អាមេរិក​ត្រៀម​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​លើ​រុស្ស៊ី ជុំវិញ​ការ​ធ្វើ​ប្រជាមតិ​កាត់​យក​ទឹកដី​អ៊ុយក្រែន

លោក វ្ល៉ាឌីមៀ ពូទីន ស្បថពេលចូលធ្វើជាប្រធានាធិបតីរុស្ស៊ី អំឡុងពេលពិធីសម្ពោធនៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។ (REUTERS)

ក្រសួងការបរទេសអាមេរិក បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា អាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នឹងដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ថ្មីមួយចំនួនទៀត លើប្រទេសរុស្ស៊ី ជុំវិញការ​បោះឆ្នោត​ប្រជាមតិដែលប្រទេស​មួយនេះធ្វើឡើងដើម្បីកាត់យកទឹកដីអ៊ុយក្រែន ខណៈទណ្ឌកម្មដែលនឹងត្រូវដាក់នេះអាចនឹងផ្ដោលើវិស័យ​ហិរញ្ញវត្ថុ និងថាមពល។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ថ្លែងប្រាប់​អ្នកយកព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price បានលើក​ឡើង​ថា៖ «យើងនឹងបន្តធ្វើការជាមួយសម្ពន្ធមិត្តនិងដៃគូទាំងឡាយ ដើម្បីនាំមកនូវសម្ពាធកាន់តែខ្លាំងបន្ថែមទៀតលើប្រទេសរុស្ស៊ី បុគ្គល និងអង្គភាពនានាដែលកំពុងតែជួយគាំទ្រដល់ការប៉ុនប៉ងដណ្ដើមយកដែនដី [របស់អ៊ុយក្រែន] ទាំងនេះ»។

លោកបន្ថែមថា៖ «វិធានការបន្ថែមទៀតពីពួកយើងត្រូវបានរំពឹងថានឹងចេញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ»។

បើតាមអ្នក​នាំពាក្យ​សេតវិមាន លោកស្រី Karine Jean-Pierre វិធានការទាំងនេះក៏នឹងរួមបញ្ចូលការដាក់ទណ្ឌកម្ម​លើ​បុគ្គលនិងអង្គភាពទាំងក្នុង និងក្រៅប្រទេសរុស្ស៊ីដែលគាំទ្រដល់ការធ្វើប្រជាមតិមួយនេះផងដែរ។

គួរបញ្ជាក់ថា ការ​បោះឆ្នោត​ប្រជាមតិកាត់យកទឹកដីអ៊ុយក្រែន​នេះ​បាន​ចាប់ផ្ដើមធ្វើ​ឡើង​​កាលពី​ថ្ងៃ​ទី២៣ ខែកញ្ញា​ សប្ដាហ៍​មុន​ នៅ​ក្នុង​តំបន់ Luhansk, Kherson, Donetsk និង​តំបន់ Zaporizhzhia ដែលមានទំហំស្មើនឹង១៥ភាគរយនៃទឹកដីអ៊ុយក្រែនទាំងមូល ខណៈអាជ្ញាធរ​ដែល​តែងតាំង​ដោយ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​តំបន់ទាំង៤​នេះ បានរាយការណ៍ថា សំឡេង​​ភាគច្រើន​បាន​បង្ហាញ​ពីការពេញចិត្តក្នុងការក្លាយ​​ជាផ្នែកមួយនៃប្រទេសរុស្ស៊ី បន្ទាប់ពីការបោះឆ្នោតនេះបញ្ចប់​ទៅកាលពីថ្ងៃអង្គារ។

ទោះជាយ៉ាងណា អ្នក​នាំពាក្យ​សេតវិមានរូបនេះបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងមិនទទួលស្គាល់តំបន់ដែលរុស្ស៊ីធ្វើប្រជាមតិនៅក្នុងប្រទេស​អ៊ុយក្រែននេះឡើយ ដោយលោកស្រីអះអាងថា គ្រប់ទិដ្ឋភាពនៃដំណើរការបោះឆ្នោតធ្វើប្រជាមតិនេះ គឺត្រូវបានរៀបចំទុកជាមុនដោយវិមានក្រឹមឡាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ