ប្រាក់ឈ្នួល​អប្បបរមា​កម្មករ​ឡើង​បាន​៦ដុល្លារ​សម្រាប់​ឆ្នាំ២០២៣

សន្តិសុខប្រចាំរោងចក្រ Y&W មានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ឈរយាមមុខច្រកចូលរោងចក្រដើម្បីត្រួតពិនិត្យមុននឹងកម្មករចូលបំពេញការងារ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ប្រកាស​ថា​ ប្រាក់ឈ្នួលអប្បបរមារបស់​​កម្មករនិយោជិតផ្នែក​វាយនភណ្ឌកាត់​ដេរ និងផលិតស្បែក​ជើង ឡើងបាន៦ដុល្លារសម្រាប់ឆ្នាំ២០២៣ ដែលមានន័យថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ កម្មករនឹង​ទទួលបានប្រាក់ឈ្នួលគោលចំនួន២០០ដុល្លារ​​។

កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបន្តជួបពិភាក្សាគ្នា ដើម្បីរក​ចំណុចរួមមួយក្នុងការកំណត់ប្រាក់ឈ្នួលគោលសម្រាប់កម្មករនៅឆ្នាំ២០២៣ ដោយក្នុងនោះ ក្រុមសហជីពមានតួលេខចំនួន៣ផ្សេងគ្នា រួម​មាន ២០៦ដុល្លារ, ២១០ដុល្លារ និង២១៣ដុល្លារ។

ចំណែកតំណាងនិយោជកបានដាក់តួលេខ១៩៧ដុល្លារ និងរដ្ឋាភិបាលបានស្នើ ១៩៨ដុល្លារ។

ប្រធាន​សហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ដែលចូលរួមកិច្ចប្រជុំចុងក្រោយនៅថ្ងៃទី២១ ខែកញ្ញានេះ បានឱ្យដឹងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានសម្រេចយកតួលេខ១៩៨​ដុល្លារ ហើយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់​ឱ្យ​២ដុល្លារបន្ថែមទៀត ដែលធ្វើឱ្យប្រាក់​ឈ្នួលគោលកម្មករសម្រាប់ឆ្នាំ២០២៣ ឡើងដល់២០០ដុល្លារ។

ប្រាក់ឈ្នួលអប្បបរមារបស់​​កម្មករនិយោជិតផ្នែក​វាយនភណ្ឌកាត់​ដេរ និងផលិតស្បែក​ជើង សម្រាប់​ឆ្នាំ២០២២ គឺ​១៩៤ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ