កម្ពុជា​ផ្តល់​អង្ករ​ ​៦​០០០​តោន​ដល់​ប្រទេស​គុយបា​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃជាមួយប្រធានាធិបតីគុយបា លោក Miguel Diaz-Canel កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសលោកធ្វើដំណើរបំពេញទស្សនកិច្ចក្នុងប្រទេសមួយនេះ។ (នាយករដ្ឋមន្ត្រី ហ៊ុន សែន)

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្តល់អង្ករចំនួន ៦ ០០០តោនដល់រដ្ឋាភិបាលនិងប្រជាជនគុយបា ដោយការផ្តល់នេះធ្វើឡើងស្របពេលដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងប្រទេសមួយនេះ។

ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន នៅថ្ងៃទី២៥ ខែកញ្ញា បានបញ្ជាក់ថា កម្ពុជាបានផ្តល់អង្ករ ៦ ០០០តោនដល់រដ្ឋាភិបាល និងប្រជាជនគុយបា។ ការប្រកាសផ្តល់ជំនួយអង្ករនេះ បានធ្វើឡើងក្នុងជំនួបរវាងលោកនាយរដ្ឋមន្ត្រី ជាមួយប្រធានាធិបតីគុយបា លោក Miguel Diaz-Canel នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។

លោក ហ៊ុន សែន ឱ្យដឹងថា ​ អង្ករ ៦ ០០០តោននេះ មាន ៣ ០០០តោន ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយ ៣ ០០០តោនទៀតជាជំនួយរបស់វិស័យឯកជន។

​នាយករដ្ឋមន្ត្រីកម្ពុជាបានឱ្យដឹងថា អង្ករ ៦ ០០០តោននោះ នឹងដឹកចេញពីកម្ពុជានៅខែតុលា ហើយដឹកដល់ប្រទេសគុយបានៅក្នុងខែធ្នូ ឆ្នាំ២០២២។

ប្រភពដដែលលើកឡើងថា  ប្រធានាធិបតីគុយបា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ប្រជាជន និងវិស័យឯកជនរបស់កម្ពុជាសម្រាប់ការផ្តល់ជំនួយជាអង្ករនេះ។

នៅក្នុងជំនួបនោះ លោក ហ៊ុន សែន និង​ប្រធានាធិបតីគុយបា បានជជែកគ្នាពីការរៀបចំឱ្យមានទស្សនកិច្ចរបស់ក្រុមអ្នកបច្ចេកទេសផ្នែកកសិកម្ម ដើម្បីសិក្សាស្រាវជ្រាវផ្នែកកសិកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើដំណាំស្រូវ ដោយលោកបញ្ជាក់ថា កម្ពុជាជាអ្នករ៉ាប់រងរាល់ការចំណាយលើការ​ស្រាវជ្រាវនេះ។

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការសិក្សាស្រាវជ្រាវលើវិស័យកសិកម្ម គឺជាចំណែកមួយសម្រាប់ធានាដល់សន្តិសុខស្បៀងរវាងកម្ពុជា និងប្រទេសគុយបា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ