ពលរដ្ឋ​មួយចំនួន​នៅ​តាម​ផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ កាត់​របងលួស​ដើម្បី​លក់​ម្ហូបអាហារ​ឱ្យអ្នកដំណើរ

មន្រ្តីជំនាញនៃក្រសួងសាធារណការ ចុះទៅពិនិត្យ ពន្យល់ណែនាំ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ជុំវិញករណីកាត់របងបន្លាលួសដើម្បីធ្វើដំណើរឆ្លងកាត់ចូលអាស្រ័យផល និងលែងសត្វពាហនៈ ជាដើម។ (ហ្វេសប៊ុក៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន បាន​និយាយ​ថា ការ​ត្រួត​ពិនិត្យ​ចុង​ក្រោយ​ មុន​ការ​បើកដំណើរ​ការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានរកឃើញថា ប្រជាពលរដ្ឋបានកាត់របង​លួសបន្លា​ ដើម្បីឱ្យគោស៊ីស្មៅតាមដងផ្លូវ និងលក់អាហារឱ្យអ្នកដំណើរ។

ផ្លូវល្បឿនលឿនប្រវែង១៩០គីឡូ​ម៉ែត្រ ដែល​ចំណាយទឹកប្រាក់អស់ប្រមាណ​២ ០០០​​លានដុល្លារ ត្រូវ​បាន​សាងសង់តាំងពីខែមីនា ឆ្នាំ២០១៩ ហើយនឹងត្រូវបើកដំណើរការនៅថ្ងៃសៅរ៍ ទី១ ខែ​តុលា ឆ្នាំ២០២២ ខាងមុខនេះ ដោយមិនគិតប្រាក់នៅខែដំបូង។

ទោះយ៉ាងណា លោក ប៉ាល់ ចាន់តារា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះ​ថា ប្រជាពលរដ្ឋមួយចំនួនបាននិងកំពុងកាត់របងដែលសាងសង់​ ដើម្បី​ការ​ពារ​សត្វ​ពាហនៈ​មិនឱ្យដើរទៅលើផ្លូវល្បឿនលឿន។ តែយ៉ាងណា លោក​មិន​បញ្ជាក់​ថា​មាន​​របង​ប៉ុន្មានកន្លែង​ដែល​ត្រូវ​បាន​កាត់​ឡើយ។

លោកបាន​និយាយ​ថា ពលរដ្ឋ​​​ខ្លះ​​ច​ង់​​​​ដើរ​ឆ្លង​ផ្លូវ​ល្បឿនលឿន​ ​ព្រោះ​ផ្លូវក្រោម​ដីនៅឆ្ងាយ​ ​ហើយ​ពលរដ្ឋខ្លះ​ចង់​​ឱ្យគោក្របី​ស៊ីស្មៅនៅតាម​​ផ្លូវ ខណៈពលរដ្ឋមួយចំនួន​​​ទៀត​ចង់​លក់​ម្ហូបអាហារ​នៅ​តាម​ផ្លូវ។

លោកបន្ថែមថា៖ «ពួកគាត់​មិន​គួរ​ឆ្លង​ផ្លូវ​នេះទេ វាជាផ្លូវល្បឿនលឿន ដូច្នេះ​​រថយន្ត​មិន​អាច​បន្ថយ​ល្បឿន​បាន​​ទេ។ យើង​បានបង្ហាញផ្លូវសម្រាប់ឆ្លងកាត់​ដល់​ពួក​គាត់។ វា​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួកគាត់​បន្តិច ប៉ុន្តែ​ពួកគាត់​ចង់​​ឆ្លង​​កន្លែងណាដែល​លឿន​ជាង»។

លោកបាន​ថ្លែង​​ថា ប្រជាពលរដ្ឋ​បាន​​ទទួល​ការ​អប់រំ​អំពី​​គ្រោះ​ថ្នាក់នៃ​ការ​កាត់លួសបន្លានេះ ហើយ​បើប្រជាពលរដ្ឋណា​នៅតែបំពាន នឹង​​អាច​ប្រឈមមុខ​នឹង​វិធានការ​ផ្លូវច្បាប់។

នៅក្នុងប្រទេស​កម្ពុជា ការ​លក់​ដូរ​តាម​ដង​ផ្លូវ​នានា​គឺជាទិដ្ឋភាពទូទៅ ក៏ប៉ុន្តែផ្លូវល្បឿន​លឿន​ថ្មីនេះមានគោលបំណងបង្កើនល្បឿនក្នុងការ​ធ្វើដំណើរ​ពី​រាជធានីភ្នំពេញ​ ទៅ​កាន់ក្រុង​​ព្រះសីហនុ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Expressway Residents Cut Fence to Sell Food to Motorists

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ