សហគមន៍ស្នើរដ្ឋាភិបាលបង្កើនការការពារដែនជម្រកសត្វព្រៃព្រះរការ ខណៈការដឹកឈើចេញនៅតែបន្តកើតមាន

រូបភាពពីលើអាកាស បង្ហាញទិដ្ឋភាព​ព្រៃឈើ​ដួលរាបលើដី ​ក្នុងដែនជម្រកសត្វព្រៃព្រះរការ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ​ បន្ទាប់ពីរងការកាប់បំផ្លាញ អំឡុងខែសីហា ឆ្នាំ២០២២។ (រូបភាព៖ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ)

សហគមន៍ជនជាតិ​ភាគតិចគួយ​ នៅឃុំប្រមេរុ ​ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ​​ បានស្នើជាថ្មីដល់រដ្ឋាភិបាល ជាពិសេស​​​​អាជ្ញាធរមូលដ្ឋាន និង​ក្រសួង​ពាក់​ព័ន្ធ ​បង្កើន​ការ​​ការពារ​​ព្រៃឈើ​នៅ​​ដែនជម្រកសត្វព្រៃ​ព្រះ​រការ ដោយពួកគេ​អះអាងថា ​ការដឹកឈើខុសច្បាប់ចេញ​ពី​ព្រៃមួយនេះ​នៅតែ​បន្តកើត​មាន​​ជា​រៀង​រាល់ថ្ងៃ​។

បណ្ដាញ​យុវជ​នព្រៃ​​ព្រះរការ លោក ងន់ ហ៊ីម អាយុ​២៩ឆ្នាំ ​មាន​ប្រសាសន៍នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២​នេះ​ថា កន្លងមក ​​សហគមន៍​ប្រមេរុ បាន​​ចេញ​​​របាយ​ការណ៍ស្ដីពី «បទល្មើសក្នុងព្រៃព្រះរការ» នេះ​មក​ជាហូរហែ និងបានស្នើដល់អាជ្ញាធរពាក់ព័ន្ធជួយ​ទប់ស្កាត់បទល្មើសទាំងនោះ ប៉ុន្តែ​អាជ្ញាធរនិងមន្ត្រីបរិស្ថាននៅតំបន់នោះហាក់មិនមានការអើពើ ហើយ​ថែមទាំង​បន្ត​បើកដៃ​ឱ្យ​មានការកាប់បំផ្លាញព្រៃឈើ​នៅតំបន់នេះថែមទៀត។

លោកបន្តថា ​​បច្ចុប្បន្ន​​ ជនល្មើសកាប់ព្រៃឈើ​ភាគច្រើនគឺជាប្រជាពលរដ្ឋចំណាកស្រុក ​ដោយ​អ្នក​មាន​លុយមាន​អំណាច​បាន​ជួល​ពួកគេ​ដោយមានផ្នែកផ្សេងៗ ដូចជា​ អ្នក​កាប់​ អ្នកដឹកជញ្ជូន​ និងត្រូវបាន​ការ​ពារដោយ​​អាជ្ញាធរមូលដ្ឋានផងដែរ​ ហើយ​ការ​ដឹកចេញនោះទៀតសោត ក្នុង​មួយថ្ងៃៗមាន​ជាង​​១០​គោយន្ត នេះបើគិត​តែក្នុងឃុំប្រមេរុមួយ​។

លោកថា៖ «សកម្មភាពគេដឹករាល់ថ្ងៃ​ ឈើគេអារហើយ​រាប់​រយ​ដើម​​ទុក​ក្នុង​ព្រៃ អ្នក​អារ​ក៏អារ​ អ្នក​ដឹក​ផ្សេងអ៊ីចឹង​ទៅ​ កាប់ក៏[មាន]គេកាប់ផ្សេងអ៊ីចឹងទៅ​»។​

លោកបន្តថា ​ព្រៃព្រះរការ មិនមែន​ជាព្រៃ​របស់លោក ឬសហគមន៍ជនជាតិដើម​នោះទេ តែ​ជា​​សម្បត្តិរបស់​ជាតិ​ ដែលករណីនេះ លោកស្នើ​ទៅ​​អាជ្ញាធរ​ដែល​ពាក់​ព័ន្ធ​​សហការ​ និងបើក​ឱ្យប្រជាពលរដ្ឋ​​ចូល​ល្បាត ​ហើយ​​អាជ្ញាធរ​​ត្រូវ​បន្ថែម​​ការ​​យក​ចិត្តទុក​ដាក់​ក្នុងការបង្ក្រាបបទល្មើស ដើម្បីធា​នា​ថា​មិនមានការ​កាប់ឈើចេញពី​ព្រៃ​ព្រះរការជា​​បន្ត​ទៀត​។

លោកថា៖ «រាល់ថ្ងៃនេះ គេមិនឱ្យទៅល្បាត!​ មានការកាប់! នៅពេលដែលយើងទៅ​មិនផ្លូវការ​ ទៅដល់​ឃើញឈើដេកដួល គេកាប់តាមផ្លូវ​អ៊ីចឹង​។ ពេលខ្លះ​គេកាប់ទាំងថ្ងៃ ពេលខ្លះ​យើងអត់ដឹងថា​មានវិធីសាស្រ្តណា​ឱ្យ​មាន​​ប្រសិទ្ធភាពដើម្បីការពារ​»។

យុវជនជនជាតិកួយម្នាក់ទៀត​ លោក ខាក់ ភារិទ្ធិភាស៊ី​ សម្ដែងការ​សោកស្ដាយដែ​ល​​អាជ្ញាធរ​មិនអើពើ​ចំពោះ​​ការ​​កាប់បំផ្លាញ​ព្រៃឈើ​នៅដែនជម្រក​សត្វ​ព្រៃព្រះរការ​នេះ ព្រមទាំង​បាន​ហាមឃាត់មិនឱ្យ​សហគមន៍ចូលរួមការពារ​ឈើនេះ​។

មិនតែប៉ុណ្ណោះ លោកថា ក្រោយ​ប្រជាសហគមន៍បង្ហាញរបាយការណ៍ជុំវិញការរកឃើញបទល្មើស​ព្រៃឈើ អាជ្ញាធរមានសមត្ថកិច្ច បានហៅពលរដ្ឋទៅសួរនាំ និងបង្ហាញទីតាំងនៃបទល្មើស នៅថ្ងៃអង្គារស្អែកនេះ ដោយ​មិនឱ្យ​អង្គការសង្គមស៊ីវិល ​និងអ្នកសារព័ត៌មានទៅជួយ​ឃ្លាំមើលនោះទេ។ ករណីនេះ លោកថា សហគមន៍​បារម្ភពីការចោទប្រកាន់ណាមួយ​របស់មន្ត្រីទៅលើពលរដ្ឋដែលជាអ្នកការពារព្រៃឈើ។

​​លោកថា៖ «បើថាទៅតិចតួច អត់ទៅទេ​ ខ្លាច​គេរករឿងថា​យើងទៅ​ចោទប្រកាន់គេ គេអ្នក​កាន់ច្បាប់ការ​ពារ​ព្រៃឈើ​ ព្រោះយើងបង្ហោះអ៊ីចឹង​បង្ខូច​គេ​ គេការពារអត់បានអញ្ចេះអញ្ចុះ។ បើយើងស្គាល់ទីតាំងអស់ យើងអត់បារម្ភទេ​»។

មេឃុំប្រមេ​រុ លោក​ សឹម លាម បានលើកឡើងថា កន្លងទៅ​ ពិតជាមានបទល្មើសតិចតួចបានកើតឡើង​ពិតមែន ប៉ុន្តែ​បច្ចុប្បន្ន លោកមិនឃើញមាន​បទល្មើសព្រៃឈើកើតមាន​នៅ​តំបន់ដែនជម្រកសត្វព្រៃព្រះរការ​នេះទៀតទេ ក្រោយអាជ្ញាធរពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាប។ ចំណែករឿង​មន្រ្តីបរិស្ថាន​ឱ្យតំណាងសហគមន៍​ប្រមេរុទៅបង្ហាញកន្លែងបទល្មើសនោះ លោកមិនបានដឹងនោះទេ​។​

លោកថា៖ «ដឹកឈើចេញពីអង្កាល់​? រាល់ថ្ងៃខ្ញុំដូចជាអត់ឃើញរាល់ថ្ងៃ​ ក្រែងទៅខាងឃុំពោធិ៍ទេដឹង! បើខាងប្រមេរុ អត់​មាន​ទេ​»។

​ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ​ បានឱ្យដឹងថា​ លោកពុំទាន់បានទទួល​ព័ត៌មាន​ដែល​ថា​​មានបទល្មើសព្រៃឈើនោះទេ​ ចំណែករបាយការណ៍ដែល​សហគមន៍​ជនជនជាតិដើម​កួយ ​រកឃើញបទល្មើស​​ជាង​២០០ករណីនោះ​ រូប​លោកនិងមន្រ្តីបរិស្ថាន​ក៏បានចុះទៅពិ​និត្យទីតាំងនោះដែរ​ ប៉ុន្តែ​មិនបានរកឃើញ​បទល្មើសនោះទេ។

បន្ថែមពីនេះ ​ប្រធានមន្ទីរបរិស្ថានរូបនេះបន្តថា​ លោក​បានហៅ​តំណាងសហគមន៍ទៅបង្ហាញ​ទីតាំងបទល្មើស​នោះជាមួយគ្នា​​ តែមិនមានតំណាងសហគមន៍ទៅជាមួយនោះ​ទេ​។

លោកថា៖ «ខ្ញុំធ្លាប់ហៅគាត់ចូលរួម តែគាត់អត់ចូលរួម​ផង​ កាលពីកន្លះខែមុន។​ អត់មានបទល្មើសព្រៃឈើនោះទេ​»។

មន្រ្តី​គម្រោងតស៊ូ​មតិ​ នៃគម្រោង​អ្នកការពារព្រៃឈើ ​នៃ​​សមាគម​បណ្ដាញយុវជនកម្ពុជា​ លោក សាន ម៉ាឡា​ យល់ស្របដូច​អ្វី​ដែល​ប្រជាសហគមន៍ថា ​​ដែនជម្រកការពារសត្វព្រៃ​ព្រះរកា​រ អាច​បាត់បង់​ព្រៃឈើ​ ប្រសិន​បើ​​សកម្មភាព​នៃការកាប់បំផ្លាញដូចសព្វថ្ងៃនេះនៅតែបន្ត​​ ខណៈ​មាន​ការ​រារាំង​​សហគមន៍​មិនឱ្យចូលរួមល្បាតនោះ​។

លោកថា​៖ ​«សម្រាប់ខ្ញុំ យើងបានធ្វើការងារជិតស្និទ្ធជាមួយសហគមន៍​ និងតែងតែចុះទៅអង្កេ​ត​ឃ្លាំមើល​ការ​ពារ​ព្រៃឈើជាប្រចាំ។ ខ្ញុំយល់ស្រប​ជាមួយការលើកឡើងរបស់សហគមន៍​ យ៉ាងយូរ៥ទៅ១០​ឆ្នាំទៀ​ត​ ដែន​ជម្រកការពារព្រៃព្រះការ ​នឹងរងការវិនាសបាត់បង់ទាំងស្រុង​​»។

បើតាម​​សេចក្តីប្រកាសព័ត៌មាន​របស់​ជនជាតិដើមភាគតិច​កួយ ភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ​ កាលពីដើមខែកញ្ញា ឱ្យដឹងថា ​​តា​មរយៈ​ការ​ចុះអង្កេតចំនួន២លើក កាលពីចុងខែកក្កដា និងខែសីហាកន្លងទៅ​​ បាន​រកឃើញ​បទល្មើសព្រៃឈើកើតឡើងចំនួន២៤៩ករណី ក្តារបន្ទះបន្សល់ទុកចោលចំនួន២៨៦សន្លឹក ឈើតាប់ឬឈើដែលគេច្រៀកក្រាស់ៗ ចំនួន៣១៣សន្លឹក​ ប្រទះ​ឃើញ​ រទេះក្របីកំពុងដឹកឈើចំនួន​៣គ្រឿង គោយន្តចំនួន០២គ្រឿងផងដែរ។

​អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២២​​ បានចេញ​របាយការណ៍​ដោយ​បង្ហាញ​​​ថា ក្នុង​ឆ្នាំ​២០២១ ព្រៃឈើ​​​​​​ជាង៦ ០០០​​ហិកតា ​​នៅ​តំបន់ជម្រកសត្វព្រៃ «​ព្រៃឡង់​» និង«​​ព្រៃ​ព្រះ​រការ» ត្រូវបានកាប់បំផ្លាញ​ ដោយ​​មាន​​​​ការ​ទទួល​​​​សំណូក​ និង​ការ​​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​​​របស់​អាជ្ញាធរ​​ពាក់ព័ន្ធ។ ទំហំនៃការបាត់បង់ផ្ទៃដីព្រៃឈើនៅតំបន់ការពារទាំង២នេះ អង្គការលើកលែងទោសអន្តរជាតិ​ អះអាងថា មានទំហំស្មើនឹងទីលានឬតារាងបាល់ទាត់ចំនួនជិត ១ម៉ឺនទីតាំង (៨ ៧៨៤ទីតាំង)។

រាជរដ្ឋាភិបាល​បាន​ដាក់បញ្ចូល​ព្រៃ​ព្រះ​រការដែលមានទំហំជិត១០ម៉ឺនហិកតា ​ជា​តំបន់ដែន​ជម្រក​សត្វ​ព្រៃ​​ កាល​ពី​ឆ្នាំ២០១៦។ ព្រៃអភិរក្សមួយនេះ គ្រប​ដណ្ដប់​លើ​ភូមិសាស្ត្រប្រជុំ​​​​ស្រុកចំនួន៣ រួម​មាន ​​ស្រុក​​​ជាំ​ក្សាន្ត ស្រុក​ត្បែង​មានជ័យ និង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ