អ្នកស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង​បាន​កើន​ដល់​១៣នាក់​ភាគច្រើន​ជា​កុមារ

អាជ្ញាធរ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងយោធា ចុះសួរសុខទុក្ខនិងជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកព្រះនេត្រព្រះនិង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។ (អគ្គស្នងការនគរបាលជាតិ)

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឱ្យដឹងថា យ៉ាងហោចណាស់​មនុស្ស១៣​នាក់បាន​ស្លាប់​ក្នុងគ្រោះជំនន់ទឹកភ្លៀង​ ក្នុងនោះជនរងគ្រោះ​ភាគច្រើនជាកុមារ ខណៈខេត្ត​មួយចំនួន​​​កំពុ​​ង​ប្រឈម​នឹង​ការជន់លិច​​ បន្ទាប់​ពី​រង​​ឥទ្ធិពលព្យុះ និង​ប្រព័ន្ធ​​សម្ពាធ​ទាប។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី ប្រាប់វីអូឌីនៅថ្ងៃអង្គារ​នេះ​ថា ខេត្ត​ដែលរងផលប៉ះពាល់ខ្លាំងដោយសារ​ទឹកជំនន់មាន៤ខេត្ត ក្នុងនោះ​មាន​​ខេត្ត​​បន្ទាយ​មាន​ជ័យ ​សៀមរាប ឧត្តរមានជ័យ និងកំពង់ធំ។

ចំពោះ​ចំនួន​អ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀង ចាប់ពីខែសីហា មកដល់ថ្ងៃនេះ​ លោកថាបានកើន​ដល់​១៣​នាក់ ក្នុងនោះ​​ភាគច្រើនជាកុមារ​ដែលមាន​អាយុ​ចាប់ពី៥ឆ្នាំ ដល់១១ឆ្នាំ។

លោក មុនី ​​បន្ត​​ថា ​ក្នុងចំណោមខេត្តទាំង៤​នេះ ខេត្តបន្ទាយមានជ័យ បាន​រងផល​ប៉ះ​ពាល់ខ្លាំងជាង​គេ ក្នុងនោះមានពលរដ្ឋប្រមាណ៥ ០០០គ្រួសារ រស់នៅ៨ក្រុង-ស្រុក ឬស្មើនឹង២៥ឃុំ-សង្កាត់ បាន​រងផលប៉ះពាល់ និងពលរដ្ឋជាង២០០គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈដំណាំស្រូវ​ចំនួន២៥ ៥៤០​ហិកតា និង​ដំណាំរួមផ្សំ​ចំនួន៥៩៩ហិកតា បានរងការ​លិច​លង់។

ចំណែកខេត្តសៀមរាបវិញ អ្នកនាំពាក្យ​រូបនេះឱ្យដឹងថា មាន​ពលរដ្ឋ​ប្រមាណ​ជិត៦ ០០០គ្រួសារ នៅ​​​៨ក្រុង-ស្រុក ស្មើនឹង៤១​ឃុំ-សង្កាត់ បាន​រងផលប៉ះពាល់​ ខណៈសាលារៀនត្រូវលិច៨កន្លែង និង​ដំណាំ​ស្រូវលិច​ជិត២​ម៉ឺន​ហិកតា។

សម្រាប់នៅខេត្តកំពង់ធំវិញ លោក សុទ្ធ គឹមកុលមុនី ឱ្យដឹង​ថា មាន​ប្រជាពលរដ្ឋចំនួន១ ៥២១គ្រួសារ នៅ​ស្រុក​ប្រាសាទសំបូរ ក៏​បាន​រងផលប៉ះពាល់ដោយសារ​ជំនន់​ទឹក​​ភ្លៀង​​ផង​ដែរ ខណៈ​នៅ​ខេត្តឧត្ដរមានជ័យ លោកពុំទាន់បាន​ដឹងពីចំនួន​​តួលេខ​ពលរដ្ឋដែលរងផលប៉ះពាល់​នៅ​ឡើយ។

លោក សុទ្ធ គឹមកុលមុនី បន្តថា មកដល់ពេលនេះ ក្រុងការងារសង្គ្រោះបានត្រៀមរួចជាស្រេច ក្នុងការជួយដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត​ដែលរងកំពុងប្រឈមនឹងជំនន់ទឹកភ្លៀងទាំង​នោះ។​

លោកថា៖ «បើតាមការព្យាករ ថ្ងៃទី​២៧ ដល់ថ្ងៃទី៣០ នឹងមានភ្លៀងបន្តបន្ទាប់ អាច​នឹងមានផលប៉ះពាល់បន្ត ប៉ុន្តែ​ទោះជាយ៉ាងណា​ យើងបានត្រៀមអន្តរាគមន៍រួចហើយ។ ប៉ះពាល់​ដំណាំស្រូវ​ខេត្តកំពង់ធំ អាច​ឈាន​ប៉ះពាល់​ខ្លាំងដោយ​សារ​រយៈ​ពេល​យូរ ហើយ​ខេត្ត​ដទៃ​ក្នុង​ចន្លោះ​ពីក្រោម​១០​ថ្ងៃ ស្រូវ​មិន​ខូច​ខាត​ទេ ត្រឹម​ប៉ះ​ពាល់ ប៉ុន្តែ​ទឹកភ្លៀងនៅបន្តអ៊ីចឹងទៀត អាច​ឈានដល់ខូចខាត»។

តែយ៉ាងណា អ្នកនាំពាក្យរដ្ឋបាល​ខេត្តឧត្តរមានជ័យ លោក ឌី រ៉ាដូ លើកឡើងថា កាលពី​សប្ដាហ៍​មុន ក្នុងខេត្តនេះ​​ក៏​មានជំនន់ទឹកភ្លៀងដែរ ប៉ុន្តែ​មិនបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះ​ទេ ខណៈ​បច្ចុប្បន្ន ស្ថានភាពទឹកបានស្រកចុះ​​វិញហើយ។

ប្រធាន​នាយក​ដ្ឋានឧតុ​និយម នៃក្រសួងធនធានទឹក និងឧតុនិយម លោក អ៊ុំ រីណា មានប្រសាសន៍​ថា តំបន់ទំនាប​នឹង​រង​ផល​ប៉ះពាល់ខ្លាំង ដោយសារតំបន់ទំនាបទទួលរង​ឥទ្ធិពលព្យុះ «ណូរុ NORU» ហើយនឹងវិវត្តទៅជាព្យុះទីហ្វុង។

លោកថា៖ «ខេត្តព្រះវិហារ ហើយ​មួយទៀត ​ទឹក​ដែល​ធ្លា​ក់​ពីព្រះវិហារ វាចាក់ចូលមកតាមស្ទឹងសែន​ [ខេត្ត]កំពង់ធំ អ៊ីចឹងតំបន់ទីទំនាប​ទទួលទឹកភ្លៀងទទួលរងផលប៉ះពាល់ជាងគេ។ ដូច​បាន​ជម្រាប​ជូន ​សេចក្ដីជូនដំណឹងទាំងអស់​ហ្នឹង ព្រោះ​ហេតុ​​អី​​? ឥទ្ធិពលរបស់ព្យុះ វាធ្វើឱ្យបណ្ដា​ខេត្តនៅ​ព្រំប្រទល់យើង​និង​ថៃ​មាន​ភ្លៀង អ៊ីចឹងប៉ះពាល់​។ អ៊ីចឹង​កត្តាដែលនាំឱ្យមានជំនន់ទឹកភ្លៀង​ មកពីទឹកហូរ​ពីថៃ​ ដូចខាងព្រំប្រទល់ជាប់​ពាយព្យ ជាប់​ខេត្ត​បន្ទាយមានជ័យ និងខាងខេត្ត​បាត់ដំបងអីហ្នឹង»។

ករណីនេះ លោកថា ក្រសួងធនធានទឹក បានផ្សព្វផ្សាយច្រើនហើយ ដើម្បីឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ខណៈភ្លៀងនៅធ្លាក់ជាបន្តបន្ទាប់​នោះ។

លោកថា៖ «ក្នុងនោះ យើងផ្ដោតសំខាន់ណាស់ទៅឱ្យប្រជាពលរដ្ឋ​ ​ដែលគាត់រស់នៅប៉ែកខាងលើ ជាប់ជួរភ្នំដង​រែក ហើយ​នឹង​ប៉ែក​ខាង​ពាយព្យ ជាប់​ប្រទេស​ថៃ​ហ្នឹង បងប្អូនប្រជាពលរដ្ឋដែលគាត់នៅជាប់ទីទំនាប​ ជាប់​ភ្នំ ហើយ​ជាប់​ផ្លូវ​ស្ទឹង​ទន្លេ​ហ្នឹង»។

បើតាម​​សេចក្ដី​ប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០២២ ឱ្យដឹងថា ចាប់​ពី​ថ្ងៃ​ទី​២៧-៣០ ខែកញ្ញានេះ ​ខេត្ត​ឧត្ដរមានជ័យ ព្រះ​វិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និង​ពោធិ៍សាត់ នឹ​ង​អាចមាន​ភ្លៀង​ធ្លាក់ក្នុងកម្រិត​ពីប​ង្គួរ​ទៅ​ច្រើន ដោយសារ​តែឥទ្ធិពលព្យុះ​ និង​សម្ពាធ​ទាប ដែលប្រឈមនឹងជំនន់​ទឹក​ភ្លៀង និងជំនន់​ដោយ​បរិមាណ​ទឹក​ហួសកម្រិត។

ចំពោះបណ្ដាខេត្តដទៃទៀត និងរាជធានីភ្នំពេញ ក្រសួងថាក៏នឹង​មានភ្លៀងធ្លាក់​ក្នុង​កម្រិត​ពីតិច​ទៅ​បង្គួរ លើក​លែង​តែ​បណ្ដាខេត្ត​ជាប់​មាត់​សមុទ្រ រួម​មាន​ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដែល​អាច​មាន​ភ្លៀងធ្លាក់ច្រើន។

ចំណែកនៅលើផ្ទៃសមុទ្រវិញ ក្រសួងថាក៏នឹងមានភ្លៀងច្រើន ខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ ខណៈភ្លៀងនឹងបន្តធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គ ដែលអាចធ្វើ​ឱ្យទឹកទន្លេមេគង្គមានការងើបកើនឡើងវិញជាបន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ