សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ គ្រោង​ដឹកនាំ​ការជួបជុំ​ជំរុញ​រដ្ឋាភិបាល​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ​ដល់​គ្រូបង្រៀន

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រារព្ធ «ទិវាគ្រូបង្រៀនពិភពលោក» នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។

ក្នុង «ទិវា​គ្រូបង្រៀន​ពិភពលោក» ដែល​នឹង​ប្រព្រឹត្តនៅថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២២ ខាងមុខនេះ​ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ​គ្រោងរៀបចំការជួបជុំ​ ដង្ហែក្បួនដាក់ញត្តិ ដើម្បីទាមទារឱ្យ​រដ្ឋាភិបាល​លើកកម្ពស់​លក្ខខណ្ឌការងារគ្រូបង្រៀន​ឱ្យប្រសើរជាងនេះ។

ប្រធាន​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក​ស្រី អ៊ុក ឆា​យ៉ាវី​ បានឱ្យវីអូឌីដឹងនៅថ្ងៃនេះថា ​ក្នុងទិវា​គ្រូបង្រៀន​ពិភពលោកឆ្នាំនេះ​ សមាគម​គ្រោងរៀបចំ​ពិធី​អបអរ​សាទរ ទិវាគ្រូបង្រៀន​ពិភព​លោក ​ដោយមានការចូលរួមពី​គ្រូបង្រៀន សិស្ស និស្សិត មាតាបិតាសិស្ស យ៉ាងតិច​១៥០នាក់​។

លោកស្រីថា ​​គោលបំណងនៃការរៀបចំទិវានេះ គឺដើម្បី​រំលឹកដឹងគុណដល់​គ្រូបង្រៀនដែលចូលរួម​តស៊ូមតិនិងពលីជីវិតទាមទារការដំឡើង​ប្រាក់បៀវត្សនិងលក្ខខណ្ឌការងារល្អប្រសើរសម្រាប់គ្រូបង្រៀន​កាលពីពេលកន្លងមក​ និងជាការបន្តទាមទារ​ប្រាក់បៀវត្ស​ជាបន្តទៀត ព្រោះថា ​បច្ចុប្បន្ន​ លក្ខខណ្ឌការងារ​របស់គ្រូបង្រៀនមិនទាន់ប្រសើរនោះទេ​។

លោកស្រីថា៖ ​«ទីពីរ គឺយើងចង់ឱ្យរដ្ឋាភិបាល​ទទួលដឹងឮថា គ្រូបង្រៀន​នៅមានកម្រិត​ ជាពិសេស​ជីវភាពរស់នៅរបស់គ្រូ​ លក្ខខណ្ឌការងារដែលគ្រូកំពុងតែប្រឈម​ នៅក្នុងប្រទេសកម្ពុជា​»។​​

​លោកស្រី ឆាយ៉ាវី​ បន្ថែមថា ​ការជួបជុំគ្រោងធ្វើ​ឡើង​នៅ​ទីលានប្រជាធិបតេយ្យ​ បន្ទាប់​មក​នឹងដើរហែក្បួន​ចេញពីទីលានប្រជាធិបតេយ្យ​ ដើម្បីដាក់ញត្តិទៅកាន់​ក្រសួងអប់រំ​ យុជន​ និងកីឡា ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ និងមន្ទីរ​រដ្ឋសភា​ជាតិ​។​

តែយ៉ាងណា​ លោកស្រីថា ​ការរៀបចំទិវានេះ​អាចនឹងមានការប្រែប្រួល​ ហើយលទ្ធផល​នឹង​ជូនដំណឹងទៅសាធារណជន​ នៅក្រោយពីការជួបជាមួយ​រដ្ឋបាលរាជធានីភ្នំពេញ​នៅថ្ងៃទី​២៨នេះ។

លោកស្រីបន្តថា​ ប្រសិន​បើ​​ភាគី​ខាងរដ្ឋាភិបាល​មិនអនុញ្ញាតិ នេះបង្ហាញថា ​កម្ពុជាបំបិទសិទ្ធិសេរីភាពរបស់​ប្រជាពលរដ្ឋ​ខ្លួនឯង និងមិនមានឆន្ទៈក្នុងការ​អភិវឌ្ឍវិស័យអប់រំនោះទេ​។​​

ទិវាគ្រូបង្រៀនពិភពលោក ត្រូវបានប្រកាសដោយអង្គការយូណេស្កូ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៤។ កន្លងទៅ សមាគម​គ្រូបង្រៀន​​កម្ពុជាឯករាជ្យ ធ្លាប់បាន​ប្រារព្ធ​ទិវា​នេះនៅ​ទីលាន​ប្រជាធិបតេយ្យ​ ដោយបង្ហាញ​ពី​ទុក្ខ​លំបាក​របស់គ្រូបង្រៀនកំពុងជួបប្រទះ និង​តែងបាន​ស្នើ​សុំ​រដ្ឋាភិបាលដំឡើង​ប្រាក់ខែ និងដោះស្រាយបញ្ហានានាសម្រាប់គ្រូបង្រៀន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ