សង្គមស៊ីវិល​​​ស្នើ​​រដ្ឋាភិបាល​​ដាក់​​ធាតុចូល​​បន្ថែម​​ក្នុង​​ច្បាប់​​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដើម្បី​​កាត់​បន្ថយ​​អំពើ​ពុក​រលួយ

ប្រធានអង្គការតម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ផ្ដល់បទសម្ភាសន៍អំពីកម្មវិធីទូរសព្ទដែលមានឈ្មោះថា «មតិយើង» ក្នុងពិធីផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តសាកល្បង «កម្មវិធីទូរសព្ទដៃសម្រាប់ទទួលព័ត៌មានត្រលប់ពីប្រជាពលរដ្ឋ អំពីការផ្ដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ» នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អង្គការសង្គមស៊ីវិល និងតំណាង​ជនជាតិដើមភាគតិច ស្នើទៅរដ្ឋាភិបាល​បើកលំហក្នុងការផ្ដល់ព័ត៌ជូនសាធារណជន​ឱ្យបាន​ទូលំ​ទូលាយ និងស្នើ​ដាក់​ធាតុ​ចូល​បន្ថែមនៅក្នុងច្បាប់ស្ដីពី «សិទ្ធិទទួល​ព័ត៌មាន» ដើម្បីកាត់បន្ថ​យអំពើ​ពុក​រលួយ ខណៈ​ពួកគេនៅតែ​ជួបបញ្ហាប្រឈម​មួយចំនួន​ក្នុងការទទួល​បានព័ត៌មាន​រស៊ើប​ពីស្ថាប័ន​រដ្ឋ។

ក្នុង​សន្និសីទថ្នាក់​ជាតិ ស្ដីពី «សិទ្ធិទទួល​ព័ត៌មាន​ជា​សកល» ឆ្នាំ២០២២​នេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បាន​ថ្លែង​ថា សេចក្ដីព្រាង​ច្បាប់ស្ដីពី សិទ្ធិទទួលព័ត៌មាន នៅក្នុងមាត្រាមួយចំនួននៅមានភាពខ្វះចន្លោះនៅឡើយ ដែល​ករណីនេះ លោក​ស្នើទៅក្រសួងព័ត៌មាន​បញ្ចូលធាតុបន្ថែមនូវ​ឯកសារយោង​នៃ​សន្ធិសញ្ញាសិទ្ធិមនុស្ស និងឯកសារពាក់ព័ន្ធផ្សេងទៀត។

បើតាមលោក ប៉ិច ពិសី ឯកសារពាក់ព័ន្ធដែលគួរបន្ថែមដាក់ជាធាតុចូលក្នុងសេចក្ដីព្រាងច្បាប់នោះ រួមមាន មាត្រា​១៩​ នៃ​សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស, មាត្រា១៩​ នៃកតិកាអន្តរជាតិស្តីពី​សិទ្ធិ​ពលរដ្ឋ​និងសិទ្ធិ​នយោបាយ និង​កតិកាសញ្ញាអន្តរជាតិផ្សេងទៀត និយាយពីសិទ្ធិសេដ្ឋកិច្ច សង្គម និង​វប្បធម៌ រួមទាំង​កែសម្រួល​ខ្លឹម​សារ​មួយ​ចំនួន​ក្នុង​មាត្រា៣, ៤, ១១, ១៣, ១៥, ២០, ២៥ និង​មាត្រា២​៩ ដើម្បីឱ្យច្បាប់នោះចេញ​មក​មានប្រយោជន៍សម្រាប់​សង្គមជាតិ។

ក្រៅពីនោះ លោកថា ក្រុម​អង្គការសង្គមស៊ីវិលក៏បាន​ស្នើ​ឱ្យមានការត្រួតពិនិត្យនិងកែតម្រូវ​មាត្រា៣ និងមាត្រា៤ ដើម្បីឱ្យមាត្រាទាំងនោះ អាចអនុវត្តបាន​គ្រប់ស្ថាប័នសាធារណៈ​ទាំង​អស់ ជាពិសេសស្ថាប័នតុលាការ ស្ថាប័ន​នីតិបញ្ញត្តិ អង្គភាពរដ្ឋធម្មនុញ្ញ និងស្ថាប័នឯកជនដែលប្រើប្រាស់ថវិកាសាធារណៈ។

ចំណុចមួយទៀត លោក ប៉ិច ពិសី បញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិលស្នើ​ឱ្យពិនិត្យនិងកែតម្រូវ បើសិនជាអាចធ្វើទៅបានចំពោះកា​រដា​ក់ប​ញ្ចូល​ឯកសារ​ទាំងអស់ដែលស្ថិតនៅក្រោមការកាន់កាប់របស់ស្ថាប័ន​សាធារណៈ និងស្នើ​ឱ្យមា​ន​​ការ​ផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ ដោយមិនចាំបាច់កំណត់​ថា ឯកសារនោះជាឯកសារផ្លូវការនោះទេ។

ក្រៅពីនោះ មន្ត្រីសង្គមស៊ីវិលក៏បាន​ស្នើឱ្យមានការ​លុបចោលនិងកែសម្រួលមាត្រាមួយចំនួនទៀតផងដែរ ពាក់ព័ន្ធនឹងការ​កំណត់ពេលនៃការស្នើសុំព័ត៌មាន ការបង្ហាញអត្តសញ្ញាណអ្នកស្នើសុំ និងការពារប្រភពព័ត៌​មាន​ដែល​បញ្ចេញឬលាតត្រដាងព័ត៌មានរសើប ជាដើម។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានថ្លែងបន្តថា បើរដ្ឋាភិបាលធ្វើតាមសំណើរបស់ក្រុមអង្គការសង្គមស៊ីវិល និងបើកចំហក្នុងការផ្តល់​ព័ត៌មាន​ប្រកបដោយតម្លាភាព មិនប្រកាន់បក្ខពួក នោះ​ជាផ្នែក​មួយជួយទ្រទ្រង់គោលការណ៍ប្រជាធិបតេយ្យ និងកាត់បន្ថយនូវអំពើពុករលួយបានផងដែរ។

លោកមានប្រសាសន៍ថា៖ «ការដឹងព័ត៌មានអំពីការសម្រេចចិត្តរបស់រដ្ឋ ការទទួលបានព័ត៌មានអំពីសេវាសាធារណៈ ជាដើម អាចឱ្យពលរដ្ឋ​ដឹងពី​តម្លៃ​សេវា ពីរយៈពេលនៃការផ្តល់សេវា ហើយគាត់អាចដឹងថា សេវាណាដែល​គាត់មិនត្រូវបង់ថវិកាទេ ហើយបើត្រូវបង់ ត្រូវបង់ប៉ុន្មាន! អ៊ីចឹង​ការទទួល​បានព័ត៌មាន ដើរតួនាទីក្នុងការរារាំង​កុំឱ្យមានការស៊ីសំណូកសូកប៉ាន់កើតឡើង នៅក្នុងការផ្តល់សេវាផ្សេងៗដែរ»។

នាយកប្រតិបត្តិ អង្គការវិទ្យាស្ថានតស៊ូមតិ និ​ង​គោលនយោបាយ លោក ឡាំ សុជាតិ បានថ្លែងក្នុងសន្និសីទនៅថ្ងៃពុធ​នេះ​ដែរ​​ថា សិទ្ធិទទួលបានព័ត៌មាន​មានសារៈសំខាន់បំផុតក្នុងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយសេរី ឯករាជ្យ ពហុនិយម គ្មានការរើសអើង មានសមភាពយេនឌ័រ និងដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្សាយ​ព័ត៌មាន​មិន​ពិត ព័ត៌មានមិនត្រឹមត្រូវ និង​ភាពជ្រុលនិយម ឬអំពើហិង្សាផ្សេងៗជាដើម ។

ករណីនេះ លោកបាន​អំពាវនាវទៅរដ្ឋាភិបាល និងស្ថាប័នពា​ក់ព័ន្ធ ​​ពន្លឿន​ការ​​​អនុម័ត និងការអនុវត្ត​ច្បាប់ ស្តីពី សិទ្ធិ​ទទួលព័ត៌មាន ឱ្យបានឆាប់ ហើយ​​បន្តលើកកម្ពស់សិទ្ធិទទួល​ព័ត៌មានដែលជាសិទ្ធិមូលដ្ឋាននិងចាំបាច់ដល់​ការអាស្រ័យផលសិទ្ធិ​មនុស្សផ្សេងទៀត សម្រាប់អភិបាលកិច្ចប្រកប​ដោយគណ​នេយ្យភាព ប្រជាធិបតេយ្យ គ្មានអំពើពុករលួយ និងការអភិវឌ្ឍ​ប្រកបដោយចីរភាព។

កញ្ញា យួត លក្ខិណា តំណាង​សហគមន៍ជនជាតិដើមភាគតិច ដែលមកពីខេត្តចំនួន៣ រួមមាន ខេត្តកំពង់ធំ ក្រចេះ និង​ពោធិ៍សាត់ ដែលមាន​សហគមន៍​ចំនួន៣៣ និងសមាជិកទាំងអស់ជាង៥ពាន់ (៥ ៣៨៦) គ្រួសារ​ បាន​ថ្លែងនៅក្នុងសន្និសីទនោះថា នៅក្នុងសហគមន៍គាត់ មានប្រជាពលរដ្ឋមួយចំនួន​យល់ដឹង​ច្រើន​ទាក់ទងនឹងសិទ្ធិទទួលបានព័ត៌មាន ពាក់ព័ន្ធនឹង​​ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ និងការផ្តល់ដីសម្បទានសេដ្ឋកិច្ច ជាដើម។ កញ្ញា​បន្ត​ថា កន្លងមកសហ​គមន៍​ជនជាតិដើមភាគតិច​​បាន​ដាក់​លិខិត​ស្នើសុំព័ត៌មានចំនួន១២លិខិតទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប៉ុន្តែមានការឆ្លើយតបចំនួន ៩លិខិត ដែលទាក់ទង​នឹង​ថវិកា ច្បាប់ និងសម្បទានដីសេដ្ឋកិច្ច។

កញ្ញាបញ្ជាក់ថា បើ​ទោះជាមានលទ្ធផលវិជ្ជមាន​ក្នុងការបើកលំហសេរីភាពទទួលបានព័ត៌មានមួយចំនួន​ពីរដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ក៏ពួកគេនៅតែមាន​បញ្ហាប្រឈម ដោយ​សារ​មិនទទួលបានព័ត៌មានពីការផ្តល់ដីសម្បទាន​​សេដ្ឋកិច្ច និងមិនបានចូលរួមពេញលេញក្នុងដំណើរការពិគ្រោះយោបល់ និងរបាយការណ៍​វាយតម្លៃផលប៉ះពាល់បរិស្ថាន ជុំវិញការឈូសឆាយ រំលោភបំពានដីធ្លី​ពីសំណាក់ក្រុមហ៊ុនឯកជន ដែល​ធ្វើឱ្យប៉ះពាល់ដល់ជីវភាព ការរស់នៅ ជាពិសេស​ការអាស្រ័យផល ទំនៀមទម្លាប់ និងប្រពៃណីជនជាតិដើមភាគតិច។

កញ្ញាថ្លែងដូច្នេះថា៖ «សូមឱ្យអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បើកចំហនិងផ្តល់ព័ត៌មានពីការផ្តល់ដីសម្បទានសេដ្ឋកិច្ច កិច្ចសន្យាក្រុមហ៊ុន របាយការណ៍​វាយតម្លៃ​ផលប៉ះពាល់បរិស្ថាន តាមការស្នើសុំរបស់សហគមន៍ ព្រមទាំងផ្តល់ឱកាសឱ្យសហគមន៍ ជាពិសេសសហគមន៍ជនជាតិដើមភាគតិច បានចូលរួមពេញលេញនៅក្នុងគ្រប់ដំណើរ​ការនៃការវាយតម្លៃ និងពិគ្រោះយោបល់»។

កញ្ញាបន្ថែមថា៖ «ផ្តល់ឱកាសដល់សហគមន៍ជនជាតិដើមភាគតិច ក្នុងការចូលរួមប្រជុំស្នើសុំព័ត៌មានផ្សេងៗដែលជាតម្រូវការរបស់សហគមន៍ ជាពិសេសព័ត៌មានថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ដែលពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់សមាជិកសហគមន៍ជនជាតិដើមភាគតិច»។

ក្នុងសន្និសីទនោះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ បានថ្លែងថា កន្លងមក រដ្ឋាភិបាល​បានបង្កើត​យន្តការជាច្រើនក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លោកបន្តថា បើសិនជាប្រជាពលរដ្ឋស្នើសុំការផ្តល់សេវាសាធារណៈណាមួយពីរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយ​មិន​ទទួល​បានតាមការស្នើសុំ​ លោកលើកទឹកចិត្តដល់ពលរដ្ឋ​អាចដាក់​ពាក្យប្តឹង​បាន។

លោកថ្លែងថា៖ «រដ្ឋាភិបាលបានបង្កើតយន្តការជាច្រើនក្នុងការផ្តល់ព័ត៌មានជូនទៅសាធារណជន។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បង្កើតច្រកចេញចូលតែមួយ សម្រាប់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាន ក៏ដូចជាការិយាល័យប្រជាពលរដ្ឋ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចធ្វើការតវ៉ា ឬក៏ដាក់ពាក្យបណ្តឹង នៅពេលដែលគាត់ស្នើសុំសេវាសាធារណៈណាមួយ ដែលមិនឆ្លើយតបទៅតាមអ្វីដែលបានកំណត់»។

ដោយឡែក ទាក់ទងនឹងសំណើរបស់សង្គមស៊ីវិលដែលស្នើសុំដាក់ធាតុចូល និងកែសម្រួលមាត្រាមួយចំនួនក្នុង​សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលព័ត៌មាន លោកថា នាពេល​កន្លងមក ក្រសួងបានទទួលយកចំណុច​ខ្លះ និង​ចំណុចខ្លះមិនទទួលយក ហើយក្រសួងក៏បានជូនដំណឹងទៅគ្រប់ភាគីពាក់ព័ន្ធរួចហើយ​​ផងដែរ ។

លោក មាស សោភ័ណ្ឌ បញ្ជាក់ថា គិតមកដល់ពេលនេះ សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន កំពុង​ស្ថិត​​ក្នុង​ដៃ​ក្រុមការ​ងារ​បច្ចេកទេស​របស់ក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ ដើម្បី​​ពិនិត្យនិងសម្រេចចុងក្រោយ មុន​​នឹងបញ្ជូនទៅ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ទីស្តីការ​គណៈរ​ដ្ឋ​មន្ត្រី ក៏ដូចជាស្ថាប័ននីតិបញ្ញត្តិ​ ដើម្បីពិនិត្យនិងអនុម័ត។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី “សិទ្ធិទទួលព័ត៌មាន” បានអនុញ្ញាតឱ្យតាក់តែងនៅឆ្នាំ២០១៣ ដោយមានក្រសួងព័ត៌មានជាអ្នកទទួលបន្ទុក។ ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន មាន១០ជំពូក និង៣៦មាត្រា។ ច្បាប់​នេះមានគោលបំណងធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិសេរីភាពក្នុងការទទួលព័ត៌មានពីស្ថាប័នសាធារណៈ​ដោយស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ