អ្នកនយោបាយ​ស្ត្រី​មាន​បំណង​ដាក់​បញ្ហា​ប្រឈម​របស់​ស្ត្រី​ក្នុង​គោល​នយោបាយ​អាទិភាព

គណបក្សភ្លើងទៀន ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ស្ត្រីលេច​ធ្លោ​ចំនួន​បីរូប​មក​ពី​គណបក្ស​ក្រៅរដ្ឋា​ភិបាល ចង់​ប្រែក្លាយ​បទ​ពិសោធ​នៃជីវិត​ដ៏​លំបាក​របស់​ខ្លួន​​ទៅ​ជាផែនការ​គោល​នយោបាយ​​ សម្រាប់​ដោះ​ស្រាយ​បញ្ហា​ស្ត្រី​ក្នុង​សហគមន៍​របស់​ខ្លួន។ អ្នកស្រី ចៅ រតនៈ ​មក​ពី​គណបក្ស​ភ្លើង​ទៀនដែល​គេដឹង​ថា​ស្និទ្ធ​នឹង​លោក​ សម រង្ស៊ី, អ្នកស្រី អោម យូរ៉េត ​តំណាងឱ្យ​គណបក្ស​រាជា​និយមហ៊្វុនស៊ិន​ប៉ិច និងអ្នក​ស្រី ស សារ៉ាត់ មកពីគណបក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន គឺជាម្ដាយ និងជាស្ត្រីដែល​បាន​ជួប​ប្រទះ​នូវ​អំពើ​ហិង្សា​ក្នុង​គ្រួសារ រងនូវភាពអយុត្តិធម៌​ ការ​បៀតបៀន​លើ​ស្ត្រី និងវិសមភាព​ក្នុង​សង្គម​ ជាដើម។

នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ខែឧសភា ឆ្នាំ​២០២២ ស្ត្រី​នយោបាយ​ទាំង​បីរូប​ដែល​ត្រូវ​បាន​រំលេច​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​ច្រើន បាន​​បង្ហាញ​ផែនការ​ដឹក​នាំ និងការតស៊ូមតិ ដើម្បី​ផល​ប្រយោជន៍ប្រជាពលរដ្ឋ​ ជាពិសេស​ស្ត្រី​ក្នុង​មូលដ្ឋាន​របស់ពួកគេ។ បេក្ខនារីនៃ​គណបក្ស​ទាំង​បី ស្ថិត​ក្នុង​ចំណោម​បេក្ខជន​ជា​ស្ត្រី​ចំនួន​៣២​ភាគរយ​ដែល​បានចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​កាល​ពីថ្ងៃទី​៥ ខែមិថុនា​ ឆ្នាំ២០២២កន្លង​ទៅនេះ។ ប៉ុន្តែ​ជា​អកុសល ​ពួក​គាត់មិន​បាន​ជាប់​ឆ្នោត​នោះទេ។ គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ប្រមូល​អាសនៈ​នៃ​រដ្ឋ​អំណាច​មូលដ្ឋាន​នេះ​​ចំនួន​១ ៦៤៨ ក្នុង​ចំណោម​អាសនៈ​ក្រុម​ប្រឹក្សាឃុំសង្កាត់​សរុប​១ ៦៥២។ ដោយឡែក ៤អាសនៈដែល​នៅ​សល់​​បាន​​ទៅលើគណបក្ស​ភ្លើងទៀន​។

ទោះបីជាពួកគាត់មិនបានជាប់ឆ្នោតក្ដី ក៏គុណតម្លៃ​និងគោលនយោបាយ​​របស់ពួកគាត់សមនឹង​ទទួល​​​បានការពិនិត្យ​​និង​យក​ទៅ​ពិចារណា​សម្រាប់​ការ​អភិវឌ្ឍមូលដ្ឋាន។ គុណតម្លៃទាំងនេះ រួមមាន ការ​យល់ចិត្ត និងការអាណិតអាសូរ​ដល់​ម្ចាស់​ឆ្នោតជា​ស្ត្រី​ដែល​ឆ្លង​កាត់ទុក្ខ​លំបាក​ ហើយ​វាមាន​​សក្តានុពល​ក្នុងការធ្វើឱ្យអ្នកនយោបាយអាចដោះស្រាយ​បញ្ហា​ដោយ​ប្រសិទ្ធភាព​​ ដោយយក​ទស្សនៈ​របស់អ្នកដទៃមកពិចារណា និងស្វែងរក​ការ​បង្កើត​​គោលនយោបាយ​ដ៏​ពិត​ប្រាកដ​មួយ​ដែល​​អាចជួយ​ដល់​ប្រជាជន​របស់​ពួកគេ​បាន។

តើអ្នកដឹកនាំដែល​ចេះយល់ចិត្ត​ម្ចាស់ឆ្នោតមានលក្ខណៈបែបណាដែរ?

ចៅ រតនៈ អាយុ​៣៥​ឆ្នាំ ជា​អតីត​អ្នក​លក់​គ្រឿងទេស និង​ជា​ស្រ្តីមេម៉ាយដែល​មាន​កូន​៣​នាក់។ នាង​​ឈរ​ឈ្មោះ​បោះ​ឆ្នោតជ្រើសរើស​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ តំណាង​គណបក្ស​ភ្លើង​ទៀន​ នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ។ ក្នុង​ពេល​ឃោសនា​បោះឆ្នោត រតនៈ បាន​និយាយ​ថា ការ​ដឹកនាំ​របស់​គាត់ផ្អែក​លើ​​បទពិសោធផ្ទាល់ខ្លួន ជាពិសេសរឿងអយុត្តិធម៌ និង​ការ​បៀតបៀន​លើស្ត្រី​ដែលគាត់បាន​ឃើញនិង​ជួប​ប្រទះ​ដោយ​​ផ្ទាល់។ គាត់បន្ត​ថា មេ​ឃុំ​គួរ​ឱ្យស្រ្តីក្នុងឃុំ​ដឹង​ថា នៅ​ពេល​ពួកគាត់ជួបប្រទះ​​នឹង​ការ​រំលោភ​បំពានណាមួយ ពួកគាត់អាច​ប្រឹក្សា​ជាមួយមេ​ឃុំ​ឬ​ថ្នាក់​ដឹកនាំក្នុងឃុំ ដើម្បីរកវិធានការដោះស្រាយ។

រតនៈ និយាយ​ថា​៖ «​អ្វី​ដែល​ខ្ញុំ​ចង់​ផ្ដល់​ឱ្យពួក​គេ​គឺ​ការ​យល់​ចិត្ត»។

ការ​យល់ចិត្ត​ដែល​ស្ត្រីមេម៉ាយ​រូបនេះ​លើក​ឡើង ​គឺ​ទំនង​ជា​ចង់​សំដៅលើ​ស្រី្តបម្រើ​ការ​ក្នុង​កាស៊ីណូ​នៅ​​ប៉ោយប៉ែត​ដែល​ត្រូវ​ការ​ការការពារ​​ទប់​ទល់​នឹង​ការ​​​យាយី និង​អំពើ​ហិង្សា​ពី​អតិថិជន​ជា​ប្រចាំ។

អោម យូរ៉េត បេក្ខជនគណបក្សហ៊្វុនស៊ិនប៉ិច ឈរឈ្មោះជាមេឃុំព្រែកឫស្សី ខេត្តកណ្ដាល ចែក​រំលែក​​ទស្សនៈស្រដៀងគ្នានឹង រតនៈ។ យូរ៉េត ជាអតីតអ្នកលក់ត្រី និងជាស្រ្តីមេម៉ាយដែល​មាន​កូន​១​នាក់។ នាងមានបំណងប្រើប្រាស់បទពិសោធពីមុនៗរបស់គាត់​ដែលរស់នៅជាមួយប្តីហិង្សា ដើម្បី​បង្កើត​បរិយាកាសដែលមានសុវត្ថិភាពនៅក្នុងសាលាឃុំ​ សម្រាប់​ស្ត្រីដែលជាជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​​ពី​ដៃគូជីវិត។

«យើងអាចយល់ពីស្ថានភាពរបស់ពួកគាត់ និងធ្វើជាទីប្រឹក្សារបស់ពួកគាត់ ព្រោះយើង​ជាស្ត្រី​ដូចពួកគេ​ដែរ» យូរ៉េត សំដៅលើអ្វីដែលគាត់អាចធ្វើសម្រាប់ស្ត្រីមួយចំនួននៅក្នុងសហគមន៍របស់​គាត់ដែល​កំពុង​ជួបប្រទះបញ្ហា ប្រសិនបើគាត់ជាប់ឆ្នោត។

បេក្ខភាពស្ត្រីអ្នកនយោបាយម្នាក់​ទៀត​ឈ្មោះ ស សារ៉ាត់ អាយុ​៣៨​ឆ្នាំ ជា​ជាង​កាត់ដេរ និង​ជាម្ដាយនៃ​កូន​បី​នាក់។ ​បេក្ខនារី​​មេ​ឃុំ​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង របស់គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ រូបនេះ បាន​និយាយ​​ថា គាត់​មិន​ដែល​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ នៅពេលគាត់​បញ្ចេញមតិយោបល់។

គាត់​បាន​ពន្យល់​ថា​៖ «​គេ​មិន​ទទួល​យកពាក្យសម្ដីរបស់យើង គេ​មិន​ស្ដាប់​យើង ហើយ​មិន​ផ្ដល់​តម្លៃ​ដល់​យើង​ ពេល​យើង​និយាយ​ពី​បញ្ហាដែល​ចង់​ឱ្យពួក​គេ​ដោះស្រាយ»។

ហេតុនេះហើយបានជា សារ៉ាត់​ ចង់​ក្លាយជា​មេឃុំ​កំពង់ត្រឡាច ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ និង​ផ្ដល់​ការ​យល់​ចិត្ត​ដល់​ស្ត្រី ​និងជំរុញ​ឱ្យ​ពួកនាង​​ចូល​រួម​ក្នុង​សកម្មភាព​សង្គមនិង​នយោបាយ។

សារ៉ាត់​ បាន​និយាយ​ថា​៖ «​វា​មានសារៈសំខាន់​ណាស់ដែល​យើង​ស្តាប់​អំពីបញ្ហាផ្សេងៗដែលស្រ្តីបានឆ្លងកាត់​​»​។

សារ៉ាត់ ​បាន​បន្តថា៖ «​​​នៅពេលដែលយើងស្តាប់អំពីបញ្ហារបស់ពួកគាត់ ហើយព្យាយាមដោះស្រាយវាជាមួយគ្នា នោះស្ត្រីទាំងនោះនឹងមានការជឿជាក់ក្នុងការបញ្ចេញមតិ និងចូលរួមជាមួយសង្គមកាន់តែច្រើន​​»។

សរុបមក បេក្ខនារីទាំង​បីដែលបានរស់នៅក្នុងជីវិតសាមញ្ញ និងជួបប្រទះនឹងការលំបាកស្រដៀង​នឹង​ស្ត្រីដទៃ​ទៀត​នៅក្នុងសហគមន៍ដែរនោះ អាចជាមេដឹក​នាំ​មូលដ្ឋាន​ដែល​មាន​សក្តានុពលនាពេល​អនាគត។ បន្ថែមពីនោះ ​ពួកគាត់យល់​និងដឹងច្បាស់​ពី​អារម្មណ៍​​ស្ត្រី​ដូចគ្នា។

ការកែប្រែបទពិសោធរស់នៅទៅជាគោលនយោបាយ

ការយល់ចិត្ត​ម្ចាស់​ឆ្នោត គឺជាគុណភាពមួយនៃភាពជាអ្នកដឹកនាំ ប៉ុន្តែវាគួរលើស​ពីអ្វីដែល​អ្នកនយោបាយ​ប្រើ​នៅ​ពេល​ចេញ​ធ្វើយុទ្ធនាការបោះឆ្នោត។ ចំណុចដែលគួរឱ្យកត់សម្គាល់នោះ គឺគោលនយោបាយទូទៅ​ដែលបេក្ខភាពស្ត្រី​ទាំងបី​នេះ​ចង់​ដោះស្រាយ នោះគឺអំពើហិង្សាក្នុងគ្រួសារ និងការយាយីដែលស្ត្រីជួបប្រទះ។ ស្ត្រីទាំងបីនាក់នេះ​បាននិយាយពីបទពិសោធផ្ទាល់ខ្លួន អំពីបទដ្ឋានយេនឌ័រ និងអំពើហិង្សា។

យូរ៉េត ដែលបានរៀបការពីរដងជាមួយប្តីហិង្សា មានការយល់ដឹង​ពិតប្រាកដអំពីអំពើ​ហិង្សាក្នុង​គ្រួសារ​ ហើយគាត់បាន​និយាយ​ថា​៖ ​«​ប្ដីហិង្សា​តែង​តែ​ដាក់​សម្ពាធ​ប្រពន្ធ​រហូត​ដល់​ប្រពន្ធឈឺ​ចាប់​ទាំងផ្លូវ​កាយ​និង​ផ្លូវចិត្ត ហើយ​លេប​ថ្នាំ​សម្លាប់​ខ្លួន ព្រោះមិនអាចទ្រាំបាន»។ នេះ​ជា​មូលហេតុ​ដែល​គាត់បាន​តស៊ូ​មតិ​ឱ្យមានមន្ត្រី​ឃុំ​ជា​ស្ត្រី​បន្ថែម​ទៀត ដោយ​សង្ឃឹម​ថា ​​មន្រ្តីឃុំ​ទាំង​នោះ​អាច​ធ្វើ​ជា​អ្នក​តស៊ូ​មតិ​សម្រាប់​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារបាន។

ស្រដៀង​គ្នា​ដែរ សារ៉ាត់​ ដែលជាបេក្ខភាពស្រ្តីម្នាក់ទៀតមកពីគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​លើក​ឡើង​ថា នៅ​ក្នុង​សហគមន៍​របស់​គាត់ នៅ​ពេល​ដែលមាន​ករណី​អំពើ​ហិង្សា​គ្រួសារ​កើត​ឡើង ស្ត្រី​គឺ​ជា​អ្នក​ដែល​ត្រូវ​បាន​គេកោះហៅឱ្យទៅ «និយាយ​អំពី​សិទ្ធិ​របស់​ខ្លួន»។ សារ៉ាត់ ​មិនយល់ស្របនឹង​ដំណោះ​ស្រាយ​នេះ ហើយជំនួសមកវិញ​ថា «យើង​មិន​​ត្រូវ​និយាយ​ជាមួយ​ស្ត្រី​​តែម្ខាងនោះ​ទេ ព្រោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ភាគ​ច្រើន​បង្ក​ឡើង​ដោយ​បុរស»។ សារ៉ាត់​ បាន​បន្ត​ថា «ទាំង​ស្ត្រី​និង​បុរស​​គួរទទួលបាន​ការ​អប់រំ​អំពី​យេនឌ័រ​ស្មើ​គ្នា»។ លើសពីនេះ សារ៉ាត់ យល់ឃើញថា វិសមភាពអំណាចរវាងប្តីនិងប្រពន្ធ គឺជាកត្តា​ជំរុញ​ឱ្យ​កើត​មាន​អំពើ​ហិង្សាក្នុងគ្រួសារ ដោយសារតែប្តីឬក៏ប្រពន្ធប្រើអំពើហិង្សា ដើម្បីពង្រឹងនិងពង្រីក​អំណាចនិង​គ្រប់គ្រង​លើដៃគូម្ខាងទៀត។ គាត់បាន​ពន្យល់​ថា​៖ «​សូម្បី​តែ​រឿង​តូចតាច​ក្នុង​ភូមិ បើ​ប្ដី​មិន​ឱ្យប្រពន្ធទៅ ប្រពន្ធ​ក៏​មិនហ៊ាន​ទៅដែរ»

អ្នកស្រី ចៅ រតនៈ ដែល​ជា​កូន​ស្រី​របស់​អតីត​ពលករ​ចំណាក​ស្រុកម្នាក់​ បាន​​ចែក​រំលែក​ការ​យល់​ដឹង​របស់​នាង​អំពី​បញ្ហា​ចំណាក​​ស្រុក​នៅ​ប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ។ ​នាងបានឱ្យដឹងថា សម្រាប់​ពលករ​ចំណាកស្រុក ល្បឿននិងថ្លៃសេវាធ្វើឯកសារផ្លូវការសម្រាប់​ឆ្លងកាត់ព្រំដែន​ផ្សេងៗ​ គឺជា​បញ្ហា​ចម្បង។ ថ្លៃសេវាខុសច្បាប់ ត្រូវតែបង់ទៅឱ្យមន្ត្រី ដើម្បីទទួលបានលិខិតឆ្លងដែនលឿន។ បើមិនដូច្នេះ​ទេ គេត្រូវ​ចំណាយពេលរហូតដល់មួយខែ។ដោយ​សារ​ហេតុផល​នេះ ប្រជាជន​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ច្រើន។

ដូចករណីគ្រួសារនាងដែលមិនមានលទ្ធភាពទិញឯកសារផ្លូវការ​សម្រាប់​ឆ្លងព្រំដែន រតនៈ​និងឪពុកម្តាយ​របស់នាងបានចាកចេញ​ពី​ក្រុងប៉ោយប៉ែត​មុនថ្ងៃរះ ​ដើម្បី​ទៅ​បេះ​ម្ទេស​ប្រមាណ​១០​​​គីឡូ​ក្រាមនៅកសិដ្ឋានថៃ ដោយ​រក​​ចំណូល​បាន៧០បាត ឬប្រហែល២ដុល្លារ ក្នុង​មួយថ្ងៃ។ ​រតនៈ​ និងឪពុកម្តាយ ត្រលប់មក​ក្រុង​ប៉ោយ​ប៉ែត​វិញក្រោយ​ពេល​យប់​ ដើម្បី​គេច​ពី​សមត្ថកិច្ច​ក្បែរ​ព្រំដែន។ ជាមួយនឹងមេរៀនជីវិតនិងបទពិសោធន៍បានមកពីគ្រួសារនេះ រតនៈ និយាយថា នាងបានដឹង​យ៉ាង​ច្បាស់អំពីតម្រូវការរបស់ជនចំណាកស្រុក។ ដូច្នេះ នាងនឹងអាចឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេ ប្រសិនបើនាងជាប់ឆ្នោត។

អ្នកដឹកនាំ​បែបថ្មី

នៅលើឆាកនយោបាយ ការអះអាងនិងភាពតឹងតែង គឺជាគុណ​សម្បត្តិឬចំណុចខ្លាំង​ដែ​ល​អ្នក​នយោបាយ​តែងប្រកាន់​យក។ ចំណែកសេចក្តីសប្បុរស ការយល់ចិត្ត និងការអាណិតអាសូរ ត្រូវ​គេយល់​ថា​ គឺជា​ចំណុច​​ខ្សោយ​ទៅវិញ។

ប៉ុន្តែ ឧទាហរណ៍នៃជំងឺរាតត្បាត កូវីដ-១៩ បានបង្ហាញ​ថា ការយល់ចិត្តប្រជាពលរដ្ឋ​ជាម្ចាស់​ឆ្នោត​ពី​សំណាក់​អ្នកដឹកនាំ​នយោបាយ​​ គឺជាអ្វីដែល​​ពួកគេ​ត្រូវការ​បំផុត។ ភាពជាអ្នកដឹកនាំដែលចេះយល់ចិត្ត​ប្រជា​រាស្ត្រ​ មិនត្រឹមតែគួរត្រូវបានលើកទឹកចិត្តប៉ុណ្ណោះទេ ព្រោះវាត្រូវការជាចាំបាច់ក្នុ​ង​សម័យកាលនេះ ប៉ុន្តែ​ការ​ចេះ​យល់ចិត្ត​ប្រជា​រាស្ត្រ​នេះបានបង្ហាញ​ពី​ប្រសិទ្ធភាព​ក្នុង​ភាពជាអ្នកដឹកនាំផងដែរ។

លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនៃប្រទេសនូវែលសេឡង់ ​បាន​ប្រកាន់​យក​សេចក្ដីសប្បុរស និងការយល់ចិត្ត ដែលជា​ការដឹក​នាំ​បែបថ្មីនេះ។​ លោកស្រី​បានការពារភាពជា​អ្នក​ដឹក​នាំ​​របស់លោកស្រីដែលខុស​ពីអ្នកដទៃ ​ដោយ​និយាយ​ថា «ប្រសិន​បើ​យើង​ផ្តោត​តែ​លើ​ការ​បង្ហាញថា ខ្លួន​ជា​មនុស្ស​ខ្លាំង​បំផុត និង​មាន​អំណាច​បំផុត​ក្នុង​បន្ទប់ នោះ​ខ្ញុំ​គិត​ថា​ យើង​បាត់បង់​មូលហេតុចម្បងដែល​យើងត្រូវបាន​ប្រជាជនបោះឆ្នោត​ឱ្យ​ដឹកនាំ»។ លោកស្រីបានបន្ថែមទៀតថា «ខ្ញុំផ្ដោតលើការ​ដឹកនាំ​ដោយការយល់ចិត្ត ដោយមោទកភាព ពីព្រោះអ្នកអាចមានទាំងការយល់ចិត្ត និងភាពរឹងមាំ»។

ក្នុងអំឡុងពេលនៃជំងឺរាតត្បាត កូវីដ-១៩ ខណៈដែលរដ្ឋការនូវែលសេឡង់កំពុង​រៀបចំ​​​បិទប្រទេស លោកស្រី Jacinda Ardern បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ក្នុងអាវយឺត នៅផ្ទះ​របស់​​លោកស្រី ដើម្បីជូនដំណឹងដល់ប្រជាជាតិទាំងមូល។ លោកស្រីបាន​ពន្យល់​ថា លោកស្រី​ទើប​តែ​ដាក់​កូន​ស្រីដែល​ទើប​ចេះ​ដើ​ររបស់ខ្លួន​ឱ្យដេក។ ក្នុង​ការ​ធ្វើ​ដូច្នេះ លោកស្រី​បាន​បង្ហាញ​ដល់ប្រជាជន​របស់​លោកស្រី ​ថាលោកស្រី​ពិត​ជា​មាន​ជីវិត​រស់​នៅ​ស្រដៀង​នឹង​ពួក​គេ។ សូម្បី​តែ​កាយវិការ​តូចតាច​នេះក៏​បាន​ជួយឱ្យ​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​ប្រជាជន​របស់​លោកស្រីដែរ។

ការពិនិត្យមើលចរិតលក្ខណៈទាំងនេះ ចោទជាសំណួរថា តើនយោបាយកម្ពុជានឹងទៅជាយ៉ាងណា ប្រសិនបើមេដឹកនាំទាំងបុរសនិងស្ត្រីមិនគ្រាន់តែផ្ញើសារប្រជាភិថុតិ ដើម្បីព្យាយាម​បញ្ចុះបញ្ចូល​អ្នកបោះឆ្នោត​​នោះ? ចុះ​បើ​អ្នក​នយោបាយ​ពិត​ជា​មាន​ជីវិត​ស្រដៀង​នឹង​​ម្ចាស់ឆ្នោតនោះ ថាតើពួកគេអាច​ប្រើប្រាស់បទពិសោធរស់នៅ​របស់​ពួកគេ​ តាមរយៈការយល់ចិត្ត ដើម្បីបង្កើតទំនាក់ទំនង​ក្នុង​សហគមន៍ និងស្វែងរកដំណោះស្រាយ​ ដើម្បីការផ្លាស់ប្ដូរជីវភាពរបស់​ប្រជាជន​បាន​ដែរឬយ៉ាងណា៕


ដោយ ធាង សូរិយា | អត្ថបទ​រក្សាសិទ្ធិ​ដោយ​អង្គការវេទិកាអនាគត​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ