នាយក​រដ្ឋមន្ត្រី​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​និង​រថយន្ត​ដឹកនាំ​អ្នកដំណើរ​កុំ​ដំឡើង​ថ្លៃ

ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ សកម្មភាពចរាចរណ៍ដ៏មមាញឹកនៅបេនឡានមួយចំនួនក្នុងរាជធានីភ្នំពេញ ដោយសារការធ្វើដំណើរត្រលប់ទៅស្រុកកំណើតតាមបណ្ដាខេត្តផ្សេងៗពីសំណាក់ពលរដ្ឋស្នាក់នៅនិងធ្វើការនៅទីក្រុង រួមមាន អាជីវករ កម្មករ សិស្ស-និស្សិត មន្ត្រីរាជការសាធារណៈទាំងរដ្ឋនិងឯកជន នាឱកាសបុណ្យភ្ជុំបិណ្ឌ។ (ហ៊ុយ ឧស្សាហ៍)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់​ម្ចាស់ក្រុមហ៊ុន និង​ម្ចាស់រយថយន្តដឹកជញ្ជូនអ្នកដំណើរឯកជនទាំងអស់ រក្សាតម្លៃដឹកជញ្ជូននៅដដែលក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខណៈរដ្ឋាភិបាលបានបញ្ចេញរថយន្តក្រុង១៧៥គ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋនៅរាជធានីភ្នំពេញ និង​​ទៅតាមបណ្តាខេត្តនានា​ដោយឥតគិតថ្លៃ។

តាមរយៈទំព័រហ្វេស​ប៊ុកផ្លូវការរបស់លោក នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា រដ្ឋបាលរាជធានីភ្នំពេញបាន​រៀប​ចំ​រថយន្តក្រុង​​​ចំនួន១៧៥​គ្រឿងសម្រាប់​បម្រើ​សេវា​ដឹកជញ្ជូនសាធារណៈរយៈពេល០៥ថ្ងៃ ចាប់​ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយ​មិនបង់ប្រាក់ ក្នុងនោះ សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញបាន​​ប្រើប្រាស់​រថយន្ត​ក្រុង៥៥គ្រឿង និង​សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរទៅតា​ម​បណ្ដាខេ​ត្ត និងត្រលប់​មក​រាជធានីភ្នំពេញវិញ មាន​រថយន្តក្រុង​ចំនួន១២០គ្រឿង។

លោកបន្តថា នៅ​ថ្ងៃ​ទី២​៣ ខែ​កញ្ញា ឆ្នាំ២០២២នេះ គឺជា​ថ្ងៃទី​១ហើយ​នៃ​ការ​ចាប់​ផ្ដើម​ដំណើរការ​សេវា​រថយន្ត​ក្រុង​សាធារណៈដែលរៀបចំឡើងដើម្បី​ជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ​។

ជាមួយគ្នានេះដែរ លោកក៏បាន​អំពាវនាវដល់ម្ចាស់​ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន​អ្នកដំណើរ​ឯកជន​ទាំងអស់ រក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយ​ពុំដំឡើងថ្លៃ ក្នុង​ឱកាសពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ដើម្បី​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជាជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ក្រៅពីនោះ លោកក៏បានអំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់ថែរក្សានិងការ​ពារ​សុខភាពពី​ការ​ចម្លងជំងឺកូវីដ-១៩ តាមរយៈការប្រកាន់ខ្ជាប់នូវអនាម័យ និង «៣កុំ ៣ការពារ»។

ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលបានធ្វើឡើងស្របពេលដែលប្រជាពលរដ្ឋ និង​អ្នកឃ្លាំមើល​សង្គម បានលើកឡើងពីបញ្ហា​ទំនិញ និង​សេវាដឹកជញ្ជូន​ឯកជនដែលតែង​មាន​ការ​ដំឡើង​ថ្លៃ​​ជា​ហូរ​​ហែនៅរៀងរាល់ឆ្នាំ ក្នុងអំឡុងពេល​ដែលមាន​ពិធីបុណ្យ​ជាតិនានា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ