កម្មករ​រោងចក្រ​មួយ​នៅ​រាជធានី​ភ្នំពេញ​ប្ដឹង​ទៅ​ក្រសួងការងារ ករណី​ថៅកែ​ទូទាត់​សំណង​មិន​ត្រឹមត្រូវ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ។ រូបភាព៖ ហ៊ី ឆាយ

កម្មករបម្រើ​ការ​ងារ​នៅ​រោង​ចក្រ ហុង វ៉ា កម្ពុជា​​ហ្គាមិន ម៉ាញូ​ហ្វាក់​ធឺរីង លីមីធីត ​(Hung Wah (Cambodia) Garment Mfg. Ltd.) សាខាទី១ ស្ថិត​នៅ​ភូមិ​ត្រពាំង​រំចេក សង្កាត់ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានីភ្នំពេញ បានប្ដឹងទៅក្រសួងការងារ ដោយ​ចោទ​ថា ថៅកែទូទាត់សំណងមិនត្រឹមត្រូវតាម​ផ្លូវ​ច្បាប់។

ក្នុងបណ្ដឹងដាក់ទៅ​នាយកដ្ឋានវិវាទការងារ​ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ២០២២ បាន​ឱ្យដឹងថា កាល​ពី​ថ្ងៃទី១៦ ខែកញ្ញានេះ ថៅកែ​រោងចក្រ ហុងវ៉ា សាខាទី១ បាន​ចេញ​សេចក្ដីជូនដំណឹងមួយស្ដីពី​ការបិទទ្វារអាជីវកម្ម​ចាប់​ពីថ្ងៃទី​១៦ ខែ​កញ្ញា​នេះ​តទៅ ក្រោម​ហេតុ​ផល​ថា «គ្មាន​ទំនិ​ញ​គ្រប់​​គ្រាន់»

បណ្ដឹង​ដដែល​បន្ត​ថា ក្រោយ​ការ​ប្រកាសបិទ​ទ្វារ​រោង​ចក្រ​នេះ ក្រុមកម្មករបានស្នើដល់​ថៅកែផ្ដល់​ប្រាក់​ជូន​ដំណឹង​មុន និងប្រាក់​ជំងឺ​ចិត្ត ដែល​ក្រុមហ៊ុនគណនានិងទូទាត់ជូនកម្មករមិនបានត្រឹមត្រូវ។

បើតាមបណ្ដឹង​នេះ ក្រុមកម្មករបានស្នើឱ្យមានតំណាង​កម្មករ​ចំនួន​១០​នាក់ធ្វើជាតំណាងក្នុងការចរចា​រក​ដំណោះស្រា​យ​វិវាទ​ការងារ​នេះ​ទៅ​តាម​​លក្ខ​ខណ្ឌ​ការ​ងារ និង​គ្រប់​នីតិវិធីច្បាប់ផងដែរ ក្នុងនោះ​​​មាន​សហព័ន្ធសហជីពកម្មករនិយោជិត សហព័ន្ធ​សហជីពលើកតម្កើងជីវភាពកម្មករនិយោជិត និង​សហព័ន្ធសហជីពឯករាជ្យ។

កម្មករ​ផ្នែក​ជាង​ម៉ាស៊ីនដេរ​ប្រចាំរោង​ចក្រ ហុង វ៉ា សាខាទី១ លោក ស៊ិន កន ឱ្យដឹងនៅថ្ងៃសុក្រនេះ​ថា រោង​ចក្រ​ ហុង​វ៉ា សាខា​ទី១ ជា​រោងចក្រ​ផលិត​សម្លៀក​បំពាក់ និងមានកម្មករចំនួន៧០២នាក់កំពុងតវ៉ាទាមទាឱ្យថៅកែដោះស្រាយឡើងវិញ ​ចំពោះការទូទាត់សំណង​ជូនដំណឹងជាមុន និងប្រាក់ជំងឺចិត្ត។

កម្មករ​រូប​នេះអះអាង​ថា ពួក​គាត់​បាន​បម្រើកា​រ​ងារ​នៅ​រោងចក្រ​ ហុង​វ៉ា​​ នេះ ចន្លោះពី៥ឆ្នាំ​ទៅ​១៧​ឆ្នាំ ខណៈ​រូបលោក​ធ្វើការ​ងារនៅរោងចក្រចំនួន​៩ឆ្នាំ ប៉ុន្តែថៅកែជូ​​ន​ដំណឹងត្រឹម​តែ១ខែមុន​ប៉ុណ្ណោះ។ លោក​ថា ការទូទាត់សំណងរបស់រោងចក្រ​នេះបាន​ធ្វើ​ឱ្យកម្មករ​បាត់បង់​ផល​ប្រយោជន៍​ជាង​ពាក់​កណ្ដាល។

លោកបន្ថែមថា៖ «ខ្ញុំធ្វើការ៩ឆ្នាំ ប៉ុន្តែជូនដំណឹងខ្ញុំបានតែមួយខែហ្នឹង ហើយ​ភាគច្រើន​កម្មក​រ​គឺគិតមិនត្រូវទាំងអស់! ធ្វើការ​៩ឆ្នាំចុះក្រោម​ បាន​តែ​មួយ​ខែ​ទេ! បើ​៥ឆ្នាំ​ចុះ​ក្រោម​ បាន​តែ​១៥ថ្ងៃទេ! និយាយទៅ កម្មករបាត់បង់ផលប្រយោជន៍ច្រើនណាស់​ លើស​៨០​ភាគរ​យ​ហើយ»

វីអូឌី មិនអាចរកការឆ្លើយតបពីតំណាងភាគីរោងចក្រ ហុង វ៉ា សាខាទី១ បានទេ នៅថ្ងៃសុក្រនេះ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា​ជីវៈ​ លោក ហេង សួរ ប្រាប់វីអូឌីតាមប្រព័ន្ធតេឡេក្រាម​ថា នាយក​ដ្ឋានវិវាទ​​ការងារ និងមន្ត្រីពាក់ព័ន្ធបានទទួល​បណ្ដឹង​ពីក្រុម​កម្មករ និង​កំពុងជួប​ដោះស្រាយ​ជាមួយ​កម្មក​រហើយ ប៉ុន្តែលទ្ធផលយ៉ាង​ណានោះមិនទាន់ដឹងនៅឡើយ។

ប្រធានសហព័ន្ធសហជីព​​ឯករាជ្យ លោក រី សិទ្ធីណែត ដែលក្រុមកម្មករស្នើធ្វើ​ជា​តំណាងក្នុងការចរចា​ដោះស្រាយរឿងនេះ មាន​ប្រសាសន៍​ថា ករណី​រោងចក្រ ហុង វ៉ា ប្រកាសបិទទ្វារអាជីវកម្មនេះ គឺមិនបានជូនដំណឹងត្រឹមត្រូវតាមផ្លូវច្បាប់​ជូនកម្មករ​ឡើយ ហើយ​ការទូទាត់​ប្រាក់​ជូនដំណឹងនោះក៏មិនត្រឹមត្រូវសម្រាប់កម្មករដែរ។

លោក រី សិទ្ធីណែត​ បញ្ជាក់​ថា ច្បាប់ស្ដីពីការងារ ត្រង់មាត្រា៧៥ គឺនៅពេលដែលរោងចក្របិទទ្វារ​ ត្រូវជូនដំណឹងមុន​៧ថ្ងៃ សម្រាប់​កម្មករបម្រើការងារតិចជាង៦ខែ ឬ ១៥ថ្ងៃសម្រាប់​កម្មករបម្រើការងារពី៦ខែទៅ២ឆ្នាំ និងជូនដំណឹងមុន​២ខែសម្រាប់​កម្មករ​ដែល​បម្រើ​ការ​ងារ​ពី២​ឆ្នាំទៅ១០ឆ្នាំ។ លោកថា ការ​ជូនដំណឹង​ដល់កម្មករ​មិនត្រូវ​តាមផ្លូវច្បាប់ពីថៅកែ​រោង​ចក្រ បាន​​ធ្វើឱ្យ​កម្មករខាតបង់​ផល​ប្រយោជន៍​ច្រើន ទើបកម្មករ​​មិនពេញចិត្ត ហើយនាំគ្នា​ប្ដឹង​ទៅក្រសួងការងារឱ្យជួយរកដំណោះ​ស្រាយ។

លោកបន្ថែមថា៖ «ធ្វើឱ្យ​កម្មករ​មួយ​បាត់​បង់​ផល​ប្រយោជន៍​១៥​ថ្ងៃ អ្នក​ខ្លះបា​ត់​១ខែ អ្នកខ្លះបាត់២ខែ​ ដោយសារអត់បានជូន​ដំណឹងមុនត្រឹមត្រូវ។ អ៊ីចឹងបើយើងគិតជាលុយទៅ ហើយយើងចែកជាសមាមាត្រប្រាក់ខែ​កម្មករ ​មិន​ក្រោម២៥០ដុល្លារ​ទេ​ក្នុង​១ខែ។ បើគាត់បាត់ការជូនដំណឹង២ខែ អ៊ីចឹង​កម្មករស្មើការបាត់លុយជាង៥០០ដុល្លារអ៊ីចឹងទៅ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ