លោក​ ​ហ៊ុន​ ​សែន​ ​ថា ​កម្ពុជា​ត្រូវ​គោរព​របប​រាជា​និយម​និង​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ឱ្យ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេង)

ក្នុងឱកាសខួប ២៩ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កម្ពុជាដាច់ខាតត្រូវគោរពគោរពរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  បានសរសេរនៅលើហ្វេសប៊ុក នាថ្ងៃសៅរ៍នេះថា នៅថ្ងៃទី២៤ ខែកញ្ញា  ជាថ្ងៃប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញជាតិ  ឆ្នាំ១៩៩៣ ដែលគិតមកដល់ឆ្នាំ២០២២ រដ្ឋធម្មនុញ្ញកម្ពុជា មានអាយុ កាល២៩ឆ្នាំហើយ។ ​

លោក ហ៊ុន សែន លើកឡើងថា៖« ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មកនៅថ្ងៃទី ២៣-២៨ ខែឧសភា ប្រទេសយើងបានរៀបចំការបោះឆ្នោតជាលើកដំបូងក្រោមការឧបត្ថម្ភគាំពារពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ ក្រោយពីការបោះ ឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ។  នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ»។

លោកបន្តថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។

ក្រៅពីរម្លឹកថ្ងៃកំណើតនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនោះ លោក ហ៊ុន សែន ក៏បានលើកឡើងពីចំណុចសំខាន់ៗបំផុតមួយចំនួន ដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ ដោយកម្ពុជា​​ត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស។

លោកបន្តថា៖« រដ្ឋធម្មនុញ្ញកម្ពុជាបានចែងអំពីគោលការណ៍ នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ  ១)អំណាចនីតិបញ្ញត្តិ  ២)នីតិប្រតិបត្តិ ៣)តុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនិងគោលការណ៍នីតិរដ្ឋជាដើម»។

ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក​ សេក សុជាតិ ចាត់ទុកការប្រកាសរបស់ប្រមុខរដ្ឋាភិបាលដែលប្ដេជ្ញាអនុវត្តរដ្ឋធម្មនុញ្ញជារឿងត្រឹមត្រូវ ប៉ុន្តែការអនុវត្តជាក់ស្ដែងមិនទាន់ពេញលេញដើម្បីឆ្លើយតបទៅតាមលក្ខខណ្ឌផ្សេងៗនៅក្នុងរដ្ឋធម្មនុញ្ញនោះឡើយ។

លោកថា«ការអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យឱ្យមានការចូលរួមពីប្រជាពលរដ្ឋទៅលើបញ្ហាការអភិវឌ្ឍសង្គម​ ការពារបូណភាពទឹកដីអ៊ីចឹង។ អ៊ីចឹងបញ្ហាទាំងអស់ហ្នឹង ត្រូវបានរាំងខ្ទប់​ សូម្បីតែការជួបជុំតាមបែប​លទ្ធិប្រជាធិបតេយ្យអហិង្សាហ្នឹង ​​ក៏ត្រូវបានរាំងខ្ទប់ដោយមន្ត្រីរបស់គាត់អ៊ីចឹង។ ជួនកាលយើងមើលឃើញមន្ត្រីរបស់គាត់ជាអ្នករំលោភអ៊ីចឹងទៅលើអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែសម្រាប់គាត់អាចថាដឹង ឬមិនដឹង យើងមិនប្រាដកទេ។ យើងចង់​ឃើញមន្ត្រីរបស់គាត់​នៅខាងក្រោមនិងធ្វើយ៉ាងណាក៏ដោយគោរពតាមគោលការណ៍ឬក៏តាមការណែនាំរបស់នាយករដ្ឋមន្ត្រី អាហ្នឹងគឺជារឿងដែលយើង​ចង់ឃើញបំផុត»

លោក​ សេក សុជាតិ  ​សង្ឃឹមថា រដ្ឋាភិបាលនឹងគោរពរដ្ឋធម្មនុញ្ញតាមការប្ដេជ្ញាចិត្តរបស់ខ្លួន  ដោយអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុកប្ស អាស្រ័យរដ្ឋធម្មនុញ្ញ ទោះបីជាកន្លងមក រដ្ឋធម្មនុញ្ញត្រូវបានរដ្ឋាភិបាលធ្វើវិសោធកម្មចំនួន ១០ លើកហើយក្ដី។

លោកស្នើទៅរដ្ឋាភិបាលឱ្យធ្វើការណែនាំទៅមន្ត្រីពាក់ព័ន្ធទាំងអស់ ដោយធ្វើយ៉ាងណាលើកកម្ពស់រដ្ឋធម្មនុញ្ញ និងជ្រកក្រោមម្លប់រដ្ឋធម្មនុញ្ញពិតប្រាកដ។

លោកបន្ថែមថា៖«ចំណុចដែលយើងថា ប្រាស់ចាកហ្នឹង សំដៅទៅលើគាត់ធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញ​ភ្លាមៗដោយមិនបានសិក្សា មិនមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ វាធ្វើឱ្យមានភាពចម្រូងចម្រាស់​ក្នុងការមិនប្រាកដប្រជាថា រដ្ឋាភិបាលរបស់យើងអនុវត្ត​តាមរដ្ឋធម្មនុញ្ញពិតឬអត់អ៊ីចឹង។ អាហ្នឹងគឺជាចំណុចដែលយើងចង់ថា ​ថ្ងៃក្រោយ​ បើមានការធ្វើវិសោធកម្ម គួរតែមានការចូលរួមពីគ្រប់ភាគីជាមុន ដើម្បីកុំឱ្យមានការយល់ច្រឡំគំនិតផ្សេងៗដែលពាក់ព័ន្ធជាមួយការធ្វើឱ្យមានបញ្ហាឬមានភាពសង្ស័យចំពោះការអនុវត្តរដ្ឋធម្មនុញ្ញហ្នឹង បានល្អឬមិនបានល្អ»។

បើទោះបីជាលោក ហ៊ុន សែន បានលើកឡើងពីគោលការណ៍សំខាន់ក្នុងរដ្ឋធម្មនុញ្ញដោយចែងពីរបបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សក្តី ប៉ុន្តែគណបក្សសង្រ្គោះជាតិ​ដែលជាគណបក្សប្រឆាំងធំមួយ​មានកម្លាំងអ្នកគាំទ្រជិតកន្លះនគរនោះ កាលពីចុងឆ្នាំ២០១៧ ត្រូវបានតុលាការ​រំលាយចោល។

ការរំលាយគណបក្សប្រឆាំងធំមួយ រួមទាំងការដាក់បម្រាមមន្ត្រីបក្សនេះជាង១០០នាក់មិនឱ្យធ្វើនយោបាយ៥ឆ្នាំ ព្រមទាំងដកតំណែងមន្ត្រីបក្សប្រឆាំងពីថ្នាក់មូលដ្ឋានដល់ព្រឹទ្ធសភា   ទាំងដែលប្រធានគណបក្សនេះ គឺលោក កឹម សុខា ដោយគិតចាប់តាំងពីការចាប់ឃុំខ្លួនពាក់ព័ន្ធសំណុំរឿងគណបក្សកាលពីខែកញ្ញា ឆ្នាំ២០១៧ រហូតមកទល់ពេលបច្ចុប្បន្នតុលាការនៅមិនទាន់រកឃើញពីទោសកំហុសរបស់គាត់នៅឡើយ។

ការចាប់ខ្លួនមេបក្សប្រឆាំងដាក់ពន្ធនាគារ ការរំលាយគណបក្សសង្រ្គោះជាតិ ការបំបិទសិទ្ធិសេរីភាពក្នុងការជួបជុំដោយសន្តិវិធីជាដើមនោះ ត្រូវបានសហគមន៍ជាតិនិងអន្តរជាតិ​ចាត់ទុកថា កម្ពុជាកំពុងរសាត់កាន់ឆ្ងាយពីគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

ជាការព្រមានចំពោះការដើររសាត់ឆ្ងាយពីគន្លងប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សផងនោះ កាល​ពី​ខែ​សីហា ឆ្នាំ២០២០ សហភាព​អឺរ៉ុប បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា។ ទោះ​យ៉ាង​ណា​ក្ដី គណៈកម្មការ​អឺរ៉ុប បានបង្ហើប​ថា ការ​ដក​ហូតប្រព័ន្ធអនុគ្រោះពន្ធនេះ ​នឹង​ត្រូវ​លើកលែង ប្រសិនបើ​កម្ពុជា​ធានា​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​សិទ្ធិ​ការងារ​ពិតប្រាកដឡើង​វិញ។

គិតចាប់តាំងពីការបង្កើតរដ្ឋធម្មនុញ្ញឡើងក្នុងឆ្នាំ១៩៩៣ រហូតមកដល់ពេលបច្ចុប្បន្ន​ កម្ពុជាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើករួចមកហើយ ខណៈច្បាប់ធម្មនុញ្ញបន្ថែម ក៏ត្រូវយកមកធ្វើវិសោធនកម្មជាមួយគ្នាផងដែរ។

ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ត្រូវគណបក្សក្រៅរដ្ឋាភិបាល និងក្រុមសង្គមស៊ីវិលមួយចំនួនបានរិះគន់​ថា នឹងធ្វើឱ្យប៉ះពាល់ដល់គោលការណ៍ប្រព័ន្ធសភានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ