ព្រះ​ពុទ្ធ​​បដិមា​និង​ព្រៃ​ឈើ​​ក្នុង​តំបន់​ព្រៃ​​មេត្តា​ធម្មជាតិ​​ត្រូវ​​បាន​បំផ្លាញ​ក្នុង​​ពិធី​បុណ្យ​​ភ្ជុំបិណ្ឌ​​​

រូបព្រះពុទ្ធបដិមា ដែលប្រជាសហគមន៍អះអាងថា បានបាក់បែកដាច់ព្រះកេស ដាច់ព្រះហស្ថ ដោយសារមានក្រុមជនល្មើសចូលទៅកាប់ឈើនៅតំបន់ព្រៃមេត្តាធម្មជាតិបណ្តាលឱ្យដើមឈើបាក់រលំលើកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុក Metta Forest)

ប្រជាសហគមន៍ព្រៃមេត្តាធម្មជាតិ​បានអះអាងថា ​មានក្រុមជនល្មើស​បន្តកាប់បំផ្លាញ​ព្រៃឈើជុំវិញសាលាបុណ្យ​ក្នុងព្រៃមួយនេះ ​ជាហេតុបណ្ដាលឱ្យ​ព្រះពុទ្ធ​បដិមាចំនួន​ ៣អង្គ ត្រូវបានបែកបាក់ទាំងស្រុង​ដោយសារដើមឈើរលំលើ។

ប្រជាសហគមន៍​ព្រៃមេត្តាធម្មជាតិ ឬព្រៃឧត្តមស្រែខ្ពស់​ ដែលស្ថិត​នៅ​ភូមិពោធិ៍មាស​ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពុងស្ពឺ បានអះអាងថា ​ក្នុងឱកាសពិធី​បុណ្យ​ភ្ជុំបិណ្ឌ​​ មាន​មនុស្សមួយក្រុម​នៅតែកាប់បំផ្លាញ​ព្រៃឈើ​ត្រង់ចំណុច​សាលាបុណ្យ​ បាញ់​សត្វព្រៃ​ ដោយមិនមាន​ការចាត់វិធាន​ការពីសំណាក់​អាជ្ញាធរឡើយ ទោះបីជាពលរដ្ឋបានរាយការណ៍ប្រាប់ពួកគេក៏ដោយ​។

ប្រជាសហគមន៍ព្រៃមេត្តាធម្មជាតិ លោក សយ សាត អាយុ៧១ឆ្នាំ បានឱ្យដឹងថា ​កាល​ពីថ្ងៃបិណ្ឌទី១៣ ដែលត្រូវនឹងថ្ងៃទី​​២៣ ខែកញ្ញានេះ​ មាន​មនុស្សមួយក្រុមដែលលោកដឹងថា ទទួលបញ្ជាពី​​កងរថក្រោះជើងគោក ​បានចូលកាប់បំផ្លាញ​ព្រៃ​នៅជុំវិញ​សាលាបុណ្យក្នុងព្រៃការពារនេះបន្ថែមទៀត​។​

លោកបន្តថា ការកាប់ព្រៃ​ឈើនៅតំបន់នោះ ធ្វើឡើងក្នុងចេតនា​ចង់ឱ្យដើមនិង​​មែកឈើធ្លាក់​លើ​បដិមា​ទាំងនោះខ្ទេចខ្ទីតែម្តង។​

លោកថា​៖«ការបាក់ហ្នឹងមិនមែនជាការបាក់ដោយចៃដន្យទេ​ ដោយសារតែគាត់កាប់ព្រៃអស់រលីង​។ ម្លោះហើយដើមឈើខ្ពស់មួយ​មិនអាច​ទប់ខ្យល់បានទេ​។ កន្លងមកមិនមាន​ការបាក់ដើមឈើទេ ដោយសារអី ដោយសារតែព្រៃព័ទ្ធជុំវិញ​»។

​​

ប្រភពរូបនេះបន្តថា​ ក្រៅតែពីការ​កាប់បំផ្លាញ​ព្រៃឈើ​ ក៏មានការ​សម្លាប់សត្វព្រៃជាក់ស្ដែងមានក្ងោកមួយក្បាលបាន​រកឃើញស្លាប់ ខណៈ​សត្វព្រៃផ្សេងទៀត​​​បានបាត់ និងមិនដឹងថាទៅទីណានោះទេ​។

លោក សយ សាត បាន​ស្នើ​ទៅក្រសួងពាក់​ព័ន្ធ ​ជាពិសេស​ក្រសួងបរិស្ថាន និងក្រសួងធម្មការនិង សាសនា ចូលរួមការពារ​ព្រៃ​ឈើ និង​វត្តមេត្តាធម្មជាតិ ដូចអ្វី​ដែល​រដ្ឋធម្មនុញ្ញា​បានកំណត់ក្នុងបាវវចនាជាតិថា« ជាតិ សាសនា ព្រះមហាក្សត្រ​»នោះ​។

ទីប្រឹក្សា​សហគមន៍ព្រៃមេត្តាធម្មជាតិ​ លោក លីវ សារុម​ តែត្រូវបាន​ពលរដ្ឋហៅលោកថា ចក់ បានអះអាងថា ​លោកបានរាយការណ៍ពីការកាប់បំផ្លាញព្រៃឈើនៅវត្តមេត្តាធម្មជាតិទៅថ្នាក់លើ​ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ​នេះ​យ៉ាងណាក្ដី​ ក៏​មិនមាន​មន្រ្តី​ថ្នាក់ខេត្ត ឬ​អាជ្ញាធរពាក់ព័ន្ធមិនបាន​មកចូលរួម​ការពារ និង​ ស្វែងរកជនល្មើសនោះដែរ​។

លោកថា៖«អត់ផង អត់មានបរិស្ថានមកជួយ​សោះ​ ដឹងមិច​យើងរាយការណ៍ទៅក៏អត់មកជួយដែរ​ បរិស្ថាន​»។

លោក​បន្តថា ​ត្រង់ចំណុច​សាលាបុណ្យនេះ ​គឺជាដី​​អភិបាល​ខេត្តកំពង់ស្ពឺ ​កំណត់ថា ​ជាដីរបស់​វត្តមេត្តាធម្មជាតិសម្រាប់គោរពបូជា​ តែយ៉ាងណា​មនុស្ស​មួយក្រុម​នៅបន្ត​កាប់បំផ្លាញ​ព្រៃឈើទាំងអស់​រហូតធ្វើឱ្យមានការបំផ្លាញបដិមាព្រះពុទ្ធទៀត​។

ប្រជាសហគមន៍ព្រៃមេត្តាធម្មជាតិ លោក សយ សាត (រូបខាងស្តាំ អាវពណ៌ផ្ទៃមេឃ) និងប្រជាសហគមន៍ផ្សេងទៀតនាំគ្នាលើកបំណែកពុទ្ធបដិមា ដែលអះអាងថា ក្រុមជនល្មើសចូលកាប់ឈើបណ្តាលឱ្យបាក់សង្កត់លើកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុក Metta Forest)

វីអូឌី មិនទាន់អាចសុំការឆ្លើយតប​​ពី​ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ​ឱម​ ម៉ាក់ធារី នៅថ្ងៃ​អាទិត្យនេះ​បាន​ទេ​។​​​

អភិបាលខេត្តកំពុងស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍​ថា បទល្មើសតំបន់ព្រៃមេត្តាធម្មជាតិកើតឡើង អាចដោយហេតុថា រដូវភ្ជុំបិណ្ឌជាថ្ងៃដែលអាជ្ញាធរសម្រាក។ តែយ៉ាងណា លោកថាចំពោះបុគ្គលទុច្ចរិតទាំងនេះ អាជ្ញាធរនឹងចាត់វិធានការទៅតាមច្បាប់ ក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌរួចរាល់។

លោកបន្តថា៖«ខ្ញុំបានឃើញគាត់ដាក់មកហើយថា មានគេលួចកាប់។ អាអូនប្រុងឱ្យមន្រ្តីទៅមិចកើត ខែរដូវបុណ្យភ្ជុំបិណ្ឌនេះ តែជនអាក្រក់ហ្នឹងមិនទៅលើកលែងអីទេ។ យើងមិនទៅព្រលែងវាទេ អារឿងបទល្មើសមិនមែនកើតមួយថ្ងៃពីរបានទេ។ វាមានឆន្ទៈទុច្ចរិត វាអាក្រក់ហាស វានៅតាមបំផ្លាញយើង តែយើងក៏មិនចុះចាញ់វាដែរ»។

ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និងតស៊ូមតិ​នៃសមាគម​បណ្ដាញយុវជនកម្ពុជា​ លោក ហេង គឹមហុង មាន​ប្រសាសន៍ថា​ ការដែល​ការកាប់បំផ្លាញ​ព្រៃ​ឈើ សត្វព្រៃ​ ក្នុងសហគមន៍ព្រៃមេត្តាធម្មជាតិ​នេះ​គឺ​ជា​ការ​មិន​គោរព​នូវតួរនាទី និងភារកិច្ច​របស់​មន្រ្តី​ អាជ្ញាធរមូលដ្ឋាន​ ទោះបីជា​អភិបាលខេត្តបានកំណត់ថាជាដីរបស់វត្ត​ និងសហគមន៍យ៉ាងណាក្ដី​។

បន្ថែមពីនេះ​ ការកាប់បំ​ផ្លាញ​ព្រៃឈើ​ សត្វព្រៃ បំផ្លាញបដិមា ក្នុងពិធីបុណ្យ​ភ្ជុំបិណ្ឌ​ទៀតសោតគឺបង្ហាញ​នូវភាព​ឃោឃៅ ​និងជាគម្រូអាក្រក់ដល់​អ្នកដទៃផងដែរ​។

លោកថា​៖​«និងទីពីរបង្ហាញពីភាព​មិនសមរម្យ​ក្នុងនាមព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ​ ជាពិសេស សកម្មភាពដែលបង្ហាញពីភាពហិ​ង្សា​រហូតទៅដល់កាប់​ដើមឈើ​ ដែលមានបដិមាករហ្នឹងក៏កាប់រំលំ​ដែលធ្វើឱ្យដាច់ព្រះ​កេស​ ដែលនេះជារូបភាពសាហាវឃោឃៅណាស់​»។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ២០២១ រដ្ឋាភិបាល​បានចេញអនុក្រឹត្យមួយកាត់ដី​ទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពី​ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅ​ឱ្យ​គ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋ​ចំនួន​៤១គ្រួសារ សម្រាប់ធ្វើលំនៅឋាន និងបង្កបង្កើនផល។

ក្រោយ​ទទួលបានដីសម្បទានសង្គម​កិច្ច​នេះ ក្រុម​ទាហានបាន​​ដាក់​គ្រឿងចក្រឈូស​ឆាយ និង​ប្រើកម្លាំង​កម្មករ​ឱ្យ​ចូល​ទៅកាប់​រុករានព្រៃឈើ ប្រើអំពើហិង្សា​ បាញ់​សត្វព្រៃ​ ប៉ុន្តែត្រូវបានអ្នកភូមិរាប់រយនាក់​នៅឃុំត្រពាំង​ជោរ​ តវ៉ា​ប្រឆាំង រួមទាំងដាក់ញត្តិ​ទៅ​ក្រសួងពាក់ព័ន្ធនានា ដោយពួកគេអះអាងថា ព្រៃឈើតំបន់នោះជាព្រៃសហគមន៍ឧត្ដមស្រែពស់ ​ ដែលពួក​គេ​​បាន​ការ​ពារ​ជាង​២០​ឆ្នាំមកហើយ។

តែយ៉ាងណា ​អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃទី៧ ខែកញ្ញា ថា ​លោកមានឯកសារផែនទីកំណត់ព្រំដី​ចំនួន៨៨៧ហិកតាសម្រាប់សហគមន៍​ តែតម្រូវឱ្យសហគមន៍ជាអ្នក​រៃអង្គាសប្រាក់​ ដើម្បីឱ្យមន្រ្តីខាងសុរិយោដី​ចុះទៅកំណត់ព្រំដីសហគមន៍ជូនពួកគាត់​ ហើយ​អាជ្ញាធរមូលដ្ឋាន​ត្រូវមានភារកិច្ច​ការពារ​​ដីសហគមន៍ផងដែរ​៕

​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ