ក្រសួងថា​ឥទ្ធិពល​ព្យុះណូរុ​នឹង​ធ្វើ​ឱ្យ​ទឹកទន្លេមេគង្គ​និង​ទន្លេសេកុង​ហក់ឡើង តែ​មិនទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន

ស្ថានភាពទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨។ (ហ្វេសប៊ុក៖ ក្រសួងធនធានទឹក និងឧតុនិយម)

ក្រសួងធនធានទឹក និងឧតុនិយម បាន​ឱ្យដឹងថា ឥទ្ធិពលព្យុះណូរុ នឹងធ្វើឱ្យមានភ្លៀងធ្លាក់​ច្រើន​នៅអាងទន្លេមេគង្គ​ ដែលធ្វើ​ឱ្យកម្រិត​​​ទឹកទន្លេមេគង្គ និងទឹកទន្លេសេកុង ហក់ឡើងក្នុងរយៈ​ពេល៣ទៅ៥ថ្ងៃខាងមុខនេះ ប៉ុន្តែមិនទាន់ដល់កម្រិត​ឱ្យមានការប្រុងប្រយ័ត្ននៅឡើយ។  

សេចក្ដីជូនដំណឹង​របស់ក្រសួងធនធានទឹក និងឧតុនិយម​ នៅថ្ងៃ​ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បាន​លើកឡើង​ថា​ ស្ថាន​ភាពអាកាសធាតុ​បាន​និងកំពុងមានការ​ប្រែប្រួល ដោយសារ​ឥទ្ធិ​ពល​ព្យុះ​ទី​​១៦ ឈ្មោះ ណូរុ (NORU) ​មកលើអាងទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម ហើយ​ស្ថានភាពនេះនឹង​​ធ្វើឱ្យ​កម្ពុជា​មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។

ក្រសួងបន្តថា ក្នុងរយៈពេល៣ទៅ៥ថ្ងៃខាង​មុខនេះ ទឹក​​ទន្លេមេគង្គនឹងហក់ឡើង ជាពិសេសនៅ​ភាគ​ខាង​លើនៃប្រទេសកម្ពុជា រួមមាន ​ខេត្តស្ទឹងត្រែង ក្រចេះ​ និងកំពង់ចាម។

សេចក្ដីជូនដំណឹងបញ្ជាក់​​ថា៖ ​«ខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់១០ម៉ែត្រ ខេត្ត​ក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់២១ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់១៤,៣០ម៉ែត្រ រីឯនៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខ ទឹកអាច​ឡើងដល់កម្ពស់៩,៨០ម៉ែត្រ»។

ប្រភពដដែលបន្តថា បើទោះបី​កម្ពស់ទឹកទន្លេ​មានការ​កើនឡើង​ តែនៅមិនទាន់ដល់​​កម្រិតឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅឡើយទេ តែ​ទឹកអាច​នឹង​ហូរ​ចូល​លិចតំបន់ទំនាប​មួយចំនួន​អមតាមដង​ទន្លេ និងបន្តហូរចូលតាមបណ្ដាព្រែកបន្ថែម​ទៀត ខណៈ​នៅតំបន់ភាគឦសាន ទឹកទន្លេសេកុង កំពុងហក់ឡើងដែលអាច​ប្រឈមនឹងទឹកជំនន់៕

ករណីនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី​ បានឱ្យដឹងថា មកទល់ពេលនេះ​ មនុស្សចំនួន​១៣នាក់បានស្លាប់​ដោយសារ​ទឹកជំនន់​។ លោកសម្ដែងក្ដីព្រួយបារម្ភថា​ ព្យុះ​ណូរុនេះធ្វើឱ្យខេត្តមួយចំនួនរងផលប៉ះពាល់ផងដែរ។

លោកថា៖ «ដោយសាររងឥទ្ធិពលព្យុះណូរុហ្នឹង ​ធ្វើឱ្យខេត្តមួយចំនួន​កំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះ​ បាទ! ជារួម នៅខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ​ និងកំពុងទៅដល់ខេត្តបាត់ដំបងទៀត​ នឹងអាចមានសភាពយ៉ាងធ្ងន់»។

លោកបន្ថែមថា ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងពាក់ព័ន្ធ ក៏បានរៀបចំ​សម្រាប់ជួយសង្រ្គោះ និងផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះអាសន្នដោយសារទឹកជំនន់ ជាដើម​។

អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានឱ្យដឹងថា ខេត្តនេះពុំទាន់មាន​ស្ថានភាពទឹកជំនន់គួរឱ្យព្រួយបារម្ភនោះទេ ហើយបច្ចុប្បន្ន​ កម្ពស់​ទឹកទន្លេមេគង្គ​មានកំពស់ទឹក១៨,៤៧ម៉ែត្រ ខណៈដែលកម្ពស់ទឹកដែលគួរឱ្យព្រួយបារម្ភនោះ​មាន​ចាប់ពី​២២ម៉ែត្រឡើងទៅ។​

លោកថា៖ ​«ក្រចេះនេះ ទាល់តែ​២២ម៉ែត្របានប្រកាសអាសន្ន​ បានមានការលិចលង់!​ នៅក្រចេះ មកដល់ថ្ងៃនេះ ទើប១៨,៤៧[ម៉ែត្រ] នៅកម្រិតឆ្ងាយ។ ការភ្លៀងលិចលង់ហ្នឹង វាមានផលប៉ះពាល់បន្តិចបន្តួច​ ដោយសារតែវាមិនមែនជាទឹកជំនន់​»។

លោកបន្តថា សម្រាប់ផលដំណាំ​មិនមានផលប៉ះពាល់នោះទេ លើកលែងតែ​ដំឡូងមី ដែលអាច​រលួយ ប្រសិនបើ​មានភ្លៀងធ្លាក់បន្តទៀត។ លោក វ៉ា ថន ថា​អាជ្ញាធរទាំងថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន​បានត្រៀមរួចជាស្រេច​សម្រាប់ចុះជួយដល់ពលរដ្ឋក្នុងករណីមានទឹកជំនន់​។​​

គិតត្រឹម​ខែសីហា ដល់ចុងខែកញ្ញានេះ ​យ៉ាងហោចណាស់​មនុស្ស១៣​នាក់បាន​ស្លាប់​ក្នុងគ្រោះជំនន់ទឹកភ្លៀង​ ក្នុងនោះ ជនរងគ្រោះ​ភាគច្រើនជាកុមារ ខណៈខេត្ត​មួយចំនួន​​​កំពុ​​ង​ប្រឈម​នឹង​ការជន់លិច​​ បន្ទាប់​ពី​រង​​ឥទ្ធិពលព្យុះ និង​ប្រព័ន្ធ​​សម្ពាធ​ទាប ហើយ​ខេត្ត​ដែលរងផលប៉ះពាល់ខ្លាំងដោយសារ​ទឹកជំនន់មាន៤ខេត្ត ក្នុងនោះ​មាន​​ខេត្ត​​បន្ទាយ​មាន​ជ័យ ​សៀមរាប ឧត្ដរមានជ័យ និងកំពង់ធំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ