អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន ខណៈ​ទឹកស្ទឹងព្រែកត្នោត​ហក់ឡើងខ្លាំង

ស្ថានភាពទឹកស្ទឹងព្រែកត្នោត ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ (ង៉ាយ ណៃ)

អាជ្ញាធរខេត្តកំពង់ស្ពឺ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ដោយ​សារ​បច្ចុប្បន្ន​ទឹក​ស្ទឹងព្រែក​ត្នោត​បាន​ហក់​ឡើង​ខ្លាំង ដែល​អាច​បង្ក​ឱ្យ​មាន​ការលិចលង់តំបន់ខ្លះជាយថាហេតុ។

ក្នុង​សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋ​បាល​ខេត្តកំពង់ស្ពឺ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ឱ្យដឹងថា រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់​ ដែល​ធ្វើឱ្យទឹក​ផ្នែក​ខាងលើ​នៃ​ដងស្ទឹងព្រែកត្នោតហក់ឡើងលឿន។

អាជ្ញាធរខេត្ត​បញ្ជាក់ថា ការ​ហក់​ឡើង​ទឹក​ស្ទឹង​ព្រែក​ត្នោត​នេះអាចនឹងធ្វើឱ្យផ្នែកខាងក្រោមមាន​ការលិចលង់តំបន់ខ្លះជាយថាហេតុ ហើយផ្នែកខ្លះត្រូវទទួលរងផលប៉ះពាល់ដល់ដំណាំកសិ​កម្ម សត្វ​ចិញ្ចឹម ផ្ទះសម្បែង​ និងហេដ្ឋារ​ចនា​សម្ពន្ធ​នានា ពិសេសអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋផងដែរ។

ដើម្បី​ធានា​សុវត្ថិ​ភាព និង​បង្ការ​នូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗឱ្យ​​បានទាន់ពេលវេលា អាជ្ញាធរខេត្តកំពង់ស្ពឺបាន​​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋ​ដែលរស់​នៅ​តំបន់​ខាងលើ និងតំបន់ទំនាបនានាផ្នែក​ខាង​ក្រោម នៃ​ទ្វារទឹករលាំង​ជ្រៃ​ ស្រប​តាម​បណ្ដោយ​ដង​ស្ទឹង​ព្រៃកត្នោត ត្រូវប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាពដែលនៅជិត ដើម្បី​ចៀងវាងការ​កើត​មានឡើងនូវគ្រោះថ្នាក់ផ្សេងៗ ដោយថា តំបន់ទាំងនេះងាយរងគ្រោះ។

ជាមួយគ្នានេះ អាជ្ញាធរខេត្តកំពង់ស្ពឺក៏បាន​ណែនាំឱ្យប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹក​ភ្លៀង​ ធ្វើសេចក្ដីរាយការណ៍ទៅអាជ្ញាធរភូមិ ឃុំ-សង្កាត់ ស្រុក និងខេត្តជាបន្ទាន់ ដើម្បី​ឱ្យ​អាជ្ញាធរ​មាន​​លទ្ធភាពចាត់វិធានការដោះស្រាយ ការ​ពារ និង​ជួយ​បាន​ទាន់​ពេល​វេលា។

យ៉ាង​ណា ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងកាលពីថ្ងៃម្សិលមិញថា ការធ្លាក់​ភ្លៀង​​បន្ត​បន្ទាប់​នេះ ដោយ​សារ​កម្ពុជា​កំពុង​ទទួល​រង​​ឥទ្ធិពលព្យុះ «ណូរុ NORU» ហើយ​នឹងវិវត្តទៅជាព្យុះទីហ្វុង ចាប់​ពី​ថ្ងៃ​ទី​២៧ ដល់ថ្ងៃទី​៣០ ខែកញ្ញានេះ ដែលធ្វើឱ្យ​ខេត្ត​មួយ​​ចំនួន ក្នុង​នោះមាន​​ខេត្ត​ឧត្ដរមានជ័យ ព្រះ​វិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់​ដំបង និង​​ពោធិ៍​សាត់ ប្រឈម​នឹង​ជំនន់​​ទឹក​ភ្លៀង និង​ជំនន់​​ដោយ​​បរិមាណ​ទឹក​ហួសកម្រិត។

ចំពោះ​បណ្ដាខេត្តដទៃទៀត និងរាជធានីភ្នំពេញ ក្រសួងធនធានទឹក ថាក៏នឹង​មានភ្លៀងធ្លាក់​ក្នុង​កម្រិត​ពីតិច​ទៅ​បង្គួរ លើក​លែ​ង​​តែ​​​បណ្ដាខេត្ត​ជាប់​​មាត់​​សមុទ្រ រួម​មាន​ ខេត្តកោះកុង និងខេត្ត​ព្រះសីហនុ ដែល​អាច​មាន​ភ្លៀងធ្លាក់ច្រើន។

ចំណែកនៅលើផ្ទៃសមុទ្រវិញ ក្រសួងថា​ក៏នឹងមានភ្លៀងច្រើន ខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ ខណៈភ្លៀងនឹងបន្តធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គ ដែលអាចធ្វើ​ឱ្យទឹកទន្លេមេគង្គមានការងើបកើនឡើងវិញជាបន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ