លោក ស ខេង រំឭក​មន្ត្រី​ថា​ការ​អភិវឌ្ឍ​ខេត្តព្រះសីហនុ​មិនមែន​សម្រាប់​ធ្វើជា​ឋានសួគ៌​ល្បែង​ខុសច្បាប់​ទេ

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ស្ថិតនៅក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេង)

​​រ​ដ្ឋមន្ត្រី​​ក្រសួ​ង​មហាផ្ទៃ​​ ​លោក ​ស ​​​ខេង ហា​ក់​​​​បាន​ស្ដីប​​ន្ទោសម​​ន្ត្រីទៅលើភាពយឺត​យ៉ាវទ​ប់ស្កា​ត់បទ​ល្មើ​ស​​​នា​​នា ​រួមទាំងការ​បើក​ល្បែង​ខុស​ច្បាប់​នៅ​ក្នុងខេ​​ត្តព្រះសីហនុ ​ដោយលើកឡើង​ថា កា​រដែ​លរ​ដ្ឋាភិបា​​​ល​ចំណាយលុយរាប់លានដុល្លារ​ដើម្បីអ​ភិវឌ្ឍ ​​មិន​មែន​ចង់​ឱ្យ​ខេត្ត​នេះ​ក្លាយ​ជា​ឋាន​​សួ​​គ៌​ល្បែង​​ខុ​សច្បា​​​ប់នោះ​​​ទេ។

នេះបើ​តា​មកា​រថ្លែ​ង​រ​បស់លោ​ក ស​ ខេ​ង ក្នុ​ងកិច្ចប្រជុំជាមួយមន្ត្រី​ពាក់​ព័ន្ធ រួ​មទាំ​ង​ក្រសួងយុត្តិ​ធ​ម៌ កា​លពីថ្ងៃ​ទី​១​៩ ខែ​ក​ញ្ញា ​ឆ្នាំ២០២២ នៅទី​ស្ដីកា​រក្រ​សួ​ងមហាផ្ទៃ​ ដែលត្រូវ​បានដក​ស្រ​ង់ស​ម្តីមក​ចុះផ្សាយ​​លើទំព័រ​ហ្វេសប៊ុក​របស់​លោក។​

លោក ស ខេង​ ​ថ្លែងថា ចាប់ពីថ្ងៃទី១៨ ខែសីហា​ ដ​ល់ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រ​សួងបានទទួ​​លប​ណ្ដឹងសរុបចំនួន២៨៩ករណី ពាក់ព័ន្ធនឹងការជួញដូរមនុស្ស​ និងបង្ខាំងមនុស្ស​ខុសច្បាប់​​​ ពីសាម៉ីជន សាច់​ញាតិ ស្ថាន​ទូ​ត​ និង​អ​ង្គការអន្តរជាតិមួយ​ចំនួន ក្នុងនោះ ​ខេត្ត​ព្រះសីហ​​នុ ​មាន​២​១២​ករ​ណី ជាខេត្តនាំ​មុខគេ។ លោ​​កគូសបញ្ជាក់ថា ឆ្ល​ង​​​កាត់ការអ​នុវត្តជាក់ស្ដែង​ និង​ចុះស្រាវជ្រាវពីមន្ត្រីជំនាញ ៩៥ភាគរយ​​​នៃពាក្យ​បណ្ដឹ​​​​ងជាកា​រ​ពិត ​ហើយ​សមត្ថកិច្ចបានជួយ​សង្គ្រោះ​​ជនរងគ្រោះចំនួន១៧​៦​នាក់​ ​មាន​​៨សញ្ជាតិ ​ក្នុងនោះ ​ខេត្តព្រះ​សីហ​នុ​មាន​ច្រើនជាង​គេ។

លោកបន្តទៀត​​ថា ភាគច្រើន​នៃជនរងគ្រោះ គឺធ្វើការនៅកន្លែងអាជីវកម្មល្បែងភ្នាល់អនឡាញខុសច្បាប់ ដែល​ការណ៍​នេះ​នឹងជំរុញឱ្យមានបទល្មើសជួញដូរមនុស្សគ្រ​ប់ទម្រង់ បទល្មើសគ្រឿង​ញៀន ភេរវកម្ម លួចឆក់​ប្លន់ បទល្មើសជំរិតទារប្រាក់ ធ្វើទារុណកម្ម ឃាតកម្ម​ ការ​សងសឹក ការ​ប្រើប្រាស់អាវុធខុសច្បាប់ បទល្មើសអន្តោប្រវេសន៍ខុសច្បាប់ និងបទល្មើសសម្អាតប្រាក់ បង្កផលប៉ះពាល់ដល់ការកសាងយុត្តិធម៌សង្គម។

លោ​ក ស ខេង គូសបញ្ជាក់ថា៖ «រាជ​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង២០០​លាន​ដុល្លារ ដើម្បី​កសាង​ហេ​​​​​​​ដ្ឋា​រចនាសម្ពន្ធក្នុងក្រុងព្រះសីហនុ ហើយការវិនិយោគ​ផ្លូវ​ល្បឿន​លឿនប្រមាណ​២ ០០០លាន​ដុល្លារ និង​កា​​​រ​កែ​លម្អផ្លូវជាតិលេខ៤នោះ មិនមែនដើម្បីបម្រើឱ្យឋានសួគ៌នៃល្បែងខុសច្បាប់នោះទេ ក្នុង​បំណងទាក់ទាញការវិនិយោគត្រឹ​មត្រូវ អ្នកទេសចរត្រឹមត្រូវ ដើម្បីបានចំណូលកសាងប្រទេសជាតិទាំង​មូល»។

ប​ន្ថែមពីនេះ ក្រោយពីបិទបញ្ចប់​កិច្ច​ប្រជុំ លោក ស ខេង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រដ្ឋាភិបាលកំ​ពុង​ព្យាយាមពន្លត់ភ្លើងនេះ តាមរយៈការ​ពង្រឹងវិធានការអនុវត្តច្បាប់ សង្គ្រោះជន​រង​គ្រោះ ដាក់​ទោស​ជនល្មើ​ស រួម​ទាំង​វិធានការគ្រប់គ្រងជនបរទេសដែលមកស្នាក់នៅកម្ពុជាដើម្បីប្រកបការងារ។

លោកថា៖ «យើងពន្លត់ភ្លើង បើយើងមិនដោះអាហ្នឹងទេ មេរោគសង្គមហ្នឹង វារីករាលដាលបទល្មើសផ្សេងៗទៀត​នៅក្នុងសង្គម»។

ជុំវិញបញ្ហានេះ សហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេសរបស់ខ្លួន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២​នេះ បាន​​ដាក់កម្ពុជា​​​​​ក្នុ​​ងបញ្ជីខ្មៅរបស់ខ្លួន ដោយ​សម្អាងថា​ ​​កា​រ​ជួញ​ដូរ​​ជនបរទេស​​​ចូល​មក​​ក្នុង​​ប្រ​ទេ​ស​​កម្ពុជា​កំពុ​​ង​មាន​​ការ​​​កើ​​​ន​ឡើង ក៏ដូចជាការរំលោភ​បំពាន​ផ្សេង​​ទៀតពាក់ព័ន្ធនឹងវិស័យការងារ ហើយ​​ម​ន្ត្រី​​​មួ​យ​ចំនួន​សម​​​គំនិត​​ក្នុង​​ប្រតិ​បត្តិ​ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។

ក្រៅពីនេះ អាមេរិកក៏​បាន​អំពាវ​នាវ​ឱ្យ​កម្ពុជា​បង្កើន​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​​អនុវត្ត​ច្បាប់ប្រឆាំងនឹងប្រតិ​បត្តិ​កា​​រ​ឆបោក​តាម​​​អ៊ីនធឺណិត រួមទាំង​ការចោទប្រកាន់ពីការ​​ងារ​ដោយ​បង្ខំ និង​ប្រឆាំង​នឹង​មន្ត្រី​ដែល​សម​គំនិ​ត​ក្នុង​​ប្រ​តិបត្តិការឆបោកនេះ និងឧក្រិដ្ឋកម្មជួញដូរដែលពាក់ព័ន្ធ។

នាយកកម្មវិធីអង្គការតម្លាភាពកម្ពុជា លោក អ៊ឹម នរិន្ទ ធ្លាប់ប្រាប់ VOD ថាក្រោយពីមានការបង្ក្រាបនៅទីក្រុង​ម៉ាកាវ ប្រទេសចិន​ នា​ប៉ុន្មានឆ្នាំមកនេះ កម្ពុជាហាក់បានក្លាយជាជម្រ​​​កសុវត្ថិភាពដល់ឧក្រិដ្ឋជន ដើម្បីប្រតិបត្តិការបទឧក្រិដ្ឋតាមប្រព័ន្ធអនឡាញ។

លោកបារម្ភថា កម្ពុជាអាចនឹងរអិលធ្លាក់ទៅក្នុងបញ្ជី​ខ្មៅនៃការលាងលុយខុសច្បាប់ និងអាច​ប្រឈមនឹងបញ្ហា​ជាច្រើន រួម​ទាំង​ហានិភ័យ​ប្រព័ន្ធ​ធនាគារ​ពាក់ព័​ន្ធ​នឹងការផ្ទេរប្រាក់តាមយន្តការអន្តរជាតិ បើវិធានការទប់​ស្កាត់ការជួញដូរមនុស្ស​គ្មានប្រសិទ្ធភាព ខណៈ​កម្ពុជាជា​​ប់ក្នុងបញ្ជីប្រផេះ ឬប្រទេសតាម​ដាន​លាងលុយ​កខ្វក់​ ៤ឆ្នាំមកនេះ។

តែ​យ៉ាងណា លោកយល់ថា កម្ពុជាអាចរើខ្លួនរួចពីវិធានទាំងនោះបាន បើការអនុវត្តច្បាប់ឈា​នទៅទប់ស្កា​ត់​ប​ទ​​​​ឧក្រិដ្ឋប្រទាក់ក្រឡាគ្នាបាន ហើយត្រូវបានគេមើលឃើញថា កម្ពុជាលែងជាជម្រកសុវត្ថិភាពរបស់ឧ​ក្រិដ្ឋជន។

លោកថា៖ «មិនជាការលំបាកទេ ឱ្យតែប្រទេសកម្ពុជាយកអនុសាសន៍ដែលគេមាន យកមកអនុវត្ត ពង្រឹងការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា ធានាថាកម្ពុជាមិនក្លាយជាជម្រកសម្រាប់ជនឧក្រិដ្ឋ ធ្វើការបង្ក្រាបទៅលើជនឧក្រិដ្ឋហ្នឹង ហើយធានាថាយើងលែងជាជម្រករបស់ជនឧក្រិដ្ឋដែលអាចប្រើប្រាស់ប្រទេសយើងដើម្បីចាប់ជំរិត ឬក៏លាងលុយតទៅទៀតទៅ គេនឹងមើលឃើញ ហើយយើងនឹងមិនធ្លាក់ទៅក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរទៀតនោះទេ»។

ចំ​ណែកអ្នកសិក្សាផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា វិញ មើលឃើញ​ថា បញ្ហានេះកើតចេ​ញពីអំពើពុករលួយ​ប្រទាក់ក្រឡាគ្នា រហូតដល់​សែស្រឡាយ​ថ្នាក់​ដឹកនាំ ដែល​ត្រូវ​បង្ក្រាប​ជា​ប្រព័ន្ធ​ ទើប​អា​ច​​ទប់​ស្កាត់​​បាន។

លោកថា៖ «រឿងដែលសំខាន់ជំរុញឱ្យកើតមានបញ្ហានេះ គឺអំពើពុករលួយនេះតែម្តង ដោយសារតាមការរា​យ​​ការណ៍ព័ត៌មានរបស់អាហ្សាហ្ស៊ីរ៉ាហ្នឹង គឺបានបង្ហាញអំពីសែស្រឡាយប្រទាក់ក្រឡាគ្នាក្នុងរឿងហ្នឹង រហូ​ត​​ដល់មានសាច់ញាតិថ្នាក់ដឹកនាំធំៗ។ អ៊ីចឹងទេ! បញ្ហាអំពើពុករលួយ វាជាដើមទុន ឬជាដើមចមធ្វើឱ្យប​ញ្ហាហ្នឹងកើតឡើងផងដែរ»។

យ៉ាងណា លោក ស ខេង រំឭកមន្ត្រីពាក់ព័ន្ធ​ថា ដើម្បីធានាឱ្យកិច្ចប្រតិបត្តិការនៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួយដូរកម្លាំ​ង​​ពលកម្ម និងអាជីវកម្មផ្លូវភេទនោះ​ ការអភិវឌ្ឍ​ប្រទេសជាតិត្រូវប្រកាន់គោលការណ៍​នីតិរដ្ឋ មិនមែនដោយផ្អែកលើល្បែងស៊ីសងខុសច្បាប់នោះទេ។

ដោយឡែក បើតាមសេចក្តីប្រកាសព័ត៌មាន​របស់​​រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី១៨ ខែកញ្ញា​ ឱ្យ​ដឹងថា ក្រោ​យ​​​ស​​មត្ថកិច្ចបានចុះត្រួតពិនិត្យអាគារមួយកន្លែងឈ្មោះ ស៊ីង សាន ទីង (Xinshan Great Wall Pa​rk​) ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ កាលពីពេលថ្មីៗនេះ សមត្ថកិច្ច​បាន​រកឃើញទីតាំងនោះជាប់ពាក់ព័ន្ធនឹងបទល្មើសបង្ខាំងមនុស្ស​​ខុសច្បាប់។

ប្រភពដដែលបញ្ជាក់ថា​ ប្រតិបត្តិការបង្ក្រាបពេលនោះ ជនសង្ស័យចំនួន១២នាក់ត្រូវបានចាប់ខ្លួន​បញ្ជូនទៅ​សាក​សួរនៅស្នងកា​រដ្ឋាននគរបាលខេត្ត ខណៈ​ទីតាំងនោះតម្រូវឱ្យផ្អាកធ្វើអាជីវកម្មបណ្តោះអា​សន្ន​ ដើម្បី​បើក​ផ្លូវឱ្យសមត្ថកិច្ចបន្តស៊ើបអង្កេតពាក់ព័ន្ធករណីបង្ខាំងមនុស្ស ជួញដូរមនុស្ស និងការធ្វើទារុណកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ