ក្រុមយុវជនដែលសកម្មការពារបរិស្ថានប្រមាណ៣០នាក់ បាននាំគ្នាស្លៀកពាក់ស ដើរដង្ហែសពព្រៃឈើទៅកាន់ក្រសួងបរិស្ថាន ដើម្បីដាក់ញត្តិទាមទារឱ្យបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋក្នុងសកម្មភាពការពារព្រៃឈើ។
ពិធីហែសពព្រៃឈើ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមយុវជនទាំងនោះបានចាប់ផ្ដើមចេញដំណើរពីចំណុចមុខស្ថានទូតចិនប្រចាំនៅកម្ពុជា តាមបណ្តោយផ្លូវម៉ៅសេទុង ឆ្ពោះទៅកាន់ក្រសួងបរិស្ថាន ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដោយពួគគេបាននាំគ្នាស្លៀកសពាក់ស ក្នុងដៃមានកាន់ផ្កា និងបដា រួមទាំងមានបាចលាជ ហើយភ្ជាប់ជាមួយភ្លេងហែសព និងដង្ហែមឈូសអមទៅជាមួយផងដែរ។
ការធ្វើពិធីបែបសាសនា ដោយដើរថ្មើរទៅកាន់ទីស្តីការក្រសួងបរិស្ថាននោះ ក្រុមយុវជនបញ្ជាក់ថា ធ្វើឡើងក្នុងគោលបំណងដាក់ញត្តិទៅកាន់លោករដ្ឋមន្ត្រី សាយ សំអាល់ ដើម្បីទាមទារឱ្យបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពរបស់សហគមន៍មូលដ្ឋាន យុវជន អង្គការសង្គមស៊ីវិល និងមហាជនទូទៅ ក្នុងកិច្ចអភិរក្សថែរក្សាការពារធនធានព្រៃឈើ។
ក្នុងសម្លៀកបំពាក់ឈុតស និងកាន់ផ្កានៅនឹងដៃ សកម្មជនការពារបរិស្ថាន កញ្ញា ភួន កែវរស្មី បានលើកឡើងថា ព្រៃឈើមានសារសំខាន់សម្រាប់មនុស្សនិងសត្វ ដែលទាមទារឱ្យមានការការពារនិងអភិរក្ស។ កញ្ញាបន្តថា បច្ចុប្បន្ន ព្រៃឈើបានរងនូវការកាប់បំផ្លាញ ហើយក្រសួងនិងអាជ្ញាធរពាក់ព័ន្ធបែរជារឹតត្បិត និងមិនអនុញ្ញាតឱ្យសហគមន៍ សកម្មជន និងអង្គការសង្គមស៊ីវិល ចុះល្បាតព្រៃទៅវិញ។
ករណីនេះ កញ្ញាបានស្នើដល់ក្រសួងបរិស្ថាននិងអាជ្ញាធរពាក់ព័ន្ធ បើកឱ្យសហគមន៍ សកម្មជន និងសង្គមស៊ីវិល ចូលរួមក្នុងការចុះល្បាតព្រៃឡើងវិញ ដើម្បីការពារព្រៃឈើនិងធនធានធម្មជាតិនៅកម្ពុជា។
យុវជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុធ ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីដាក់ញត្តិនៅក្រសួងបរិស្ថានថា មន្ត្រីក្រសួងបានទទួលយកញត្តិពួកគេហើយ ប៉ុន្តែនៅមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយ។ ទោះយ៉ាងណា លោកសង្ឃឹមថា ក្រសួងបរិស្ថាននឹងឆ្លើយតបវិជ្ជមានមកកាន់ពួកគេ ប៉ុន្តែបើសិនជាក្រសួងនៅតែមិនអនុញ្ញាតឱ្យសកម្មជន សហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល ចុះល្បាតព្រៃទេនោះ នោះពួកគេនឹងបន្តធ្វើសកម្មភាពផ្សេងៗទៀត។
លោកថា៖ «ការពារព្រៃឈើកន្លងមក គឺមានការខ្វះខាតខ្លាំងមែនទែន។ ខ្ញុំបារម្ភថា បើសិនជាយើងបន្តធ្វើបែបនេះទៀត គឺព្រៃឈើយើងនឹងរលាយទៅថ្ងៃខាងមុខ។ ខ្ញុំបារម្ភថា ក្មេងជំនាន់ក្រោយកើតមកអត់ស្គាល់ព្រៃឈើអីទេ ស្គាល់តែដើមកៅស៊ូ។ ខ្ញុំបារម្ភថា ក្មេងជំនាន់ក្រោយលែងបានទៅបោះតង់ក្នុងព្រៃ លែងបានល្បាតព្រៃឈើហើយ។ ខ្ញុំបារម្ភថា ក្មេងជំនាន់ក្រោយកើតមកត្រូវរងកម្ដៅក្ដៅហួតហែង ការប្រែប្រួលអាកាសធាតុ។ ខ្ញុំបារម្ភថា ក្មេងជំនាន់ក្រោយនឹងជួបវាសនាអាក្រក់ ដោយសារភាពខ្ជះខ្ជាយ ហើយនឹងភាពលោភលន់របស់មនុស្សជំនាន់នេះ ជាពិសេសអ្នកកាន់តំណែងការពារព្រៃឈើ ហើយមិនបានការពារ»។
លោក លី ចាន់ដារ៉ាវុធ បន្តថា ការដែលពួកគេធ្វើយុទ្ធនាការហែសពដើមឈើនេះ គឺចង់ដាស់តឿនដល់ប្រជាពលរដ្ឋថា ព្រៃឈើនៅកម្ពុជាកំពុងឈានទៅរកភាពវិនាសហើយ បើសិនជាប្រជាពលរដ្ឋមិនចូលរួមជំរុញទៅរដ្ឋាភិបាល និងក្រសួងបរិស្ថាន ឱ្យបើកលំហសិទ្ធិសេរីភាពចុះល្បាតឡើងវិញនោះទេ។ លោកបានបញ្ជាក់ដែរថា ការធ្វើសកម្មភាពរបស់ពួកគេកន្លងមក ដើម្បីការពារធនធានធម្មជាតិ មិនមែនធ្វើសកម្មភាពក្នុងគោលដៅបម្រើផលប្រយោជន៍គណបក្សនយោបាយណាមួយឡើយ។
លោកថា៖ «ពួកយើងអត់មានឈ្មោះនៅក្នុងគណបក្សនយោបាយណាទេ ទោះបីព្រៃឈើការពារបាន ក៏យើងមិនបានតំណែងណាមួយមកដែរ។ យើងមិនបានធ្វើរដ្ឋមន្ត្រីក្រសួងបរិស្ថានទេ បើសិនជាការពារព្រៃបាននោះ។ យើងមិនមានតំណែងក្នុងគណបក្សណាមួយ មិនទទួលលុយពីគណបក្សណាមួយ។ ការចោទប្រកាន់យើងថាធ្វើនេះកេងចំណេញនយោបាយ ជាការចោទប្រកាន់សុទ្ធសាធ ហើយជាការចោទប្រកាន់ដ៏អាក្រក់មួយ ដែលយកយុវជនខ្មែរជាសត្រូវ»។
លោក ហ៊ោ សារ៉ាត់ ជាជនជាតិដើមភាគតិចកួយ មកពីខេត្តព្រះវិហារ ដែលចូលរួមធ្វើយុទ្ធនាការហែសពព្រៃឈើនេះដែរ លើកឡើងថា ពួកគាត់ចាត់ទុកព្រៃឈើជាអាយុជីវិត ដោយមិនអាចខ្វះបាន ហើយបើព្រៃឈើនៅតែរងការកាប់បំផ្លាញបែបនេះ ច្បាស់ណាស់នឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិចដែលរស់នៅអាស្រ័យផលព្រៃឈើ។
លោកថា៖ «ប៉ះពាល់ប្រយោជន៍ច្រើនណាស់ ដូចជា ដើមច្បោះ វល្លិ ផ្លែគុយ ផ្លែរំដួល ដែលពួកខ្ញុំអាស្រ័យផលសព្វថ្ងៃ បានបាត់បង់ដោយសារគេកាប់បំផ្លាញដើម កាប់វល្លិចោល ណាមួយកាប់ដើមឈើធំៗ ដែលប៉ះពាល់ដល់ឈើផ្សេងៗទៀត»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា មានប្រសាសន៍ថា ក្រសួងស្វាគមន៍រាល់សកម្មភាពទាំងអស់ដែលធ្វើឡើងស្របទៅតាមច្បាប់ ក្នុងការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ។
លោកបញ្ជាក់ថា រាល់សហគមន៍ និងសមាគម ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលដែលបានចុះបញ្ជី និងមានកិច្ចព្រមព្រៀងត្រឹមត្រូវ នឹងត្រូវបានលើកទឹកចិត្តដោយក្រសួង ក្នុងការចូលរួមការពារព្រៃឈើនិងសត្វព្រៃ ខណៈកន្លងមក ក្រសួងក៏បានធ្វើកិច្ចសហការជាមួយសមាគម សហគមន៍ និងអង្គការជាតិ-អន្តរជាតិ ក៏ដូចជាសហគមន៍ការពារតំបន់ធម្មជាតិជាង១៩០ នៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិផងដែរ។
លោកថា៖ «អ៊ីចឹងគ្មានអ្នកដែលត្រូវទៅហាមឃាត់ទៅលើអ្នកណាដែលមានភាពស្របច្បាប់ទេ គឺមានតែជនមួយចំនួនដែលព្យាយាមក្នុងការបំពានច្បាប់ទេ ដែលត្រូវបានបកស្រាយគិតថា អាហ្នឹងគឺជាការហាមឃាត់ទៅវិញ»។
លោកបន្ថែមថា៖ «សកម្មភាពដែលក្រុមសកម្មជននយោបាយមួយក្ដាប់តូច ដែលស្ថិតនៅក្រោមការបញ្ជាដោយជនបរទេស ជ្រកក្រោមស្លាកស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិ ដែលបានកំពុងធ្វើសកម្មភាពក្រោមទម្រង់រូបភាពផ្សេងៗនេះ វាគ្រាន់តែជាការសម្ដែងឱ្យគ្រាន់តែល្អមើល ដើម្បីទាក់ទាញការចាប់អារម្មណ៍តាមខ្សែញាក់របស់ជនបរទេសខ្លះ ហើយបំពេញចិត្តទៅម្ចាស់ជំនួយរបស់ខ្លួន ហើយធ្វើឡើងរបៀបវារៈនយោបាយមួយទុច្ចរិតមួយពិតប្រាកដ ក្នុងចេតនាបំផ្លាញមុខមាត់កម្ពុជា។ ពួកគេគ្រាន់តែជាជនឱកាសនិយម យកការស្រឡាញ់ធនធានធម្មជាតិ ដើម្បីបក្ខពួកគេតែប៉ុណ្ណោះឯង»។
យ៉ាងណា យុទ្ធនាការដង្ហែសពព្រៃឈើ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ គេសង្កេតឃើញមានកម្លាំងសមត្ថកិច្ចជាច្រើននាក់បានតាមឃ្លាំមើលពីសកម្មភាពរបស់ក្រុមយុវជនទាំងនោះផងដែរ ប៉ុន្តែពុំមានការរារាំងណាមួយនោះទេ។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានចេញរបាយការណ៍ដោយបង្ហាញថា ក្នុងឆ្នាំ២០២១ ព្រៃឈើជាង៦ ០០០ហិកតា នៅតំបន់ជម្រកសត្វព្រៃ «ព្រៃឡង់» និង «ព្រៃព្រះរការ» ត្រូវបានកាប់បំផ្លាញ ដោយមានការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។ ទំហំនៃការបាត់បង់ផ្ទៃដីព្រៃឈើនៅតំបន់ការពារទាំងពីរនេះ អង្គការលើកលែងទោសអន្តរជាតិ អះអាងថា មានទំហំស្មើនឹងទីលានឬតារាងបាល់ទាត់ចំនួនជិត១ម៉ឺនទីតាំង (៨ ៧៨៤)៕