លោក ហ៊ុន សែន អំពាវនាវ​ទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ការ​លាងលុយកខ្វក់​និង​ការជួញដូរមនុស្ស

ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរត្រលប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅសហរដ្ឋអាមេរិក,ការបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ពីថ្ងៃទី២១ ដល់ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេង)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធទាំងអស់ និងអ្នកកាន់សាសនាផ្សេងៗ រួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើទុច្ចរិតឱ្យបានព្រមៗគ្នា ដើម្បីកុំឱ្យកម្ពុជា​ក្លាយជាឋានសួគ៌នៃ​ឧក្រិដ្ឋ​កម្ម កន្លែងលាងលុយ ការជួញដូរមនុស្ស និងបទល្មើសផ្សេងៗ។

ក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស» លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានថ្លែងនាព្រឹកថ្ងៃព្រហស្បតិ៍នេះថា កាលពីមុន មាន​តែ​ពលរដ្ឋកម្ពុជាទេ ដែល​ត្រូវ​គេ​ជួញ​ដូរ​កម្លាំងពលកម្មឱ្យទៅធ្វើការនៅលើទូក​នេសាទ និងជួញដូរផ្លូវភេទទៅក្រៅប្រទេស ជាដើម។ ប៉ុន្តែបច្ចុប្បន្ននេះ លោកថា​មាន​ជន​ខិល​ខូច​មួយចំនួន​បាន​លួងលោមជនបរទេសឱ្យមកធ្វើការនៅកម្ពុជា ដោយ​ថា​នឹងទទួលបានប្រាក់ខែច្រើន តែ​ជាក់​​ស្ដែង​នៅ​ពេល​ពួក​គេ​មក​ដល់កម្ពុជា​ ត្រូវបានក្រុមឧក្រិដ្ឋជននាំយកមកជួញដូរទៅវិញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បញ្ជាក់​ថា ការ​ជួញ​ដូរ​មនុស្សជាបញ្ហាសាកល ដែល​​​ទាម​​ទារ​ឱ្យអា​ជ្ញា​ធរ​ពាក់ព័ន្ធទាំងអស់ និងអ្នកកាន់សាសនាផ្សេងៗ រួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើទុច្ចរិតឱ្យបានព្រមៗគ្នា ដើម្បីកុំឱ្យកម្ពុជាក្លាយ​ជាកន្លែងឧក្រិដ្ឋកម្ម កន្លែងលាងលុយ ការជួញដូរមនុស្ស និងបទល្មើសផ្សេងៗ​ ជាដើម។

លោកថ្លែងដូច្នេះថា៖ «កុំឱ្យកម្ពុជាក្លាយទៅជាឋានសួគ៌នៃឧក្រិដ្ឋកម្ម ជាកន្លែងលាងលុយ[កខ្វក់]នៅទីនេះ ជាកន្លែងជួញដូរមនុស្សនៅទីនេះ»។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ក៏បានប្រកាស​យក​ថ្ងៃទី​២០ ខែ​សីហា ជា​រៀងរាល់​ឆ្នាំ​ ដើម្បី​ប្រារព្ធ​ «ទិវា​ជាតិ​អន្តរ​សាសនា​ប្រឆាំង​ការ​ជួញ​ដូរមនុស្ស»។ តែយ៉ាងណា លោកថា ទិវានេះ​មិ​នធ្វើតែមួយថ្ងៃ នៅថ្ងៃ​២០ ខែ​សីហា ​នោះ​ទេ តែ​ត្រូវធ្វើជារៀងរាល់ថ្ងៃ ដើម្បី​រួម​គ្នាប្រ​យុទ្ធប្រឆាំង និង​ទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជា។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា សង្កេត​ឃើញថា កន្លងមក ជនរងគ្រោះដោយអំពើ​ជួញដូរមនុស្ស​ ភាគច្រើនជាជន​បរទេសដែលចូល​មក​ប្រកប​មុខ​របរ​នៅ​កម្ពុជា ជាពិសេសនៅអំឡុងពេលបើកល្បែង​តាម​អនឡាញ​​ឡើង​​វិញ។ លោក​បន្តថា ជន​ប្រព្រឹត្តអំពើជួញដូរមនុស្ស បង្ខាំងមនុស្សខុសច្បាប់ និងបង្កជាបទល្មើសផ្សេងៗភាគ​ច្រើនជាជន​ជាតិចិន ហើយ​​ពួកគេមា​នជា​ប់​ពាក់​ព័ន្ធ​ជាមួយ​មន្ត្រី​មាន​ឥទ្ធិពល និង​អ្នកមានលុយ​មានអំណាចមួយចំនួននៅពីក្រោយខ្នង។

យ៉ាងណា លោក​គាំទ្រវិធានការរបស់រដ្ឋាភិបាល ក្នុងការជំរុញទៅគ្រប់ភាគីពាក់ព័ន្ធឱ្យ​​រួមគ្នាទប់ស្កាត់​ការជួញដូរមនុស្ស ដើម្បីបង្កើន​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម។ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សរូបនោះបញ្ជាក់ថា ដើម្បីឱ្យការអនុវត្តវិធានការរបស់រដ្ឋាភិបាលមាន​​ប្រសិទ្ធភាព លុះត្រា​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​តម្លាភាព និង​មិនប្រកាន់បក្ខពួកទៅលើជនល្មើស​និងអ្នកពាក់ព័ន្ធ។

លោកបញ្ជាក់ថា៖ «ប្រមុខរដ្ឋាភិបាលត្រូវជំរុញឱ្យអ្នកដែលមានតួនាទីអនុវត្តច្បាប់ បើសិនជាពួកគេមិនអនុវត្តច្បាប់ ត្រូវមានវិធានការដកតួនាទី ឬក៏វិធានការតាមច្បាប់ ប្រសិនជារកឃើញថា អ្នកទាំង​អស់ហ្នឹងពាក់ព័ន្ធ ឬផលប្រយោជន៍នៃការប្រព្រឹត្តអំពើពុករលួយណាមួយ មិនត្រូវទុកពួកគេឱ្យនៅកាន់តួនាទីទាំងអស់នោះទេ។ អ៊ីចឹង​បញ្ហានេះ យើងអាចធ្វើឡើង អាចបញ្ចប់នូវអំពើប្រព្រឹត្តទាំង​អស់ហ្នឹងបានហើយ»។

ក្នុងពិធីមួយកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង ធ្លាប់បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ខែសីហា​ ដ​ល់ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រ​សួងបានទទួ​​លប​ណ្ដឹងសរុបចំនួន២៨៩ករណី ពាក់ព័ន្ធនឹងការជួញដូ​រ​មនុស្ស​ និងបង្ខាំងមនុស្ស​ខុសច្បាប់​​​ ពីសាម៉ីជន សាច់​​ញាតិ ស្ថាន​ទូ​ត​ និង​អ​ង្គការអន្តរជាតិមួយ​ចំនួន ក្នុងនោះ​ ខេ​ត្ត​​​ព្រះសីហ​​នុនាំមុខគេ ដែល​មានចំនួនរហូត​ដល់​២​១២​​ករ​ណី ក្នុងចំណោមរាជធានី-ខេត្តចំនួន៩ផ្សេងទៀត ដូចជា ​ខេត្តស្វាយរៀង កណ្ដាល ឧត្ដរមានជ័យ ពោធិ៍សាត់ និងរាជធានីភ្នំពេញ​ ជាដើម។

លោ​​កគូសបញ្ជាក់ថា ឆ្ល​ង​​​កាត់ការអ​នុវត្តជាក់ស្ដែង​ និ​ង​​ចុះស្រាវជ្រាវពីមន្ត្រីជំនាញ ៩៥​ភាគរយ​​​​​​នៃពាក្យ​បណ្ដឹ​​​​​​ងជាកា​រ​ពិត​ ហើយ​សមត្ថកិច្ចបានជួយ​សង្គ្រោះ​​ជនរងគ្រោះចំនួន១៧​៦​នាក់​ ​មាន​​៨សញ្ជាតិ ​ក្នុងនោះ ​ខេ​ត្តព្រះ​សីហ​នុ​ មាន​ច្រើនជាង​គេ។

លោក ស ខេង បញ្ជាក់​​ថា ភាគច្រើន​នៃជនរងគ្រោះ គឺធ្វើការនៅកន្លែងអាជីវកម្មល្បែងភ្នាល់អនឡាញខុសច្បាប់​ ដែល​ការណ៍​នេះ​នឹងជំរុញឱ្យមានបទល្មើសជួញដូរមនុស្សគ្រ​ប់ទម្រង់ បទល្មើសគ្រឿង​ញៀន ភេរវ​កម្ម លួចឆក់​ប្លន់ បទល្មើសជំរិតទារប្រាក់ ធ្វើទារុណកម្ម ឃាតកម្ម​ ការ​សងសឹក ការ​ប្រើប្រាស់អាវុធខុសច្បា​ប់ បទល្មើសអន្តោប្រវេសន៍ខុសច្បាប់ និងបទល្មើសសម្អាតប្រាក់ បង្កផលប៉ះពាល់ដល់ការកសាងយុ​ត្តិធម៌​ស​ង្គម។

សូម​រំឭកថា កម្ពុជាក្រៅពីជាប់ក្នុងបញ្ជីខ្មៅនៃអំពើជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក ក៏ជាប់ក្នុងបញ្ជីប្រ​ផេះ​​​លាងលុយកខ្វក់ ឬប្រទេសតាមដានលើករណី​លាងលុយខុសច្បាប់របស់​ក្រុម​ការ​ងារ​ហិរញ្ញវត្ថុអន្តរជាតិ ៤ឆ្នាំជាប់គ្នា​ ​ចា​ប់ពីឆ្នាំ២០១៨មក ដែលការណ៍នេះ លោក ស ខេង ធ្លាប់បង្ហាញការព្រួយបារម្ភថា បើកម្ពុជារអិលធ្លាក់ក្នុង​បញ្ជីខ្មៅនៃការលាងលុយកខ្វក់នោះ កម្ពុជានឹងជួបវិបត្តិ ទាំងវិស័យនយោបាយ និងវិស័យធនាគារ ពាក់ព័ន្ធ​ទៅនឹងយន្តការផ្ទេរប្រាក់តាមយន្តការអន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ