ពលរដ្ឋជាង២០០នាក់ តំណាងឱ្យ២៧៤គ្រួសារ មកពីឃុំចំនួន៣ នៃស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្ដុំគ្នានៅសាលាស្រុក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីជំរុញទៅអាជ្ញាធរឱ្យពន្លឿនការដោះស្រាយដីធ្លីជូនពួកគេ ដោយអះអាងថា ក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ បានរំលោភយកជិត២០ឆ្នាំ។
អ្នកស្រី ជេម ថន ដែលអះអាងថាជាតំណាងពលរដ្ឋជីខក្រោម ប្រាប់វីអូឌីថា ពលរដ្ឋជាង២០០នាក់ មកពីឃុំជីខក្រោម ឃុំជីខលើ និងឃុំដងពែង បានប្រមូលផ្ដុំគ្នានៅមុខសាលាស្រុកស្រែអំបិល នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីដាក់ញត្តិ និងផ្ដល់បណ្ណបញ្ជាក់ការបាត់បង់ដីធ្លីទៅរដ្ឋបាលស្រុកឱ្យពន្លឿនការដោះស្រាយជូនពួកគេ។
តំណាងពលរដ្ឋរូបនេះអះអាងថា ប្រជាពលរដ្ឋ២៧៤គ្រួសារ ដែលមានដីជាង១ ៣០០ហិកតា នៅឃុំចំនួន៣ នៃស្រុកស្រែអំបិល ត្រូវបានក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ ឈូសឆាយរំលោភយកអស់តាំងពីឆ្នាំ២០០៦ ដោយមិនបានដោះស្រាយសំណងអ្វីជូនពលរដ្ឋនោះទេ ក្រោយក្រុមហ៊ុននេះទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅតំបន់នោះ។
អ្នកស្រីបន្ថែមថា៖ «ការដែលក្រុមហ៊ុនយកដំបូងហ្នឹង គេបានឈូសឆាយផលដំណាំរបស់យើងនៅក្នុងចម្ការ មានស្វាយចន្ទី មានស្វាយ មានខ្នុរ មានដូង និងដំណាំចម្ការវិលជុំផ្សេងទៀត ដែលគេឈូសឆាយយកតាំងពីឆ្នាំ២០០៦ម៉្លេះ។ កាលណោះ យើងអត់អាចចូលតវ៉ាបានទេ ដោយសារមានការគំរាមកំហែងពីអាជ្ញាធរកុំឱ្យតវ៉ា ក្រោយអាជ្ញាធរមូលដ្ឋានបានស៊ីញ៉េប្រគល់ដីនោះឱ្យទៅក្រុមហ៊ុនរួចហើយ»។
អ្នកស្រី ផល ឆិន ដែលអះអាងថាជាតំណាងពលរដ្ឋនៅឃុំជីខលើ និយាយថា អ្នកភូមិចាប់ផ្ដើមផ្ទុះការតវ៉ាទាមទារយកដីពីក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ វិញ នៅឆ្នាំ២០១៨ ក្រោយពួកគាត់ជួបការលំបាកខ្លាំងក្នុងជីវភាពគ្រួសារ ដោយសារការបាត់បង់ដីធ្លី និងគ្មានដីសម្រាប់បង្កបង្កើនផល។
តំណាងពលរដ្ឋរូបនេះបន្តថា ចាប់តាំងពីពួកគាត់នាំគ្នាតវ៉ាមក គឺពួកគាត់តែងតែរងការគំរាមកំហែង ការចាប់ខ្លួន និងការប្ដឹងផ្ដល់ទៅតុលាការក្រោមបទចោទផ្សេងៗ។ អ្នកស្រីថា រហូតមកដល់ពេលនេះ តំណាងពលរដ្ឋមិនក្រោម១០នាក់នោះទេ កំពុងជាប់បណ្ដឹងនៅតុលាការដោយសារការតវ៉ារឿងជម្លោះដីធ្លីនេះ។
អ្នកស្រី ផល ឆិន អះអាងថា ក្រោមជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ នេះបានធ្វើឱ្យពលរដ្ឋមួយចំនួនធ្លាក់ខ្លួនក្រីក្រ ចំណាកស្រុក កូនៗបាត់បង់ការសិក្សា និងជំពាក់បំណុលធនាគារទ្វេដង ដោយសារគ្មានដីសម្រាប់បង្កបង្កើនផល។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រមុខរដ្ឋាភិបាល ជួយជំរុញទៅអាជ្ញាធរពាក់ព័ន្ធឱ្យពន្លឿនការដោះស្រាយជូនពលរដ្ឋរងគ្រោះដីធ្លី ដោយសារក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ នៅស្រុកស្រែអំបិល ឱ្យបានឆាប់ ព្រោះប្រជាពលរដ្ឋកំពុងជួបទុក្ខលំបាកគ្មានដីធ្លីសម្រាប់បង្កបង្កើនផល ហើយប្រជាពលរដ្ឋកំពុងមានបញ្ហាជីវភាព ជាប់បំណុលធនាគារ និងកើតមានអំពើហិង្សាក្នុងគ្រួសារ ជាដើម»។
អ្នកស្រីបន្ថែមថា ដំណោះស្រាយដែលអ្នកភូមិចង់បាន គឺទាមទារឱ្យយកដីជាង៧០០ហិកតាមកវិញ និងសំណងខូចខាតផលដំណាំប្រមាណ១ម៉ឺនដុល្លារក្នុង១គ្រួសារផងដែរ។
វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលស្រុកស្រែអំបិល លោក ជា ច័ន្ទកញ្ញា និងលោកឧកញ៉ា លី យ៉ុងផាត់ ដែលរងការចោទថាបានរំលោភយកដីពលរដ្ឋនោះបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
យ៉ាងណា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបដិសេធមិនដោះស្រាយជូនក្រុមពលរដ្ឋទាំងនេះទេ ក្រោមហេតុផលថា ក្រសួងបានដោះស្រាយជូនពួកគេរួចរាល់ហើយ។
មន្ត្រីសម្របសម្រួលសហគមន៍នៅសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញ៉ិល ភាព ដែលឃ្លាំមើលរឿងជម្លោះដីធ្លីនេះ មានប្រសាសន៍ថា មានពលរដ្ឋខ្ទង់ពាន់គ្រួសារទៀតដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ នៅខេត្តកោះកុង ហើយមិនទាន់បានដោះស្រាយចប់។
មន្ត្រីសង្គមស៊ីវិលផ្នែកដីធ្លីរូបនេះបានទទូចដល់អាជ្ញាធរពាក់ព័ន្ធសម្របសម្រួលដំណោះស្រាយបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ ជាជាងធ្វើការហាមឃាត់ ឬចោទប្រកាន់ ឬចាប់ខ្លួនពលរដ្ឋដែលរងគ្រោះដីធ្លីទាំងនោះ ដើម្បីកុំឱ្យពួកគេបន្តរងទុក្ខលំបាកបន្ថែមទៀត។
លោកបន្ថែមថា៖ «ពួកគាត់គឺជាប្រជាពលរដ្ឋ ជាផ្នែកមួយនៃរដ្ឋ ហើយពួកគាត់មានបញ្ហាដីធ្លី ដូច្នេះបញ្ហាហ្នឹង អ្នកដែលទទួលបន្ទុកដោះស្រាយហ្នឹងគឺរាជរដ្ឋាភិបាលហ្នឹងឯង។ អ៊ីចឹងអត់អាចគេចវេះបានទេក្នុងការដោះស្រាយនេះ។ អ្វីដែលជាយន្តការល្អបំផុត គឺត្រូវតែសម្របសម្រួលឱ្យមានការដោះស្រាយណាមួយដែលមានភាពយុត្តិធម៌ត្រឹមត្រូវតាមទំហំដី តាមភាពជាក់ស្តែងដែលគាត់បាត់បង់ អាហ្នឹងបានបញ្ហាវិវាទហ្នឹងត្រូវបានបញ្ចប់»។
កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ប្រជាពលរដ្ឋចំនួន៨៤៣គ្រួសារ និងមានដីសរុប១ ៧២៧,៦ហិកតា ស្ថិតក្នុងស្រុកបទុមសាគរ ស្រុកស្រែអំបិល និងស្រុកថ្មបាំង ខេត្តកោះកុង ដែលអះអាងថា ត្រូវបានក្រុមហ៊ុន «កោះកុងស៊ូហ្គើ» និង «កោះកុងផ្លេនថេសិន» របស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ឈូសឆាយរំលោភយកអស់តាំងពីឆ្នាំ២០០៦ ក៏បាននាំគ្នាដាក់ញត្តិនៅតាមក្រសួងនិងស្ថាប័នមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីជំរុញឱ្យមានដំណោះស្រាយដីធ្លីជូនពួកគេផងដែរ៕