កសិករ​និង​អ្នកជំនាញ​កសិកម្ម​បារម្ភ​ពី​ការ​បន្ត​បោះបង់​មុខរបរ​ផ្នែក​កសិកម្ម​ដោយសារ​បញ្ហា​ទីផ្សារ

ប្រជាកសិករដែលដាំដំណាំស្វាយ លើកដាក់រៀបចំផ្លែស្វាយដើម្បីយកទៅលក់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ប្រជាកសិករ និងអ្នកជំនាញកសិកម្ម​​មួយចំនួន បង្ហាញ​​ក្ដី​បារម្ភថា កសិករ​​កម្ពុជា​អាច​នឹងបោះប​ង់​​មុខ​​របរ​​របស់​ពួក​គេ ដោយសារតែ​បញ្ហាទីផ្សារ​ បច្ចេកទេស​ និង​ការប្រាក់ខ្ពស់។

ការ​បង្ហាញក្តីបារម្ភនេះបានធ្វើឡើង​ស្របពេល​ដែល​ក្រសួង​កសិកម្ម ក្រសួង​ផែនការ និង​អង្គការស្បៀងនិងកសិកម្ម​នៃ​អង្គការ​សហប្រជាជាតិ​ (FAO)​ ព្រម​ទាំង​អង្គការ​ដៃគូផ្សេងទៀត បានចេញ​របាយការណ៍​អង្កេត​កសិកម្ម​​កម្ពុជាឆ្នាំ​​២០២០ កាល​ពីថ្ងៃទី២២ ខែកញ្ញា ម្សិលមិញ នៅសណ្ឋាគារ​មួយក្នុង​រាជធានីភ្នំពេញ។​

កសិករដាំបន្លែនៅស្រុក​លើក​ដែក ខេត្តកណ្ដាល លោក មឿន សុខខឿន​ បានលើកឡើង​ថា ​ដោយ​សារ​តែតម្លៃទីផ្សាឡើងចុះៗ ធ្វើឱ្យ​កសិករ​ជួបផលលំបាក​ ខណៈបច្ចេក​ទេស​ក្នុង​ការ​​ដាំដំណាំ​ទៀតសោត​ ក៏​មិនទាន់មានការជួយគាំទ្រ​ពីរដ្ឋឱ្យ​បាន​ពេញលេញ​។ ក្រៅពីនោះ លោកថា កសិករក៏ជួបផលលំបាកផងដែរ ក្នុងការ​ប្រកបមុខរបរ​របស់ខ្លួន ដោយសារ​ជី ប្រេងសាំង និងទំនិញផ្សេងទៀតសម្រាប់បម្រើ​វិស័យកសិកម្ម​​បានហក់​​ឡើង​ថ្លៃ​ ខណៈប្រាក់កម្ចីនៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុក៏មានអត្រាការប្រាក់ខ្ពស់។

លោកបន្តថា បញ្ហា​ទាំងនេះបានធ្វើឱ្យកសិករមួយចំនួនសម្រេចបោះបង់ចោលរបរកសិកម្ម ហើយ​ទៅចាប់រករបរផ្សេងជំនួសវិញ។

លោកថា៖​ «បន្លែ​! ដោយសាររឿងធ្លាក់​ហ្នឹង​ ពិបាកដែរ ​រឿងទីផ្សារឡើងចុះ​ៗ​! អ៊ីចឹងអ្នក​ខ្លះទៅ គេ​ងាក​មក​​កា​ន់​​របរអីផ្សេង​​អ៊ីចឹងទៅ អ៊ីចឹងវាពិបាក​។ ​មានបញ្ហា​រឿងទីផ្សារ រឿងបច្ចេកទេសខ្លះដែរ​»។​

ករណីនេះ កសិករ​ មឿន សុខខឿន បានអំពាវនាវ​ដល់​​​រដ្ឋាភិបាលបន្ថែម​​ការយកចិត្តទុកដាក់​លើកសិករ ជាពិសេស​កាត់បន្ថយការនាំចូលផលិត​​ផល​កសិកម្មពីប្រទេស​ជិត​ខាង ដែលជាមូល​ហេតុចម្បង​នៃបញ្ហា​តម្លៃ​ទីផ្សារ​។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿ​ន មានប្រសាសន៍​ថា ​ការធ្លាក់​​ចុះ​​​នៃ​ព​លរដ្ឋដែល​ធ្វើកសិកម្ម​ក្នុងរយៈ​ពេល១០ឆ្នាំ​ចុងក្រោយ​នេះ ដោយសារ​តែពលរដ្ឋ​ជួប​បញ្ហា​​​ប្រឈម​ច្រើនលើ​បញ្ហាបច្ចេកទេស​ និងមិនមានទីផ្សារ​គ្រប់គ្រាន់សម្រាប់លក់ផលិត​ផល​កសិកម្មរបស់ខ្លួន។ មួយវិញទៀត លោកថា ក្រសួង​កសិកម្មដែលជាក្រសួងជំនាញ ក៏មិន​បានផ្តល់ការគាំទ្រគ្រប់គ្រាន់ផ្នែកបច្ចេកទេសនិងថវិកា​សម្រាប់ជួយដល់កសិករ​ដែលត្រូវការជំនួយ​ផង​ដែរ។

លោកថា​៖ «​នៅក្នុងដំណាក់កាល​ជិត​១០ឆ្នាំ​ចុងក្រោយនេះ ​គឺថាវិស័យកសិកម្មត្រូវបាន​ប្រជាពលរដ្ឋ​អស់ទំនុក​ចិត្ត​ ដោយ​សារ​តែ​ការ​ផលិត ការដាំដុះបាន​​ហើយ តែមិនមានទីផ្សារ​សម្រាប់​លក់ផលិតផល​ រឿងទី១​។ រឿងទី២ ​ការគាំពារ​និង​​ការ​លើកកម្ពស់​វិស័យ​​កសិកម្ម​នៅមា​ន​កម្រិត​​​នៅឡើយ​»។

លោក ថេង សាវឿន បារម្ភថា ​ប្រសិន​​បើ​​​កសិករ​កម្ពុជា​បន្ត​​បោះបង់​​ការងារកសិកម្មទៀត​ នឹង​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បញ្ហា​​ស្បៀង​អាហារ ​ចំណូលជាតិ​នឹងធ្លាក់ចុះ​ ហើយ​​​​ប្រទេសជិត​ខាងនឹង​ទាញ​យក​​​អត្ថប្រយោជន៍​ពីការធ្លាក់ចុះវិស័យ​កសិកម្ម​នេះថែមទៀត​។

​​គ្រូបង្រៀន​ផ្នែក​កសិកម្ម​ លោក នី ណាក់​ សង្កេត​ឃើញថា ​កសិករ​ជាច្រើន​កំពុងបោះបង់មុខរបរ​របស់ពួកគេ ដើម្បី​ចាប់យកអាជីពថ្មី​។ លោកបន្តថា ​កសិកម្ម​ជាវិស័យសំខាន់មួយ​​របស់ប្រទេ​ស​កម្ពុជាតាំង​ពីដើមមក ហេតុដូច្នេះ ​​ប្រសិនបើ​ពលរដ្ឋ​បោះបង់​​ការ​ធ្វើកសិកម្ម នឹងធ្វើ​ឱ្យ​កង្វះ​ការ​ងារ​កើន​ឡើង​ ហើយ​​តម្រូវ​ការម្ហូបអាហារ​នឹងពឹងផ្អែក​ទាំងស្រុងលើការនាំចូលពីប្រទេស​ដទៃ​។​

ករណីនេះ លោកបានអំពាវនាវ​ដល់​រដ្ឋាភិបាលបន្តបង្កើនការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​​ក្នុងការ​​​​ស្វែងរកទីផ្សារ​ និង​ផ្ដល់ជូន​​តម្លៃ​មួយ​ដែលកសិករ​​អាចទទួលយកបាន​។ ចំពោះជំហានបន្ទាប់ ​លោកស្នើ​ឱ្យ​​​ផ្ដល់នូវការ​បណ្ដុះបណ្ដាល​​ផ្នែកបច្ចេកទេស​ ការ​ផ្តល់​ទុន​​ដែល​មាន​ការ​ប្រាក់​ទាប​ និង​​ធ្វើយ៉ាងណា​ឱ្យ​វត្ថុ​ធាតុដើម ​រួមមាន ​ជី ប្រេង និង​ថ្នាំ​កសិកម្ម​ ជាដើម មានតម្លៃ​ទាប​។

លោកថា​៖ ​«យើងអាចជួយ​បាន​តាមរយៈការផ្ដល់​នូវ​បច្ចេកទេស​ ប្រភពទុន ​ដែលគាត់យកមកប្រើប្រាស់ក្នុងអត្រាការប្រាក់​ទាប​ ព្រោះ​បច្ចុប្បន្ន​​ គាត់ខ្ចី​ពីមីក្រូហិរញ្ញវត្ថុ​​ ថ្លៃ​ហើយ​ ហើយការទូទាត់សង​វាពិបាកខ្លាំង​ អ៊ីចឹងបានកសិកម្មខ្នាតតូច​និង​ខ្នាតមធ្យម​ត្រូវតែដួលហើយ​»។

​វីអូឌី មិនទាន់សុំការឆ្លើយតប​ពីអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រក្ខាប្រមាញ់​ និងនេសាទ លោក ស្រី វុឌ្ឍី និងអ្នកនាំពាក្យ​ក្រសួងផែនការ​ លោក ស្រី ដា​ បានទេ ​នៅ​ថ្ងៃ​សុក្រ​នេះ។

យោងតាមរបាយការណ៍​អង្កេត​កសិកម្ម​​កម្ពុជា​​ឆ្នាំ​​២០២០ កាល​ពីថ្ងៃទី២២ ខែកញ្ញា​ ម្សិល​មិញ បាន​​ឱ្យដឹងថា ​ប្រទេសកម្ពុជា​មានគ្រួសារដែលប្រកប​​មុខ​របរ​កសិកម្ម​​​ជាង ​២លាន​គ្រួសារ (២ ០៣៣ ០០០គ្រួសារ) ​ដែលស្មើ​ ៥៧ភាគរយ​​នៃចំនួន​គ្រួសារសរុប​ក្នុងប្រទេសកម្ពុជា (ទិន្នន័យប៉ាន់ប្រមាណ​ក្នុង​ឆ្នាំ២០១៩ កម្ពុជាមានពលរដ្ឋសរុបចំនួន៣ ៥៥៣​ ០២១គ្រួសារ)​។​

របាយការណ៍ដដែលបន្តថា ​គ្រួសារ​កាន់កាប់កសិកម្មទាំងនោះត្រូវ​បានចែកជា៤តំបន់ភូមិ​សាស្រ្ត​ រួមមាន តំបន់វាលទំនាប មានគ្រួសារកាន់កាប់កសិកម្មច្រើនជាងគេ គឺ​មានដល់​ទៅ៤៣% បន្ទាប់មកគឺតំបន់បឹងទន្លេសាបមាន៣៥% តំបន់ភ្នំនិង​ខ្ពង់រាបមាន១៥% និងចុងក្រោយ​តំបន់ឆ្នេរសមុទ្រមានតែ៧%។

បន្ថែម​ពីនេះ ​គ្រួ​សារកាន់កាប់កសិកម្មនៅក្នុងប្រទេសកម្ពុជាមានរហូតដល់ ៦១% ធ្វើកសិកម្មក្នុងគោលបំណងសម្រាប់ទុកប្រើប្រាស់ក្នុងគ្រួសារ ហើយមានតែ ៣៩% ប៉ុណ្ណោះ ធ្វើកសិកម្ម​ក្នុងគោលបំណងចម្បងសម្រាប់លក់។ របាយការណ៍ដដែលបន្តទៀត​ថា ដំណាំកសិកម្មដែលកសិករ​ដាំច្រើនជាងគេ គឺដំណាំស្រូវ បន្ទាប់មក​មានដំណាំហូបផ្លែ​ជាច្រើនប្រភេទ ដូចជា ស្វាយ ចេក ខ្នុរ មៀន ទឹកដោះគោ ត្របែក ទៀប ល្ហុង ព្រីង​ ស្រកានាគ ម្នាស់ និងទុរេន ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ