តុលាការ​នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​លោក សុន ឆ័យ នៅ​ចុង​ខែកញ្ញា ពាក់ព័ន្ធ​បទ​«បរិហារកេរ្តិ៍​ជា​សធារណៈ»

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយសវនាការសំណុំរឿងពាក់ព័ន្ធនឹងការបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តុលាការ​នៃសាលាដំបូងរាជធានីភ្នំពេញ នឹង​បើកសវនាការជំនុំជម្រះលើសំណុំរឿងលោក សុន ឆ័យ អនុប្រធាន​គណបក្សភ្លើងទៀន នៅចុងខែកញ្ញានេះ ពាក់​​ព័ន្ធ​នឹង​ការ​​ចោទ «បរិហា​​រកេរ្តិ៍​​ជា​​សា​​ធារ​​ណៈ» បន្ទាប់​​ពី​លោក​​បាន​​រិះ​គន់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ថាមានការ​លួច​សន្លឹក​ឆ្នោត។

​អនុ​ប្រធាន​​គណបក្ស​ភ្លើង​ទៀន​ លោក សុន ឆ័យ បានឱ្យដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញានេះថា សាលា​ដំបូង​រាជ​ធានីភ្នំពេញ​ បានកោះហៅលោក​​ឱ្យចូលរួមបំភ្លឺនៅក្នុងអង្គសវនាការ នា​ព្រឹក​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ជុំវិ​ញ​សំណុំ​​រឿង «បរិហា​​រកេរ្តិ៍​​ជា​​សា​​ធារ​​ណៈ» តាមបណ្តឹងគណបក្ស​​ប្រ​​ជា​ជន​​កម្ពុ​​ជា និង​​​គណៈកម្មាធិការជាតិ​​​រៀបចំ​ការ​បោះ​​​ឆ្នោ​​ត (គ.ជ.ប)​​​ បន្ទាប់ពីរូបលោកបានរិះគន់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ថា​មាន​ការ​លួចសន្លឹក​ឆ្នោត។

លោក សុន ឆ័យ បញ្ជាក់ថា រូបគាត់និងមេធាវីនឹង​​ចូលរួមការ​ជំនុំ​ជម្រះ​នៅ​សាលាដំបូងរាជធានីភ្នំពេញ តាមពេល​វេលាកំណត់ ដោយ​លោកអះអាងថា មិន​បាន​ធ្វើ​ខុស​ដូច​តំណាងអយ្យការចោទប្រកាន់នោះទេ។ លោក​បន្តថា អ្វីដែលលោកនិយាយគឺ​មិន​​ខុស​គ្នា​​​ទៅ​​នឹង​​ការ​​រក​ឃើញពីភាព​​មិន​​ត្រឹម​​ត្រូវ​​​​​មួយ​ចំនួននៃដំណើរការបោះឆ្នោត​ ដូចដែលអង្គការមិន​​មែនរដ្ឋា​​ភិ​​បាលនិង​​គ​ណបក្ស​នយោ​​បាយ​​ផ្សេង​​ទៀតរកឃើញនោះដែរ។

ករណីនេះ លោក​ស្នើទៅតុលាការទម្លាក់ចោលការ​ចោទប្រកាន់ដោយគ្មានលក្ខខណ្ឌ ពីព្រោះការចោទប្រកាន់មក​លើ​រូប​លោក ធ្វើឡើដោយអយុត្តិធម៌ និង​ផ្ទុយពីច្បាប់និងគោលការណ៍ប្រជាធិបតេយ្យ។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​ចូល​រួម​ការ​បោះឆ្នោតគ្មាន​សិទ្ធិ​តវ៉ា​ជុំវិញរឿង​មិន​ប្រក្រតី ខ្ញុំថា​វា​អយុត្តិធម៌ពេក ហើយ​យើង​យល់​ថា​មិនសមស្របហើយគួរតែមានការទម្លាក់ការចោទប្រកាន់»។

បណ្ដឹង​ព្រហ្មទណ្ឌប្រឆាំងលោក សុន ឆ័យ ពី​សំណាក់​គណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងមុនមួយថ្ងៃបន្ទាប់ពី (គ.ជ.ប) បាន​​ប្ដឹង​ក្នុង​បទ​ចោទដូច​គ្នានេះ​ដែរ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០​​២​​២​​។ មូលហេតុដែលនាំឱ្យអ្នកនយោបាយចាស់វស្សារូបនេះត្រូវរងបណ្ដឹងទាំងពីរសំណុំរឿង ក្រោ​យ​​​​ពី​​លោករិះគន់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ថាមានភាព​​​មិន​​ប្រ​​ក្រតី។

បណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា ទាមទារឱ្យ​​អនុប្រធានគណបក្សភ្លើងទៀនរូបនេះសុំទោស​ជា​សាធារណៈ និងសងជំងឺចិត្តជាទឹកប្រាក់១លាន​ដុល្លារអាមេរិក។ ចំណែកបណ្ដឹងរបស់ គ.ជ.ប ទាមទារឱ្យ​​លោក សុន ឆ័យ ចេញមុខមកសុំទោសជាសាធារណៈ។

តាមរយៈបណ្ដឹងព្រហ្មទណ្ឌទាំង២ ដែលម្ចាស់បណ្ដឹងមានគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប ប្ដឹង​អ្នកនយោ​បាយ​ដែល​ហ៊ាន​រិះគន់​ពី​ដំណើរ​ការ​​​​បោះ​ឆ្នោត​​​នេះ ត្រូវរងការរិះគន់ពីសហគមន៍ជាតិនិងអន្តរជាតិថាជាការព្រមាន​ផ្នែក​ស្មារតីគណបក្ស​​​ដែ​​ល​​នៅ​​​ក្រៅរដ្ឋាភិបាលផ្សេងទៀត មិនឱ្យទិតៀន​អំពី​ភាព​មិនត្រឹមត្រូវណាមួយដែលកើតចេញ​​ពីដំ​​ណើ​​​​​រការនៃការរៀបចំការបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ