លោក ហ៊ុន សែន ណែនាំ​ឱ្យ​បន្ត​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ឱ្យ​ដូច​ភ្លៀងរលឹម​ដោយ​កុំ​ចាំ​តែ​មាន​បទបញ្ជា

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធីសម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​ខ្នាត​យក្ស​ដំបូង​នៅ​កម្ពុជា «ព្រីនស៍ ម៉ា​ណ័រ» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បញ្ជាទៅអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បន្ត​​ចុះបង្ក្រាបល្បែងស៊ីសងខុស​ច្បាប់​​​ឱ្យ​​ដូចភ្លៀង​រលឹម ដោយកុំចាំតែបទបញ្ជា ហើយ​​​ត្រូវ​ចាប់​មេខ្លោង​ធំ​​យកទៅអនុវត្តតាមច្បាប់ ដើម្បី​​បង្កើន​សុវត្ថិភាព សន្តិ​សុខ ​សណ្ដាប់ធ្នាប់សង្គម និង​ជាការ​រួមចំណែកកាត់បន្ថយការជួញដូរមនុស្ស។

ក្នុង ​«វេទិកាអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស» នាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានថ្លែងថា បញ្ហា​ល្បែងស៊ីសង​ខុសច្បាប់បានកើតឡើងច្រើននៅក្នុងប្រទេស ដែល​ទាម​ទារ​ឱ្យគ្រប់តួអង្គ​ទាំងអស់ត្រូវធ្វើសកម្មភាពព្រមៗគ្នា​ក្នុងការទប់ស្កាត់បញ្ហានេះ។ បើតាម​លោក​នាយករដ្ឋមន្ត្រី ក្រោយពីរដ្ឋាភិបាល​បាន​បង្កើត​ក្រុមការងារ និងគណៈកម្មការ​ដើម្បីបង្ក្រាបបញ្ហាល្បែងស៊ីសងនេះបានមួយថ្ងៃ គ្រាន់តែនៅក្នុងខេត្តកណ្ដាល ​បង្ក្រាបករណីល្បែងស៊ីសង​បានជាង៧០០កន្លែង និងនៅរាជធានីភ្នំពេញ ជាង១ ០០០កន្លែង។

លោកថា៖ «អាហ្នឹងវាទាក់ទងជាមួយនឹងបញ្ហាភូមិឃុំមានសុវត្ថិភាព​ ដែលយើងបានដាក់ឱ្យអនុវត្តច្រើនឆ្នាំហើយ កន្លែងល្បែងស៊ីសង វាមិនដែលកើតនៅលើមេឃទេ វាកើតនៅលើដី ដីហ្នឹងវា​​នៅតាមឃុំ តាមស្រុក តាមខេត្តនោះឯង! បញ្ហាវាស្ថិត​​នៅត្រង់យើងធ្វើឬមិនធ្វើ! អ៊ីចឹង​ខ្ញុំគួរតែនិយាយ​ថា កុំចាំបាច់ដល់រដ្ឋមន្ត្រីក្រសួ​ង​មហាផ្ទៃស្រែក ឬកុំចាំបាច់ដល់នាយករដ្ឋមន្ត្រីស្រែក ចាំធ្វើ នាំគ្នាធ្វើឱ្យដូចភ្លៀងរលឹមទៅ។ កន្លែងខ្លះជាកន្លែងផឹកកាហ្វេសោះ ក៏ប៉ុន្តែទៅជាកន្លែងដែល​​ភ្នាល់ដ៏កាក់កប ជាអនឡាញ ប្រណាំងសេះ ទាត់បាល់អីណា ពេញ​ទឹកពេញដីទាំងអស់»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បន្តថា ដើមចមដែលនាំឱ្យមានល្បែងស៊ីសងខុសច្បាប់នៅកម្ពុជា មិនមែនជាកំហុសរបស់ប្រជាពលរដ្ឋទាំង​ស្រុង​នោះ​ទេ តែបញ្ហានេះក៏​ផ្ដើមចេញពីម្ចាស់ក្រុមហ៊ុនឆ្នោតផងដែរ​ ដែលករណី​នេះ លោកបញ្ជាឱ្យ​មានការ​តាមចាប់​មេខ្លោងធំ​យកមកអនុវត្តតាមច្បាប់ឱ្យខានតែបាន ដើម្បីទប់ស្កាត់បញ្ហា​នេះឱ្យមាន​​ប្រសិទ្ធភាព។

លោកបន្ថែមថា៖ «បើនិយាយពីគោលដៅបង្ក្រាប វាមិនច្រើនទេ! ឧទាហរណ៍ មេកន្ទុយលេខ គេត្រូវការបង្ក្រាបតែមេកន្ទុយលេខតែម្នាក់តើ! ព្រោះអ្នកដែលទៅទិញកន្ទុយលេខ មិនមែនជាគោលដៅដែលត្រូវបង្រ្កាបទេ អប់រំគេឱ្យឈប់លេងទៅ! ប៉ុន្តែអ្នកដែលដើរលក់កន្ទុយលេខ អ្នកហ្នឹងហើយដែលជាគោលដៅដែលយើងយកមកអនុវត្តផ្លូវច្បាប់»។

កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ុន សែន ក៏បានថ្លែងសារជាសំឡេង ដោយបញ្ជា​ទៅ​អភិបាលរាជ​ធានី​-ខេត្ត និងនគរបាល ឱ្យបិទរាល់ហាងកាហ្វេ ហាងគុយទាវ និងគ្រប់ទីតាំងទាំងអស់ដែលបើកឱ្យមានលេង​ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមមូលដ្ឋាន​រប​ស់ខ្លួ​ន ខណៈអភិបាលរាជធានី-ខេត្ត ឬ​មន្ត្រីនគរ​បាល​ណាដែ​ល​មិន​បាន​អនុវត្តតួនាទីរបស់ខ្លួន ត្រូវដកតំណែង​តែម្ដង

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការពារសិទ្ធិមនុស្ស​​អាដហុក លោក ស៊ឹង សែន​ករុណា សង្កេតឃើញថា មេខ្លោង​បើក​ល្បែង​ស៊ីសងខុសច្បាប់ ដូច​ជា ឆ្នោត​ឡូតូ កន្ទុយ​លេខ និងល្បែងភ្នាល់តាមអនឡាញខុសច្បាប់ ​ជាដើម បាន​កើតមាននៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស ខណៈអាជ្ញាធរហាក់នៅមិនទាន់ចាត់វិធាន​ការ​ច្បាប់ឱ្យ​បានម៉ឺងម៉ាត់​លើម្ចាស់អាជីវកម្មខុសច្បាប់ទាំងនោះនៅឡើយ​ទេ។

ករណីនេះ លោក​ជំរុ​ញទៅ​រដ្ឋាភិបាលនិងអាជ្ញាធរ​ពាក់ព័ន្ធ​ពង្រឹងការអនុវត្តច្បាប់ និងអនុវត្តឱ្យមានតម្លាភាព ដោយ​មិនប្រកាន់បក្ខពួក បញ្ឈប់ការ​ផ្តល់អាជ្ញាបណ្ណ​ដល់​ក្រុមហ៊ុនល្បែងស៊ីសង ហើយចាត់វិធានការច្បាប់​លើ​មេខ្លោងម្ចាស់​អាជីវកម្មបើក​ល្បែង​ស៊ីសង​ខុសច្បាប់ទាំងនោះ ដើម្បីកាត់បន្ថយអំពើល្មើស​ និង​ផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។

លោកថ្លែង​ថា៖ «បើសិនជារដ្ឋាភិបាលមិនផ្តល់អាជ្ញាបណ្ណឬក៏អនុញ្ញាតឱ្យក្រុមហ៊ុនទាំងអស់ហ្នឹងបើក​ល្បែងទាំង​អស់​ហ្នឹង​ទេ អ្នកដែលនៅលក់ដូរតូចតាច​ផ្នែក​ខាង​ក្រោម ក៏មិនអាចធ្វើទៅបានដែរ អ៊ីចឹង​គួរតែធ្វើឡើងចាប់ផ្តើមពីមេខ្លោង ឬអ្នកដែលបើកល្បែងខាងលើមុន។ ខ្ញុំជឿថា បើសិនជាចាត់វិធានការលើថៅកែបើកល្បែងធំៗ​ហ្នឹង​មុន អ្នកខាងក្រោមច្បាស់ជាគាត់មិន​ដឹងជាលក់ឱ្យអ្នកណាទេ អ៊ីចឹង​ខ្ញុំគិត​ថា ក៏​ជា​ការកាត់បន្ថយមួយសម្រាប់ការប៉ះពាល់ទៅដល់ពលរដ្ឋផ្សេងៗទៀតដែរ» ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ