ពលរដ្ឋ​ជិត​១០០​គ្រួសារ​នៅ​ខេត្តកំពង់ឆ្នាំង​បារម្ភ​ពី​ការ​បាត់បង់​ដីធ្លី ក្រោយ​គ្មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ

ពលរដ្ឋមានវិវាទដីធ្លីជាមួយឈ្មោះ ដុស សុវណ្ណៈ និង ពេជ ចរិយា ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជួបអាជ្ញាធរដែនដី អំឡុងខែសីហា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការទាមទារស្វែងរកដំណោះស្រាយ។ (ផ្ដល់ឱ្យ)

ពលរដ្ឋ​ជិត១០០គ្រួសារ រស់​នៅឃុំតាំង​ក្រសាំង ស្រុក​​ទឹ​ក​​ផុស ខេត្ត​កំពង់​ឆ្នាំង បារម្ភពីការបាត់បង់ដីធ្លី ក្រោយការចរចារកដំណោះស្រាយ​ជាមួយភាគីជម្លោះ ក្រោមការ​សម្របសម្រួលរបស់អាជ្ញាធរ​ខេត្ត ពុំមានលទ្ធផលជា​វិជ្ជមាន។​

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២​០២២ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បាន​ជួប​ជាមួយ​តំណាង​ពលរដ្ឋ និងភាគីជម្លោះ ដើម្បីស្វែងរកដំណោះ​ស្រាយ​ដីធ្លី​ជា​ថ្មី​ទៀត រវា​ង​ពលរដ្ឋ៩១គ្រួសារ និងបុគ្គល២នាក់ឈ្មោះ ដុស សុវណ្ណៈ និងឈ្មោះ ពេជ ចរិយា នៅសាលាឃុំតាំងក្រសាំង ប៉ុន្តែការចរចា​នោះមិនទទួលបានផលឡើយ។

លោក ឆែម សឿម អះអាងថាជា​ពលរដ្ឋរស់នៅភូមិក្រាំង​តាមុំ ឃុំតាំងក្រសាំង ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា អ្នកភូមិ៩១គ្រួសារ ដែលមាន​ដីទំហំជាង១១៣​ហិកតា បានកាន់កាប់និងអាស្រ័យផលបន្តពីឪពុកម្ដាយ​​លើដី​​ទំហំ​ជាង១១៣ហិកតា ​តាំងពី​​ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ ប៉ុន្តែនៅឆ្នាំ២០២០ មានបុគ្គល២នាក់ឈ្មោះ ដុស សុវណ្ណៈ និងឈ្មោះ ពេជ ចរិយា ដែលជាកូនអតីតមន្ត្រីសូរិយោដីស្រុកទឹកផុស បានមក​អះ​អាង​ថា ដីនោះជា​ដីរបស់ខ្លួន​ដែល​មានបណ្ណកម្មសិទ្ធិតាំងពីឆ្នាំ១៩៩៥ទៅវិញ។

ពលរដ្ឋរូបនេះបន្តថា ការចរចា​រក​ដំណោះស្រាយ​កាល​ពី​ចុង​សប្ដាហ៍​មុន​នោះ គឺភាគីជម្លោះឈ្មោះ​ ដុស សុវណ្ណៈ ស្នើសុំផ្ដល់ដី​ជូន​ពលរដ្ឋវិញ​ត្រឹម១០ហិកតាប៉ុណ្ណោះ ​ក្នុងចំណោមដី១២៥ហិកតា ប៉ុន្តែពលរដ្ឋមិនព្រម។ លោកថា ពលរដ្ឋទាមទារដីតាម​ទំហំ​កាន់កាប់​​ជាក់ស្តែងរៀងៗខ្លួន។

លោកបន្ថែមថា៖ «ខ្ញុំក៏ដូចជាប្រជាពលរដ្ឋមានការព្រួយបារម្ភនិងពិបាកចិត្តខ្លាំងណាស់ អ្នកខ្លះដេកមិនលក់ផងរាល់ថ្ងៃនេះ បើអ្នកខ្លះមានទាំងដីផ្ទះ និងដីស្រែនៅក្នុងប្លង់គេ។ និយាយឱ្យចំទៅ ប្រសិនជាច្បាប់ឱ្យអ្នកមានប្លង់ហ្នឹងឈ្នះ ពលរដ្ឋដឹងតែសោកាហើយ គ្មានដីឯណាបង្កបង្កើន​ផលទៀត បើមានបន្តិចបន្តួច​[ក្នុង]ម្នាក់​ហ្នឹង​ហើយ»

ពលរដ្ឋម្នាក់ទៀត លោក កង សុផាត អាយុ៥០ឆ្នាំ ដែលប៉ះពាល់ដីស្រែប្រហែល​២ហិកតា បាន​អះអា​ង​ថា លោក​កើត​នៅភូមិ​ក្រាំង​តាមុំ ឃុំតាំងក្រសាំង និងបានធ្វើស្រែលើដីជម្លោះនោះបន្តពីឪពុកម្តាយ ប៉ុន្តែអាជ្ញាធរមិនដែលចុះធ្វើបណ្ណកម្មសិទ្ធិជូនពួកគាត់ឡើយរហូតមកដល់បច្ចុប្បន្ន។

លោក កង សុផាត ឱ្យដឹងថា ពលរដ្ឋមានដីចន្លោះ១ទៅ២ហិកតាប៉ុណ្ណោះក្នុង១គ្រួសារ សម្រាប់បង្កបង្កើនផលធ្វើស្រែចិញ្ចឹម​ជីវិត។ លោកថា ប្រសិនបើភាគីជម្លោះយកដីនោះអស់ អ្នកភូមិនឹងគ្មានដី​សម្រាប់បង្កបង្កើនផល ហើយពួកគាត់នឹងជួបបញ្ហាជីវភាព។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋ គាត់ចង់បានតែដីរបស់គាត់មកវិញទេ។ គាត់មានដីតិចតួច​ទេ ចុះ​បើ​ដី​ពួក​គាត់ត្រូវយក​​ទៅ​ចែ​​កឱ្យគេ គាត់ម៉េចព្រម! ហើយពលរដ្ឋនៅស្រុកស្រែ ១គ្រួសារមានកូន៣ឬ៤នាក់ ចុះបើយកដីគាត់អស់ គាត់បានអីចែកកូន? ដូចខ្ញុំបញ្ជាក់អ៊ីចឹង ដីប្រជាពលរដ្ឋខាងខ្ញុំនេះ​បានបន្តពីឪពុកម្តាយមក មិនបានទិញដូរពីអ្នកណាទេ»

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលរងខេត្តកំពង់ឆ្នាំង​ លោក សាន់ យូ ដែលចុះសម្របសម្រួលដោះស្រាយបញ្ហា​វិវាទដីធ្លី​នេះ និ​ង​បុគ្គលឈ្មោះ ដុស សុវណ្ណៈ និងឈ្មោះ ពេជ ចរិយា ដែល​ជាភាគីជម្លោះម្ខាង​ទៀត​បានទេ នៅថ្ងៃពុធនេះ។

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ខេត្ត​កំពង់​ឆ្នាំង លោក លី សុភា មានប្រសាសន៍ថា អាជ្ញាធរ​​ពាក់ព័ន្ធ​កំពុង​បន្ត​សម្របសម្រួលឱ្យភាគីជម្លោះជួបចរចា​គ្នាម្តងទៀតក្នុងពេលឆាប់ៗនេះ ដើម្បីឈានទៅរកដំណោះស្រាយដែលឈ្នះៗទាំងអស់គ្នា។

បើតាមលោក លី សុភា ភាគីខាងលោក ដុស សុវណ្ណៈ និងអ្នកស្រី ពេជ ចរិយា មានបណ្ណកម្មសិទ្ធិលើដីទំហំ១២៥ហិកតា តាំងពីឆ្នាំ១៩៩៥ ខណៈក្រុមពលរដ្ឋដែលរស់នៅនិងអាស្រ័យនោះជាក់ស្តែង គឺគ្មានបណ្ណឡើយ។

លោកបន្ថែមថា៖ «ការដោះស្រាយថ្ងៃមុនហ្នឹង ជាលទ្ធផល វាមិនទាន់បានជាផ្លែផ្កាអ្វីនៅឡើយទេ ប៉ុន្តែគ្រាន់តែឥលូវនេះ បន្តឱ្យតំណាងរបស់ប្រជាពលរដ្ឋហ្នឹងពិនិត្យពិភាក្សាគ្នា ហើយស្នើឱ្យភាគីដែលគាត់មានបណ្ណហ្នឹងសម្របសម្រួលកន្លែងណាដែលប៉ះ​ពាល់តិចតួច គួរតែដោះបណ្ដឹងជំទាស់ហ្នឹងទៅ ដើម្បីឱ្យប្រជាពលរដ្ឋចេញបណ្ណបានដែរ»

មេឃុំតាំងក្រសាំង លោក​ ពុធ ឃឿន ធ្លាប់ប្រាប់វីអូឌីថា ពលរដ្ឋបានកាន់កាប់និងអាស្រ័យផលដោយធ្វើស្រែលើដីកំពុងមាន​ជម្លោះនោះ​តាំង​ពី​ក្រោយសម័យខ្មែរក្រហម រហូតមកដល់បច្ចុប្បន្ននេះ ប៉ុន្តែពុំមានបណ្ណកម្មសិទ្ធិឡើយ។ ចំណែកភាគី​ម្ខាង​ទៀត​ លោកថា មានបណ្ណកម្មសិទ្ធិលើដីនោះតាំងពីឆ្នាំ១៩៩៥ ប៉ុន្តែ​មិន​ដែល​ចូល​មក​អាស្រ័យផលនោះទេ​។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា មានប្រសាសន៍ថា ជម្លោះដីធ្លីដែល​ពាក់ព័ន្ធជាមួយអ្នកមាន​បណ្ណកម្មសិទ្ធិ និងពលរដ្ឋ​រស់នៅជាក់ស្តែង​នេះ បានកើតឡើងច្រើននៅក្នុងខេត្ត​កំពង់​ឆ្នាំង ដោយ​សារ​​អ្នក​​ទិញ​​មួយ​​ចំនួនបានទិញតែបណ្ណ ប៉ុន្តែ​មិន​បាន​ទៅ​ពិនិត្យមើលដីជាក់ស្តែងឡើយ។ មន្ត្រី​សិទ្ធិមនុស្សរូបនេះបាន​ស្នើដល់អាជ្ញាធរត្រូវដោះស្រាយករណីនេះឱ្យមានតម្លាភាពនិងយុត្តិធម៌​ សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីកុំឱ្យពួកគេ​ខាត​​បង់​ផលប្រយោជន៍​ដោយ​សារ​បញ្ហា​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ