តុលាការ​មីយ៉ាន់ម៉ា​កាត់ទោស​លោកស្រី អ៊ុងសាន ស៊ូជី និង​សេដ្ឋវិទូ​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣ឆ្នាំ

មនុស្ស​ម្នាក់​បង្ហាញ​ម្រាម​ដៃ​បី​លើក​ឡើងនៅ​មុខ​ផ្ទាំង​បដា​ដែល​មាន​រូប​លោកស្រី​ អ៊ុងសាន ស៊ូជី អំឡុង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ ២០២១។ (REUTERS/Stringer TPX)

ប្រភព​មួយ​បានឱ្យដឹងថា តុលាការដែលគ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍នេះ បានកាត់ទោសអតីតមេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបានទម្លាក់ពីតំណែង លោកស្រី អ៊ុងសាន ស៊ូជី និងអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រីមួយរូប លោក សន ថឺនែល (Sean Turnell) ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទ «រំលោភការសម្ងាត់រដ្ឋ»។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ប្រភព​ដែល​​សុំមិន​​បញ្ចេញ​​ឈ្មោះ ឱ្យដឹងទៀត​ថា៖ «​ពួកគេទាំងពីរនាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់​ពន្ធនាគារម្នាក់​រយៈ​ពេល៣ឆ្នាំ ដោយមិនមានការពិន័យអ្វីផ្សេងក្រៅពីនេះឡើយ»។

លោកស្រី អ៊ុងសាន ស៊ូជី និង​សេដ្ឋវិទូ​ជនជាតិ​​អូស្ត្រាលី លោក សន ថឺនែល ព្រមទាំងសមាជិកមួយចំនួន​នៃ​ក្រុម​សេដ្ឋកិច្ចរបស់​លោក​ស្រី គឺ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​នាក់​ផ្សេងទៀតដែលត្រូវបាន​ចាប់​ខ្លួន គិតចាប់តាំងពីក្រុមយោធាបានដណ្តើមអំណាចយកមកគ្រប់គ្រង កាលពីខែកុម្ភៈឆ្នាំមុនដែល​ក្នុងនោះរួម​មាន​ទាំងអ្នកនយោបាយ សមាជិកសភា សិស្ស និងអ្នកកាសែតផងដែរ។

លោក សៀន ថឺនែល បច្ចុប្បន្នក៏​រងនូវការចោទ​ប្រកាន់​ពី​បទ ​«រំលោភ​លើច្បាប់​អន្តោប្រវេសន៍» ដែល​ប្រឈម​​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​៥ឆ្នាំផងដែរ ខណៈម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោកស្រី អ៊ុងសាន ស៊ូជី ក៏ត្រូវបានតុលាការចោទប្រកាន់លើបទ​ល្មើស​ប្រមាណជាង២០​ករណី ដែលអាចនឹងជាប់ពន្ធនាគារសរុបរហូតដល់រយៈពេលប្រមាណជា១៩០ឆ្នាំ បើ​តុលាការរកឃើញថា លោកស្រីមានកំហុសក្នុងសំណុំរឿងទាំងនេះ។

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ គិតចាប់តាំងពីក្រុមយោធាបានដណ្តើមយកអំណាចមក​គ្រប់គ្រង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំមុន និងបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបង្កឱ្យមានជាបាតុកម្មកើតឡើងជាញឹកញាប់នៅក្នុងប្រទេស ក្នុងនោះជនស៊ីវិលរាប់ពាន់នាក់ក៏ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបកូដកម្មនិងបាតុកម្មនានាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ