យុវជន​ស្រឡាញ់​បរិស្ថាន ដើរ​ដង្ហែ​សពព្រៃឈើ​ទៅកាន់​ក្រសួងបរិស្ថាន ទាមទារ​ឱ្យ​បញ្ឈប់​ការ​រឹតត្បិត​ចុះល្បាតព្រៃ

ក្រុមអ្នកស្រឡាញ់បរិស្ថាន បានចាប់ផ្ដើមដើរក្បួន ដើម្បីដាក់ញត្ដិទៅក្រសួងបរិស្ថាន ក្នុងគោលបំណងឱ្យមន្ត្រីក្រសួងបរិស្ថានឈប់បិទសិទ្ធិការពារព្រៃឈើ និងបើកចំហសេរីភាពសាធារណជនក្នុងការចូលរួមល្បាតព្រៃឈើ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុមយុវជន​ដែល​សកម្មផ្នែកការពារ​​​​​បរិស្ថានប្រមាណ៣០នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បាននាំគ្នា​ស្លៀក​ពាក់​សក្នុងទម្រង់​ដង្ហែសពព្រៃឈើ ដើរហែក្បួន​​ពីចំណុចមុខស្ថានទូតចិន ផ្លូវ​ម៉ៅសេទុង ​ឆ្ពោះទៅ​កាន់​​ក្រសួង​បរិស្ថាន ដើម្បីដាក់ញត្តិទាមទារ​ឱ្យ​បញ្ឈប់ការ​រឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋក្នុងសកម្មភាពការពារព្រៃឈើ។

យោងតាមសេចក្ដីជូនដំណឹងស្តីពី «ពិធីហែសពព្រៃឈើទៅកាន់ក្រសួង​បរិស្ថាន» របស់​ក្រុមយុវជន​ទាំងនោះ​ បានលើកឡើងថា ក្រុមយុវជនស្រឡាញ់បរិស្ថាន ចំនួន៣០នាក់ ​ធ្វើយុទ្ធនាការតាមដងផ្លូវសាធារណៈ ដោយនាំគ្នាស្លៀកសពាក់ស និងដង្ហែមឈូស​ ធ្វើដំណើរតាមមហាវិថីម៉ៅសេទុង ឆ្ពោះសំដៅទៅកាន់ទីស្ដីការក្រសួងបរិស្ថាន ក្នុងទម្រង់ជាកម្មវិធីដង្ហែសពព្រៃឈើ។

សេចក្ដីជូនដំណឹងដដែលបន្តថា នៅឯទីស្ដីការក្រសួងបរិស្ថាន យុវជននឹងដាក់ញត្តិទៅកាន់លោករដ្ឋមន្ត្រី សាយ សំអាល់ ដើម្បីទាមទារឱ្យ​​បញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពរបស់​សហគម​ន៍មូល​ដ្ឋាន យុវ​ជន អង្គការសង្គមស៊ីវិល និងមហាជនទូទៅ ក្នុងកិច្ចអភិរក្សថែរក្សាការពារធនធានព្រៃឈើ។

ក្នុងសម្លៀកបំពាក់​ឈុតស និងកាន់ផ្កានៅនឹងដៃ ក្នុងដំណើរថ្មើរជើងពីមុខ​ស្ថានទូតចិនប្រចាំនៅកម្ពុជា ឆ្ពោះទៅកាន់ក្រសួង​បរិស្ថាន សកម្មជន​ការពារបរិស្ថាន កញ្ញា ភួន កែវរស្មី​ បានលើកឡើង​ថា ព្រៃឈើមានសារសំខាន់សម្រាប់មនុស្សនិងសត្វ ដែលទាមទារឱ្យមានការ​ការពារនិងអភិរក្ស។ កញ្ញាបន្តថា បច្ចុប្បន្ន ព្រៃឈើ​បាន​រង​នូវការ​កាប់បំផ្លាញ ហើយ​ក្រសួងនិងអាជ្ញាធរពាក់ព័ន្ធបែរជា​​រឹតត្បិត និង​មិនអនុញ្ញាតឱ្យ​សហគមន៍ សកម្មជន និង​អង្គការ​សង្គមស៊ីវិល ចុះល្បាត​ព្រៃទៅវិញ។

ករណីនេះ កញ្ញាបាន​ស្នើដល់ក្រសួង​បរិស្ថាននិងអាជ្ញាធរពាក់ព័ន្ធបើកឱ្យ​សហគមន៍ សកម្មជន និង​សង្គមស៊ីវិល ចូលរួមក្នុងការចុះល្បាត​ព្រៃឡើង​វិញ ដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិ​នៅកម្ពុជា។ 

យុវជន​ម្នាក់​ទៀត​ដែលចូលរួមក្នុងយុទ្ធនាការដង្ហែសពដើមឈើនេះដែរ លោក អូត ឡាទីន បាន​និយាយ​ថា៖ «ព្រៃឈើជាទ្រព្យសម្បត្តិរបស់ជាតិ យើងមានសិទ្ធិ! បច្ចុប្បន្ននេះ ធនធានធម្មជាតិកំពុងរងការបាត់បង់ជាបន្តបន្ទាប់ ដែលទាមទារឱ្យ​យើងជាពលរដ្ឋ​ខ្មែរចូលរួមការ​ពារព្រៃឈើទាំងអស់គ្នា»។

ក្នុងយុទ្ធនាការ​ដង្ហែសពព្រៃឈើនេះដែរ គេសង្កេតឃើញមានកម្លាំងសមត្ថកិច្ច​ជាច្រើននាក់បាន​តាមឃ្លាំមើល​ពីសកម្មជនរបស់ក្រុមយុវជន​ទាំងនោះផងដែរ។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រុមយុវជន យុទ្ធនាការ​ក្នុងទម្រង់​ដង្ហែសពដើមឈើនេះ ធ្វើឡើងក្នុងគោលបំណងទាម​ទារ​ឱ្យ​​ក្រសួង​បរិស្ថាន​បញ្ឈប់ការរឹតត្បិតនិងរារាំងទៅ​លើសកម្មភាពការ​ពារ​ព្រៃឈើ សហគមន៍មូល​ដ្ឋាន អង្គការសង្គមស៊ីវិល និងសកម្មបរិស្ថាន និង​​ផ្សព្វផ្សាយសារទៅកាន់សាធារណជនអំពីបច្ចុប្បន្ន​ភាពនៃមហន្តរាយលើព្រៃឈើ ព្រមទាំង​លើកទឹកចិត្តនិងជំរុញដល់​យុវជន-មហាជនចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​កិច្ច​អភិរក្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ