ្លះយើងឮថាមិនយុត្តិ​ធម៌ មិន​គ្រប់​គ្រាន់ យើង​អាច​យល់​បាន​ ដោយ​សារ​ការ​បាត់​បង់​វាធំធេង។ ទី២ទៀត​ តាម​ផ្លូវ​ច្បាប់ តុលាការបានប្រឹងប្រែងអស់ពីលទ្ធភាព ហើយឈានទៅដល់ដំណាក់កាលផ្តល់ជាសាលក្រមចុងក្រោយនេះ ក៏ជាមូលដ្ឋានមួយឱ្យយើងចេះពង្រឹង ឱ្យយើងចេះប្រើប្រាស់ ដើម្បីវិនិច្ឆយនៅពេលក្រោយ»។

បើតាមលោក ឆាំង យុ ការស្ទង់មតិមួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) កាលពីខែសីហា ឆ្នាំ២០២១ បានរកឃើញថា ប្រជាជនកម្ពុជា ៨៧% ក្នុងចំណោមប្រជាពលរដ្ឋដែលបានស្ទង់មតិជាង៣០ ០០០​នាក់ យល់ឃើញថា តុលាការនៅតែមានសារៈសំខាន់សម្រាប់​ជីវិតរបស់ខ្លួន បើទោះបីជាពួកគេមិនទទួលបានសំណង ឬមិនទទួលបានកម្រិតយុត្តិ​ធម៌​មួយ​ដែលពួកគេចង់បានយ៉ាងណាក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ