គណបក្ស៤មិនទាន់បានការឆ្លើយតបពីរដ្ឋសភាលើការស្នើសុំពិគ្រោះយោបល់ច្បាប់ពាក់ព័ន្ធការបោះឆ្នោត

លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងក្នុងសន្និសី​ទ​ស្ដីពី «សំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា» រៀបចំដោយ​​​គ​​​​ណ​បក្សភ្លើងទៀន គណ​​បក្សប្រ​ជាធិ​បតេ​យ្យមូលដ្ឋាន​ គណបក្សឆន្ទៈ​ខ្មែរ ​គណ​បក្សកែ​ទ​ម្រង់​កម្ពុ​ជា និ​ងគ​​​ណ​បក្សកម្ពុជានិ​យម នៅរាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តំណាង​មន្ត្រីគណបក្សក្រៅរដ្ឋាភិបាលចំនួន​៤ បានឱ្យដឹង​ថា មកដល់ពេលនេះ ពួកគេ​នៅ​មិន​ទាន់​​ទទួ​ល​បានការ​​ឆ្លើយ​តប​ណាមួយពីរដ្ឋសភានៅឡើយ បើទោះបីជាពួកគេបានដាក់លិខិត​​ជា​ថ្មីទៀតទៅ​ស្ថាប័ន​មួយ​​នេះ ដើម្បីសុំជួបពិគ្រោះយល់ទៅលើមូលដ្ឋាន​ច្បាប់​ និងលំហ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។ 

គណបក្សនយោបាយទាំង៤ ដែលទាមទារឱ្យកែលម្អប្រព័ន្ធ​នៃការបោះឆ្នោត និងសិទ្ធិសេរីភាព​ខាង​នយោ​​បាយនៅមុនការបោះឆ្នោតជាតិខាងមុខនេះ រួមមាន គណបក្សភ្លើងទៀន គណបក្ស​​ប្រជាធិបតេយ្យមូលដ្ឋាន គណបក្ស​​​ឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា។

លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ឱ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញានេះ​​ថា គណបក្សនយោបាយនៅក្រៅរដ្ឋាភិបាលទាំង៤ បានដាក់លិខិតទៅរដ្ឋសភាជាថ្មីទៀតកាល​ពីថ្ងៃ​ទី១៩ ខែកញ្ញា ដើម្បី​សុំ​ជួប​ពិគ្រោះយោ​បល់លើ​ទៅ​លើ​​​មូល​ដ្ឋាន​​ច្បា​ប់ និង​​លំ​​​​ហប្រជាធិ​​ប​​តេយ្យ ដែលខ្លួនចាត់ទុកថា ដំណើរ​ការ​ច្បាប់ ជាពិសេសច្បាប់ពាក់ព័ន្ធ​នឹងការបោះ​ឆ្នោត ​ហាក់​មាន​​ការ​​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើងៗទៅ​​​​​លើ​សេរីភាព​​ន​​យោ​បាយ។ 

លោកបន្តថា គិតមកដល់ថ្ងៃចន្ទនេះ ពួកគេ​​នៅ​មិន​ទាន់​​​ទទួលបាន​​​​ការ​​​​ឆ្លើ​​យ​​​​ត​​ប​ណា​មួយ​ពី​ភាគី​រដ្ឋ​សភា​​​​​​នៅឡើយទេ។ លោកបន្តថា ប្រសិន​បើ​ការស្នើសុំ​​ណាត់​​ជួប​​លើក​​ទី២​​នេះ រដ្ឋសភានៅតែបដិ​​សេ​​ធ​​ទៀត នោះពិតជាគ្មានជម្រើសផ្សេងទេ គឺ​មាន​តែ​​សុំ​​ជួ​​ប​ដោយ​​ផ្ទាល់ជាមួយ​​គណ​​បក្សប្រ​​ជាជន​​កម្ពុជាវិញ។

លោកបន្តថា៖ «យើងបានបានដាក់រួចហើយ លិខិតលើកទី២នេះ។ ប៉ុន្តែវាដូចជាស្ងាត់ឈឹង មិន​ឃើ​​ញ​​​ឆ្លើយ​តប​វិញ​ទេ។ ប្រសិនបើលើកនេះមិនឆ្លើយតបទៀត យើង​ក៏គ្មានមធ្យោ​​បាយ​​​ដែរ។ ​​បើ​​គិ​​​​តទៅ មានតែជួបជាមួយគណបក្សប្រជាជនកម្ពុជាវិញដោយផ្ទាល់ ព្រោះរដ្ឋសភា​​ក៏ជាបក្សប្រជា​​ជន​​កម្ពុជា ហើយក្រសួងមហាផ្ទៃក៏បក្សប្រជាជន»។ 

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ កន្លងទៅ រដ្ឋសភាធ្លាប់បានច្រានចោលសំណើសុំជួបពីតំ​​ណា​​​ង​​​​គណ​​បក្ស​នយោបាយទាំង៤នេះម្តងរួចមកហើយ នៅបន្ទាប់ពីគណបក្សនយោបាយ​​ទាំង​៤​បាន​​​ដាក់​​​​សំ​​​ណើ​សុំជួបលោក ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី១៧ ខែ​សីហា តែ​ត្រូវ​បរា​ជ័យ។ ​​លិ​​ខិត​​​ឆ្លើយ​​តប​​​​របស់រដ្ឋសភា សម្អាងហេតុថា បទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃ​រដ្ឋ​​​ស​​ភា ពុំមាន​​​​ចែ​ង​​​អំ​​ពីបទបែបបទនិងនីតិវិធីនៃការជួបពិភាក្សារវាងរដ្ឋសភា និងគណបក្សន​​យោ​បា​​យដែល​​គ្មាន​​អា​​សនៈ​​នៅក្នុងរដ្ឋសភាឡើយ។

វីអូឌី មិនអាចស្នើសុំការបញ្ជាក់​បាននៅឡើយទេពីអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង នៅថ្ងៃទី២៦ ខែកញ្ញា​នេះ។

បើទោះជាបែ​ប​ណា អ្នកនាំពាក្យរដ្ឋសភាធ្លាប់បានឆ្លើយតប​កាលពីថ្ងៃទី៥ ខែកញ្ញា ថា​ក្នុង​នាម​​​ស្ថា​​ប័ន​​​កំពូល​របស់ជាតិមួយនេះលើកទឹក​ចិត្ត​ឱ្យ​​​គណបក្សនយោបាយទាំងនោះរៀប​​​ចំ​ញ​ត្តិសា​​ជា​​ថ្មី​​ទៀត ប្រសិនបើបក្សនយោបាយដែលនៅក្រៅរដ្ឋាភិបាលមានបំណងចង់ជួប​​ពិ​​គ្រោះ​​​​​យោបល់ជា​​មួយ​​រដ្ឋសភា ហើយលោកក៏នឹងស្នើសុំគោលការណ៍បន្តទៅថ្នាក់ដឹកនាំកំពូលនៃ​​រដ្ឋ​សភា ដើម្បី​​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​អំពី​រឿង​នេះ។ 

លោកបន្តថា៖ «ឥឡូវដាក់មក តែខ្ញុំអត់ដឹងទេ ព្រោះ​ទាល់សុំយោបល់ពីថ្នាក់លើទៀត»។

ការបដិសេធរបស់រដ្ឋសភានេះ ស្របពេលស្ថាប័នជាតិ​រៀបចំការបោះឆ្នោត និងក្រសួងមហាផ្ទៃ បា​​​ន​​​បើក​ផ្លូវឱ្យមានជំនួបរួចមកហើយ ក្នុងគោលបំណងប្រហាក់ប្រហែលគ្នានេះ ជាមួយតំណាង​​គ​ណ​​បក្សនយោបាយទាំង៤។

​នៅក្នុងខ្លឹមសារនៃលិខិតរួមគ្នារបស់បក្សនយោបាយទាំង៤ កាលពីថ្ងៃទី២៥ ខែសីហា ឱ្យដឹងថា កា​​រ​​​ស្នើសុំជួបនេះ គឺក្នុងទិសដៅដើម្បីស្នើឱ្យស្ថាប័នជាតិកំពូលមួយនេះកែលម្អប្រព័ន្ធបោះឆ្នោត ​និង​​​សេ​​រីភាព​​​​ខាង​ន​​យោ​បា​​យ ដើម្បី​​ធា​​នា​ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ ខាង​​​មុខ​​នេះ ប្រព្រឹត្តទៅ​​ដោ​យ​​​​សេរី ត្រឹមត្រូវ និង​​យុត្តិ​​ធម៌។

យ៉ាងណា ស្ថាប័នជាតិរៀបចំការបោះ​​ឆ្នោតបញ្ជាក់​​នៅចំពោះមុខ​តំណាងគណបក្សន​​យោបាយ​​ទាំង​​៤ ថា​គោលការណ៍ទាំ​ង​១៦​ចំណុចដូច​​ដែលមាន​​នៅក្នុង​​​លិ​ខិតរួមនេះ មិន​ពាក់ព័ន្ធ​នឹង​​សមត្ថ​កិច្ច​របស់ គ.ជ.ប ទាំងស្រុងទេ តែ​​ទាក់​​ទង​​នឹងរដ្ឋសភា និង​​​ក្រ​​សួង​មហាផ្ទៃច្រើន​​ជាង។ ​​ដោយ​​ឡែក ក្រសួងមហាផ្ទៃទទួលស្គាល់នៅចំពោះមុខជាមួយតំ​​ណា​​ង​​​​គណបក្សនយោ​​បាយ​​ទាំង៤ ក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី១៥ ខែកញ្ញា ថា​ក្រសួងមហាផ្ទៃ​​នឹង​​ពិ​​និ​​ត្យ​​​​ទៅ​​លើភាពខ្វះខាត​​របស់​​ខ្លួនក្នុងការអនុវត្តតួនាទីនិងភារកិច្ច ដូចដែលតំណាង​​គណបក្ស​​ន​​យោ​​​​​​បាយ​​​ទាំង​​៤លើក​​ឡើង​​នេះ។

លោក សេក សុជាតិ ស្ថាបនិកនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត យល់ឃើញថា ប្រសិនបើស្ថាប័ន​​រដ្ឋ​​ស​​​​ភាមិនបើកផ្លូវឱ្យមានការជួបពិគ្រោះយោបល់ពីតំណាងគណបក្សនយោបាយទាំង៤ ឆ្លុះបញ្ចាំ​​ង​​ឱ្យ​​ឃើញពីការអនុវត្តច្បាប់មិនមានតម្លាភាព ជាពិសេសទំនងជាខ្លាចខាត​​ប្រយោជន៍​​របស់គណ​​ប​​ក្ស​​ប្រជាជនកម្ពុជា។

លោកបន្តថា៖ «នេះជារឿងមិនល្អទេ ដែលបិទផ្លូវមិនឱ្យគណបក្សនយោបាយទាំង៤ជួប។ ការ​បិទ​​​ផ្លូវ​​​នេះបង្ហាញថា អាចជាការការពារផលប្រយោជន៍ឱ្យ​​គណបក្សកាន់អំ​​ណាចច្រើនជាង»។

មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ កឋាខណ្ឌទី២ ចែងថា សេចក្តីស្នើទាំងឡាយណារបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ