ទីតាំង​ជាង​១០កន្លែង​នៅ​ភ្នំពេញ​ត្រូវ​បាន​រកឃើញ​ថា​មាន​ករណី​ជួញដូរមនុស្ស និង​ប្រតិបត្តិការ​ឆបោក​តាម​អ៊ីនធឺណិត

ជនបរទេសរាប់រយនាក់ត្រូវបានសង្រ្គោះពីទីតាំង​មួយចំ​នួន​ក្នុងរាជធានីភ្នំពេញ ខណៈនគរបាលទទួលស្គាល់ថាមានការបង្ខាំង ការធ្វើទារុណកម្ម ការជំរិតទារប្រាក់ និងការជួញដូរមនុស្ស។

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជំរុញឱ្យចាត់វិធានការប្រឆាំងការ​​ជួញដូរមនុស្សក្នុងប្រតិបត្តិការទាំងនោះ។ ជនរងគ្រោះជា​ជនបរទេសជាច្រើន​ បាននិយាយថា ពួកគេត្រូវបាន​ឆបោកឱ្យមកធ្វើការក្នុងប្រទេសកម្ពុជា ដោយសន្យាថាផ្ដល់ការងារស្របច្បាប់ តែ​ផ្ទុយ​ទៅ​វិញ​ ពួកគេក្លាយជាទាសភាពបំណុល និងត្រូវបានបង្ខំឱ្យធ្វើការឆបោកតាមអ៊ីន​ធឺណិត។ គេជឿថា មនុស្សរាប់ពាន់នាក់បានធ្វើការនៅក្នុងប្រតិបត្តិការឆបោក។

មជ្ឈមណ្ឌលនៃប្រតិបត្តិការឆបោក ភាគច្រើន​ស្ថិត​នៅខេត្តព្រះសីហនុ ដែលជារឿយៗជាបរិវេណកាស៊ីណូតាមអ៊ឺនធឺណិត​ដែលត្រូវ​បានទុកចោល ក៏ដូចជាកាស៊ីណូនានានៅតាមព្រំដែន។ ទោះយ៉ាងណា នៅរាជធានី​ភ្នំពេញ​ ក៏មានប្រតិបត្តិឆបោកកើត​ឡើង​ច្រើន​ផង​ដែរ ហើយក្នុង​អំឡុងខែកញ្ញានេះ ​នគរបាល​​បាន​ឆ្មក់​ចូល​ទីតាំងសង្ស័យ​យ៉ាង​ហោចណាស់១១ទីតាំង។

នៅសណ្ឋាគារ ឌីវីត ស្ថិតក្នុងខណ្ឌសែនសុខ មនុស្សចំនួន២៤៩នាក់ រួម​មាន ជន​ជាតិ​បង់​ក្លាដែស កម្ពុជា ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ តៃវ៉ាន់ និងវៀតណាម ត្រូវបានសង្រ្គោះ និង​សាក​សួរ​ជុំវិញ​ករណី «ល្បែងស៊ីសងតាមអ៊ីនធឺណិតខុសច្បាប់»។ នេះបើយោងតាមការ​ឱ្យដឹង​ពីមន្ត្រី​នគរបាលខណ្ឌសែនសុខ។ ការ​ឆ្មក់​ចូល​កាលពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ក៏​បាន​រឹបអូស​កុំព្យូទ័រ​ចំនួន១៦០​គ្រឿង​ផង​ដែរ ហើយ​ទីតាំង​​នោះ​​​កំពុងស្ថិតក្រោមការ​ឃ្លាំមើល។

នៅ​អាផាតមិន (Apartment) ចំនួន២​ផ្សេង​ទៀតក្នុង​ខណ្ឌសែនសុខ ជនជាតិ​​ចិន​ចំនួន​​១០​នាក់ និង​ជនជាតិ​វៀតណាម​ចំនួន៧​នាក់ ​ត្រូវ​បាន​​សួរនាំ ហើយ​ទូរសព្ទ​ចំនួន​៣៦០​គ្រឿង និង​អាក្រង់កុំព្យូទ័រ (Monitors) ១០០​គ្រឿង ត្រូវបាន​រឹបអូស​កាលពី​ថ្ងៃ​ទី​១០ និង​ថ្ងៃទី​២០ ខែកញ្ញា។

រដ្ឋបាលខណ្ឌ​ដូនពេញ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែកញ្ញា នគរបាលបានឆ្មក់ចូលសណ្ឋាគារ Min ដែលស្ថិតនៅសង្កាត់ផ្សារថ្មីទី៣ និងបានរកឃើញទូរសព្ទចំនួន៧២​គ្រឿងនៅក្នុង​បន្ទប់មួយ ព្រម​ទាំងកុំព្យូទ័រចំនួន២គ្រឿងនៅក្នុងបន្ទប់មួយទៀត ប៉ុន្តែគ្មានមនុស្សនៅទេ។

រដ្ឋបាលខណ្ឌដូនពេញ បានឱ្យដឹងទៀតថា កម្លាំងសមត្ថកិច្ចចុះទៅដល់ខុនដូមួយកន្លែងក្នុងសង្កាត់​ស្រះចក ផ្លូវលេខ៦៥ កាលពីថ្ងៃទី១៩ ខែកញ្ញា ដោយ​បានរកឃើញ​អ្នក​គ្រប់​គ្រង​ទីតាំង បុគ្គលិក និងអ្នកបកប្រែជាជនជាតិចិន បានវេចខ្ចប់ឧបករណ៍ល្បែងស៊ីសងខុសច្បាប់។ សមត្ថកិច្ច​បានណែនាំអ្នកគ្រប់គ្រងពីការ​ហាមឃាត់ល្បែងស៊ីសង និង​ការជួញដូរខុសច្បាប់គ្រប់ប្រភេទ ហើយ​ត្រូវសហការជាមួយអាជ្ញាធរ បើមិនដូ​ច្នេះទេ ​នឹង​ត្រូវប្រឈមមុខនឹងច្បាប់។

រដ្ឋបាលខណ្ឌចំការមន បាននិយាយថា ទីតាំងមួយកន្លែងនៅទល់មុខស្ថានទូតអូស្ត្រាលី ត្រូវបានឆ្មក់ចូលកាលពីថ្ងៃទី១៩ ខែកញ្ញា ពីបទសង្ស័យជាប់ពាក់ព័ន្ធនឹង «ប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត»។

ទោះយ៉ាងណា មន្ត្រី​នគរបាល​រាជធានីភ្នំពេញ បានទទួលស្គាល់ថាមានការបង្ខាំង ការ​ធ្វើទារុណ​កម្ម ការ​ជំរិ​ត​ទារប្រាក់ និងការជួញដូរមនុស្ស ក្នុងអំឡុងពេលចាប់ខ្លួនមនុស្ស៧នាក់ នៅទីតាំង​២កន្លែង គឺសណ្ឋាគារឡាក់គីស្តារ ក្នុងសង្កាត់ផ្សារដើមគរ កាលពីថ្ងៃទី២០ ខែកញ្ញា និងសណ្ឋាគារ Fairyland ក្នុង​សង្កាត់៧មករា កាលពីថ្ងៃទី២២ ខែកញ្ញា។

លោក លូ ហ្ស៊ាងរី (Lu Xiangri) ជា​អ្នក​ជួយ​សង្គ្រោះ​ជនជាតិ​ចិន ​ដែល​បាន​ព្យាយាម​ជួយសង្រ្គោះ​​ជន​រង​គ្រោះ​​ពី​​ការ​ជួញ​ដូរមនុស្ស​ពី​អាផាតមិន​មួយកន្លែង​ក្នុង​ខណ្ឌ​សែនសុខ។ កន្លង​មក ជនជាតិ​វៀតណាមក៏​ត្រូវ​បាន​​ជួយ​សង្គ្រោះ​ពី​ទីតាំងនៅ​ទល់មុខនឹង​ស្ថានទូត​អូស្ត្រាលីផង​ដែរ។

កាលពីថ្ងៃចន្ទ ទី២៦ ខែកញ្ញា ចៅសង្កាត់បឹងទំពុនទី១ លោក សួស សារិន ក៏បានទទួលស្គាល់ការឆ្មក់ចូលនៅខុនដូមួយកន្លែងដែល វីអូឌី ធ្លាប់បានរាយការណ៍ថា ជនជាតិឥណ្ឌូនេស៊ីមួយក្រុមត្រូវបានបង្ខំឱ្យធ្វើការឆបោកតាមអ៊ីនធឺណិត មុនពេលត្រូវបានជួយសង្គ្រោះ។ ក្រុម​ជនរងគ្រោះទាំងនោះ ​ត្រូវ​បាន​សម្ភាស​​បន្ទាប់​ពី​ត្រលប់​ទៅ​កោះបាតាំ (Batam) វិញ ក្នុងប្រទេស​ឥណ្ឌូនេស៊ី​។

​សមត្ថកិច្ច​ក៏​បាន​បន្ត​ប្រតិបត្តិការសង្រ្គោះនៅ​ក្រៅ​រាជធានី​ភ្នំពេញ​ផងដែរ។ នៅខេត្តព្រះសីហនុ ការឆ្មក់ចូលទីតាំងចំនួន៣ ចាប់​ពី​ថ្ងៃទី១​៨ ដល់ថ្ងៃទី២២ ខែកញ្ញា បានសង្រ្គោះជនបរទេសចំនួន១ ០៤៥នាក់ រួមមាន ជនជាតិបង់ក្លាដែស ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា រុស្ស៊ី តៃវ៉ាន់ ថៃ និងវៀតណាម។ នេះបើយោងតាមមន្ត្រី​នគរបាលខេត្តព្រះសីហនុ។

ពលរដ្ឋខ្មែរចំនួន៨នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ ពីបទបង្ខំមនុស្សឱ្យធ្វើការនៅទីតាំង Galaxy World ដែល​មាន​អគារ​ចំនួន​៣ និងបន្ទប់ជាង២០០។ មន្ត្រី​នគរបាលបានរកឃើញការជួញដូរមនុស្ស ការ​ជួញដូររូបិយបណ្ណខុសច្បាប់ លក្ខខណ្ឌការងារខុសច្បាប់ និងការលេងល្បែងស៊ី​សង​តាម​អ៊ីនធឺណិត។ មន្ត្រី​នគរបាល​​ខេត្ត​ព្រះសីហនុបាន​ឱ្យដឹងទៀត​ថា បុគ្គលិក​ដែល​​មិនមាន​ឯកសារ​ត្រឹម​ត្រូវ ​​នឹង​រងការផាក​ពិន័យ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាឱ្យបញ្ជូនជនបរទេសរាប់រយនាក់ត្រលប់ទៅប្រទេសរបស់ពួកគេវិញ ចេញពីទីតាំងមួយទៀតដែលមានឈ្មោះថា Pao Yong Technology និងបញ្ជាឱ្យបិទអាជីវកម្មទាំងអស់នៅ Jincai ។

រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា សណ្ឋាគារមួយកន្លែងនៅក្រុងតា​ខ្មៅ ក៏ត្រូវបានបិទផងដែរ បន្ទាប់ពីមានការឆ្មក់ចូលកាលពីថ្ងៃទី២០ ខែកញ្ញា ហើយជនជាតិចិនជាច្រើននាក់ត្រូវបានសង្រ្គោះ។

កាលពីថ្ងៃទី២២ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បាននិយាយថា ពលរដ្ឋវៀតណាមជាង១ ០០០​​នាក់ ដែលចាញ់បោកគេមកធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ឥលូវនេះត្រូវបានជួយសង្គ្រោះហើយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Vietnam Plus។

តំណាងអង្គការប្រឆាំងការឆបោកជាសកល (Global Anti-Scam Organization) ដែលជាក្រុមអ្នកស្ម័គ្រចិត្ដដែលបានចូលរួមក្នុងការជួយសង្គ្រោះជនរងគ្រោះពីទីតាំងឆបោក បាននិយាយថា អាជ្ញាធរកម្ពុជាបានបង្ហាញពីការចាត់វិធានការ ប៉ុន្តែមិនច្បាស់ថាតើអ្នកគ្រប់គ្រ​ងប្រតិបត្តិការ​ឆបោកទាំងនោះត្រូវបានឃាត់ខ្លួនឬយ៉ាងណា។

​តំណាងអង្គការ​មួយនេះ​​បាន​​បន្ត​ថា៖​ «​ពួក​គេ [អាជ្ញាធរ] ​បាន​ព្យាយាម ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​ថា​តើ​មេធំ​ត្រូវ​បាន​ចាប់​​ខ្លួនឬ​អត់​នោះទេ ហើយ​ខ្ញុំ​គិត​ថា​នេះជាចំណុចដែលគួរឱ្យបារម្ភបំផុត​។ គួរ​មាន​តម្លាភាព​ជាង​នេះ​ ចំពោះ​សាធារណជន ព្រោះ​យើង​គិតថាមេធំមិនត្រូវ​បាន​ចាប់​ខ្លួនឡើយ»។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បានបដិសេធអត្ថាធិប្បាយ​ជុំវិញករណីនេះ ដោយ​ប្រាប់ថាជាប់ប្រជុំ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Over 10 Phnom Penh Condos, Hotels Raided Over Trafficking, Online ‘Services’

រាយការណ៍​បន្ថែម​ដោយ៖ គៀត សុរិទ្ធធាវី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ