​ក្រុម​​ការងារ​​ជួយ​​សង្គ្រោះ​​កំពុង​​ស្វែង​​រក​​មនុស្ស៨​​នាក់​​ទៀត​​ដែល​​បាត់​​ខ្លួន​​ដោយ​​សារ​​លិច​​ទូក​​នៅ​ខេត្ត​ព្រះសីហនុ

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ដឹកនាំមន្ត្រី និងកម្លាំងសមត្ថកិច្ចមួយចំនួនជួបជនរងគ្រោះដោយសារលិចទូក ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដែលត្រូវបានជួយសង្គ្រោះ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុក លោក ឃាង ភារម្យ)

អាជ្ញាធរខេត្តព្រះសីហនុ បានឱ្យដឹងថា សមត្ថកិច្ចនិងក្រុមជួយសង្រ្គោះកំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន ៨នាក់បន្ថែមទៀត ខណៈក្នុងចំណោមមនុស្ស ៣៣ នាក់ដែលរកឃើញ​នោះ មាន ៣នាក់បានស្លាប់បាត់បង់ជីវិត។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានសរសេរប្រកាសនៅលើហ្វេសប៊ុករបស់លោក នាថ្ងៃល្ងាចនៅថ្ងៃសៅរ៍នេះថា គិតត្រឹមរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងចំណោមមនុស្ស ចំនួន ៤១នាក់ សមត្ថកិច្ចបានរកឃើញចំនួន ៣៣ នាក់ហើយ ក្នុងនោះ ស្លាប់​៣នាក់។

ចំណែកមនុស្សចំនួន ៨នាក់ទៀត សមត្ថកិច្ច និងក្រុមការងារជួយសង្គ្រោះកំពុងស្វែកបន្តទៀត។

លោកបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំង៣៣នាក់នោះ កម្ពុជាជួយសង្គ្រោះ និងស្វែងរកឃើញបាន ២៤នាក់ និងវៀតណាមជួយសង្គ្រោះបានចំនួន ៩នាក់។

វីអូឌីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ និងស្នងការនគរបាលខេត្តនេះ លោក ជួន ណារិន បានទេ នៅថ្ងៃសៅរ៍នេះ។

កាលពីថ្ងៃទី​២២ ខែ​កញ្ញា ​មាន​​ករណីលិច​ទូកចំនួន១គ្រឿងស្ថិតនៅចំណុច​​និយាមកាម១០.២៥N១០៣.១៦E នៅចន្លោះ​ពយសារឿង និងកោះ​តាងក្នុង​ភូមិ​សាស្រ្ត​​ខេត្ត​ព្រះសីហនុ។

បើតាមលោក ឃាង ភារម្យ ប្រាប់វីអូឌីកាលពីថ្ងៃសុក្រថា​ បន្ទាប់​ពី​ទទួលបា​នព័ត៌មាននៃការលិចទូកនេះ កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំ​កម្លាំង​អង្គភាព​បង្រ្កាបចំនួន១៦នាក់ និងមធ្យោបាយ​ចំនួន២គ្រឿង ដើម្បីចេញប្រតិបត្តិការ​ជួយសង្រ្គោះជនជាតិចិនទាំង​នោះ។ លោកបន្ថែមថា ក្រោយពីសង្គ្រោះ សមត្ថកិច្ច​បាន​សាក​សួរ​បុរស​ជា​ជនជាតិចិន​ម្នាក់ឈ្មោះ CHENGUI SHENG មាន​ស្រុក​កំណើតនៅ​ខេត្តហ្វូចៀន ប្រទេសចិន ជាតំណាង​ជនរងគ្រោះ ដោយ​បុរស​រូបនោះ​​ប្រាប់ថា នៅលើទូកមាន​ជនជាតិចិន​សរុបទាំងអស់ចំនួន៤១នាក់ (ស្រី៣នាក់)។

បើតាមមន្ត្រី​សម្របសម្រួល​សមាគមអាដហុកប្រចាំខេត្ត​ព្រះសីហនុ​ លោកស្រី ជៀប សុធារី តាមដានករណីនេះ ប្រាប់វីអូឌីកាលពីថ្ងៃទី២៣ ខែកញ្ញា ថា ជនជាតិចិនទាំង​៤១នាក់ដែល​លិច​ទូកក្នុងដែនសមុទ្រកម្ពុជានោះ ​ទំនងជាពួកគេចាញ់​បោក​មេខ្យល់​​នាំមកកម្ពុជាដោយខុសច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ