ក្រុមអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម មើលឃើញថា បទបញ្ជាដើម្បីឱ្យទប់ស្កាត់ឬបង្រ្កាបបទល្មើសល្បែងស៊ីសងក្នុងក្របខណ្ឌនៅទូទាំងប្រទេសនេះ ប្រហែលជាមិនមានប្រសិទ្ធភាពប៉ុន្មានទេ ខណៈដែលការបង្រ្កាបនេះត្រូវគេមើលឃើញថា អនុវត្តបានតែចំពោះអ្នកប្រព្រឹត្តបទល្មើសតូចតាច ដោយឡែកអ្នកនៅពីក្រោយខ្នងនៃបទល្មើសទ្រង់ទ្រាយធំនៅតែអាចរួចខ្លួនពីការអនុវត្តច្បាប់នេះបាន មិនខុសពីបទបញ្ជាមុនៗនោះទេ។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម មើលឃើញថា វិធានការនេះហាក់ដូចមានសង្ឃឹមតិចតួច ចំពោះលទ្ធផលដែលកើតចេញពីការបង្រ្កាបនិងទប់ស្កាត់ល្បែងស៊ីសងនេះ។ លោកបន្តថា នេះមិនមែនជារឿងថ្មីទេសម្រាប់កម្ពុជា ដែលវិធានការបែបនេះធ្លាប់មានញឹកញាប់ណាស់មកហើយ ប្រៀបដូចជាការវែកចកយ៉ាងដូច្នេះដែរ។
បើតាមលោកបណ្ឌិត មាស នី មានពេលខ្លះ អ្នកប្រព្រឹត្តបទល្មើស និងអ្នកអនុវត្ត គឺជាមនុស្សតែមួយក៏មានដែរ។ លោកមានសុទិដ្ឋិនិយមថា មួយរយៈក្រោយពីយុទ្ធនាការនេះ បទល្មើសនៃល្បែងស៊ីសងនេះនឹងបន្តកើតឡើងវិញដូចដើម។
លោកបន្តថា៖ «វាមានករណីខ្លះដែលយើងដឹង អ្នកបើក ហើយនឹងអ្នកទៅចាប់ ជួនកាលជាមនុស្សតែមួយ។ អាហ្នឹងវាគឺជាផលវិបាកមួយ ដែលវាតែងតែនាំឱ្យការអនុវត្តច្បាប់ហ្នឹង វាបានតែមួយភ្លែត ហើយវាវិលមកវិញដដែល ដូចផាត់ចកអ៊ីចឹង។ ការបង្ក្រាប គ្រាន់តែឃាត់ ប៉ុន្តែមិនរកថាតើអ្នកណានៅពីក្រោយទេ ឧបមាថា ឥលូវនេះ យើងបង្ក្រាបកន្លែងមួយដែលគេគិតថាជាល្បែងចូលត្រចៀក ចូលច្រមុះ និងចូលភ្នែកមនុស្ស រួមទាំងចូលភ្នែកមហាជនដែលគេដឹងគ្រប់គ្នា ទាល់តែមានការដាក់ទោសទណ្ឌមន្រ្តីដែលនៅពីក្រោយខ្នងហ្នឹងពីពេលមុនខ្លះ ប្រសិនបើគ្រាន់តែបង្រ្កាបហើយក៏បាត់មួយរយៈវិញ តិចទៀតអ្នកដដែលនឹងចេញមកប្រកបរបរហ្នឹងវិញដដែល»។
មិនខុសគ្នាទេ លោក សេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត ក៏យល់ស្របដែរថា មធ្យោបាយដែលរដ្ឋាភិបាលដាក់ចេញនេះទំនងជាបានផលតិចតួច ក្នុងការទប់ស្កាត់បទល្មើសនៃល្បែងស៊ីសងនេះ។ លោកបន្តថា មានមូលហេតុសំខាន់២ ក្នុងចំណោមហេតុផលដទៃទៀតដែលនាំឱ្យការអនុវត្តនេះមិនមានប្រសិទ្ធភាព នោះគឺអំពើពុករលួយដែលចាក់ឫសយ៉ាងជ្រៅ និងមានខ្សែបណ្ដាញប្រទាក់ក្រឡាគ្នាដោះមិនចេញ។ ក្នុងន័យនេះ លោកថា នេះគឺជាហេតុផលមួយដ៏ធំ និងជាឧបសគ្គដែលមិនអាចធ្វើឱ្យផែនការយុទ្ធសាស្រ្តដែលរដ្ឋាភិបាលដាក់ចេញនេះសម្រេចបានជោគជ័យ។
លោកបន្តថា៖ «ចំណុចខ្សោយដែលនាំឱ្យការអនុវត្តនេះមិនជោគជ័យ ឬក៏បានតែមួយប្រ៉ាវនេះ គឺទី១ របៀបនៃការដឹកនាំនិងគ្រប់គ្រងមិនច្បាស់លាស់ ការដាក់ពិន័យគឺមិនមានភាពតឹងរ៉ឹងប៉ុន្មានទេ ធ្វើដោយមានការយោគយល់ ជាពិសេសអំពើពុករលួយនៅក្នុងហ្នឹងតែម្តង ដែលពិបាកនៅក្នុងការទប់ស្កាត់ ហើយភាគច្រើនគឺការគប់គិតគ្នារវាងមន្រ្តីខិលខូច និងអ្នករកស៊ីខុសច្បាប់ទាំងអស់ហ្នឹង »។
មាត្រា៤ នៃច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង ចែងថា ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១០ ០០០រៀល ទៅដល់ ៥០ ០០០រៀល ឬដាក់ពន្ធនាគារពី១សប្តាហ៍ ដល់១ខែ។ ក្នុងករណីនៅតែមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ចាប់ពី៥០ ០០០រៀល ដល់ ៥០០ ០០០រៀល ឬដាក់ពន្ធនាគារពី១ខែ ដល់១ឆ្នាំ។
កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារជាសំឡេង ដោយព្រមានមិនលើកលែងក្នុងការបញ្ចប់តួនាទី និងភារកិច្ច ជាពិសេសមន្រ្តីនៅថ្នាក់ក្រោមជាតិ ដែលមិនបានបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។ តាមរយៈសារសំឡេងដដែលនេះ លោក ហ៊ុន សែន ក៏ព្រមានដកបុណ្យសក្តិ មិនថាជាអភិបាលខេត្ត អភិបាលក្រុង និងនគរបាលឡើយ ប្រសិនបើនៅតែបន្តឱ្យល្បែងស៊ីសងនេះរីកធំធាត់នៅក្នុងសហគមន៍តទៅទៀត។
លោកបន្តថា៖ «ខ្ញុំសូមចេញបញ្ជាដោយម៉ឺងម៉ាត់បំផុត សូមចាត់វិធានការដាច់ណាត់ និងទាន់ពេលវេលាបំផុត។ ខ្ញុំមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលរាជធានី-ខេត្ត អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថាមិនទទួលខុសត្រូវរបស់ខ្លួន។ ខ្ញុំសូមជម្រាបជូនថា មិនអាចបណ្តោយសភាពការណ៍បង្កឡើងបែបអនាធិបតេយ្យនៅក្នុងបនល្បែងទៀតទេ ត្រូវម៉ឺងម៉ាត់ ត្រូវតែដាច់ខាត។ វាមិនមែនជាកំណើនសេដ្ឋកិច្ចនោះទេ»។
ការចេញនូវបទបញ្ជានេះ ស្របពេលលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់តាំងលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកញ្ញា ជាអ្នកទទួលបន្ទុកក្នុងការបង្រ្កាបល្បែងស៊ីសងនេះសម្រាប់ក្របខណ្ឌនៅទូទាំងប្រទេស។
នៅថ្ងៃទី២៧ ខែកញ្ញានេះ វីអូឌី បានព្យាយាមសុំការអត្ថាធិប្បាយពីលោក សុខ ផល ជុំវិញផែនការបង្រ្កាបនេះ ថាតើដំណើរការបែបណាហើយ ប៉ុន្តែត្រូវបានលោកបដិសេធ ដោយលើកឡើងថា ពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការឆ្លើយបំភ្លឺ ដោយបង្វែរឱ្យទៅសួរលោក កែវ វណ្ណថន ជាអ្នកនាំពាក្យឆ្លើយជំនួសវិញ។
បើទោះបែបណា លោក កែវ វណ្ណថន មិនអាចសុំការបញ្ជាក់បានដែរ ដោយលោកអះអាងថាកំពុងជាប់រវល់។
គិតចាប់ពីថ្ងៃដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបទបញ្ជា គឺមានរយៈពេលប្រមាណ១០ថ្ងៃមកហើយ គេសង្កេតឃើញថា នៅពុំទាន់មានតួលេខជាផ្លូវការណាមួយស្តីពីការបង្រ្កាបបទល្មើស និងអ្នកពាក់ព័ន្ធ ដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់ ដូចដែលលោក ហ៊ុន សែន ចាត់ទុកថា ល្បែងស៊ីសងនេះ វាមិនមែនជាផ្នែកមួយនៃចំណូលសេដ្ឋកិច្ចជាតិទេ។
មួយរយៈពេលចុងក្រោយនេះ ផ្ទុយពីទីតាំងនៃល្បែងស៊ីសងដែលជាមុខសញ្ញាត្រូវបង្រ្កាប គេបែរជាសង្កេតឃើញកន្លែងដាក់បញ្ចាំមួយចំនួននៅក្នុងរាជធានីភ្នំពេញទៅវិញ ត្រូវបានអាជ្ញាធរចុះបង្រ្កាប ដោយដកហូតបានម៉ូតូរាប់រយគ្រឿង ដែលអាជ្ញាធរចាត់ទុកថាជាអាជីវកម្មខុសច្បាប់។
ដោយឡែក មាត្រា១ នៃច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង បញ្ញត្តិថា ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា លើកលែងតែមានការអនុញ្ញាតពីរដ្ឋាភិបាល៕