អង្គការធ្វើការផ្នែកសុខភាព លើកឡើងថា បារីអេឡិចត្រូនិច និងផលិតផល «អេចឈ៍ ធី ភី» នៅតែមានអ្នកផ្សព្វផ្សាយលក់ ប្រើប្រាស់ នាំចូល និងលក់ចែកចាយនៅលើបណ្ដាញសង្គម ដែលផ្ទុយពីការហាមឃាត់របស់រាជរដ្ឋាភិបាល។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សម្ព័ន្ធកម្ពុជាដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង បានឱ្យដឹងនៅថ្ងៃអង្គារទី២៧ ខែកញ្ញានេះថា បារីអេឡិចត្រូនិច និងផលិតផល «អេចឈ៍ ធី ភី» ដែលអ្នកផលិតថាជាផលិតផលផ្ដាច់បារី ប៉ុន្តែផ្ទុយទៅវិញ ផលិតផលនេះមានគ្រោះថ្នាក់ខ្លាំងដល់សុខភាព ពីព្រោះបារីនេះមានផ្ទុកជាតិនីកូទីន ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះកុមារ និងយុវជន។ នីកូទីននេះបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាលរបស់កុមារនិងយុវជន ធ្វើឱ្យចងចាំមិនល្អ ភ្លេចភ្លាំង នាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារ ការរៀនសូត្រ រួមទាំងប៉ះពាល់ដល់បេះដូងនិងសួត ជាដើម។
ការផ្សព្វផ្សាយបំភ័ន្តដោយអ្នកចែកចាយ និងអ្នកផលិតថាជាផលិតផលជួយដល់ការផ្ដាច់បារី ពុំដូចការលើកឡើងនោះទេ ពីព្រោះអ្នកប្រើប្រាស់បារីអេឡិចត្រូនិចនឹងមានទំនោរប្រើប្រាស់បារីច្រើនជាមុនទ្វេដង។
អ្វីដែលគួរឱ្យកត់សម្គាល់ សម្ព័ន្ធកម្ពុជាដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង សង្កេតឃើញថា បារីអេឡិចត្រូនិច និងផលិតផលអេចឈ៍ ធី ភី ត្រូវបានរាជរដ្ឋាភិបាលហាមឃាត់ មិនឱ្យប្រើប្រាស់ នាំចូល និងចែកចាយលក់ក៏ដោយ ក៏នៅតែមានការផ្សព្វផ្សាយលក់ផលិតផលទាំងនេះតាមបណ្តាញព័ត៌មានសង្គមផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកផលិតបារីអេឡិចត្រូនិចបានផលិតទឹកសូលុយស្យុងរសជាតិ ដោយភ្ជាប់ទៅនឹងម៉ាកផលិតផលមួយចំនួនដែលយុវជននិងកុមារបានស្គាល់ស្រាប់ ដូចជា ភេសជ្ជៈកូកាកូឡា ប៉ិបស៊ី ហ្វាន់តា គោជល់ ស្ករកៅស៊ូឌុបបលមីន និងស្ករផ្លេ ជាដើម ដើម្បីទាក់ទាញអ្នកជក់ថ្មីដែលជាយុវជននិងកុមារ ស្របពេលដែលមនុស្សកំពុងមានទំនោរបោះបង់ទម្លាប់ប្រើប្រាស់បារីធម្មតា៕