ជប៉ុន​រៀបចំ​បុណ្យសព​ថ្នាក់ជាតិ​ជូន​លោក អាបេ ជា​លើក​ចុងក្រោយ ខណៈ​មាន​ការ​ជំទាស់​ពី​ពលរដ្ឋ​ភាគច្រើន

ប្រជាជន​ទុក​ផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe នៅ​ខាង​ក្រៅសាល Nippon Budokan ក្នុង​ទីក្រុង​តូក្យូ នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០២២ មុន​ពិធី​បុណ្យ​សព​រដ្ឋ​របស់​លោក​នៅ​ថ្ងៃ​បន្ទាប់។ (Nicolas Datiche/Pool តាមរយៈ REUTERS)

ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ នឹងផ្ដល់កិត្តិយសដល់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe) ដែលត្រូវបានធ្វើឃាត ដោយ​រៀប​ចំពិ​ធីបុណ្យសពថ្នាក់ជាតិ​ដ៏កម្រមួយ។ នេះ​បើយោងតា​ម​ការ​ចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ។

ទោះយ៉ាងណា នៅតែ​មានការជំទាស់ចំពោះការផ្ដល់កិត្តិយសដល់សពអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ជាមួយនឹងពិធីបុណ្យសពជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦៧ ដែលនឹងត្រូវចំណាយប្រាក់អស់១១,៥លានដុល្លារ ហើយ​រដ្ឋជាអ្នក​ទទួល​ខុស​ត្រូវលើការ​ចំណាយ ខណៈ​ប្រជាពលរដ្ឋ​កំពុង​តែ​ប្រឈមនឹង​វិបត្តិសេដ្ឋកិច្ច។

កាលពីថ្ងៃចន្ទម្សិលមិញនេះ លោក ហ៊ីដេមី ណូតូ (Hidemi Noto) ជាជំនួយការអ្នកដឹកនាំរឿងម្នាក់ អាយុ៣៨ឆ្នាំ ដែលបានមកមើលការរៀបចំពិធី​បុណ្យនៅសាល​នីពុន ប៊ូដូកាន (Nippon Budokan) បាននិយាយថា៖ «ខ្ញុំគិតថាមិនគួររៀបចំពិធីបុណ្យនេះទេ»

Hidemi Noto បន្ថែមថា៖ «ពិធីបុណ្យនេះខុសគ្នាទាំងស្រុងពីពិធីបុណ្យសពរបស់ប្រជាពលរដ្ឋសាមញ្ញ។ ខ្ញុំគិតថា យើងមិនគួរប្រើប្រាស់ប្រាក់ពន្ធសម្រាប់រៀបចំពិធីបុណ្យនេះឡើយ»។

ទោះយ៉ាង​ណា​ ចាប់​ពី​ព្រឹក​ថ្ងៃ​អង្គារនេះ ប្រជាពលរដ្ឋ​​បាន​ចាប់​ផ្ដើម​យក​ផ្កា​ទៅដាក់នៅសាលនីពុន ប៊ូដូកាន (Nippon Budokan) ​លឿន​ជាង​ការ​គ្រោង​ទុក​ដោយ​សារ​តែជា​កាតព្វ​កិច្ច។

ប្រជាពលរដ្ឋ​ប្រមាណ៤ ៣០០នាក់ ត្រូវ​បាន​រំពឹង​ថា​នឹង​ចូល​រួម​ពិធី​បុណ្យនៅថ្ងៃអង្គារ​នេះ និងយ៉ាង​ហោច​ណាស់​មានអតីតឥស្សរជនរដ្ឋាភិបាល ឬឥស្សរជនរដ្ឋាភិបាលបច្ចុប្បន្ន ចំនួន៤៨នាក់ រួមទាំងអនុប្រធានាធិបតី​សហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងនាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ​ណារិនដ្រា ម៉ូឌី (Narendra Modi) ផងដែរ។ លោក Kishida បាន​លើក​ឡើងថា ការរៀបចំពិធីបុណ្យសពនេះ គឺជាឱកាសសម្រាប់​ជួបជាមួយមេដឹកនាំអន្តរជាតិ។

លើសពីនេះ មេដឹកនាំប្រទេស G7 ក៏នឹងចូលរួមពិធីបុណ្យសពនេះផងដែរ។

នៅខាងក្នុងសាលនីពុន ប៊ូដូកាន (Nippon Budokan) មានរូបថតដ៏ធំរបស់លោក អាបេ មានបំពាក់​​ខ្សែបូពណ៌ខ្មៅ ព័ទ្ធជុំវិញដោយផ្កាពណ៌បៃតង ស និងលឿង។ នៅក្បែរនោះមានរូបថតលោក អាបេ ដើរជាមួយមេដឹកនាំប្រទេស G7 កំពុងកាន់ដៃក្មេងៗ និងទស្សនកិច្ចតំបន់ជួបគ្រោះ​មហន្តរាយ។

នគរបាលរាប់ម៉ឺននាក់នឹងត្រូវដាក់ពង្រាយ ខណៈ​ផ្លូវនិង​សាលារៀននៅជិតៗនោះក៏នឹង​ត្រូវបិទ​ផង​ដែរ។  

ពិធី​បុណ្យសព​ថ្នាក់​ជាតិ​​របស់​លោក​ អេបេ​ គឺជាពិធីបុណ្យលើកដំបូងចាប់តាំងពីឆ្នាំ១៩៦៧ ដែលមានការរៀបចំពិធីបុណ្យសពដូចគ្នានេះដែរ សម្រាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីហ្គឺរូ យូស៊ីដា (Shigeru Yoshida)។

ពាក់ព័ន្ធនឹង​ករណីនេះ លោក Kishida បានពន្យល់ពីការសម្រេចចិត្តរៀបចំពិធីបុណ្យនេះថា ជាមធ្យោបាយ​មួយ​ដើម្បី​ផ្តល់​កិត្តិយស​ដល់​សមិទ្ធផល​របស់​លោក អាបេ ក៏​ដូច​ជា​ការ​គាំទ្រ​លទ្ធិប្រជា​ធិប​តេយ្យ។ ទោះយ៉ាង​ណា នៅតែមាន​ការ​ជំទាស់ពីប្រជាពលរដ្ឋ។

យោងតាមការស្ទង់មតិនាពេលថ្មីៗនេះរបស់ TV Asahi មានតែ ៣០% នៃអ្នកឆ្លើយតបដែលបាន​ឯកភាព​ចំពោះការ​រៀបចំពិធីបុណ្យសពនេះ និង ៥៤% ជំទាស់។

គួរបញ្ជាក់ថា អតីត​នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe) ត្រូវបានលួចធ្វើឃាត​កាល​ពី​ថ្ងៃទី៨​ ខែ​កក្កដា ឆ្នាំ​២០២២​ ខណៈ​​លោក​កំពុងថ្លែង​សុន្ទរកថា​​​នៅ​​ទីក្រុង​ណារ៉ា (Nara) ភាគខាងលិចប្រទេសជប៉ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ