ផ្សារបុរាណជាសសរស្ដម្ភដ៏សំខាន់សម្រាប់សង្គមខ្មែរ

ទីតាំងខាងមុខផ្សារអូរឫស្សី ថតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។ (បញ្ញា ឆពណ្ណ)

“តុក តុក តុក…” សំឡេង​កាប់​សាច់ចេញពីជ្រុងមួយ​នៃ​ «ផ្សារ​​ទួល​ទំពូង​» ដែល​ជា​ផ្សារ​ដ៏​ចំណាស់​មួយ​នៅ​កណ្ដាល​រាជធានីភ្នំពេញ។ នៅ​ឯ​ជ្រុង​ម្ខាង​ទៀត អាជីវករ​ដែល​មាន​តូប​ជាប់ៗគ្នា ​ជជែក​គ្នា​ពី​នេះ​ពីនោះ​មិន​ចប់រឿង។

ផ្សារ​ទួល​ទំពូង​ គឺជា​ផ្សារ​បុរាណមួយ​ដែល​ពេញនិយម​សម្រាប់​ភ្ញៀវ​ទេសចរបរទេស ដែលពួកគេ​ភាគច្រើនស្គាល់​ផ្សារនេះក្រោម​ឈ្មោះថា «Russian Market» ឬ «ផ្សារ​រុស្ស៊ី»។​

ផ្សារ​បុរាណ​នៅ​កម្ពុជា​តែងតែមាន​សកម្មភាពមមាញឹកខ្លាំង ហើយ​​អាជីវកររូតរះ​បើក​ដំណើរ​ការ​អាជីវកម្ម​របស់​ពួកគេ​ពី​ព្រឹក​ព្រលឹម និង​​បិទ​ទៅវិញ​​នៅ​មុន​ថ្ងៃ​លិច។ ​ផ្ទុយ​ពី​ផ្សារ​ទំនើប​​ដែល​កំពុង​តែរីកដុះដាល​ក្នុង​ពេល​បច្ចុប្បន្ន ដែល​ចាប់​ផ្ដើម​បើក​ទ្វារ​យឺតជាង ប៉ុន្តែ​ដំណើរ​ការ​អាជីវកម្ម​អាច​​នៅ​បន្ត​រហូតដល់​ម៉ោង​៩ ឬម៉ោង​១០​យប់។

សកម្មភាពក្នុងផ្សារទួលទំពូង

នៅទីក្រុងភ្នំពេញមានផ្សារបុរាណជាច្រើន ​ដូចជា ផ្សារធំថ្មី ផ្សារទួលទំពូង ផ្សារអូរឫស្សី ផ្សារអូឡាំពិក ផ្សារដើមគរ និងផ្សារចាស់ ជាដើម។ ផ្សារ​ទាំង​នេះ​ដើរ​តួ​ជា​ផ្សារ​លក់​រាយ​ផង ផ្សារលក់​ទំនិញ​បោះ​ដុំផង។ រីឯ​ផ្សារ​ខ្លះ​ទៀត ​ដូចជា ​ផ្សារ​ធំថ្មី ផ្សារទួល​ទំពូង ជាដើម មិន​គ្រាន់តែជា​ផ្សារ​បុរាណ​ក្នុង​ស្រុក​តែប៉ុណ្ណោះទេ ប៉ុន្តែ​ផ្សារទាំង​នេះ​បានរួម​ចំណែក​បម្រើ​ឱ្យផ្នែក​ទេសចរណ៍​ផងដែរ។ មគ្គទេសក៍ទេសចរណ៍តែងតែ​ណែនាំ​ភ្ញៀវ​បរទេសឱ្យ​មកទស្សនា​និង​ទិញ​វត្ថុ​អនុស្សាវរីយ៍​នៅ​ផ្សារ​ចំណាស់​ទាំង​នេះ។

ភាពខុសគ្នារវាង​ផ្សារ​បុរាណ​ និង​ផ្សារ​ទំនើប

​ជាទូទៅ «ផ្សារបុរាណខ្មែរ» មាន​​ផ្លូវដើរតូចចង្អៀត និងមាន​តូបលក់​កៀកៗគ្នានៅសងខាងផ្លូវ ដែលពោរពេញទៅដោយទំនិញគ្រប់ប្រភេទដាក់តាំង​ស្អេកស្កះ។ ជួនកាល​ការ​ដាក់​តាំង​ទំនិញហៀរហូរ​ស្ទើរ​តែ​គ្មាន​កន្លែង​ដើរ។ អតិថិជន​ត្រូវ​ទទួល​យក​បរិយាកាស​ប្រជ្រៀត​ស្ទើរ​តែ​ជាន់​ជើង​គ្នា​ រួម​ផ្សំ​ជាមួយ​នឹង​ពន្លឺ​មិន​សូវ​គ្រប់​គ្រាន់​ និង​​ខ្យល់ចេញ​ចូល​មិន​សូវ​បរិបូណ៌ផង​។​ នៅ​ទីនេះ​មានទំនិញ​ចម្រុះ ដូចជា ម្ហូបអាហារ នំនែក បន្លែ ផ្លែឈើ ត្រី សាច់ ក្រណាត់ សម្លៀកបំពាក់ ស្បែកជើង វត្ថុអនុស្សាវរីយ៍ គ្រឿងអលង្ការ នាឡិកា គ្រឿងអេឡិចត្រូនិច គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងអ្វីៗជាច្រើនទៀត។ ក្នុងផ្សារបុរាណខ្លះទៀតក៏មានហាង​កាត់​សក់ និងហាងធ្វើក្រចកផងដែរ។

ទំនិញ​​គ្រប់​មុខ​គ្មាន​ស្លាក​តម្លៃ​ទេ។ ​អ្នក​លក់​តែង​តែ​កាត់ថ្លៃ​ច្រើន​ឬ​តិច​តាម​របៀប​នៃ​ការ​លក់​​របស់​អាជីវករ​​នីមួយៗ។ ប៉ុន្តែ​អ្នក​ទិញ​អាច​តថ្លៃ​បាន ឬ​ជួនកាល​អ្នក​ទិញ​អាច​ទារ​ចុះ​ថ្លៃ​រហូត​ដល់​ពាក់​កណ្ដាល​នៃ​តម្លៃ​ដែល​អ្នក​លក់កាត់ថ្លៃ​ឯណោះ។

ផ្សារ​បុរាណ អាចចាត់ទុកជាទីកន្លែងជួបជុំសាធារណៈ​ដ៏​សកម្ម​បំផុត​នៅក្នុង​ទីក្រុង​ភ្នំពេញ។ យើងក៏អាចនិយាយ​បានថា បើចង់ស្គាល់​ពីទីក្រុង​មួយឱ្យកាន់តែច្បាស់ គឺអាចទៅ​ផ្សារ​បុរាណបាន ព្រោះ​ទីនោះអាច​ឆ្លុះ​បញ្ចាំង​ពី​អត្តសញ្ញាណ​សង្គមរបស់​ទីក្រុងនិងប្រជាជន​ដែល​រស់នៅមជ្ឈដ្ឋាននោះ។

​ដោយឡែក​ «ផ្សា​រ​ទំនើប»​ មានទីធ្លាធំទូលាយ មានអនាម័យស្អាត មានម៉ាស៊ីនត្រជាក់ មាន​ទំនិញ​គ្រប់ប្រភេទ​ មានទាំងផលិតផល​ម៉ាក​ប្រណិត​ក្នុងស្រុកនិង​ក្រៅ​ស្រុក មានភោជនីយដ្ឋាន​​​បែប​ទំនើប​និង​ទាន់​សម័យ ព្រមទាំងមានកន្លែង​លេង​កម្សាន្តនិង​រោងកុន​ទៀតផង។ ពិសេស​ទៅ​ទៀត នៅផ្សារ​ទំនើប​មិន​ចាំ​បាច់ដើរ​ប្រជ្រៀត​គ្នា​​ទេ រួចហើយក៏មាន​ខ្យល់​និង​ពន្លឺ​គ្រប់​គ្រាន់ផងដែរ។

កត្តាទាំងនេះហើយដែលធ្វើឱ្យផ្សារទំនើបក្លាយជាគោលដៅពេញនិយមសម្រាប់ការដើរទិញ​អីវ៉ាន់ និងការកម្សាន្តផ្សេងៗរបស់មនុស្សសម័យថ្មី។

ការប្រឈម​ជាមួយ​កំណើនផ្សារទំនើប និងរបបថ្មីនៃការទិញទំនិញ

បច្ចុប្បន្ន ទីក្រុងភ្នំពេញកំពុងមានការផ្លាស់ប្ដូររីកចម្រើន និង “ការធ្វើ​ទំនើបកម្ម” មិន​ឈប់​ឈរ។ យើងអាចប្រឈម​នឹងហានិភ័យនាថ្ងៃអនាគត បើសិន​ជា​​ផ្សារបុរាណ​ត្រូវ​បាត់​បង់។ តើ​យើង​នឹង​បាត់បង់​អ្វី​ ប្រសិនបើ​​ផ្សារបុរាណ​​មិនមាន​វត្តមាន​តទៅទៀតនៅក្នុងសង្គមខ្មែររបស់យើង?

ជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស ប្រជាជនខ្មែរកំពុងស្ថិតនៅក្នុង​របប​ថ្មីមួយ គឺជា របបថ្មីនៃការទិញទំនិញតាមរយៈការកើនឡើងនៃផ្សារទំនើបជាច្រើនដែលរួម​បញ្ចូល​ចាប់ពីហាងលក់ទំនិញខ្នាតតូច និងមីនីម៉ាត (Mini-mart) រហូតដល់ផ្សារ​ទំនើប​ខ្នាតធំ​ (shopping mall) ជាដើម។

ផ្សារទំនើប AEON Mall Phnom Penh

និន្នាការបានបង្ហាញពីការកើនឡើងនៃការសាងសង់ផ្សារទំនើបក្នុងរាជធានីភ្នំពេញមាន​ដូចជា ផ្សារទំនើបអ៊ីអនម៉ល ផ្សារអេដេនហ្គាដិន ផ្សារណូរ៉ូម៉ល និងផ្សារ​ទំនើប​ជាច្រើន​ទៀត ដោយសារកត្តាជាច្រើន រួមមាន កំណើនប្រជាជន ការកើនឡើងនៃប្រាក់​ចំណូល​ដែលអាចប្រើប្រាស់បាន ការកើនឡើងនៃភាពងាយស្រួលនៃការទិញទំនិញ និងការ​ថយ​ចុះ​នៃអត្រាការប្រាក់សម្រាប់ប្រាក់កម្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុផ្សេងៗ។

ក្រៅ​ពីការកើនឡើងនៃផ្សារ​ទំនើប អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) ក៏​កំពុង​រួមចំណែក​ដើម្បី​ក្លាយ​ជា​ផ្នែក​មួយក្នុង​ការ​កំណត់​ទម្លាប់ថ្មីនៃការ​ទិញ​ទំនិញនៅ​កម្ពុជា។ អាជីវកម្មនេះ​​រីក​ចម្រើន​ខ្លាំង​ក្នុង​អំឡុង​ពេល​នៃ​ការរាតត្បាត​​ជំងឺ​កូវីដ-១៩ ដែលផ្សារ​និង​តំបន់​មួយចំនួន​ត្រូវ​បាន​បិទ​ខ្ទប់។ មូលហេតុទាំងនេះបានធ្វើឱ្យប្រជាជនកាន់តែច្រើនកំពុងងាកទៅរកភាពងាយស្រួលនៃការប្រើប្រាស់ទូរសព្ទដៃរបស់ខ្លួន ដើម្បីបញ្ជាទិញម្លូបអាហារ និងផលិតផលផ្សេងៗតាម​ប្រព័ន្ធ​​អ៊ីនធឺណិត ហើយ​ទម្លាប់ថ្មីនេះជួយសម្រួល​ជា​ខ្លាំង​ដល់​អ្នក​ទិញ ​ដោយ​គ្រាន់​តែ​បញ្ជា​ទិញពី​ក្នុង​ទូរសព្ទដៃ ពួកគេអាចទទួលបានផលិតផលនេះ​ដឹកជញ្ជូន​មកដល់​មុខ​ផ្ទះ​តែ​ម្តង​។ ការ​ទិញ​ទំនិញតាមអ៊ីនធឺណិត​ឬអនឡាញបែបនេះ អាច​កាត់​បន្ថយ​សកម្មភាពដើរទិញអីវ៉ាន់នៅ​ផ្សារ​បុរាណ។

​ប៉ុន្តែ ថ្វី​បើផ្សារ​ទំនើប​ឬ​ការ​លក់​ទំនិញ​តាម​អនឡាញផ្តល់​ភាព​ងាយ​ស្រួលនិង​ស៊ីវីល័យ ផ្សារ​បុរាណ​​អាច​ផ្ដល់​នូវ​អត្ថប្រយោជន៍​សំខាន់​មួយដែលផ្សារទំនើបមិនអាចធ្វើ​បាន​នោះ ​គឺផ្សារបុរាណផ្ដល់​បាននូវ​ទីកន្លែងជួបជុំ​ និងជាទីសាធារណៈ​សម្រាប់ប្រជាជនគ្រប់វ័យនិង​គ្រប់ឋានៈទាំងអស់ក្នុងសង្គមខ្មែរ។​

ផ្សារបុរាណ​ជាសម្បត្តិសង្គមដ៏សំខាន់

ទោះបីជាក្នុងផ្សារបុរាណមានផ្លូវដើរតូចចង្អៀតឬកខ្វក់ និងកន្លែងលក់ម្ហូប​អាហារ​អាច​មាន​ក្លិន​មិនល្អក៏ដោយ ផ្សារបុរាណនៅតែជាសម្បត្តិសង្គមដ៏សំខាន់ដែល​អាចពង្រឹងភាព​ស្អិត​ល្មួត​របស់សហគមន៍ខ្មែរបាន។

បើនិយាយពីការរចនាប្លង់ និងការរៀបចំ​ផ្នែកខាងក្នុង ផ្សារបុរាណអាចបង្កើន​ទំនាក់​ទំនង​និងការសន្ទនាជិតស្និទ្ធរវាងអ្នកលក់និងអ្នកលក់ និងរវាងអ្នកលក់​និងអ្នកទិញ​ផង​ដែរ។ ភាពចង្អៀតខាងក្នុងផ្សារ ផ្លូវដើរដែល​មាន​ទំហំ​តូច ការរៀបចំតូបលក់នៅ​កៀកៗគ្នា គឺជា​គុណ​សម្បត្តិពិសេស​ដែលអាចបង្កើត​ឱ្យមាន​ការប្រាស្រ័យ​ទាក់​ទង​គ្នាទៅវិញទៅមក​យ៉ាងជិតស្និទ្ធរវាងប្រជាជនដែលចូលមកក្នុងផ្សារបុរាណទាំងនេះ។

ចំពោះ​ទំនាក់ទំនងរវាងអាជីវករ​ដែល​លក់​ផលិតផល​ដូចគ្នា មិនមែន​សុទ្ធតែ​ជាការ​ប្រកួត​ប្រជែង​​ដណ្តើមយកអតិថិជនគ្នានោះ​ទេ។ នៅពេលអាជីវករនៅតូបមួយមិនមាន​ផលិតផល​ក្នុង​ហាងរបស់ខ្លួនដែលអតិថិជនចង់បាន អាជីវករនេះបានណែនាំឱ្យអតិថិជនរបស់ខ្លួន​ទៅ​តូបក្បែរគ្នា ដោយមិនប្រកាន់ពីការបាត់អតិថិជនរបស់ខ្លួនឡើយ។

ការ​ទៅផ្សារបុរាណញឹកញាប់​បង្កើត​បាន​ជាមិត្តភាព​រវាងអ្នកទិញនិងអ្នកទិញ​ដែលមក​ដើរ​ផ្សារ​ជាមួយគ្នាទៀតផង។ ដូចអ្នកសរសេរប្លុក (blogger) នេះបានចែករំលែកបទពិសោធ​របស់ខ្លួនពេលទៅផ្សារបុរាណម្ដងៗ។ គាត់តែងតែជួបអ៊ុំស្រីម្នាក់ និងតែងតែនិយាយ​លេង​ជាមួយ​គ្នាទៅវិញ​ទៅ​មក។ គាត់បានហៅថាអ៊ុំស្រីនោះជាមិត្តដើរផ្សាររបស់គាត់។

“មិត្តដើរផ្សាររបស់ខ្ញុំ” អ្នកសរសេរប្លុក (Blogger) សំដៅទៅលើអ៊ុំស្រី

បើនិយាយ​ពី​ទំនាក់​ទំនង​រវាងអ្នកលក់និងអតិថិជនរបស់ខ្លួនវិញ នៅ​ផ្សារ​បុរាណដែល​មាន​ទំនិញ​លក់​បោះ​ដុំ​និង​ធូរថ្លៃបើ​ធៀប​នឹង​ផ្សារ​ទំនើប ការទុកចិត្តគ្នាទៅវិញទៅមកកើត​​​ឡើង​ចំពោះ​អតិថិជន​ប្រចាំ​និង​ទៀងទាត់ គឺជួនកាល​អ្នកទិញ​អាច​សុំ​ជំពាក់​លុយ​អ្នកលក់​សិន រួចនឹងសងវិញ​នៅពេលក្រោយ​ពីព្រោះអ្នកលក់ដឹង​ច្បាស់​​​​ថា អតិថិជនរបស់ខ្លួននឹងត្រលប់មកតូបរបស់ខ្លួនវិញ។

មួយវិញ​ទៀត នៅក្នុងផ្សារបុរាណ ការតថ្លៃ​ទំនិញអាចបង្កើតឱ្យមានការ​និយាយសន្ទនា​គ្នា​យូរជាងការគិតលុយធម្មតានៅក្នុងផ្សារទំនើប ហើយ​ជាទូទៅ​ទំនិញ​នៅផ្សារបុរាណ​ភាគ​ច្រើន​មាន​តម្លៃធូរជាង​ទំនិញ​នៅ​ផ្សារ​ទំនើប។

ការប្រាស្រ័យទាក់ទងគ្នានិងការទុកចិត្តគ្នារវាងអ្នកលក់និងអតិថិជនបែបនេះ មិនអាច​រក​បាន​ក្នុងផ្សារទំនើបឡើយ។

ការរចនាខាងក្នុងនៃផ្សារទំនើប គឺមានលក្ខណៈធំទូលាយ ហាង​នីមួយៗត្រូវបានបែងចែក​ដោយ​ទ្វារកញ្ចក់ដាច់ដោយឡែកពីគ្នា ដែលបុគ្គលិក​ពីហាង​មួយទៅហាងមួយមិនអង្គុយជិត​គ្នា រួចអាចនិយាយគ្នាលេងទៅវិញទៅមក ដូចនៅតាមតូបក្នុងផ្សារបុរាណឡើយ។

អាជីវករខ្មែរលក់ឧបករណ៍ផ្ទះបាយនៅផ្សារក្នុងស្រុកមួយក្នុងខេត្តកោះកុង – TanesNgamsom

កត្តាសំខាន់មួយទៀតដែលធ្វើឱ្យផ្សារបុរាណ​មិនបង្កើតគម្លាត​សង្គម​រវាង​អ្នក​មាន​ចំណូល​ច្រើននិងអ្នកមានចំណូលតិច គឺកត្តាតម្លៃ។​ ឧទាហរណ៍​តម្លៃ​ជួល​ប្រចាំ​ខែនៃតូប​មួយ​នៅក្នុងផ្សារធំថ្មី គឺមានចន្លោះពី៣០០ដុល្លារ ទៅ៦០០ដុល្លារក្នុងមួយខែ អាស្រ័យ​លើ​ទីតាំងនិងទំហំរបស់តូប។ ប៉ុន្តែតម្លៃតូបអាចចុះថ្លៃ​នៅត្រឹម​១៤០ដុល្លារក្នុង​មួយ​ខែ ​សម្រាប់ផ្សារបុរាណតូចៗ។ ចំពោះផ្សារទំនើបអ៊ីអនសែនសុខ​វិញ ថ្លៃជួល​ក្នុងមួយ​ខែ​សម្រាប់ហាងនៅជាន់ផ្ទាល់ដីទំហំប្រមាណ១១២ម៉ែត្រក្រឡា អាចមានតម្លៃរហូតដល់២ ៥០០ដុល្លារក្នុងមួយខែ។ នេះបញ្ជាក់​បានថា មាន​តែ​អាជីវករ​ដែល​មាន​ចំណូល​ធូរធារ​ទេ​ ទើប​អាចមកបើកហាងក្នុងផ្សារទំនើបបាន។

បើគិតពីទស្សនៈរបស់អតិថិជនវិញ តម្លៃទំនិញ​នៅផ្សារ​បុរាណ​និងតម្លៃទំនិញ​នៅផ្សារទំនើប​ក៏មាន​ភាពខុសគ្នាគួរឱ្យកត់សម្គាល់​ផង​ដែរ​។ ឧទាហរណ៍ ភេសជ្ជៈកូកាកូឡាមួយកំប៉ុង ៣៥០មីលីលីត្រ លក់តម្លៃ១ដុល្លារ នៅ​ផ្សារ​ទំនើប AEON ខណៈដែល​ភេសជ្ជៈ​ដូចគ្នា អាច​ទិញ​បានដោយចំណាយអស់ត្រឹម១ ៥០០​រៀលប៉ុណ្ណោះ នៅផ្សារបុរាណធម្មតា។

កត្តាតម្លៃទាបសមរម្យក្នុងផ្សារបុរាណបង្កើតជាសហគមន៍មួយ ដើម្បី​ឱ្យមនុស្ស​ទូទៅ​អាច​ជួបជុំគ្នាបានដោយមិនប្រកាន់រើសអើងពីស្ថានភាពជីវភាពឬសេដ្ឋកិច្ច​សង្គម​របស់​អ្នក​ចូលមកក្នុងផ្សារបុរាណនេះឡើយ។ ផ្ទុយទៅវិញ សម្រាប់ផ្សារទំនើប ចំពោះ​ប្រជាជន​ដែល​មានជីវភាពមិនសូវធូរធារប្រាកដជាមិនដើរចូលផ្សារទំនើបជាញឹកញាប់នោះទេ។

នៅផ្សារទំនើប ជាទូទៅ ​គឺពោរពេញទៅ​ដោយផលិតផល​និង​ម៉ាក​យីហោ​លំដាប់​អន្តរជាតិ​ដ៏ល្អ​ប្រណិត ដែលហាងទាំងនេះត្រូវបានរចនា​ឡើងដើម្បីឆ្លុះ​បញ្ចាំង​ពីភាពស៊ីវីល័យ​និង​ទាន់​​សម័យ ព្រោះហាងទំនើបៗទាំងនេះ​មានគោលបំណង​ទាក់​ទាញអតិថិជនដែលមាន​សមត្ថភាព​ហិរញ្ញវត្ថុ។

ក្នុងន័យនេះ ផ្សារបុរាណបង្ហាញពីបរិយាកាសស្វាគមន៍ដោយមិនមានបង្កប់អត្ថន័យរើសអើងពីជីវភាព ឋានៈ ពូជសាសន៍ អាយុ នោះឡើយ។ កត្តានេះហើយដែលផ្សារបុរាណអាចបង្កើតជាទីសាធារណៈស្វាគមន៍សមាជិកទាំងអស់នៃសង្គមខ្មែរ។

តើអនាគតផ្សារបុរាណក្នុងសង្គមទំនើបនឹងទៅជាយ៉ាងណា?

នៅពេលដែលសង្គមខ្មែរងាកទៅរកទំនើបកម្ម និងការធ្វើពាណិជ្ជកម្មបែបបស្ចិមប្រទេស​ យើងគួរពិចារណាថាតើទីផ្សារបែបបុរាណអាចរក្សាកន្លែងរបស់ខ្លួនបានយ៉ាងដូចម្តេច?

​ដើម្បី​រក្សានិរន្តរភាព​នៃ​ផ្សារបុរាណ គេមានពីរជម្រើស។ ជម្រើសទី១ យើងអាចដោះស្រាយ​បញ្ហាមួយ​ចំនួននៅក្នុងផ្សារបុរាណ ដែលអាចបង្កើនបរិយាកាស​ក្នុងការដើរទិញទំនិញ​ឱ្យមាន​ភាព​​ងាយស្រួលជាងមុន។ ជាឧទាហរណ៍ ការសិក្សាមួយបានស្នើឱ្យមាន​ការ​រចនា​ឡើងវិញ​ និងជួសជុលផ្សារបុរាណមួយនៅក្នុងទីក្រុង Bandung នៃប្រទេស​ឥណ្ឌូនេស៊ី។ ការ​សិក្សានិងរចនា​ថ្មីនោះ​បាន​ផ្ដោត​លើ​ច្រកផ្លូវដើរក្នុងផ្សារដែល​មានភក់ ក្លិន​មិន​ល្អភាយចេញ​ពីកន្លែងលក់ម្ហូប​អាហារ ព្រម​ទាំងផ្តោតលើ​បញ្ហាកង្វះ​ពន្លឺ​ធម្មជាតិ និង​ខ្យល់​​ចេញចូល​​ក្នុង​ផ្សារផងដែរ។ គេត្រូវ​បង្កើតឱ្យមានបណ្ដាញ​​លំហូរទឹកសំណល់​ចេញ​ពីផ្សារនិងច្រកផ្លូវដើរ និងការរៀបចំជញ្ជាំង​ដែលមានចន្លោះបើក​ចំហ ​ដើម្បី​ទាក់ទាញ​ខ្យល់និងពន្លឺធម្មជាតិចូលមកក្នុងផ្សារ។

ផ្សារបុរាណនៅទីក្រុងភ្នំពេញក៏ជួបប្រទះបញ្ហាស្រដៀងគ្នានេះផងដែរ ដូច្នេះយើង​អាច​ឈ្វេង​យល់ពីដំណោះស្រាយទាំងនេះ ដើម្បីបង្កើនភាពទាក់ទាញ និងផ្តល់​ភាពងាយ​ស្រួល​សម្រាប់អ្នកលក់និងអ្នកទិញនៅក្នុងផ្សារបាន។ ម្យ៉ាងវិញទៀត ការជួសជុលឬការរចនា​ឡើង​​វិញ​សម្រាប់ផ្សារបុរាណ ក៏គួរគិតគូរពីការរៀបចំច្រក​ផ្លូវសុវត្ថិភាពជូនដល់​ប្រជាជនខ្មែរ​ដែលមានពិការភាពផងដែរ។

ដំណោះស្រាយទី២ គឺជាការរួមបញ្ចូលរវាងចំណុចល្អរបស់​ផ្សារបុរាណនិងចំណុច​ល្អរបស់​ផ្សារទំនើប ពោលគឺត្រូវរចនាកែប្រែផ្សារទំនើបយ៉ាងណាដែលអាចទាញយកនិងឆ្លុះបញ្ចាំង​ពីចំណុចល្អៗរបស់ផ្សារបុរាណបាន។

ការអភិវឌ្ឍផ្សារទំនើបនាពេលអនាគតគួរតែស្វែងរកវិធីសាស្ត្រ ដើម្បីរក្សាអត្តសញ្ញាណ និង​តម្លៃសង្គមដែលបានបង្កប់នៅក្នុងផ្សារបុរាណទាំងនេះ។ ឧទាហរណ៍​ដ៏ល្អមួយ​គឺ ផ្សារ​ទំនើបដ៏ធំបំផុតរបស់ទីក្រុងបាងកក គឺផ្សារ ICONSIAM ។ ចំណុចលេចធ្លោដ៏សំខាន់របស់ផ្សារទំនើប ICONSIAM នេះគឺ SookSiam ដែលជាទីកន្លែង​ដ៏ធំមួយនៅចំកណ្ដាលផ្សារដែលមានរចនាសម្ពន្ធទំនើប​ ក្នុងបំណងផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ និងម្ហូបអាហារនៃខេត្តទាំង៧៧ របស់ប្រទេសថៃ រួមទាំងផ្សារបណ្ដែត​ទឹក​ទៀត​ផង។ ការរចនាបែបបុរាណនេះជាគំនិតផ្ដួចផ្ដើមដែលចង់រក្សានូវប្រពៃណីផ្សារបុរាណរបស់ប្រទេស​ថៃ រួមទាំងការរៀបចំហាងនិងតូបនីមួយៗ​ដែលឆ្លុះបញ្ចាំង​ពីផ្សារជំនាន់​មុនរបស់ជនជាតិ​ថៃផងដែរ។

នៅខាងក្នុងផ្សារ Sooksiam ក្នុងផ្សារទំនើប ICONSIAM ទីក្រុងបាងកក

គម្រោងអភិវឌ្ឍន៍​នាពេល​អនាគត ដែលព្យាយាមធ្វើទំនើបកម្ម​ និងធ្វើឱ្យ​ការដើរ​ទិញ​អីវ៉ាន់​មានភាពងាយស្រួល ចាំ​បាច់ត្រូវតែពិចារណាឱ្យបានម៉ត់ចត់​លើការការពារ​ទិដ្ឋភាព​សង្គមស្អិតល្មួតនៅក្នុងផ្សារបុរាណ។ ទោះបីជាការអភិវឌ្ឍសង្គមនៅតែបន្តទៅមុខ​ ទំនៀមទម្លាប់​នៃការទៅទិញ​​ទំនិញ​ឬការ​ដើរផ្សារគួរតែរក្សា ព្រោះនេះ​ជាសកម្មភាព​សង្គម​មួយ​​ដែលអាចតភ្ជាប់ទំនាក់ទំនង​រវាង​​សមាជិកក្នុងសង្គមយើងទាំងអស់គ្នា៕


ដោយ៖ អ៊ួង ទីកេត្យា | អត្ថបទ​រក្សាសិទ្ធិ​ដោយ​អង្គការវេទិកាអនាគត​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ