លោក កឹម សុខា ច្រានចោល​ការ​ចោទ​ប្រកាន់ ខណៈ​តុលាការ​ព្យាយាម​ទាញ​ភ្ជាប់​លោក​ទៅ​នឹង​ការ​ធ្វើ«បដិវត្តន៍ពណ៌»

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោក កឹម សុខា បានច្រានចោលចំពោះការចោទប្រកាន់លើរូបលោក ក្រោយពីតុលាការបានព្យាយាមភ្ជាប់លោកទៅនឹងការធ្វើបដិវត្តន៍ដោយការកាន់ផ្កាឈូកនិងយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ»

ការបដិសេធរបស់ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ធ្វើឡើងក្នុងពេលតុលាការបន្តបើកសវនាការដោយសួរដេញដោលលើអង្គហេតុទំនាក់ទំនងរវាងគណបក្សសង្គ្រោះជាតិជាមួយជនជាតិតៃវ៉ាន់ បដិវត្ដន៍ផ្កាឈូក និងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។​

មុនពេលសួរដេញដោលនោះ ចៅក្រមបានចាក់វីដេអូលោក កឹម សុខា ថ្លែងនៅទីលានប្រជាធិបតេយ្យដោយដៃកាន់ផ្កាឈូក និងបង្ហាញរូបភាពលោកស្រី មូរ សុខហួរ, លោកស្រី ជូ ឡុងសូម៉ូរ៉ា និងសកម្មជនដីធ្លីបឹងកក់ ព្រមទាំងជនជាតិភូមា បាននាំគ្នាយកផ្កាឈូកទៅដាក់នៅលើរបងលួសក្រោយពីសមត្ថកិច្ចបិទទីលានប្រជាធិបតេយ្យ។

ចៅក្រមជំនុំជម្រះ លោក សេង លាង បានសួរទៅលោក កឹម សុខា ធ្លាប់ឮពាក្យបដិវត្តន៍ពណ៌ផ្កាឈូកទេ? តើលោកដឹងពីមូលហេតុនាំឱ្យមានបដិវត្តន៍ពណ៌ផ្កាឈូក? ហេតុអ្វីលោកស្រី មូរ សុខហួរ កាន់ផ្កាឈូក? ហើយគណបក្សសង្គ្រោះជាតិធ្លាប់ណែនាំឱ្យបាតុករដែលធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យកាន់ផ្កាឈូក និងហេតុអ្វីបាតុករកាន់ផ្កាឈូក?

ចៅក្រមជំនុំជម្រះបន្តថា តើនៅទីលានប្រជាធិបតេយ្យមានវត្ថុស័ក្ដិសិទ្ធិអ្វីបានកាន់និងយកផ្កាឈូកទៅទីនោះ? ហើយហេតុអ្វីលោក កឹម សុខា កាន់ផ្កាឈូកពេលឡើងថ្លែងនៅទីលានប្រជាធិបេតយ្យ? ក្នុងគោលបំណងអ្វី? ជាដើម។

ឈរនៅរង្វង់ក្រចកសេះ លោក កឹម សុខា បានថ្លែងថា រូបលោកធ្លាប់ឮប៉ុន្តែមិនស៊ីជម្រៅ ហើយចំពោះមូលហេតុដែលនាំឱ្យមានបដិវត្តន៍ផ្កាឈូកនោះ លោកថា លោកមិនបានដឹងឡើយ។ ចំពោះសំណួរហេតុអ្វីលោកស្រី មូរ សុខហួរ កាន់ផ្កាឈូកនោះ លោក កឹម សុខា ឱ្យលោកចៅក្រមទៅសួរលោកស្រី មូរ សុខហួរ វិញ ព្រោះលោកមិនដឹង។

លោកថា គណបក្សសង្រ្គោះជាតិមិនបានណែនាំឱ្យបាតុកម្មកាន់ផ្កាឈូកឡើយ ហើយកាន់ផ្កាឈូកក៏មិនខុសអ្វីដែរ ដោយថា បាតុកម្មដែលរៀបចំដោយគណបក្សសង្រ្គោះជាតិកាលពីឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ ជាបាតុកម្មអហិង្សា ទាមទារឱ្យបើកការស៊ើបអង្កេតលទ្ធផលបោះឆ្នោត មិនមែនជាការធ្វើបដិវត្តន៍ពណ៌ឡើយ។

លោកថា៖ «CNRP ធ្វើបាតុកម្មអហិង្សាទាមទារឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតការបោះឆ្នោត មិនមែនធ្វើបដិវត្តន៍ពណ៌ និងមិនមែនផ្ដួលរំលំរដ្ឋាភិបាលទេ។ ខ្ញុំដឹងលោកចៅក្រមសួររឿងផ្កាឈូក។ ផ្កាឈូកសម្រាប់ថ្វាយព្រះពុទ្ធ ហើយព្រះពុទ្ធអត់បានប្រដៅយកផ្កាឈូកទៅប្រព្រឹត្តអំពើហិង្សាទេ។ លោកចៅក្រមឃើញទេ? ខ្ញុំទៅវត្តតែងកាន់ផ្កាឈូកទៅ។ ទោះបីមានកាន់ផ្កាឈូក មិនខុសដែរ អត្ថន័យផ្កាឈូកគឺអហិង្សា»។

លោក កឹម សុខា ក៏បានពន្យល់ពីអត្ថន័យនៃផ្កាឈូកទៅកាន់ចៅក្រមថា ផ្កាឈូកមិនមែនត្រឹមតែសម្រាប់ថ្វាយព្រះទេ ផ្កាឈូកក៏ជាតំណាងឱ្យភាពស្ងប់ស្ងាត់ ភាពទន់ភ្លន់ និងសាមគ្គីភាពផងដែរ។

លោកថា៖ «ខ្ញុំកាន់ផ្កាឈូកក៏មិនខុសដែរ។ ខ្ញុំប្រកាន់ខ្ជាប់អហិង្សា។ អ៊ីចឹងគ្មានទេបដិវត្តន៍ពណ៌ គ្មានទេអំពើហិង្សា គ្មានទេការផ្ដួលរំលំរដ្ឋាភិបាល។ តើកម្ពុជាមានច្បាប់ណាដែលហាមមិនឱ្យកាន់ផ្កាឈូកនោះ? នៅកម្ពុជាគ្មានច្បាប់ហាមកាន់ផ្កាឈូកទេ»។

ខណៈចៅក្រមជំនុំជម្រះ លោក សេង លាង ចាត់ទុកលោក កឹម សុខា និងបាតុករកាន់ផ្កាឈូក ថាជាការធ្វើបដិវត្តន៍ផ្កាឈូក ដែលមានគោលបំណងចង់ផ្ដួលរំលំរដ្ឋាភិបាល ដោយយកលំនាំតាមប្រទេសអេហ្ស៊ីប។

ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានលោក កឹម សុខា ច្រានចោល ដោយថា អត្ថន័យផ្កាឈូកសម្រាប់ពលរដ្ឋកម្ពុជាខុសពីប្រទេសអេហ្ស៊ីប។ លោកបញ្ជាក់ថា រូបលោកប្រកាន់ខ្ជាប់អហិង្សា ការចូលរួមប្រកួតប្រជែងតាមរយៈការបោះឆ្នោត ដូច្នេះគ្មានទេការចង់ផ្ដួលរំលំរដ្ឋាភិបាល និងគ្មានបដិវត្តន៍ពណ៌នោះទេ។

ចំណែកអង្គហេតុយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» វិញ ចៅក្រមជំនុំជម្ រះលោក សេង លាង ក៏បានបង្ហាញរូបភាពរបស់សកម្មជនដីធ្លីនៅបឹងកក់ សកម្មជនដីធ្លីនៅបុរីកីឡា​ អង្គការសង្គមស៊ីវិល និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួនដែលចូលរួមធ្វើយុទ្ធនាការនេះ ដើម្បីទាមទារឱ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស ៥ រូប។

ក្រៅពីបង្ហាញរូបភាពខាងលើ ចៅក្រមក៏បានបង្ហាញសារលោក សម រង្ស៊ី ដែលបង្ហោះលើហ្វេសប៊ុក ដោយអំពាវនាវឱ្យសកម្មជន និងប្រជាពលរដ្ឋចូលរួមធ្វើយុទ្ធនាការនេះផងដែរ។

ក្រោយពីបង្ហាញរូបភាព លោក សេង លាង ក៏បានសួរទៅលោក កឹម សុខា ពីទំនាក់ទំនងរវាងលោក កឹម សុខា ជាមួយលោក ប៉ា ងួនទៀង លោក អ៊ី សារ៉ុម និងសកម្មភាពរបស់សកម្មជនដីធ្លីដែលនាំគ្នាធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ និងការចូលរួមរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិផងដែរ។

លោកថា៖ «តើលោកធ្លាប់ឮថ្ងៃចន្ទពណ៌ខ្មៅទេ? ហេតុអ្វីបង្កើតថ្ងៃចន្ទពណ៌ខ្មៅ? តើលោកស្គាល់លោក ប៉ា ងួនទៀង ទេ? លោក អ៊ី សារ៉ុម ប្រធានអង្គការធាងត្នោតទេ? តើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ មានការចូលរួមពីអ្នកណាខ្លះ? លោក សម រង្ស៊ី បានអំពាវនាវលើហ្វេសប៊ុកឱ្យប្រជាពលរដ្ឋចូលរួមយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។ល។»។

លោក កឹម សុខា បញ្ជាក់ថា រូបលោកស្គាល់លោក ប៉ា ងួនទៀង ដែលធ្លាប់ធ្វើការងារជាមួយ ប៉ុន្តែមិនមែនសាច់ញាតិដូចសមត្ថកិច្ចធ្វើរបាយការណ៍ឡើយ។ ចំណែកលោក អ៊ី សារ៉ុម វិញ លោកមិនច្បាស់ទេ ខណៈការរៀបចំនិងការធ្វើយុទ្ធនាការរបស់សកម្មជនដីធ្លីនោះ មិនពាក់ព័ន្ធនឹងរូបលោកឡើយ។

ចំណែកការចូលរួមរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិវិញ លោកថាជាសិទ្ធិបុគ្គល ខណៈការអំពាវនាវរបស់លោក សម រង្ស៊ី ជារឿងរបស់គាត់ ដោយមិនពាក់ព័ន្ធនឹងលោក និងគណបក្សសង្គ្រោះជាតិនោះទេ។

លោកថា៖ «យកសម្ដីលោក សម រង្ស៊ី និយាយពីនេះពីនោះមកភ្ជាប់ជាមួយខ្ញុំ។ រឿងលោក សម រង្ស៊ី គាត់និយាយជារឿងគាត់! ហើយយកភស្តុតាងអ៊ីចឹងៗមកចោទខ្ញុំ មានតម្លៃអី? ចាប់តាំងមានកិច្ចព្រមព្រៀងមក ខ្ញុំដឹកនាំទៅរកការបោះឆ្នោតនៅឆ្នាំ២០១៧»។

ក្រៅពីសួរដេញដោលរឿងផ្កាឈូក និងថ្ងៃចន្ទពណ៌ខ្មៅនោះ ចៅក្រមជំនុំជម្រះក៏សួរលោក កឹម សុខា ពីទំនាក់ទំនង និងបេសកកម្មរបស់ជនជាតិតៃវ៉ាន់ដែលទៅទីស្នាក់ការគណបក្សសង្គ្រោះជាតិផងដែរ ប៉ុន្តែសំណួរខ្លះ លោក កឹម សុខា បានឆ្លើយតប និងសំណួរខ្លះទៀត លោកឆ្លើយថាមិនចាំច្បាស់។

យ៉ាងណា សវនាការលើកទី៥៧នេះ តំណាងអយ្យការ និងមេធាវីដើមបណ្ដឹង មិនបានតាំងសំណួរសួរលោក កឹម សុខា នោះទេ ដោយសំណួរស្ទើរទាំងអស់ក្នុងអង្គហេតុទំនាក់ទំនងរវាងគណបក្សសង្គ្រោះជាតិជាមួយជនជាតិតៃវ៉ាន់ បដិវត្ដន៍ផ្កាឈូក និងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ចៅក្រមជាអ្នកសួរ។

មន្រ្តីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក លោក យី សុខសាន្ត ដែលឃ្លាំមើលពី​​ដំ​​ណើ​​រ​​ការនៃសវនាការនេះ យល់ថា ការយករូបភាពនិងវីដេអូកាត់តពីកន្លែងផ្សេងមកចោទប្រកាន់លើអ្នកមិនបានប្រព្រឹត្ត វាជារឿងអយុត្តិធម៌។

លោកថា៖ «ការយករូបភាពកាត់ត ដូចជា វីដេអូ ប្រមូលពីត្រង់នេះត្រង់នោះ ធ្វើការកាត់ក្ដីមួយ សម្រេចរឿងមួយ អយុត្តិធម៌សម្រាប់មនុស្សអត់បានដឹង។ វាជាការឈឺចាប់ពលរដ្ឋខ្មែរ ដែលធ្វើឱ្យមតិជាតិនិងអន្តរជាតិគេថ្កោលទោសលើកម្ពុជាយើង គេថាតុលាការយើងសព្វថ្ងៃមិនឯករាជ្យ ហើយមិនឈរទៅលើគោលការណ៍យុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ»។

ក្រោយពីបើកសវនាការពេញមួយព្រឹក នៅថ្ងៃពុធនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ ប្រកាសថា សវនាការលើលោក កឹម សុខា នឹងបន្តធ្វើនៅថ្ងៃទី២៨ ខែកញ្ញា ខាងមុខទៀត៕


កែតម្រូវ៖ វីអូឌី សូមធ្វើការកែតម្រូវកថាខណ្ឌទី៤ ទី១១ ទី១៣ និងទី១៥ ដែលថាចៅក្រមជំនុំជម្រះ លោក អ៊ឹម វណ្ណៈ កាន់សំណុំរឿងលោក កឹម សុខា។ ខ្លឹមសារដែលត្រឹមត្រូវ គឺចៅក្រមជំនុំជម្រះ លោក សេង លាង ដែលកាន់សំណុំរឿងលោក កឹម សុខា ខណៈលោក អ៊ឹម វណ្ណៈ គឺជាចៅក្រមក្នុងសំណុំរឿងផ្សេងទៀត។ [កែតម្រូវថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង២និង១៧នាទីរសៀល]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ