យ៉ាងហោចណាស់ ជនជាតិចិនជិត២០នាក់ត្រូវបានជួយសង្គ្រោះ និងជាង២០នាក់ទៀតបាត់ខ្លួន ដោយសារលិចទូកចំនួន០១គ្រឿង ស្ថិតនៅចំណុចនិយាមកាម ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានផ្ញើរបាយការណ៍បឋមមក វីអូឌី តាមរយៈតេឡេក្រាម នៅថ្ងៃសុក្រនេះថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ មានករណីលិចទូកចំនួន០១គ្រឿង ស្ថិតនៅចំណុចនិយាមកាម ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។
លោកបន្តថា បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្រ្កាបចំនួន១៦នាក់ និងមធ្យោបាយចំនួន០២គ្រឿង ដើម្បីចេញប្រតិបត្តិការជួយសង្រ្គោះជនជាតិចិនទាំងនោះ។ លោកបន្ថែមថា ក្រោយពីសង្គ្រោះ សមត្ថកិច្ចបានសាកសួរបុរសជាជនជាតិចិនម្នាក់ឈ្មោះ CHENGUI SHENG មានស្រុកកំណើតនៅខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះ ដោយបុរសរូបនោះប្រាប់ថា នៅលើទូកមានជនជាតិចិនសរុបចំនួន៤១នាក់ (ស្រី០៣នាក់)។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានសង្រ្គោះជនជាតិចិនចំនួន១៨នាក់ និងបាត់ខ្លួនចំនួន២៣នាក់ (ស្រី០៣នាក់) ខណៈបច្ចុប្បន្ន ជនរងគ្រោះទាំង១៨នាក់ត្រូវបានយកទៅរក្សាទុកនៅវរសេនាតូចលេខ២៤០ (កោះរ៉ុង) ដើម្បីធ្វើការសួរនាំ និងកំពុងស្វែងរកជនរងគ្រោះដែលបាត់ខ្លួន២៣នាក់បន្តទៀត។
បន្ថែមពីនេះ រដ្ឋបាលខេត្តព្រះសីហនុបានប្រកាសដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះម្នាក់នឹងទទួលបានថវិកាលើកទឹកចិត្តចំនួន២លានរៀល។
ទោះជាយ៉ាងណា លោក ឃាង ភារម្យ មិនបានបញ្ជាក់ពីគោលបំណងរបស់ជនជាតិចិនទាំង៤១នាក់នោះដែលបានធ្វើដំណើរតាមទូកចូលដែនសមុទ្រកម្ពុជា ក្នុងគោលបំណងអ្វីឱ្យជាក់លាក់នៅឡើយទេ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី តាមដានករណីនេះ លើកឡើងថា ជនជាតិចិនទាំង៤១នាក់ដែលលិចទូកក្នុងដែនសមុទ្រកម្ពុជានោះ ទំនងជាពួកគេចាញ់បោកមេខ្យល់នាំមកកម្ពុជាដោយខុសច្បាប់។ ករណីនេះ លោកស្រីជំរុញទៅអាជ្ញាធរកម្ពុជាធ្វើការស្រាវជ្រាវស្វែងរកជនជាតិចិនដែលបាត់ខ្លួនទាំង២៣នាក់ និងសួរនាំជនជាតិចិនដែលជួយសង្គ្រោះបាន១៨នាក់នោះ ថាតើពួកគេចាញ់បោកមេខ្យល់ឬក៏យ៉ាងណា មុននឹងបញ្ជូនពួកគេត្រលប់ទៅប្រទេសសាម៉ីវិញ។
លោកស្រី ជៀប សុធារី មានប្រសាសន៍ថា៖ «មានតែធ្វើការសហការគ្នាធ្វើសហប្រតិបត្តិការរួមគ្នាទៅ ហើយយើងមានតែការផ្សព្វផ្សាយជាសាធារណៈ ប៉ុន្តែរឿងទាំងអស់ នៅពេលមានវិធានការដាក់ទោសពិន័យ ឬបើយើងរកព័ត៌មានហ្នឹងបាន គួរតែធ្វើជាភាសា [ផ្សព្វផ្សាយ] ដែលទាក់ទងនឹងប្រទេសហ្នឹងដែរ។ បើយើងនិយាយតែរឿងហ្នឹងនៅក្នុងប្រទេសយើង អ៊ីចឹងប្រទេសសាម៉ីដែលជាទីកន្លែងកើតហេតុ ជាកន្លែងដែលជនរងគ្រោះគេនាំមក គេអត់ដឹងទេ អ៊ីចឹងគួរតែមានព័ត៌មានផ្សព្វផ្សាយទាក់ទងនឹងភាសាផ្សេងៗទៀតជាមួយប្រទេសដែលពាក់ព័ន្ធ»។
កន្លងមក លោកស្រី ជៀប សុធារី ក៏បានសង្កេតឃើញដែរថា ជនអន្តោប្រវេសន៍បរទេស ជាពិសេសជនជាតិចិន ដែលចាញ់បោកមេខ្យល់នាំយកមកកម្ពុជា តែងតែប្រព្រឹត្តអំពើខុសច្បាប់មួយចំនួន ដូចជា អំពើបង្ខាំងមនុស្ស ការធ្វើទារុណកម្មមនុស្សដោយខុសច្បាប់ បទល្មើសសញ្ចារកម្ម និងការជួញដូរមនុស្ស ជាដើម៕