រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ថ្លែង​ការពារ​ខ្លួន​ចំពោះ​សង្រ្គាម​នៅ​អ៊ុយក្រែន​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាតិ

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ លោក Sergei Lavrov ថ្លែង​សុន្ទរកថា​ពេល​លោក​ជួប​ជាមួយ​ប្រមុខ​បេសកកម្ម​ការទូត​ ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី១៩ ខែ​កញ្ញា ឆ្នាំ២០២២។ (Alexander Zemlianichenko/Pool តាមរយៈ REUTERS)

យោងតាមការចេញផ្សាយរបស់​ទីភ្នាក់ងារ​សារ​ព័ត៌​មាន Reuters នៅ​ថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ២០២២​នេះ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គេ ឡាវរ៉ូវ (Sergei Lavrov) បានថ្លែង​ការ​ពារ​ខ្លួន​ចំពោះ​សង្គ្រាម​នៅអ៊ុយក្រែន​ នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ខណៈអង្គការ​សហប្រជាជាតិបានព្រមានទីក្រុង​ម៉ូស្គូចំពោះ​ការ​ភ្ជាប់តំបន់​មួយ​ចំនួន​របស់​អ៊ុយក្រែនទៅជាទឹកដីរបស់ខ្លួន ហើយ​បណ្តារដ្ឋមន្ត្រីរបស់ប្រទេសលោកខាងលិចបានអំពាវនាវឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះការឈ្លានពានរបស់ខ្លួន។  

លោក Lavrov បានថ្លែងសុន្ទរកថាទៅកាន់សមាជិកទាំង១៥ប្រទេស​របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែន​តូនី ប្លីងខិន (Antony J. Blinken) និង​រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ក៏មានវត្តមាននៅទីនោះផង
ដែរ។ លោក Lavrov មិន​បាន​ស្តាប់​អ្នកផ្សេងនិយាយឡើយ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) បានប្រាប់ក្រុមប្រឹក្សាសន្តិ​សុខ​អង្គការសហប្រជាជាតិថា៖ «ថ្ងៃនេះ ខ្ញុំបានកត់សម្គាល់ឃើញថា អ្នកការទូត និងកម្លាំងរុស្ស៊ីកំពុងភៀសខ្លួន»។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែល​បានបើកកិច្ចប្រជុំស្តីពីបញ្ហានៅអ៊ុយក្រែន​យ៉ាង​​ហោច​ណាស់​២០ដងនៅឆ្នាំនេះ មិនអាចចាត់វិធានការសមស្របណាមួយបានឡើយ ដោយ​សារ​រុស្ស៊ីជាស​មាជិក​អចិន្ត្រៃយ៍ ដែលមានសិទ្ធិវេតូ រួមជាមួយនឹងសហរដ្ឋអាមេរិក បារាំង អង់គ្លេស និងចិន។

លោក Lavrov បានចោទប្រកាន់ទីក្រុងកៀវ (Kyiv) ថាបានគំរាមកំហែងសន្តិសុខរបស់រុស្ស៊ី និង «ជាន់ឈ្លីដោយគឃ្លើន» នូវសិទ្ធិរបស់ពលរដ្ឋរុស្ស៊ី និងអ្នកនិយាយភាសារុស្ស៊ីនៅអ៊ុយក្រែន ដោយ​បន្ថែម​ថា ការ​សម្រេច​ចិត្ត​របស់​រុស្ស៊ីក្នុង​ការ​បើក​ប្រតិបត្តិការយោធាពិសេសនៅអ៊ុយ
ក្រែន​ គឺចៀស​មិន​ផុត​ឡើយ។

ទោះយ៉ាងណា លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) បាននិយាយថា៖ «អ្នកការទូតរុស្ស៊ីពូកែនិយាយ​កុហក​ណាស់»។

លោក Lavrov បាន​និយាយ​ថា ប្រទេសដែលផ្គត់ផ្គង់សព្វាវុធ និងបណ្តុះ​បណ្តាល​​ទាហាន​អ៊ុយក្រែន​ គឺជាភាគីនៃជម្លោះ ដោយបន្ថែមថា «ការបង្កជម្លោះដោយចេតនាដោយលោកខាងលិចនៅ​តែ​មិន​មាន​ការ​ផ្តន្ទា​ទោស»។​

លោក អែនតូនី ប្លីងខិន (Antony J. Blinken) បានសន្យាថា ទីក្រុងវ៉ាស៊ីនតោននឹងបន្ត​គាំទ្រអ៊ុយ​ក្រែន​ដើម្បី​ការ​ពារ​ខ្លួន។

លោកបានថ្លែង​ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានមេដឹកនាំពិភពលោកចូលរួមជាច្រើននៅឯមហាសន្និបាតអង្គការសហប្រជាជាតិថា៖ «សណ្តាប់ធ្នាប់អន្តរជាតិកំពុងត្រូវបានបង្ខូចនៅចំពោះមុខយើង។ យើងមិនអាចឱ្យលោកប្រធានាធិបតី Putin គេចផុតពីការទទួលខុសត្រូវឡើយ»។

គួរបញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ កំពុងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ២០២២៕

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered