អ្នក​ជំនាញ​ថា ការ​កាន់​អំណាច​បន្ត​វេន​មិន​មែន​ជា​បញ្ហា​ តែ​បញ្ហា​នៅ​ត្រង់​ប្រព័ន្ធ​បោះឆ្នោត​គ្មាន​ទំនុកចិត្ត

លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្ស គ.២៧ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Hun Manet)

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ អះអាងថា បញ្ហា​លំហ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ មិន​បាន​រងការ​ប្រឈម​ដោយសារ​ការ​បន្តវេន​តាម​សែ​ស្រឡាយ​ឬអត់នោះ​ទេ តែ​ប្រឈម​ដោយ​សារ​ ការ​អនុវត្តទម្រង់​​ប្រជាធិបតេយ្យ​ ដូចជា ពាក់ព័ន្ធ​សិទ្ធិមនុស្ស សេរីភាព​នៃ​ការ​បញ្ចេញមតិ​ជាដើម មិន​បាន​ឆ្លើយ​តប​តាម​ទម្រង់​ដែល​កម្ពុជា​បាន​ផ្តល់សច្ចាប័ន​នៅ​អង្គការសហប្រជាជាតិ និង​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស។

ការអះអាងនេះ​ ធ្វើឡើង​ក្រោយ​មាន​ប្រតិកម្មឆ្លើយឆ្លង​រវាង​អ្នកនយោបាយ អ្នកវិភាគមួយ​ចំនួន ទាក់ទិន​កា​រដាក់សែ​ស្រឡាយលោក ហ៊ុន សែន ជា «បេក្ខភាព​បន្តវេន»​ ក្នុង​បក្សកាន់​អំណាច។

នៅថ្ងៃទី ២៧ ខែកញ្ញានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះ​វីដេអូជិត ១០នាទី ស្តីពី​ការឆ្លើយតប​របស់កូនប្រុស​លោក គឺលោក ហ៊ុន ម៉ាណែត ទៅ​នឹង​ការអត្ថាធិប្បាយ​របស់បុគ្គលនយោបាយ​មួយចំនួន​ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹង​ការជ្រើសរើស​បេក្ខជន​បន្តវេន​របស់​គណបក្សប្រជាជនកម្ពុជា។

តាមរយៈវីដេអូនោះ​ លោក ហ៊ុន ម៉ាណែត បានចេញប្រតិកម្ម​នូវការដែលលើកឡើងថា បេក្ខភាព​បន្តវេនរបស់លោក​ក្នុងបក្សប្រជាជនកម្ពុជា​ មាន​រូបភាព «ផ្តាច់ការ» ដូចនៅ​កូរ៉េខាងជើង។ លោកបដិសេធ​ការ​លើកឡើងនេះ​ដោយថា ចំណុចសំខាន់​នៃគោលការណ៍ប្រជាធិបតេយ្យ គឺស្ថិតត្រង់ «ឆន្ទៈពលរដ្ឋ»​ បោះឆ្នោតឱ្យ មិនមែន​ស្ថិតនៅត្រង់​ការដាក់សែស្រឡាយ ឬអត់នោះឡើយ។

ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពី​អ្នកវិភាគមួយចំនួន​បានរិះគន់ជាហូរហែ​ចំពោះបេក្ខភាពបន្តវេនរបស់លោក​ក្នុងបក្សកាន់អំណាច​ថា បាន​តាមរយៈអំណាចឪពុក ខណៈ ១សប្តាហ៍មុននេះ អតីត​សហស្ថាបនិក​គណបក្សសង្គ្រោះជាតិ​ដែល​ត្រូវតុលាការរំលាយ គឺលោក សម រង្ស៊ី បានបង្ហោះ​នៅលើ​ទំព័រហ្វេសប៊ុក​ ឌឺដងឱ្យលោក ហ៊ុន ម៉ាណែត ថា ជា​ជនខ្វះសមត្ថភាព ប៉ុន្តែត្រូវ​«ឪពុកលើកបន្តុប» ឬ«ឡើងតាម​ជើងខោឪ»។

ក្នុងនោះលោក សម រង្ស៊ី ថា លោក ហ៊ុន សែន បានសំឡុត ហើយផាត់​ចោល​គូប្រកួតទាំងអស់​ក្នុងជួរគណបក្សកាន់អំណាច និងរៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​ដែល​ផ្ទុយពី​ឆន្ទៈរាស្ត្រ។

ក្នុងវីដេអូដដែលនោះ អគ្គមេបញ្ជាការរង​កងយោធពលខេមរភូមិន្ទ និងជា​ មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ប្រតិកម្មថា អ្នកវិភាគខ្លះ​បាន​វាយប្រហារ​លោកថា «បន្តវេនពីឪតាមរបៀបផ្តាច់ការ» ដោយប្រៀបធៀប​ទៅនឹងរូបភាព​នៅកូរ៉េខាងជើងថា​ មានតែប្រទេសនេះ​ទេដែលធ្វើ។

លោក ម៉ាណែត ចាត់ទុកថា នេះជា​ការវិភាគបែបស៊ីអារម្មណ៍ ពោលគឺ​យកអារម្មណ៍ខ្លួនឯង​ដើម្បីបញ្ចេញលទ្ធផល ហើយយកការស្រាវជ្រាវដើម្បី​បង្គ្រប់កិច្ច។

លោក ហ៊ុន ម៉ាណែត ថា៖ «ឥលូវវា​មានអីខុស​ដែលមនុស្ស​នៅក្នុងវង្សត្រកូល​អ្នកនយោបាយ​ចាប់អាជីព​ជាអ្នកនយោបាយ? មានអ្វីខុស សម្រាប់​មនុស្សនៅក្នុង​គ្រួសារអ្នករកស៊ី អ្នកធុរកិច្ច ចាប់អាជីពជាអ្នកធុរកិច្ច? ឥលូវខ្ញុំសួរ! តើវាមានអីខុស បើអ្នក[ដែលមាន]ឪពុកម្តាយជាទាហាន ជាប៉ូលីស តែកូនមកចង់​ចូលទាហានចូលប៉ូលីសមានអីខុសឥលូវ? យើងចូលតាមនីតិវិធី ឱ្យតែយើងត្រូវតាមគោលការណ៍»។

កូនប្រុសច្បង​របស់លោកនាយករដ្ឋមន្ត្រីរូបនេះបន្តថា ការដែលលោក​ត្រូវបានគាំទ្រជាបេក្ខភាពបន្តវេននេះ គឺមិនបាន​ខុសពី​គោលការណ៍​ដែលបាន​អនុវត្តនៅកម្ពុជាទេ​ ពោលគឺមិនថា គោលការណ៍​ផ្ទៃក្នុងរបស់បក្ស និងគោលការណ៍ប្រជាធិបតេយ្យ ដោយអះអាងថា លោកគ្រាន់តែ​ឈរឈ្មោះជា​បេក្ខភាពបន្តវេន​របស់បក្ស​សម្រាប់ឱ្យពលរដ្ឋបោះឆ្នោត មិនមែន​ឈរឈ្មោះជា​ នាយករដ្ឋមន្ត្រីឡើយ។

លោក ហ៊ុន ម៉ាណែត ថា៖ «ហើយ​ចង់អ្នកឯងថា ផ្តាច់ការអី? រឿងសំខាន់ប្រជាពលរដ្ឋតើ! […] អ៊ីចឹងប្រជាពលរដ្ឋ ឆន្ទៈប្រជាពលរដ្ឋបោះឆ្នោតឱ្យ ហ្នឹងហើយ! ចង់អ្នកឯងសែស្រឡាយ មិនសែស្រឡាយ ឱ្យតែប្រជាពលរដ្ឋបោះឆ្នោតឱ្យ ហ្នឹងហើយ​គោលការណ៍ប្រជាធិបតេយ្យ»។

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រ​នយោបាយ​ លោក ឯម សុវណ្ណរ៉ា យល់ថា អ្វីដែលលោក ហ៊ុន ម៉ាណែ តលើកឡើងគឺមិនខុសទេ ពោលសង្គម​ប្រជាធិបតេយ្យ​ទាមទារ​នូវការបោះឆ្នោត។ ក្នុងនោះ​ ពលរដ្ឋជាអ្នកមាន​សិទ្ធិសម្រេចចិត្តថាគាំទ្រ លោក ហ៊ុន ម៉ាណែត ឬគាំទ្របេក្ខភាព​មកពីបក្សផ្សេង ដែលរឿងនេះ​លោក​ថា មានលក្ខណៈខុសគ្នា​ពីលក្ខខណ្ឌ​នៅប្រទេស​កូរ៉េខាងជើង។

យ៉ាងណា លោកថា លំហ​ប្រព័ន្ធប្រជាធិបតេយ្យ​មានភាពរួមតូច មិនមែន​ដោយសារតែ​បេក្ខភាពបន្តវេន​តាមសែស្រឡាយ ឬអត់នោះទេ ប៉ុន្តែវា​អាស្រ័យចម្បង​លើការគោរព​តាមគោលការណ៍ច្បាប់​និងប្រព័ន្ធប្រជាធិបតេយ្យ ស្តីពីធម្មនុញ្ញ​របស់អង្គការសហប្រជាជាតិ ដែលកម្ពុជា​បានផ្តល់សច្ចាប័នទៅវិញ។ ក្នុងធម្មនុញ្ញ​នោះ មានការរៀបចំខ្លឹមសារ​នៃកិច្ចព្រមព្រៀងពាក់ព័ន្ធសិទ្ធិមនុស្ស និងសេរីភាពនៃ​ការបញ្ចេញមតិជាដើម។

បែបនេះក្តី លោកបង្ហាញ​ការខកចិត្តដែលអ្នកនយោបាយខ្មែរ ជាពិសេស​បក្សកាន់​អំណាច​តែងតែប្រើឃ្លាប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ជាញឹកញាប់ តែបែរជា​ហៅថា «ស្តង់ដារកម្ពុជា» ខណៈលោកថា តាមពិតខ្លឹមសារ​ប្រព័ន្ធប្រជាធិបតេយ្យនោះ គឺអនុវត្តនូវទម្រង់​តែមួយទេ។

លោក ឯម សុវណ្ណរ៉ា ថា ករណីនេះបណ្តាល​ឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​មានកម្រិតទាប និងមិនពេញលេញ។ បើតាមសាស្ត្រាចារ្យរូបនេះ ការដែល​អ្នកនយោបាយ​យកប្រជាធិបតេយ្យ​មកបម្លែងលើសពីមួយ​ទម្រង់​បែបនេះ វាជារឿង​អភ័ព្វ​សម្រាប់​ពលរដ្ឋកម្ពុជា ព្រោះវា​ប៉ះពាល់​ដល់ការ​អនុវត្ត​សិទ្ធិជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

លោក ឯម សុវណ្ណរ៉ា ថា៖ «នៅកម្ពុជាយើង អ្នកនយោបាយ​តែងតែប្រើពាក្យប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ក៏ប៉ុន្តែ​ត្រូវបាន​អ្នកនយោបាយ​ ជាពិសេស​គណបក្សកាន់អំណាច​ ចាត់ទុកថា ប្រជាធិបតេយ្យ“ស្តង់ដារកម្ពុជា”។ អានេះជារឿងមួយ ដែលយើងគួរឱ្យសោកស្តាយដែរ។ […] កម្ពុជា មានកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ដែលខ្លឹមសារ​ភាគច្រើន​ដូចនៅក្នុងខ្លឹមសារនៃធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋហ្នឹង ហើយ​ដល់តែយើងអនុវត្តអត់បាន ហើយយើង​និយាយប្រជាធិបតេយ្យពេញៗ​មាត់។ កន្លែងហ្នឹងគួរឱ្យខ្មាសអៀនដែរសម្រាប់អ្នកនយោបាយ ហើយ​ក៏ជា​រឿងមួយ​ អភ័ព្វដែរ​សម្រាប់ពលរដ្ឋកម្ពុជា ដែលមានអ្នកនយោបាយ​គិតអំពីស្តង់ដារប្រជាធិបតេយ្យ​ជាពីរបីទម្រង់ លើសពីមួយទម្រង់»។

ចំណែក អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស យល់ឃើញស្រដៀងគ្នានឹងលោក ឯម សុវណ្ណរ៉ា ដែរថា នរណា​ជាបេក្ខភាព​បន្តវេន​គឺជារឿងផ្ទៃក្នុង​ផ្អែកលើបក្សនយោបាយទេ តែរឿង​សំខាន់គឺ​ការបើកឱ្យមាន​ការចូលរួមការ​បោះឆ្នោតដោយសេរី ការប្រកួត​ប្រជែង​ដោយ​ត្រឹមត្រូវ។

លោកមើលឃើញថា លំហប្រជាធិបតេយ្យនៅកម្ពុជា​មានការប្រឈមច្រើនចំណុចណាស់ ដែលទាមទារឱ្យ​មានការស្តារឡើងវិញ ដែលសូម្បី​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ក៏បានជំរុញឱ្យរដ្ឋាភិបាលបើកលំហ គោរពសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ។

លោក កន សាវាង្ស បន្ថែមថា រដ្ឋាភិបាល​ដែលដឹកនាំដោយ​បក្សប្រជាជនកម្ពុជា​​ ត្រូវតែធ្វើយ៉ាងណា​ឱ្យដំណើរការ និងបរិយាកាស​នយោបាយកម្ពុជា​អាចទទួល​យកបាន ជាពិសេសដោះស្រាយលើ​សេរីភាព និងសិទ្ធិនយោបាយ​របស់ក្រុមមន្ត្រីបក្សសង្គ្រោះជាតិ​ដែលត្រូវតុលាការរំលាយ ដើម្បីកុំឱ្យ​ពេលវេលា​អូសបន្លាយ ប៉ះពាល់​ដល់សិទ្ធិរបស់ពួកគេ។

លោក កន សាវាង្ស ថា៖ «ចំណុចមួយទៀត យើងមើល​រឿងប្រព័ន្ធបោះឆ្នោត ទាំងសិទ្ធិនយោបាយ ទាំងឆន្ទៈប្រជាពលរដ្ឋហ្នឹង យើង​ឃើញថា មានច្បាប់​មួយចំនួនហ្នឹង គឺថា​ មានវិសោធនកម្មដែលធ្វើឱ្យមិន​អាចនឹងធានាអំពីឆន្ទៈ ឬក៏តំណាងប្រជាពលរដ្ឋបាន។ ឧទាហរណ៍​ដូចជា ការចែង​អំពីការ​បែងចែក​អាសនៈតាមរយៈការរំលាយ​គណបក្សនយោបាយអីជាដើម នេះជាចំណុចមួយ​ដែលយើងមើលឃើញថា ធ្វើឱ្យតំណាង​ជាប់ឆ្នោត​កន្លងមកហ្នឹង គឺគេ​មិន​អាច​បំពេញ​នូវតួនាទីរបស់គេបាន»។

លោកថា រដ្ឋាភិបាលត្រូវ​ធានានូវឆន្ទៈពលរដ្ឋ ជៀសវាង​ការប្រើអំណាច​គាបសង្កត់គណបក្សផ្សេង ដែលនោះជា​ការប្រកួតប្រជែង​មិនស្មើភាពគ្នា។

អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ យល់ស្របចំពោះ​លោក ហ៊ុន ម៉ាណែត ដែលថា ប្រជាធិបតេយ្យ​គឺអាស្រ័យលើ​ពលរដ្ឋបោះឆ្នោត។ យ៉ាងណា លោកចោទ​ជាសំណួរវិញថា តើការបោះឆ្នោត​នោះប្រព្រឹត្តទៅ​ដោយត្រឹមត្រូវ និងយុត្តិធម៌ ឬទេ?

លោកបន្ថែមថា ចំណុចដែលចាំបាច់នោះ​គឺការមាន​ស្ថាប័នជាតិឯករាជ្យ ការគ្រប់គ្រងការបោះឆ្នោត​ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលអាចទុកចិត្តបាន។

យ៉ាងណា លោក សុន ឆ័យ ថា ការរៀបចំការបោះឆ្នោត​ដែលប្រព្រឹត្តទៅដោយត្រឹមត្រូវ វាទាល់​តែ​ចាប់ផ្តើមដំបូង​ដោយកែលម្អ​​គណៈកម្មការរៀបចំ​ការបោះឆ្នោតនៅ​បណ្តាខេត្ត ឃុំ ​ឱ្យបាន​ត្រឹមត្រូវ ក្នុងនោះ​មានការជ្រើសរើស​បុគ្គលដែលបំពេញ​ការងារដោយយុត្តិធម៌។

លោក សុន ឆ័យ ថា៖ «មួយទៀត កុំឱ្យមាន​ការរើសអើង គាបសង្កត់ពលររដ្ឋ ចាប់ចង ប្តឹងផ្តល់ បំភិតបំភ័យ ដូចធ្លាប់មាន​កើតឡើងកន្លងទៅ។ ជា​ពិសេស​​ប្រព័ន្ធតុលាការ ប្រព័ន្ធរដ្ឋបាល​សាធារណៈហ្នឹង គឺត្រូវបំពេញការងាររបស់ខ្លួនឱ្យយុត្តិធម៌ ឱ្យស្មើភាព ឱ្យមានភាពឯករាជ្យ។ សំខាន់ណាស់​រឿង​ការ​បោះឆ្នោត សេរី និងយុត្តិធម៌នេះ គឺគេពិនិត្យ​តាំងពីស្ថាប័នជាតិទាំងអស់។ តើស្ថាប័ននោះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់គណបក្សណាមួយ ឬក៏ជា​ស្ថាប័ន​របស់​ជាតិ?»។

អតីតសហស្ថាបនិកគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក សម រង្ស៊ី កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហោះនៅ​លើទំព័រ​ហ្វេសប៊ុកផ្លូវការ​របស់លោក​ដោយដាក់ចំណងជើងថា «ក្រោមរបបគ្រួសារនិយម កូនខ្វះសមត្ថភាព ត្រូវតែឡើងតាមជើងខោឪ»។

លោក សម រង្ស៊ី សរសេរថា​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកកម្ពុជា​ដូចក្រុមហ៊ុនឯកជនមួយ ដែលគាត់ធ្វើជាថៅកែ។ លោកថា លោក ហ៊ុន សែន បានធ្វើជាថៅកែក្រុមហ៊ុនមួយ​នេះអស់មួយជីវិតហើយ ខណៈបច្ចុប្បន្ននាយករដ្ឋមន្ត្រីរូបនេះចង់ឱ្យកូនប្រុស​គាត់ធ្វើជាថៅកែជំនួសគាត់។

លោក សម រង្ស៊ី បន្តថា លោកហ៊ុន សែន កំពុងយល់ច្រលំហើយ ពីព្រោះកម្ពុជា​មិនមែនជាក្រុមហ៊ុនឯកជនរបស់គាត់ទេ តែជាប្រទេសជាតិ​របស់ប្រជា​រាស្ត្រខ្មែរ​ យ៉ាងតិច ១៦លាននាក់។

លោក សម រង្ស៊ី ថា៖ «ល្បិចកល ហ៊ុន សែន ដើម្បីឡង់សេកូនគាត់គឺ [១]យកគណបក្សប្រជាជនកម្ពុជា ធ្វើជាឈ្នាន់ ដោយសំឡុត ហើយ​ផាត់ចោល​គូប្រកួតទាំងអស់​ក្នុងជួរគណបក្សនេះ។ [២] រៀបចំការបោះឆ្នោត​ក្លែងក្លាយ ដើម្បីធានា​ជ័យជំនះក្លែងក្លាយមួយ​សម្រាប់គ្រួសារគាត់ ដែលផ្ទុយ​ពីឆន្ទៈ​ប្រជា​រាស្ត្រខ្មែរ»។

អតីតសហស្ថាបនិកគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយរូបនេះបន្ថែមថា៖ «ប្រជារាស្ត្រខ្មែរ មិនចាញ់បោក ហ៊ុន សែន ទេ ហើយ​ចង់ឱ្យ​មាន​ការប្រកួតប្រជែងដោយស្មើភាពគ្នា តាមបែបបទប្រជាធិបតេយ្យពិតប្រាកដ​ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេស។ ហ៊ុន សែន មិន​ត្រូវមើលងាយ​កូនខ្មែរជាច្រើន ដែលកើតចេញពីគ្រួសារសាមញ្ញ គឺមិនមានសែស្រឡាយណាទេ មិនមានគណបក្សនយោបាយណាឡង់សេទេ តែមាន​លក្ខណៈ​សម្បត្តិសមរម្យ ដើម្បីធ្វើជានាយករដ្ឋមន្ត្រីបានដែរ។ គេមិនចាំបាច់ឱ្យឪបន្តុប ឬបើនិយាយឱ្យស្រួលស្តាប់ មិនចាំបាច់ឡើងតាមជើងខោឪទេ»។ 

លោក សម រង្ស៊ី អះអាងថា តាមការពិតលោក ហ៊ុន សែន មានការភ័យខ្លាចចំពោះអនាគតរបស់គាត់។ គាត់ត្រូវការឱ្យកូនគាត់ការពារគាត់​ទៅថ្ងៃមុខ ពីព្រោះ​គាត់នឹង​ប្រឈមមុខតុលាការប្រទេសបារាំង តុលាការអន្តរជាតិ និងតុលាការប្រជារាស្ត្រខ្មែរ ដែលនឹងយកគាត់ទៅកាត់ទោស ដោយសារតែអំពើអាក្រក់ ដែល​គាត់​បានប្រព្រឹត្តជិត ៤០ឆ្នាំមកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ