ពលរដ្ឋ​ខ្មែរ​ធ្វើ​បាតុកម្ម​នៅ​មុខ​ទីស្នាក់​ការ​UN​  ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន ​

សកម្មភាពពលរដ្ឋខ្មែរ និងជនជាតិផ្សេងៗទៀត បាននាំគ្នាធ្វើបាតុកម្មនៅមុខទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទឹកដីសហរដ្ឋអាមេរិក ដើម្បីប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ខណៈលោកកំពុងមានវត្តមានចូលរួមសន្និបាតអង្គការសហប្រជាជាតិតនៅទីនោះ។ (ហ្វេសប៊ុក សម រង្ស៊ី)

ពលរដ្ឋខ្មែរ និងជនជាតិផ្សេងៗទៀតរាប់រយនាក់ បាននាំគ្នាធ្វើបាតុកម្មនៅមុខ​ទីស្នាក់ការអង្គការសហប្រជាជាតិ(UN)ក្នុងទឹកដីសហរដ្ឋអាមេរិក ដើម្បីប្រឆាំង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈលោក​កំពុងមានវត្តមានចូលរួមសន្និបាតអង្គការសហប្រជាជាតិតនៅទីនោះ។

ការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរនិងជនជាតិមីយ៉ាន់ម៉ាឬ ភូមា ថៃ ជាដើម   បានធ្វើឡើងអំឡុងពេល​លោក ហ៊ុន សែន កំពុងមានវត្តមានចូលរួមសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ។

ក្នុងវីដេអូឃ្លីបជិត ២៤នាទី ដែល លោក សម រង្ស៊ី បានផ្សព្វផ្សាយលើបណ្ដាញសង្គមនោះ បង្ហាញពីសកម្មភាពរបស់ប្រជាពលរដ្ឋខ្មែរ​ធ្វើបាតុកម្ម ដោយបានលើកបដានិងកាន់រូបថតសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ព្រមទាំងរូបថតកញ្ញា សេង ធារី ជាដើម  ដែលបច្ចុប្បន្នអ្នកទាំងនោះ កំពុងជាប់ពន្ធនាគារនៅប្រទេសកម្ពុជា។  

ពួកគេបានលើកឡើងថា សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ ពន្ធនាគារ ដោយសារការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាល​ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្រុមបាតុករដោយមានទាំងមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ ដូចជាលោក ម៉ែន សុថាវរិន្ទ្រ លោក ឡុង រី ជាដើមនោះបានស្នើទៅអង្គការសហប្រជាជាតិ​​ជួយអន្តរាគមន៍លើលោក ហ៊ុន សែន ឱ្យដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ ព្រមទាំងកញ្ញា សេង ធារី ឱ្យមានសេរីភាពវិញ។

ក្រៅពីស្នើឱ្យដោះលែងសកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយហើយ ពួកគេក៏ស្នើអង្គការសហប្រជាជាតិជំរុញទៅលោក ហ៊ុន សែន ឱ្យគោរពសិទិ្ធ និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយបើកឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នាពេលខាងមុខនេះផងដែរ។

តាមរយៈសកម្មជនគណបក្សសង្គ្រោះជាតិ​ម្នាក់ ដែលបច្ចុប្បន្នកំពុងនិរទេសខ្លួននៅសហរដ្ឋអាមេរិក លោក រិន រដ្ឋ លើកឡើងអំឡុងពេលធ្វើបាតុកម្មនៅមុខ​ទីស្នាក់ការអង្គការសហប្រជាជាតិថា  រូបលោកមកតវ៉ានេះ ដើម្បីទាមទារឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយដែលកំពុងជាប់ពន្ធនាគារទាំងអយុត្តិធម៌។

លោកថា​​៖«ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន ជាង ៤០ ឆ្នាំមកនេះ ឱ្យប្រជាពលរដ្ឋខ្មែររងទុក្ខវេទនា ធ្វើឱ្យប្រជាពលរដ្ឋខ្មែរឈឺចាប់ ហើយនៅក្នុងសង្គមតែមានការគំរាមកំហែង និងមានអំពើនិទណ្ឌភាពរហូត។ សូមឱ្យដោះលែងប្រជាធិបតេយ្យដែលរបបលោក ហ៊ុន សែន បំផ្លាញជាង ៥ ឆ្នាំមកនេះ ដែលមានការចាប់ខ្លួនមេបក្សប្រឆាំង ហើយរងបណ្ដឹងនៅតុលាការ និងឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅឆ្នាំ២០២៣ដែរ»។

នេះជាលើកទី២ ហើយដែលប្រជាពលរដ្ឋខ្មែរ   ជនជាតិថៃ និងមីយ៉ាន់ម៉ា ដែលរស់នៅសហរដ្ឋអាមេរិបាននាំគ្នាបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន នោះ ខណៈដំណើរទស្សនកិច្ចលោកទៅកាន់សហរដ្ឋអាមេរិក កាលពីខែឧសភា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកក៏មានប្រជាជាពលរដ្ឋខ្មែរធ្វើបាតុកម្មប្រឆាំងវត្តមានរបស់លោកដែរ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការធ្វើបាតុកម្ពុជាដោយលើកហេតុផលថា រដ្ឋាភិបាលរំលោភសិទ្ធិមនុស្សនេះ មិនមែនទើបនឹងកើតឡើងឡើយ។ លោកបន្តថា ការធ្វើបាតុកម្មនេះ ក៏មិនមែនជារឿងចម្លែក​សម្រាប់គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសនោះទេ។

លោកថា៖« ការធ្វើបាតុកម្មនេះ វាជាចរិកពិសពុល​របស់ក្រុមឧទ្ទាមក្រៅច្បាប់​ដែលតែងតែប្រឆាំង ទោះបីជាមានវត្តមានឬអវត្តមានសម្ដេច ​ក៏គេនៅតែប្រឆាំង។ អាហ្នឹង វាជាចរិកតាំងពីពូជពង្សគេមកម្លេះ អាហ្នឹងមិនបាច់ឆ្ងល់ តើវាបានប្រយោជន៍ វាបានពួកគេហ្នឹងវាបំផ្លាញកិត្តិយស​សេចក្ដីថ្លៃថ្នូរ កេរ្តិ៍ឈ្មោះ របស់ខ្មែរ មិនមែនតែខ្មែរនៅក្រៅប្រទេសទេ គឺខ្មែរនៅក្នុងប្រទេសទៀតផង»។

សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ កាលពីថ្ងៃទី២១ ខែកញ្ញា អះអាងថា វត្តមានរបស់លោកលើទឹកដីសហរដ្ឋអាមេរិក គឺ​ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋរស់នៅទឹកដីប្រទេសមហាអំណាចលោកសេរីមួយនេះ។

ជាមួយគ្នានេះ លោកក៏បានអរគុណចំពោះវត្តមាន​ជាជនរួមជាតិខ្មែរទាំងអស់ ដែលបាចំណាយពេលវេលាដ៏មានតម្លៃបំផុត ដោយបានអញ្ជើញមកជួបលោកដោយផ្ទាល់នៅពេលនេះ។

ហ្វេសប៊ុកលោក ហ៊ុន សែន សរសេរថា៖« នៅចំពោះមុខប្រជាពលរដ្ឋទាំងអស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា តើនេះគឺជារូបសម្តេចផ្ទាល់រឺយ៉ាងណា? ព្រោះ មុនពេលមកដល់ទីក្រុងញូយ៉ក មានជនអគិតមួយចំនួនបាននិយាយថា សម្តេចឈឺដាច់សរសៃឈាម មិនបានទៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកនោះទេ»។

យ៉ាងណា ការធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនមានតែនៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ​ទេ។ ក្រុមបាតុករអះអាងថា ពួកគេគ្រោង​ធ្វើបាតុកម្មនេះ នៅមុខស្ថានទូត​សហភាពអឺរ៉ុប និងកន្លែងផ្សេងដែរ ដើម្បីទាមទារ​​ឱ្យ​លោក ហ៊ុន សែន​ បែរមកដឹកនាំប្រទេសតាម​បែបលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយគោរពរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាដើម​​។

ទោះបីជាយ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈហ្វេសប៊ុករបស់ខ្លួនបានអះអាងថា លោកបានដឹកនាំគណៈប្រតិភូចាកចេញពីសហរដ្ឋអាមេរិក និងបានទៅដល់ប្រទេសគុយបាប្រកបដោយសុវត្ថិភាព ដើម្បីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ។ លោកបញ្ជាក់ថា វត្តមានរបស់លោកនិងគណៈប្រតិភូបានទៅដល់ប្រទេសគុយបា នៅម៉ោង ៩:៣០នាទី​ នាល្ងាចថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងនៅប្រទេសគុយបា ដែលត្រូវនឹងម៉ោង ៨:៣០នាទី​ នៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ