ប្រជាពលរដ្ឋមួយចំនួនលើកឡើងថា អំឡុងបុណ្យភ្ជុំបិណ្ឌដោយចាប់ផ្ដើមតាំងពីថ្ងៃទី១១ ខែកញ្ញាមក តម្លៃទំនិញនៅលើទីផ្សារមានការហក់ឡើងថ្លៃជាងមុន ដែលករណីនេះ ទាំងពលរដ្ឋ និងសង្គមស៊ីវិល ជំរុញដល់រដ្ឋាភិបាលគួរមានវិធានការទប់ស្កាត់បញ្ហានេះ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានប្រាក់ចំណូលទាប ដូចជា កម្មកររោងចក្រ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម។
កម្មកររោងចក្រមួយនៅរាជធានីភ្នំពេញ លោក ឌី ធារ៉ា មានប្រសាសន៍នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះថា ទំនិញនៅលើទីផ្សារ ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ បានហក់ឡើងខ្ពស់ជាងមុខ ខណៈដែលទំនិញទាំងនោះបានឡើងខ្ពស់រួចទៅហើយដោយសារតែវិបត្តិកូវីដ-១៩។ លោកថា បញ្ហាទំនិញនៅលើទីផ្សារឡើងថ្លៃ ជាពិសេសនៅពេលអំឡុងបុណ្យទាននេះ បានធ្វើឱ្យប៉ះពាល់ជីវភាពពលរដ្ឋ ជាពិសេសកម្មករដូចជារូបលោកដែលមានប្រាក់ចំណូលទាប។
ទោះជាយ៉ាងណា លោករំពឹងថា រដ្ឋាភិបាលនឹងជួយរក្សាតម្លៃទំនិញនៅលើទីផ្សារឱ្យនៅដដែល។
លោកថា៖ «ខ្ញុំនៅមូលដ្ឋាននេះ ប្រសិនបើថ្លៃទំនិញឡើងថ្លៃ ឡើងគ្រប់សារពើ ខ្ញុំមានការបារម្ភដែរ ដោយសារកម្មករយើងទូទៅ គាត់បើមកចំណាយ បើធៀបនឹងប្រាក់ខែគោល វានៅទាបជាងនៅថៃ នៅវៀតណាមអី នៅទាបជាងគេ ការចំណាយវាច្រើន ហើយចំណូលវាបានទាប»។
ពលរដ្ឋម្នាក់នៅខេត្តបាត់ដំបង កញ្ញា មៀច ស្រីណុច បានឱ្យដឹងថា បញ្ហាទំនិញឡើងថ្លៃ តែងតែកើតមានរៀងរាល់ពិធីបុណ្យធំៗ ដែលការណ៍នេះបណ្ដាលមកពីឈ្មួញមួយចំនួនបានដំឡើងតម្លៃដោយខ្លួនឯង បើទោះបីពួកគេបានទិញទំនិញពីកសិករក្នុងតម្លៃធម្មតាក៏ដោយ។ កញ្ញាបន្តថា នៅពេលទំនិញឡើងថ្លៃម្ដងៗ ពិតជាប៉ះពាល់ដល់ពលរដ្ឋដែលមានប្រាក់ចំណូលទាប។
កញ្ញាថា៖ «ជាទូទៅ រាល់ពេលដែលមិនថាភ្ជុំនោះទេ ឱ្យតែបុណ្យប្រពៃណីខ្មែរ ភាគច្រើនទំនិញឡើងថ្លៃខុសពីទីផ្សារធម្មតា។ ខ្ញុំជាពលរដ្ឋខ្មែរក៏មានការព្រួយបារម្ភដែរ ដោយសារតែប្រជាជនខ្មែរអត់ការងារធ្វើច្រើន ហើយទំនិញឡើងថ្លៃ»។
អាជីវករលក់ភេសជ្ជៈនៅភ្នំតាម៉ៅ អ្នកស្រី រស់ នឿន បានឱ្យដឹងថា ក្នុងឱកាសរដូវភ្ជុំបិណ្ឌនេះ ទំនិញដែលអ្នកស្រីទទួលទិញមកបានឡើងថ្លៃ ដែលតម្រូវឱ្យអ្នកស្រីត្រូវឡើងថ្លៃទំនិញសម្រាប់ការលក់រាយដូចគ្នានោះដែរ។
អ្នកស្រីថា៖ «ដោយអ្នកទិញដែរ អ្នកខ្លះទៅគេសាញ គ្រាន់តែខុសគ្នា១០០[រៀល] ២០០[រៀល] ឬ៥០០[រៀល] គេថាយើងលក់ថ្លៃ ប៉ុន្តែរបស់ហ្នឹងយើងយកមកវារាងថ្លៃដែរ»។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក បានប្រាប់វីអូឌីឱ្យបង្វែរសំណួរទាក់ទិននឹងករណីឡើងថ្លៃទំនិញនេះទៅកាន់ក្រសួងពាណិជ្ជកម្មវិញ ប៉ុន្តែអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ និងលោក ប៉ែន សុវិជាតិ ពុំអាចទាក់ទងសុំការបញ្ជាក់បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ក៏សង្កេតឃើញដែរថា តម្លៃទំនិញនិងសេវាកម្មបានឡើងជាងមុនបន្តិច ជាប្រពៃណីទៅហើយ នៅពេលមានបុណ្យទានម្ដងៗ។ តែយ៉ាងណា លោកស្រីស្នើដល់អាជីវករ និងម្ចាស់សេវាកម្មនានា គួរតែរក្សាតម្លៃធម្មតា និងពង្រឹងសេវាកម្មរបស់ខ្លួនប្រសើរជាង ដើម្បីឱ្យភ្ញៀវទេសចរទទួលបានភាពរីករាយក្នុងឱកាសបុណ្យភ្ជុំនេះ។
លោកស្រីថា៖ «យើងមិនគួរយកឱកាសបុណ្យជាតិ មកឡើងថ្លៃ [ទំនិញ ឬសេវាកម្ម] អ៊ីចឹងធ្វើឱ្យទំនិញផ្សេងៗទៀត សេវាកម្មផ្សេងៗទៀត គាត់ឡើងថ្លៃតាមហ្នឹង។ អ៊ីចឹងវាប៉ះពាល់ដល់ការចេញដើរហើរ ការចេញអបអរចំពោះបុណ្យជាតិរបស់យើងហ្នឹង»។
ចំណែកប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ទោះបីជាប្រទេសកម្ពុជាប្រកាន់យកសេដ្ឋកិច្ចទីផ្សារសេរីក៏ពិតមែន តែរដ្ឋាភិបាលនៅតែអាចមានវិធានការក្នុងការសម្របសម្រួលកុំឱ្យមានការដំឡើងថ្លៃទំនិញខ្ពស់ពេក ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋ ជាពិសេសពលរដ្ឋដែលទទួលបានចំណូលទាប។
លោកថា៖ «រកមធ្យោបាយណាមួយដើម្បីជាការអន្តរាគមន៍ ឬជាការឈ្វេងយល់គ្នាមួយ អ្វីដែលរដ្ឋាភិបាលយល់ឃើញ! ជាផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាពិសេសចំពោះអ្នកដែលមានចំណូលទាប ហើយដែលអាចអនុគ្រោះបាននិងការយោគយល់បាន រវាងវិស័យឯកជន ឬអ្នកផ្គត់ផ្គង់ទំនិញសេវាកម្មទាំងអស់ហ្នឹង»។
លោកបន្តថា អាជីករផងដែរ គួរតែលក់តម្លៃមួយដែលសមរម្យនិងអាចទទួលយកបាន ជាជាងមានចេតនាឆ្លៀតឱកាសដំឡើងតម្លៃមិនសមរម្យ។
យ៉ាងណា អ្នកតាមដានសង្គមរូបនេះសង្កេតឃើញថា បញ្ហាទំនិញឡើងថ្លៃខ្ពស់នៅកម្ពុជា ក្នុងឱកាសបុណ្យទាន ដូចជា រដូវចូលឆ្នាំ រដូវបុណ្យភ្ជុំបិណ្ឌ និងបុណ្យផ្សេងៗទៀតនេះ កើតឡើងស្ទើររាល់ឆ្នាំ ប៉ុន្តែរដ្ឋាភិបាលនៅតែមិនអាចដោះស្រាយបញ្ហានេះបាននៅឡើយ ក្រៅតែពីការអំពាវនាវកុំឱ្យមានការដំឡើងថ្លៃ ក្រោមហេតុផលថា កម្ពុជាអនុវត្តរបបសេដ្ឋកិច្ចទីផ្សារសេរី។
តែយ៉ាងណា កាលពីចុងខែមករា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងថា បញ្ហាទំនិញឡើងថ្លៃនារយៈពេលប៉ុន្មានថ្ងៃក្នុងរដូវសែនចិន គឺជារឿងធម្មតា រវាងសេចក្ដីត្រូវការ និងការផ្គត់ផ្គង់ទំនិញនៅលើទីផ្សារ។
លោកនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា៖ «យើងពិនិត្យមើលនៅទីក្រុងភ្នំពេញប៉ុន្មានថ្ងៃនេះ មាននិន្នាការនៃទំនិញឡើងថ្លៃ! បញ្ហានេះ វាជាក្រឹត្យក្រមធម្មតាៗ រវាងសេចក្ដីត្រូវការ និងការផ្គត់ផ្គង។ អាហ្នឹងវាត្រូវស៊ីចង្វាក់គ្នាជានិច្ច រវាងសេចក្តីត្រូវការ និងការផ្គត់ផ្គង់ ស៊ីចង្វាក់គ្នា»។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៣៥ ចែងថា សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យនិងដោះស្រាយដោយហ្មត់ចត់ពីអង្គការរដ្ឋ។ ដោយឡែក មាត្រា៦៣វិញ ចែងថា រដ្ឋត្រូវយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ជួយឱ្យជីវភាពរបស់ពលរដ្ឋមានកម្រិតសមរម្យ៕