ពលរដ្ឋ​ឥណ្ឌូនេស៊ី​ថា ពួកគេ​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើការ​ឆបោក​នៅ​កម្ពុជា​ក្រោម​ការ​គំរាមកំហែង​ធ្វើទារុណកម្ម

ផ្លាកសញ្ញា “Welcome to Batam” នៅលើជើងភ្នំមួយ ក្នុងទីក្រុង Batam ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២។ (Danielle Keeton-Olsen/VOD)

ស្រ្តីជនជាតិឥណ្ឌូនេស៊ីមួយរូប​ដែលមានឈ្មោះហៅក្រៅថា ស្កាយ (Sky) បានរៀបរាប់ថា រូបគាត់ដំបូងឡើយ​មិន​ជឿជាក់លើការ​ផ្សព្វផ្សាយការងារពីបុគ្គល​ម្នាក់ដែលបានផ្ញើសារមកខ្លួនតាមរយៈ​បណ្ដាញសង្គម​ហ្វេសប៊ុក​កាលពីខែមីនា ដោយសុំឱ្យនាងចាកចេញពីផ្ទះរបស់នាងនៅទីក្រុងបាតាម (Batam) និងហោះហើរមកប្រទេសកម្ពុជាឱ្យបានឆាប់តាមដែលអាចធ្វើទៅបានឡើយ។

អ្នកស្រីបន្តថា ខ្លួននៅពេលនោះបានប្រើប្រាស់ហេតុផលដែលថាខ្លួន​ចង់​ចំណាយ​ពេល​ច្រើន​ជាមួយគ្រួសារ​មុន​សម្រេច​ចិត្ត​ចាក​ចេញ​ទៅធ្វើការនៅក្រៅប្រទេស។

អ្នកស្រី ស្កាយ អាយុ៤៥​ឆ្នាំ ជាព​លរដ្ឋ​រស់​នៅ​ទីក្រុង​បាតាម ប្រទេស​ឥណ្ឌូនេស៊ី ដែលធ្វើការជាអ្នកបកប្រែ​ភាសាចិន​ បានឱ្យដឹងទៀតថា អ្នកជ្រើសរើសបុគ្គលិករូបនោះបានទាក់ទងមកកាន់រូបគាត់ ​តាម​រយៈ​ការណែ​នាំ​ដោយ​អតីត​ថៅកែរបស់​អ្នក​ស្រី។

បុគ្គលជាអ្នកជ្រើសរើសបុគ្គលិករូបនេះ នៅពេលនោះ​ក៏​បាន​អះ​អាង​ទៀត​ថា ប្តី​​របស់​ខ្លួន​​​គឺ​​កំពុង​តែ​​ធ្វើ​ការ​​​នៅ​ក្រុមហ៊ុន​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​នឹងត្រូវបង្រៀនពីវិធីធ្វើការងារ និងមើលការខុសត្រូវលើអ្នកស្រី ស្កាយ បើសិនជាអ្នកស្រីសម្រេចទៅធ្វើ​ការ​នៅ​ទីនោះ។

ការថ្លែងអះអាង​ធានា​នេះ​ក៏បានធ្វើឱ្យអ្នកស្រី ស្កាយ ​មានជំនឿចិត្តគ្រប់​គ្រាន់​ក្នុងការចាកចេញពីប្រទេស ​ដើម្បីសាកល្បង​ការងារមួយនេះ។

ទោះជាយ៉ាងណា បន្ទាប់ពីត្រលប់​មក​ពី​ប្រទេស​កម្ពុជា​វិញ ​ក្នុងរយៈពេល២​ខែ​​ក្រោយ​ អ្នកស្រី ស្កាយ បាន​លើក​ឡើង​ថា បុរសរូបនោះពុំបានជួយអ្វីច្រើនឡើយ​ ក្នុងអំឡុងពេលដែលខ្លួន​នៅប្រទេសកម្ពុជា ដោយអ្នកស្រីថា ការទាក់ទងរបស់ខ្លួនជាមួយបុរសនោះធ្វើឡើង​តាមរយៈបណ្ដាញសង្គមតេឡេក្រាម (Telegram) គឺមានតែការនិយាយអំពីបំណុលដែលអ្នកស្រី និងកម្មករផ្សេងទៀត​ជំពាក់ប្រពន្ធរបស់គាត់តែប៉ុណ្ណោះ។

អ្នកស្រីបានប្រាប់ វីអូឌី​ ពីហាងកាហ្វេមួយក្នុងក្រុងបាតាមថា៖ «ស្រ្តីរូបនោះ [អ្នកណែនាំការងារ] បាននិយាយថា កុំបារម្ភ ស្វាមីរបស់ខ្ញុំនឹងបង្រៀនអ្នកពីរបៀបធ្វើវា [ការងារ]។ តែ​ពេលទៅដល់ទីតាំងនោះជាក់ស្ដែង បុរសដែលជាស្វាមីស្រ្តីរូបនេះ​មិន​ដែល​ជួយអ្វីដល់រូបពួកគេឡើយ»។

គិតចាប់តាំងពីដើមឆ្នាំ​២០២១​មក យ៉ាងហោចណាស់មានពលករចំណាកស្រុកឥណ្ឌូនេស៊ី ចំនួន៤១៧នាក់​ ត្រូវបានជួញដូរចូលមកប្រទេសកម្ពុជា។ នេះបើយោងតាមការឱ្យដឹងពីស្ថានទូតឥណ្ឌូនេស៊ី ដែល​ត្រូវបានយកមកចុះផ្សាយបន្តដោយកាសែត Jakarta Post កាលពីខែមុន។

ទាក់ទិននឹងករណីនេះ ជនរងគ្រោះពីការជួញ​ដូរ ដែលអ្នកសារព័ត៌មានបានជួបកាលពីខែកក្កដាកន្លងទៅ ​នៅទីក្រុងបាតាម ប្រទេសឥណ្ឌូនេស៊ី ក៏បានឱ្យដឹងដែរថា ពួកគេត្រូវបានផ្ដល់នូវការណែនាំ និងទិដ្ឋាការ​ ដើម្បីឱ្យមើលទៅឃើញថាការផ្តល់ជូនការងាររបស់ពួកគេហាក់ដូចជាស្របច្បាប់។

ទោះជាយ៉ាងណា នៅពេលមកដល់រាជធានី​ភ្នំពេញ ពួកគេ​ត្រូវ​បាន​បង្ខាំង​នៅក្នុងអគារខុនដូមួយកន្លែង ហើយត្រូវបានបង្ខំឱ្យជជែកទាក់ទង​ទៅកាន់គណនីបណ្ដាញហ្វេសប៊ុកនានា ដោយសម្ដែងធ្វើជាមានទំនាក់ទំនងស្នេហា​ ក្នុងគោលបំណងដើម្បីបោកប្រាស់​ឱ្យអ្នកទាំងអស់នោះ​ផុងខ្លួនចូលទៅក្នុងគម្រោងវិនិយោគក្លែងក្លាយរបស់ក្រុមហ៊ុន។

ការថតរូប និងផ្ដល់ជាសញ្ញា

អ្នកស្រី ស្កាយ ត្រូវចំណាយ​ពេល​២ថ្ងៃ កាលពីចុងខែមេសាកន្លងទៅ ក្នុង​ការ​ធ្វើ​ដំណើរមក​កាន់​ប្រទេសកម្ពុជា ជាមួយនឹងមនុស្ស២នាក់ផ្សេងទៀត ដែលត្រូវបានជ្រើសរើសឱ្យធ្វើការងារនេះ​ដូ​ច​គ្នា។

ដំបូ​ង​ឡើយ ពួកគេ​ត្រូវ​ជិះ​សាឡាង​ចេញ​ពី​ទីក្រុង​បាតាម ទៅ​កាន់​ប្រទេស​សិង្ហបុរី និងត្រូវសម្រាកនៅអាកាស​យាន​ដ្ឋាន​មួយ​យប់។ បន្ទាប់មក ពួកគេត្រូវជិះយន្តហោះពីសិង្ហបុរី​ មករាជធានី​ភ្នំពេញ ខណៈពួក​គេ​ក៏​តម្រូវ​ឱ្យ​ថត​រូបភាព​ជា​ហូរហែផ្ញើទៅកាន់អ្នកដែលផ្ដល់ការងារឱ្យពួកគេនៅតាម​ផ្លូវ ដើម្បីជាការតាមដានពីដំណើរការរបស់ពួកគេ។

មានពេលមួយ អ្នកជ្រើសរើសបុគ្គលិកក៏បានព្រមានថា ក្រុមហ៊ុន​នឹង​ដក​យក​ទូរសព្ទផ្ទាល់ខ្លួនរបស់ពួកគេទាំង៣នាក់ នៅពេលមកដល់រាជធានី​ភ្នំពេញ ដែល​ករណី​នេះ​ក៏​បានធ្វើឱ្យអ្នកស្រី ស្កាយ ត្រូវ​បង្ខំចិត្ត​ទិញ​ទូរសព្ទដៃថ្មីមួយទៀត និងស៊ីមកាត។

អ្នកស្រី​ថា​៖ «​នៅ​ពេល​នោះ ​យើងមានកូនចិត្តមួយក្នុងការវិល​ត្រលប់​ទៅកាន់ទីក្រុងបាតាមវិញ ​និងបោះបង់ចោលកិច្ចការងារមួយនេះ ប៉ុន្តែ​យើង​មិន​បានធ្វើវានោះ​ទេ ​ព្រោះ​អ្នកគ្រប់គ្រងក្រុមហ៊ុនបានទាក់ទង​មក​យើង​ ហើយ​និយាយ​ថា​ កុំ​បារម្ភ ​ក្រុមហ៊ុន​យើង​មិនធ្វើដូច្នោះទេ​»។

ខណៈមកដល់រាជធានី​ភ្នំពេញ​ភ្លាម អ្នក​ស្រី ស្កាយ បាន​ឱ្យ​ដឹង​ថា ពួក​គេ​ត្រូវ​បាន​នាំ​ទៅ​កាន់​អគារ​មួយកន្លែង​ដែល​មានឈ្មោះថា Sun Residences ក្នុងខណ្ឌមានជ័យ ខណៈ​ទីតាំងនេះ​ដំណើរការជាសណ្ឋា​គារ​នៅ​ជាន់ទី១ ប៉ុន្តែនៅទីនោះក៏មានការិយាល័យនិងបន្ទប់ស្នាក់នៅសម្រាប់បុគ្គលិកនៅជាន់ខាងលើផងដែរ។

យោងតាមអ្នកស្រី ស្កាយ ការងាររបស់ពួកគេនៅក្រុមហ៊ុនក្នុងទីក្រុងភ្នំពេញ គឺការបង្កើតគណនីបណ្ដាញ​សង្គមហ្វេសប៊ុកក្លែងក្លាយ ហើយប្រើប្រាស់វា​ដើម្បីធ្វើការសន្ទនាជាមួយអ្នកប្រើប្រាស់ផ្សេងទៀតដែលត្រូវបានដាក់នៅក្នុងបញ្ជីដែលអ្នកគ្រប់គ្រងរបស់ពួកគេបានផ្ដល់ឱ្យ។

តាមរយៈការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយទាំងនេះ ពួកគេត្រូវដាក់រូបភាពនារីអាស៊ីវ័យក្មេងស្អាតៗ ក៏ដូចជារូបភាពនៃទីកន្លែងឬអាហារថ្លៃៗ ដោយរូបភាពទាំងនេះត្រូវបានផ្ញើជូនកម្មករជារៀងរាល់ថ្ងៃ ដើម្បីធ្វើបច្ចុប្បន្នភាពគណនីហ្វេសប៊ុករបស់ពួកគេ។

ក្នុងករណីដែល​ការសន្ទនារបស់ពួកគេជាមួយនឹងអ្នកប្រើប្រាស់ផ្សេងទៀតដំណើរការទៅដោយរលូន ពួកគេនឹងចាប់ផ្ដើមនិយាយអំពីការវិនិយោគលើវេទិការូបិយបណ្ណឌីជីថល Crypto ហើយបន្ទាប់មក ប្រសិន​បើបុគ្គលទាំងនោះចាប់អារម្មណ៍ ពួកគេនឹងបញ្ជូនការសន្ទនាទៅកាន់ក្រុមការងារដែលមានជំនាញ​ខ្លាំង​ជាង​នេះ ក្នុងគោលបំណងដើម្បីឈានទៅជំហានបន្ទាប់ក្នុងការបោកប្រាស់ហិរញ្ញវត្ថុ។

បុរសអាយុ២០ឆ្នាំមួយរូបទៀត ឈ្មោះថា អាសេង (Aseng) ដែលត្រូវបានបញ្ជូនមកកម្ពុជាជាមួយនឹងអ្នកស្រី ស្កាយ ផងដែរនោះ បានឱ្យដឹងថា ក្រុមហ៊ុនដែលពួកគេធ្វើការនេះត្រូវបានគេហៅថា Hongli Group

តាមរយៈការចូលទៅស្វែងរកតាមប្រព័ន្ធអ៊ីនធឺណិត និងពិនិត្យមើលក្នុងគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម ឈ្មោះក្រុមហ៊ុន​នេះមិនត្រូវបានរកឃើញនោះទេ។

ទោះជាយ៉ាងណា តាមរយៈការបង្ហាញរូបភាពដែលលោក អាសេង បានថតមុខខ្លួនឯង​ផ្ញើទៅកាន់មិត្តស្រីរបស់គាត់នៅឥណ្ឌូនេស៊ី ក្នុងនោះ គេសង្កេតឃើញកាតសម្គាល់ខ្លួន ដែលលោក អាសេង ពាក់មានស្លាកសញ្ញា «Puya» ជាភាសាចិន ខណៈក្រសួងពាណិជ្ជកម្មក៏ធ្លាប់បានចុះបញ្ជីក្រុមហ៊ុនមួយនៅក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា Puya Pan-Asia International Investment ផងដែរ។

ការិយាល័យរបស់ Puya ត្រូវបានពិនិត្យឃើញថាចុះបញ្ជីនៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែក្រុមហ៊ុនបានបង្ហោះ​ការ​ផ្ដល់ជូនការងារសម្រាប់បុគ្គលិកផ្នែកលក់ និងរដ្ឋបាលក្នុងវិស័យសំណង់នៅខេត្តព្រះសីហនុ ក្នុងឆ្នាំ​២០១៩ និងឆ្នាំ​២០២០។

ទាក់ទិននឹងករណីនេះ វីអូឌី ក៏បាន​ផ្ញើ​សារមួយទៅកាន់អ៊ីម៉ែល​របស់ក្រុមហ៊ុនដែល​ចុះក្នុង​ក្រសួង​ពាណិជ្ជ​កម្ម ប៉ុន្តែ​មិន​បាន​ទទួល​ការ​ឆ្លើយតប​ឡើយ។

អ្នកស្រី ស្កាយ បានបន្ថែម​ថា កម្មករទាំងអស់នៅក្នុងក្រុមហ៊ុនត្រូវបានបង្ខាំង ហើយក្នុងករណីដែលកម្មករណាម្នាក់មិនបានបំពេញតាមគោលដៅនៃការសន្ទនាតាមការចង់បានទេ ពួកគេគឺត្រូវរងពិន័យឱ្យ​ធ្វើ​​ការ​អាវ៉ង់ (Push-Ups) ចំនួន៥០ដង សម្រាប់រាល់ការបាត់បង់អតិថិជនមួយលើកពីការងារប្រចាំថ្ងៃរបស់ពួកគេ។

អ្នកស្រី​ថា​៖ «​ខ្ញុំ​ពិតជាឆោតខ្លាំង​ណាស់​ ដែល​ជឿ​ជាក់លើពួកគេ [អ្នកផ្ដល់ការងារ] ​ខណៈខ្ញុំក៏​គ្មាន​ជម្រើសអ្វីផ្សេងដែរ​។ ប្រសិន​បើ​​ខ្ញុំ​រស់​នៅ​​ក្នុង​​បន្ទប់​​ស្នាក់​​​នៅ​​ដែល​ផ្ដល់ជូនដោយពួកគេ ​ហើយ​​​មិនបាន​ធ្វើ​អ្វី​សម្រាប់ពួកគេទាល់តែសោះ ខ្ញុំ​អាចនឹង​ទទួល​បាន​ការពិន័យដែលអាចលើសពីការអាវ៉ង់ទៅទៀត»។

មានថ្ងៃមួយ លោក អាសេង បានប្រព្រឹត្តកំហុស ដោយខ្លួនបានច្រឡំ​ផ្ញើតំណភ្ជាប់ខុស​នៅក្នុងកិច្ចសន្ទនា​ទៅកាន់អតិថិជនមួយរូបរបស់ខ្លួន ដែលវាធ្វើឱ្យប៉ះពាល់ដល់សកម្មភាពឆបោករបស់ក្រុមហ៊ុន។ ដោយ​សារតែ​កំហុស​របស់​គាត់នេះ លោក​នៅពេលនោះក៏ត្រូវ​បាន​គេ​ឆក់ដោយដំបងអគ្គិសនី ​និង​វាយដំ ដែលបង្កឱ្យមានជាស្នាមរបួសនៅលើដៃរបស់លោកផងដែរ។

លោកថា​៖ «​យើងបានសាងកំហុសក្នុង​ការងារ​នេះ ហើយ​ក្រុមហ៊ុន​ក៏បាន​វាយ​យើង​​។ យើងពិតជាមានការភ័យខ្លាចខ្លាំងណាស់នៅពេលនោះ»។

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍បន្ទាប់ពីអ្នកស្រី ស្កាយ បានចាកចេញពីប្រទេសកម្ពុជា ប្អូនប្រុសរបស់អ្នកស្រីមួយរូបដែលមានឈ្មោះថា អាជីង (Aching) ក៏ស្រាប់តែឃើញវីដេអូមួយនៅលើបណ្ដាញសង្គម TikTok ដែលនិយាយអំពីពលកម្មដោយបង្ខំ និងការបង្ខាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយខ្លួននៅពេលនោះក៏ចាប់ផ្ដើមឆ្ងល់ ថាតើការងារនៅក្នុងប្រទេសកម្ពុជាមានគ្រោះថ្នាក់ដូចគ្នានេះដែរឬយ៉ាងណា។

បន្ទាប់ពីធ្វើការស្រាវជ្រាវបន្ថែមអំពីការកើនឡើងនៃការជួញដូរជនបរទេសចូលមកក្នុងប្រទេសកម្ពុជា លោក អាជីង ក៏បានចាប់ផ្ដើមសាកសួរបងស្រីរបស់ខ្លួន គឺអ្នកស្រី ស្កាយ អំពីស្ថានភាពការងារ ខណៈខ្លួនក៏កាន់តែមានការព្រួយបារម្ភថែមទៀត។

ទាក់ទិននឹងករណីនេះ​ លោក អាជីង និងបងប្អូនម្នាក់ទៀត បានចាប់ផ្តើមទាក់ទងទៅកាន់អង្គការក្រៅរដ្ឋាភិបាល​ (NGOs) ជាច្រើនដែលពួកគេអាចស្វែងរកបានតាមអ៊ីនធឺណិត រហូតដល់មានអង្គការមួយបានឆ្លើយតប និងជួយបញ្ជូនព័ត៌មានអំពីស្ថានភាពរបស់អ្នកស្រី ស្កាយ ទៅកាន់ស្ថានទូតឥណ្ឌូនេស៊ី ហើយបន្ទាប់មកទៅកាន់សមត្ថកិច្ចក្នុងតំបន់។

តាមរយៈកិច្ចអន្តរាគមន៍នេះ មន្ត្រីនគរបាលកម្ពុជាម្នាក់ កាលពីខែមិថុនាកន្លងទៅ បានចុះទៅកាន់អគារខុនដូដែលអ្នកស្រី ស្កាយ ស្នាក់នៅនិងធ្វើការ ហើយបានសុំឱ្យក្រុមហ៊ុនអនុញ្ញាតឱ្យអ្នកស្រីចាកចេញពីទីតាំងនេះ ដោយអ្នកគ្រប់គ្រងដំបូងឡើយបានទាមទារប្រាក់ប្រមាណជា២ ៨០០ដុល្លារ ដែលពួកគេបានអះអាងថាជាការចំណាយលើអ្នកស្រី ស្កាយ។

អ្នកស្រី ស្កាយ បានបន្ថែមថា ខ្លួនអាចចាំបានថា អ្នកស្រីបានឃើញមន្ត្រីរូបនោះបានលើកតេទូរសព្ទ ហើយបន្ទាប់មកក្រុមហ៊ុនក៏ស្រាប់តែដកការទាមទារប្រាក់ពីមន្រ្តីរូបនោះវិញ។ បន្ទាប់មក ក្រុមហ៊ុននោះក៏បានសួរអ្នកផ្សេងទៀតដែលចង់ត្រលប់ទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិញផងដែរ ដោយនៅពេលនោះ បុគ្គលិកមួយចំនួន រួមមានទាំងបុរសពីររូបដែលរួមដំណើរមកជាមួយអ្នកស្រី ស្កាយ ក៏បានសម្រេច​ចាកចេញពីក្រុមហ៊ុនផងដែរ។

ខណៈពេលចាកចេញពីទីតាំងការិយាល័យ អ្នកស្រី ស្កាយ បានលើកឡើងថា អ្នកគ្រប់គ្រងមួយរូបរបស់​ខ្លួនក៏បានដើរមកហើយនិយាយថា គាត់ដឹងថាអ្នកស្រីបានទទួលជំនួយពីអង្គការក្រៅរដ្ឋាភិបាល​មួយ ហើយ​​បន្ទាប់មក អ្នកគ្រប់គ្រង​រូបនោះក៏បានព្រមានអ្នកស្រីឱ្យប្រយ័ត្នខ្លួន និងគំរាមថាគាត់នឹងចាប់​អ្នក​ស្រីដា​ក់គុក​ផងដែរ។

ល្បែងស៊ីសងតាមអនឡាញនៅក្នុងតំបន់ និងក្រៅប្រទេស

ទីក្រុង បាតាម ជាតំបន់កោះដែលសម្បូរទៅដោយទេសភាពឆ្នេរ ទិដ្ឋភាពធម្មជាតិ សួន​កម្សាន្ត សណ្ឋា​គារ ផ្សារ​ទំនើប និងមជ្ឈមណ្ឌលសន្និបាត បច្ចុប្បន្នមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យ​ឧស្សាហ​កម្ម និងការកម្សាន្តរបស់ខ្លួន ទាំង​ពី​សហ​គ្រិន​ក្នុង​ស្រុក និងអ្នកដែលមកពីប្រទេសសិង្ហបុរី។

ទោះជាយ៉ាងណា ជនជាតិ​ឥណ្ឌូនេស៊ី ​ដែល​ព្យាយាមស្វែងរក​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា ​បា​ន​​លើកឡើង​ថា អនាគត​របស់ពួកគេគឺមិនពឹងផ្អែកលើតំបន់បាតាមនេះឡើយ ដោយ​សារតែការងារនៅទីនោះផ្ដល់​ប្រាក់​កម្រៃ​ទាប។ ​

ជាមួយគ្នានេះ បុរសអាយុ៣៥ឆ្នាំមួយ​រូប មាន​ឈ្មោះថា អាស៊ីហ្វា (Asifa) មកពីតំបន់កោះ Riau ​ប្រទេស​ឥណ្ឌូនេស៊ី ដែលត្រូវបានជួយសង្គ្រោះជាមួយអ្នកស្រី ស្កាយ ចេញពីក្រុមហ៊ុនក្នុងប្រទេសកម្ពុជា បាន​លើកឡើងថា ក្នុងស្រុកកំណើតរបស់ខ្លួន គឺមិនមានការងារអ្វីធ្វើច្រើនឡើយ។

លោកបន្តថា ការងារដែលអាចធ្វើបានគឺមានតែការធ្វើការឱ្យផ្សារទំនើបមួយ ដែលអាចទទួលបានប្រាក់​កម្រៃត្រឹមតែ​ប្រមាណ២០០​ដុល្លារក្នុងមួយខែ ដូច្នេះហើយការទទួលបានប្រាក់ខែចំនួន៧០០ដុល្លារនៅក្នុងប្រទេសកម្ពុជា គឺជាជម្រើសដ៏ល្អមួយសម្រាប់លោក។

អតីតបុគ្គលិកក្រុមហ៊ុន Hongli Group ក្នុងប្រទេសកម្ពុជាម្នាក់ទៀត ឈ្មោះថា អាល់ ហ្ស៊ូរី (Al Zuhry) អាយុ៣៤​ឆ្នាំ បាន​ឱ្យដឹងផងដែរថា ស្រុក​កំណើត​របស់​គាត់​ គឺកាន់តែស្ងាត់ជាងទីក្រុង បាតាម ទៅទៀត ដែល​ក្នុងនោះគឺមានតែការងារដែលទាក់ទងនឹងវិស័យកសិកម្មដែលផ្ដល់ប្រាក់ចំណូលទាប និងគ្មានស្ថិរភាពតែប៉ុណ្ណោះ។

លោកថា៖ «ខ្ញុំបានព្យាយាមស្វែងរកអ្វីដែលខ្ញុំអាចធ្វើបាន ពោលគឺការងារណាដែលខ្ញុំអាចរកប្រាក់បានច្រើន»។

លោកបន្ថែម​ថា រូបលោក​បាន​ខាតបង់ប្រាក់ជាច្រើន ដើម្បីចំណាយលើ​ការ​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ខណៈលោកក៏បានស្នើ​សុំ​ឱ្យមានការ​ជួយ​រូបលោក ក្នុងការទទួលបាន​ប្រាក់​​ពីកន្លែងការងារដែល​គាត់​ធ្វើ​ក្នុង​​ក្រុមហ៊ុន​នៅ​កម្ពុជាផងដែរ។

តាមរយៈការឱ្យដឹងពីពលរដ្ឋឥណ្ឌូនេស៊ីដែលធ្លាប់ត្រូវបានបញ្ជូនទៅធ្វើការក្នុងក្រុមហ៊ុននៅកម្ពុជា គឺពួកគេមិនទទួលបានប្រាក់ខែគ្រប់ទៅតាមចំនួនដែលពួកគេបានធ្វើការឡើយ ដោយពួកគេអាចទទួលបានប្រាក់សម្រាប់តែខែដំបូងប៉ុណ្ណោះ។

បើតាមការឱ្យដឹងពីប្អូនប្រុសរបស់អ្នកស្រី ស្កាយ ជនជាតិឥណ្ឌូនេស៊ីម្នាក់ទៀតក៏ត្រូវបានឃុំក្នុងទូខោអាវអស់រយៈពេលជាច្រើនថ្ងៃផងដែរ ដោយសារអ្នកគ្រប់គ្រងក្រុមហ៊ុនបានអះអាងថា គាត់ជំពាក់ប្រាក់ពួកគេចំនួន៧ ០០០​ដុល្លារ។

យោងតាមអ្នកដែលត្រូវបានជួយសង្រ្គោះ បានឱ្យដឹងថា អ្នក​ជ្រើសរើស​បុគ្គលិកទាំងឡាយក៏​ត្រូវ​បាន​ប៉ូលិស​មូលដ្ឋាន​ចាប់​ខ្លួន​សាកសួរ​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្សផងដែរ។

គួរបញ្ជាក់ថា ករណីជនជាតិឥណ្ឌូនេស៊ី ចំនួន២៤១នាក់ ដែលត្រូវបានបញ្ជូនត្រលប់ទៅវិញក្នុងពេលតែមួយ បន្ទាប់ពីត្រូវបានជួយសង្គ្រោះពីការងារដែលត្រូវបានបង្ខាំងនៅកម្ពុជា បានទាញចំណាប់អា​រម្មណ៍យ៉ា​ង​ខ្លាំងពីមន្ត្រីថ្នាក់ជាតិ និងមូលដ្ឋាន ក្នុងប្រទេសឥណ្ឌូនេស៊ី។

យោងតាមក្រសួងការបរទេសឥណ្ឌូនេស៊ី ពលរដ្ឋប្រមាណ៤៤៦នាក់ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីកម្ពុជា នៅឆ្នាំនេះ គិតត្រឹមចុងខែសីហា ខណៈតួលេខនេះកើនឡើងប្រមាណជា៣ដង បើធៀបនឹងចំនួន១១៩នាក់ដែលបានធ្វើមាតុភូមិនិវត្តន៍កាលពីឆ្នាំមុន។

ងាកមក​កាន់​តំបន់​កោះ Riau ​វិញ សមត្ថកិច្ច កាលពីចុងខែកក្កដាកន្លងទៅ ក៏បានរកឃើញករណីពល​រដ្ឋ៦០នាក់ទៀតដែលត្រូវបានបង្ខាំងនៅកន្លែងធ្វើការក្នុងប្រទេសកម្ពុជាផងដែរ។

ទោះជាយ៉ាងណា ប្រភពនេះ​មិនអាចបញ្ជាក់ថាតើពួកគេទាំងនេះត្រូវបង្ខាំងនៅក្នុងក្រុមហ៊ុន Hongli ឬក្រុមហ៊ុនផ្សេងទៀតនោះទេ។

យោងតាមរបាយការណ៍មួយចេញដោយគេហទំព័រព័ត៌មាន​ក្នុង​ស្រុក Batam News នៅដើមខែនេះ ក៏បាន​លើកឡើងពីករណីអ្នកស្រុកចំនួន៧នាក់​ មកពីទីក្រុងបាតាម និងទីក្រុង Tanjungpinang គឺនៅតែជាប់នៅក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីមានករណីនេះមក សមត្ថកិច្ចក៏បានបញ្ឈប់ពលរដ្ឋនៅទីក្រុង​បាតាម​មួយចំនួនមិនឱ្យ​ធ្វើដំណើរ​ចំណាកស្រុកមកប្រទេសកម្ពុជា ដើម្បីធ្វើការក្នុងអាជីវកម្មអនឡាញ។

យោងតាមសារព័ត៌មាន Batam News មន្ត្រីក៏បានចុះបង្រ្កាបទីតាំង​ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែង​នៅកណ្តាលក្រុងបាតាម ដែលមានឈ្មោះថា សណ្ឋាគារ King’s Hotel ខណៈអ្នកពាក់ព័ន្ធបានអះអាងថា ពួកគេកំពុងតែស្ថិតក្នុងដំណើរការផ្ទេរប្រតិបត្តិការមកកម្ពុជា។

ងាកមក​កាន់យុវជនវ័យ២០ឆ្នាំ លោក អាសេង វិញ បានលើកឡើងថា ខ្លួន​ពិតជាមានភាពភ្ញាក់ផ្អើលចំពោះ​ចំនួនប្រាក់ខែដែលគាត់ត្រូវបានផ្តល់ជូនសម្រាប់ការងារនៅក្នុងប្រទេសកម្ពុជា ដោយបន្ថែមថា ប្រាក់​កម្រៃ​ចំនួន៧០០​ដុល្លារក្នុងមួយខែ គឺពិតជាខ្ពស់ណាស់សម្រាប់គាត់ដែលទើបតែរៀនចប់វិទ្យាល័យ។

លោកថា៖ «ខ្ញុំមិនបានគិតអ្វីច្រើនទេ អ្វីគ្រប់យ៉ាងគឺដោយសារតែលុយ»។

លោក អាសេង ក៏បានបន្ថែមឱ្យដឹងទៀតថា ប្រសិនបើគាត់មិនត្រូវបានគេវាយដំដោយអ្នកគ្រប់គ្រងរបស់គាត់ទេ គាត់អាចនឹងបន្តស្នាក់នៅក្នុងក្រុមហ៊ុននោះហើយ ដោយបន្ថែមថា ខ្លួនបានរៀនសូត្រជាច្រើនពីការងារ ជាពិសេសពីរបៀបបញ្ចុះបញ្ចូលមនុស្ស និងធ្វើការលក់។

ឈានចូលមកដល់ចុងបញ្ចប់នៃបទសម្ភាស អ្នកដែលត្រូវបានជួយសង្រ្គោះចេញពីក្រុមហ៊ុនក្នុងប្រទេសកម្ពុជាទាំងនេះ ក៏បានចាក់បទចម្រៀងចិនមួយបទដែលពួកគាត់ត្រូវច្រៀងជារៀងរាល់ថ្ងៃ ដើម្បីជាការលើកទឹកចិត្តក្នុងការបន្តការងារ។

លោក អាសេង ថ្លែងថា៖ «​ខ្ញុំ​ស្រឡាញ់​បទ​នេះ​ណាស់»។

អ្នកស្រី ស្កាយ ក៏បាន​ឆ្លើយ​តបដោយ​ថា ខ្លួន​ក៏​ស្រឡាញ់​បទ​នេះដែរ ប៉ុន្តែ​វាមិនមែនជា​ការងារដែលពួកគេធ្វើឡើយ។

លោក អាសេង​ បន្ថែមថា៖ «ជាការពិត វាគឺជាការងារ​ល្អ ប៉ុន្តែ​ក្រុមហ៊ុន​ទៅវិញទេដែលមិន​ល្អ​»។

ទាក់ទិននឹងសំណួរថាតើការងារដែលពាក់ព័ន្ធនឹងការបោកប្រាស់អាចជាការងារល្អយ៉ាងណានោះ យុវជនរូបនេះបាន​ឆ្លើយតបថា យ៉ាងហោចណាស់ ខ្លួនអាចរៀនសូត្រពីជំនាញថ្មីមួយពីកម្ពុជា។

លោកថា៖ «ខ្ញុំពិតជាចូលចិត្តការងារនេះ។ បើ​ទោះ​បី​វាជាការងារ​បោក​ប្រាស់ ​ប៉ុន្តែសម្រាប់​ខ្ញុំ វាគឺ​ជា​ការបង្ហាញឱ្យឃើញថា យើង​ឆ្លាត​ជាង​អ្នក​ដទៃ»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Learning to Scam Under the Threat of Tasers

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ