ក្រសួង​អំពាវនាវ​ដល់​អាជ្ញាធរ​និង​ពលរដ្ឋ​នៅ​ខេត្ត​មួយ​ចំនួន​ប្រុង​ប្រយ័ត្ន​ជំនន់​ទឹកភ្លៀង​ដែល​ធ្វើ​ឱ្យ​ទឹក​ទន្លេមេគង្គ​កើនឡើង

កម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ចុះជួយសម្រួលការធ្វើដំណើរឆ្លងកាត់ផ្លូវកៅស៊ូលេខ២៦៨A ​កំពុងលិចលង់ដោយជំនន់ទឹកភ្លៀងចំនួន០២កន្លែង (ភ្នំស្រុក ព្រៃមាន់ និងភ្នំស្រុកទៅអាងទឹកត្រពាំងថ្ម) ដើម្បីជួយសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងផ្លូវ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវទៅអាជ្ញាធរដែនដី និងពលរដ្ឋនៅតាមបណ្ដា​ខេត្តមួយ​ចំនួន​ ប្រុង​ប្រយ័ត្នចំពោះគ្រោះធម្មជាតិជំនន់ទឹកភ្លៀង​​ ដោយ​​សារ​ភ្លៀង​​នឹង​​បន្ត​​ធ្លាក់​​ច្រើននៅ​តំបន់​ផ្ទៃរងទឹកភ្លៀង​នៃ​អាង​ទន្លេមេគង្គ ដែលអាចធ្វើឱ្យទឹកទន្លេ​មាន​ការ​​​កើន​ឡើង​​វិញ​​ជា​បន្ត​​បន្ទាប់។

ក្នុង​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ឱ្យដឹងថា នៅតា​ម​បណ្តាខេត្ត​ពាយព្យ​នៃ​ប្រទេស​កម្ពុជា ក្នុង​នោះមាន​ខេត្ត​ឧត្ដរមានជ័យ ព្រះ​វិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និង​ពោធិ៍សាត់ នឹ​ង​អាចមាន​ភ្លៀង​ធ្លាក់ក្នុងកម្រិត​ពីប​ង្គួរ​ទៅ​ច្រើន ដោយសារ​តែឥទ្ធិពលព្យុះ​ និង​សម្ពាធ​ទាប។

ក្រសួង​បញ្ជាក់​ថា ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន បូ​ក​ផ្សំនឹង​បរិមាណទឹ​ក​ភ្លៀង​ដែលហូរមក​ពី​ប្រទេស​ថៃ​បន្ថែមទៀ​ត អាច​បង្ក​ឱ្យទីទំនាប​ជាប់ផ្លូវទឹក និងផ្លូវទឹកនៅក្នុងភូមិសាស្ត្រនៃបណ្តាខេត្តទាំងនោះ ប្រឈមនឹងជំនន់​ទឹក​ភ្លៀង (I-lash flood) និងជំនន់​ដោយ​បរិមាណ​ទឹក​ហួសកម្រិត (Overflow) ចាប់​ពី​ថ្ងៃ​ទី​២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

ចំពោះបណ្ដាខេត្តដទៃទៀត និងរាជធានីភ្នំពេញ ក្រសួងថា ក៏នឹង​មានភ្លៀងធ្លាក់​ក្នុង​កម្រិត​ពីតិច​ទៅ​បង្គួរ លើក​លែង​តែ​បណ្ដាខេត្ត​ជាប់​មាត់​សមុទ្រ រួម​មាន​ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដែល​អាច​មាន​ភ្លៀងធ្លាក់ច្រើន។

ចំណែកនៅលើផ្ទៃសមុទ្រវិញ ក្រសួងថាក៏នឹងមានភ្លៀងច្រើន ខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ ខណៈភ្លៀងនឹងបន្តធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គ ដែលអាចធ្វើ​ឱ្យទឹកទន្លេមេគង្គមានការងើបកើនឡើងវិញជាបន្តបន្ទាប់។

ករណីនេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ អាជ្ញាធរដែនដី និង​សាធារណជន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ស្របពេលដែលខេត្ត​ឧត្ដរមាន​ជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង់ សៀមរាប និងកំពង់ធំ ជាដើម កំពុងរងការជន់លិចដោយសារជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីប្រទេសថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ