តុលាការ​នឹង​ប្រកាស​សាលក្រម​ពី​បទ​បរិហារកេរ្តិ៍​សំណុំ​រឿង​លោក សុន ឆ័យ នៅដើមខែតុលា

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ ក្រោយសវនាការសំណុំរឿងពាក់ព័ន្ធនឹងការបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុម​ប្រឹក្សាជំនុំជម្រះ សម្រេចថា នឹងប្រកាសសាលក្រម​ក្នុងរឿងក្ដីព្រហ្មទណ្ឌ​ប្រឆាំងនឹង​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ​ នៅដើម​​ខែ​​​តុលា ដែលមានគណៈកម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោត (​​គ​.​ជ​​.​ប) ជាដើមបណ្ដឹង​ ខណៈ​​បទ​ចោទ​ដូច​គ្នាដែល​មាន​ម្ចាស់​បណ្ដឹង​គឺ​គណបក្ស​ប្រជាជន​កម្ពុជា តុ​​លា​ការ​ក៏នឹង​លើក​យក​​មក​ជំនុំជម្រះក្នុងថ្ងៃតែមួយ បន្ទាប់​ពី​ការ​ប្រកាសសាល​ក្រម​ទីមួយ​រួច។

លោក ហម ម៉េងសែ ក្រុមប្រឹក្សា​ជំនុំជ​ម្រះ ​នៃសាលាដំបូង​​រាជធានីភ្នំពេញ បានប្រាប់អង្គសវនាការ​​មុន​​​បិទ​​បញ្ចប់​សវនាការ ថាសាលក្រមនៃរឿងក្ដីមួយនេះ តុលាការនឹងប្រកាសនៅថ្ងៃទី៧ ខែ​តុលា នៅ​ដើម​សប្ដាហ៍ក្រោយនេះ។ ដោយ​ឡែក បទចោទមួយករណីទៀត តុលាការ​​​នឹង​​បើក​​ការ​ជំនុំ​ជម្រះ​ក្នុងថ្ងៃតែមួយតែម្ដង នៅបន្ទាប់ពីប្រកាសសាលក្រមរឿងក្ដីទី១ ចប់សព្វគ្រប់។

ទាក់ទិន​សវនាការនៅថ្ងៃនេះវិញ តំណាងអយ្យការ ​លោក ប្លង់ សុផល បានសួរដេញដោលលោក សុន ឆ័យ ជាច្រើនអំពីមូលហេតុដែលលោករិះគន់ និងបរិហារកេរ្តិ៍ស្ថាប័នជាតិរៀបចំការបោះឆ្នោត តាមប្រព័ន្ធ​​​ផ្ស​ព្វ​​ផ្សាយ។

អ្នក​នយោបាយចាស់វស្សារូបនេះបាន​ជម្រាបអង្គសវនាការ​ថា ការដែលលោកផ្ដល់បទសម្ភាស កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ជាមួយសារព័ត៌មានអនឡាញ The Cambodia Daily នោះ​ គឺ​​​មិន​​មាន​ចេតនាមួលបង្កាច់និងបន្តុះបង្អាប់ទាល់តែសោះ ក៏ប៉ុន្តែវាជា​ការ​ទាមទារ​រក​យុត្តិធម៌​មួយ ដើ​ម្បី​​​​​​​​ឱ្យ​​​ស្ថាប័នជាតិរៀបចំការបោះឆ្នោតឆ្លើយតប ចំពោះការរកឃើញថា ការបោះឆ្នោត​​ឃុំ​​សង្កាត់​​នេះមា​​​ន​​ភាពមិនប្រក្រតីប៉ុណ្ណោះ។

បើទោះជាបែបណា តំណាង​អយ្យការ​ លោក ប្លង់ សុផល ក៏បានបញ្ជាក់បន្ថែម​ថា បើ​គណបក្ស​​​ភ្លើ​ង​​​​ទៀនរកឃើញភាពមិនត្រឹមត្រូវដែលកើតចេញពីការបោះឆ្នោតនេះ ហេតុដូចម្ដេចមិនប្ដឹងទៅ ​​គ​.​ជ​​.​ប​?

លោក សុន ឆ័យ បានជម្រាបអង្គសវនាការថា មានពាក្យបណ្ដឹងជាច្រើនដែលគណ​​ប​​ក្ស​​​រប​​ស់​​លោកបានប្ដឹងទាស់ទៅស្ថាប័នជាតិរៀបចំការបោះឆ្នោត ក៏ប៉ុន្តែនៅទីបំផុត បណ្ដឹងដែល​គណ​​ប​​ក្ស​ភ្លើងទៀនបានប្ដឹង មិនបានដោះស្រាយ ហើយរូបលោកក៏ត្រូវជាប់បណ្ដឹង​​នៅតុលាកា​​របែប​​នេះ​​​​​​​ទៅ​​វិ​​ញ​​ ជាដើម។

យ៉ាងណា អ្នកនយោបាយជាន់ខ្ពស់រូបនេះក៏ទទួលស្គាល់ដែរថា អ្នកសង្កេតការណ៍របស់​​លោក​​នៅ​​​​​តាមការិយាល័យបោះឆ្នោតខ្លះ ចំ​​ណេះ​​​​ដឹងនៅមានកម្រិត ហើយបណ្ដឹងខ្លះទៀតដាក់ទៅដែរ ប៉ុ​​ន្តែ​​​​ការិយាល័យ​​​បោះឆ្នោតខ្លះមិនទទួល និងពេលវេលានៃការដាក់បណ្ដឹងមានរយៈ​​ពេល​​ខ្លីពេក​​ ជា​​ដើម​​។

ឆ្លើយតបនឹងការលើកឡើងនេះ ម្ចាស់បណ្ដឹងតំណាងដោយ គ.ជ.ប លោក សោម សូរីដា បាន​ជម្រា​​​ប​អង្គសវនាការ​ថា តាម​ពិត​ទៅ ​រាល់បណ្តឹង​របស់គណបក្សភ្លើងទៀន ធ្វើឡើងហួសអាយុ​​កា​​ល ពោលការដាក់បណ្ដឹងនេះមិនអនុវត្តដូចមាន​បញ្ញត្តិ​នៅ​​ក្នុងច្បាប់​​ស្តីពីការបោះឆ្នោត​​ជ្រើស​​រើស​​ក្រុ​​ម​​ប្រឹក្សាឃុំសង្កាត់ គឺពាក្យបណ្តឹងដាក់បានយ៉ាងយូរត្រឹមម៉ោង១១កន្លះនៅថ្ងៃបន្ទាប់។

ថ្លែងនៅមុខតុលាការ ក្រោយបិទបញ្ចប់ការជំនុំជម្រះ លោក សុន ឆ័យ បានប្រាប់ក្រុម​​អ្នក​​សារ​​​ព័ត៌​​មាន ថាបើទោះជាបណ្តឹងដែលគណបក្សភ្លើងទៀន ដាក់ចូលទៅយឺតយ៉ាវក្ដី ក៏ស្ថាប័ន គ.ជ.ប មិន​​គួរបដិសេធ ហើយប្ដឹងបញ្ច្រាសមកវិញយ៉ាងដូច្នេះដែរ។ បើតាមអ្នកនយោបាយរូបនេះ ជា​ជម្រើស​​​ដែ​ល​​​ល្អ ស្ថាប័នជាតិមួយនេះត្រូវបើកការស៊ើបអង្កេត ថាតើវាពិតជាមាន​​បញ្ហាបែបហ្នឹង​​កើតឡើង​​មែន​​​ដែរឬយ៉ាងណា។

លោកបន្តថា៖ «ខ្ញុំបាន​ជម្រាប​ដែរ​ថា ទោះ​បី​ដាក់​មិន​ទាន់​ក៏ដោយ ក៏ គ.ជ.ប ត្រូវ​តែ​ពិនិត្យ​មើល​តើ​បណ្ដឹង​ហ្នឹង​វាមាន​លក្ខណៈ​ត្រឹម​ត្រូវ​ឬទេ! ដើម្បី​យក​បញ្ហា​ហ្នឹង​ទៅ​ពិនិត្យនិង​កែលម្អ។ ការបដិ​សេធ ហើយ​ការ​បដិសេធ​ហ្នឹង​ ក៏ខ្ញុំមិនដឹងថា​មាន​ការ​បដិសេធ​ដែរ។ ការបដិសេធនេះ គឺ​ក្រោយ​ពេល​ដែល​ខ្ញុំ​ផ្តល់​បទ​សម្ភាស​ឱ្យ​សារព័ត៌មាន The Cambodia Daily ទៅទៀតផង»។

ស្ថាប័នជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នអយ្យការ កាលពីថ្ងៃទី១៧ មិ​ថុ​នា ឆ្នាំ២០២២ ដោយប្តឹងលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងទាមទារឱ្យ​​ចេ​​ញ​​​​​​​​​លិខិត​​សុំទោសជាសាធារណៈ។ ការចេញមុខប្ដឹងជាលើកដំបូងរបស់ គ.ជ.ប ដែលគេចាត់​​ទុកថាជា​​​​ស្ថាប័នដើរតួជាអាជ្ញាកណ្តាល និងពុំ​ធ្លាប់មាននៅក្នុងប្រវត្តិនយោបាយនៅកម្ពុជានេះ ធ្វើ​ឡើង​​​ក្រោ​យ​ពី​គណបក្សប្រជាជនកម្ពុជា ដែលតំណាងដោយលោ​ក​មេធាវី គី តិច ក៏បាន​​ដាក់​បណ្តឹង​​​ក្នុង​​បទ​​​ចោទ​ដូច​គ្នានេះ​ដែរ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០២២។

យ៉ាងណា សម្រាប់​ការ​សួរដេ​ញដោ​លនៅថ្ងៃព្រហស្បតិ៍​នេះ​វិញ គេសង្កេតឃើញថា ក្រោយពី​​លោ​​ក​​​ចៅ​​ក្រម​បាន​​​ផ្តល់វេទិកាទៅតំណាងអយ្យការ និងភាគីមេធាវីការពារសិទ្ធិ​​ឱ្យស្ថាប័នជាតិ​​រៀប​​ចំ​​ការ​​បោះ​​ឆ្នោត និងតំណាងពីភាគី គ.ជ.ប បានតាំងសំណួរនិងឡើងការពារចំពោះបទចោទនេះរួចហើយ ក្រុមប្រឹក្សាជំនុំជម្រះ លោក ហម ម៉េងសែ ក៏សម្រេចឱ្យគូភាគីធ្វើសន្និដ្ឋាន ដែលជានាទីចុង​​ក្រោ​​យនៃសវនាការ។

គេសង្កេតឃើញថា ភ្លាមៗ​នៅបន្ទាប់ពីការផ្តល់វេទិកាបែបនេះ ដើម្បីធ្វើសេចក្តីសន្និដ្ឋាននោះ លោក ជូង ជូងី ដែល​ជាមេ​ធាវី​ការពារ​​សិទ្ធិ​ឱ្យលោក សុន ឆ័យ បាន​​ឡើង​​ជំ​​ទាស់ ដោយ​សម្អាង​ហេតុ​ថា វាជា​រឿងអយុត្តិធម៌ និងជាការបំភ្លេចរូបលោក​​​ជាភាគីក្នុងរឿងក្ដីនេះ ដោយ​មិន​​ឱ្យ​​មាន​​ឱកាស ដើម្បីបានដោះបន្ទុកសម្រាប់កូនក្ដីរបស់ខ្លួនសូម្បីមួយម៉ាត់​។

ភ្លាមៗ លោកចៅក្រម​ក៏បានតបទៅវិញថា តុលាការមិនបានឃើញ​​មេធាវីការពារសិទ្ធិ​​ឱ្យជនត្រូវ​ចោទលើកដៃជាសញ្ញា ហើយរក្សាការអង្គុយនៅស្ងៀមស្ងាត់ ទើបលោកសម្រេចចិត្តឱ្យគូភាគី​​ធ្វើ​​សេចក្ដីសន្និដ្ឋានចុងក្រោយ។

ផ្តើមចេញពីការតវ៉ានេះហើយ បានបង្ខំចិត្តឱ្យក្រុមប្រឹក្សាជំនុំជម្រះ លោក ហម ម៉េងសែ ត្រូវបើសម្ដី​​ធ្ងន់ៗទៅកាន់លោកមេធាវី ជូង ជូងី ដោយបញ្ជាក់ថា លោកឡើងមកច្បាំងគ្នានៅ​​ក្នុងសវនាការ ហើ​​យ​​លោកចាំតែព្យាយាមចាប់កំហុសរហូត។ បើទោះបែបណា នៅនាទីចុងក្រោយ តុលាការ​​ស​​ម្រេ​​​​ច​ឱ្យលោកមេធាវី ជូង ជូងី បានតាំងសំណួរទៅកាន់លោក សោម សូរីដា ជាអគ្គលេខាធិការរងនៃ​​​ គ.ជ.ប នៅចន្លោះគូភាគីនៅក្នុងសំណុំរឿង កំពុងតែធ្វើសេចក្ដីសន្និដ្ឋាន។

ប្រាប់ក្រុមអ្នកសារព័ត៌មាន​នៅខាងមុខបរិវេណតុលាការ លោកមេធាវី ជូង ជូងី ឱ្យដឹងថា ការផ្តល់​​វេទិ​​កា​​​​មិនស្មើគ្នា​​បែបនេះ ដូចដែលតុលាការបានបន្តនីតិវិធីសួរដេញដោល​នោះ ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ភាព​មិន​ស្មើគ្នានៅក្នុង​ដំណើរ​ការ​នៃការស្វែងរកយុត្តិធម៌​​បាត់ទៅ​​ហើយ​​។

លោកបន្តថា៖ «ខ្ញុំគោរពនីតិវិធីរបស់គាត់ ពីព្រោះថា នីតិវិធីដែលត្រឹមត្រូវហ្នឹង គឺព្រះរាជអាជ្ញាសួរ មេ​ធា​​វីដើមបណ្ដឹងសួរ ហើយដើមបណ្ដឹងមានសិទ្ធិលើកអ្វីៗ ​ទន្ទឹមនឹងហ្នឹងត្រូវផ្តល់ឱកាស​ឱ្យមេ​ធាវី​​ផង។ ប៉ុន្តែរឿង​នេះ ​គាត់​អត់​បាន​លើក​មក​ឱ្យ​ខ្ញុំ​ទេ។ ខ្ញុំគោរព​នីតិវិធី​របស់​គាត់ ចាំគាត់​ផ្តល់​ឱកាស​បាន​ហ៊ាន​និយាយ ប៉ុន្តែគាត់អត់ផ្តល់ឱកាស​ឱ្យខ្ញុំទាល់តែសោះ។ អ៊ីចឹងខ្ញុំក៏ទាមទារ​សិទ្ធិក្នុង​ការសួរ​ដេញ​ដោល​តែម្តង។ អ៊ីចឹងទៅ ​គាត់ផ្តល់​ឱកាស​ឱ្យខ្ញុំបាន​តែបន្តិច​បន្តួច​ប៉ុណ្ណោះ»។

លោក យី សុខសាន្ត មន្រ្តីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលឃ្លាំមើលដោយ​ផ្ទាល់​ពីសវនាការនេះ យល់ឃើញថា សិទ្ធិបញ្ចេញមតិមិនត្រូវបានធានាបែបនេះ បាន​ឆ្លុះបញ្ចាំង​​​ឱ្យ​ឃើ​ញ​​​ពីផលប៉ះពាល់ទៅ​​សិទ្ធិនេះ​​កាន់តែធ្ងន់ធ្ងរបន្ថែមទៀត សម្រាប់អ្នកធ្វើកិច្ចការ​​នយោ​​បា​យ និង​ការ​ងារ​សង្គម ទៅថ្ងៃខាងមុខ។

មួយ​វិញទៀត លោកថា ការព្យាយាម​​ទាញ​​យករឿងនយោបាយទៅ​ភ្ជាប់នឹង​​​តុលាការនេះ នឹងកាន់​តែរងការរិះគន់អំពី​​ប្រព័ន្ធតុលាកា​​រ ថាមិន​មាន​​ភាព​ឯករាជ្យ និងមិនអាច​​ទុក​ចិត្ត​​បាន​​​​​​​​ពី​សា​ធារណ​ជន។

លោកបន្តថា៖ «ក្នុងនាម​អង្គការសង្គមស៊ីវិល ក៏សម្ដែង​ការ​មិន​ពេញ​ចិត្ត​ពាក់​ព័ន្ធ​ទៅ​នឹង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ហើយធ្វើឱ្យប៉ះពាល់ទៅដល់ការប្តឹងផ្តល់ ហើយនេះវាជារឿងនយោបាយ ហើយ​​​យកតុលាការមួយដែលឯករាជ្យយកមកដោះស្រាយ វាធ្វើឱ្យប៉ះពាល់»។

បើទោះបែបណា នៅក្នុងសេចក្ដីសន្និដ្ឋានចុងក្រោយ ទាំងតំណាងអយ្យការ និងមេធាវីការពារសិទ្ធិឱ្យ​​ដើម​ប​ណ្ដឹង ព្រ​​ម​​ទាំងភាគី គ.ជ.ប បានស្នើសុំឱ្យតុលាការផ្តន្ទាទោសលោក សុន ឆ័យ ទៅតាមបទ​ចោ​ទ ហើយ​​ពិ​​ន័យ​​​​ជាប្រាក់អតិបរមា ជាពិសេស​ស្នើឱ្យអ្នកនយោបាយរូបនេះចេញ​​លិខិតសុំទោស​​ជា​​សា​​​​ធា​​រ​ណៈ​​។

ដោយឡែក លោក ជូង ជូងី មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ ចាត់ទុកថា​ កូនក្តីរបស់ខ្លួននៅតែ​​មាន​​​ភាពស្អាតស្អំ ហើយស្នើឱ្យតុលាការទម្លាក់ចោលបទចោទទៅលើកូនក្តីរបស់​ខ្លួន​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ