យុវជនស្នើអាជ្ញាធរធ្វើបាតុកម្មប្រឆាំងការផ្ដល់​បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងការបង្រៀនភាសាវៀតណាម

យុវជនមួយក្រុមមកពីបណ្តាខេត្តផ្សេងៗគ្នាឈរនិយាយជាមួយប៉ូលីសនៅតាមផ្លូវមុខសាលាក្រុងភ្នំពេញអំឡុងពេលទៅដាក់ញត្តិ នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

យុវជនមួយក្រុមមកពីបណ្តាខេត្តផ្សេងៗគ្នានៅថ្ងៃសុក្រនេះ បាននាំគ្នាដាក់ញត្តិនៅសាលារាជធានីភ្នំពេញស្នើសុំធ្វើបាតុកម្មដោយអហិង្សានៅទីលានប្រជាធិបតេយ្យថ្មី ដើម្បីទាមទារបញ្ឈប់ការ​ផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងលុបចោល​​​គម្រោងបង្កើត​អាគារ​សិក្សា​​ភាសា​​វៀត​​ណាម​​នៅ​​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ។

ការស្នើសុំធ្វើបាតុកម្មរបស់ក្រុមយុវជនទាំងនេះ ធ្វើឡើងក្រោយពីក្រសួងអប់រំយុវជន និងកីឡា គ្រោង​​បង្កើត​អាគារ​សិក្សា​​ភាសា​​វៀត​​ណាម​​នៅ​​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ និងក្រសួងមហាផ្ទៃប្រកាសឱ្យមន្ត្រីក្រោមឱវាទ និងវិស្ស័យឯកជនទទួលស្គាល់បណ្ណ​​​​ស្នាក់នៅអចិន្ត្រៃយ៍ជនបរទេសអន្តោប្រវេសន្តសម្រាប់បម្រើជីវភាពប្រចាំថ្ងៃ បន្ទាប់ពីរកឃើញថា មន្ត្រី​ថ្នា​ក់​ក្រោមជាតិ និងវិស័យឯកជនមួយចំនួន មិនទាន់​ទទួលស្គាល់តម្លៃ​ក្នុងការប្រើប្រាស់បណ្ណ​ស្នាក់នៅអចិន្ត្រៃយ៍​​ជនបរទេសអន្តោវេសន្តទាំងនោះ។

យុវជនមកពីខេត្តតាកែវ លោក អ៊ំ ឈុម ប្រាប់វីអូឌីក្រោយដាក់ញត្តថា ពួកគាត់មិនគាំទ្រឱ្យមានការបង្រៀនភាសាវៀតណាមក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋកម្ពុជា គឺបារម្ភពី​ប៉ះ​ពាល់​ដល់​​​ផលប្រយោជន៍​របស់ជាតិដោយសារ​តាមប្រវត្តិ​សាស្ត្រ​ វៀតណាមតែងតែមាន​មហិច្ឆតាឈ្លានពានកម្ពុជា។

យុវជនរូបនេះបន្តថា តាមប្រវត្តិសាស្ត្រ​តាំងពីដើមរហូតមកដល់បច្ចុប្បន្ន​នេះ វៀត​ណាមបានរំលោភធនធាន និងទឹកដីទ្រព្យសម្បត្តិកម្ពុជាច្រើនណាស់ដូច​ជា ទឹក​ដី​កម្ពុជា​ក្រោម កោះត្រល់ និងតំបន់តាមព្រំដែនផ្សេងៗទៀត។

លោកបន្ថែមថា៖«ភាសារវៀតណាមនេះវាមិនមែនជាភាសាប្រវត្តិសាស្ត្រមួយសម្រាប់ឱ្យទទួលយកទេ ហើយទំនាក់ទំងការទូតក៏វាអត់ពាក់ព័ន្ធជាមួយភាសាវៀតណាមដែរ។ មួយទៀតយើងដឹងហើយថា តាមប្រវត្តិសាស្ត្រីជនជាតិវៀតណាមគឺមានមហិច្ឆតាលេបត្របាក់ទឹកដីខ្មែរយើងគ្រប់មធ្យោបាយ។ យើងឃើញស្រាប់ហើយឥលូវនេះវៀតណាមគាត់បញ្ជូនប្រជាជនគាត់មកកម្ពុជា និងស្នើការសុំរបស់វៀតណាជាហូរហែច្រើនមកហើយដែលធ្វើឱ្យខាតឧត្តមប្រយោជន៍ប្រទេសខ្មែរយើងច្រើន»

លោក អ៊ំ ឈុម បន្ថែមថា ការបង្កើតថ្នាក់រៀនភាសាវៀតណាមក្នុងសាលារដ្ឋកម្ពុជា ក៏គ្មានតុល្យ​ភាព និង​ចំពោះកិច្ចការងារ​ការ​ទូតនោះដែរ ខណៈ​ភាគីវៀតណាមមិនបានផ្តល់សិទ្ធិពេញលេញដល់​ការសិក្សា​ភាសា​ខ្មែរ​នៅប្រទេស​វៀតណាមទៅដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោម។

យុវជនម្នាក់ទៀតមកពីខេត្តសៀមរាបលោក អន រតនា និយាយថា អ្វីដែលក្រុមយុវជនកំពុងធ្វើនេះគឺមិនមែនប្រឆាំងជាមួយរដ្ឋាភិបាល និងរើសអើងជនជាតិវៀតណាមនោះទេ ប៉ុន្តែលោកបារម្ភពីផលប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិខ្មែរ ខណៈបច្ចុប្បន្ននេះ លំហូរចូល នៃជនអន្តោប្រវេសន្តវៀតណាមមានចំនួនកាន់តែច្រើននៅក្នុងទឹកដីកម្ពុជា។

យុវជនរូបនេះបារម្ភថា បើកម្ពុជានៅតែបន្តផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងផ្តល់​សិទ្ធិពេញលេញដល់ជនជាតិវៀតណាមឱ្យប្រកបអាជីវកម្មនៅកម្ពុជា រួមទាំង​​​បង្កើត​អាគារ​សិក្សា​​ភាសា​​វៀត​​ណាម​​នៅ​​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ ដូចការគ្រោងទុកមែននោះវានឹងធ្វើឱ្យប៉ះពាល់ដល់ឧត្តមប្រយោជន៍របស់កម្ពុជា។

លោកបន្ថែមថា៖«គឺជាហានិភ័យខ្ពស់បំផុតសម្រាប់ជាតិសាសនាមួយដែលយើងចេះតែបើកលំហអន្តោប្រវេសន្តដោយសេរី។ រាល់ថ្ងៃនេះ យើងមើលឃើញទាំងអស់គ្នាហើយរដ្ឋាភិបាលកំពុងតែបើកលំហអន្តោប្រវេសន្តខុសច្បាប់ចូលដោយសេរីយ៉ាងពិតប្រាកដជាពិសេសនៅតាមតំបន់ព្រំដែននានា ដែលខ្ញុំបានទៅឃើញផ្ទាល់ភ្នែក និងតាមសារព័ត៌មានផ្សេងៗក៏មាន ថ្មីៗនេះចេញជាង៦ម៉ឺននាក់ទៅហើយនេះចំពោះអ្នកគ្រប់អាយុចុះទម្រាំក្មេងជំនាន់ក្រោយជាជនវៀតណាមទៀតតើយើងត្រូវគិតយ៉ាងម៉េច។នេះហើយជាហានិភ័យដែលខ្ញុំកំពុងតែព្រួយបារម្ភខ្លាំងបំផុតនៃការជ្រៀតអក្សរសាស្ត្រ​ និងអាណានិគមជនជាតិវៀតណាមនេះ»

យ៉ាងណាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក កែវ វណ្ណថន បញ្ជាក់ប្រាប់វីអូឌីកាលពីថ្ងៃទី៣១ខែសីហាថា លិខិតរបស់ក្រសួងដែលចេញនោះមិនមែនសំដៅដល់ជនបរទេសអន្តោប្រវេសន្តដែល​មិនបានមកដាក់ពាក្យសុំបណ្ណស្នាក់នៅអចិន្រ្តៃយ៍នៅកម្ពុជា​នោះទេ។លោកថា លិខិតនោះ ក្រសួងមានគោល​បំណងជូនដំណឹងដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ដើម្បីទទួលស្គាល់ការប្រើប្រាស់បណ្ណស្នាក់នៅអចិន្រ្តៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្ត និងជួ​យ​បង្កលក្ខណៈស្របតាមច្បាប់ជាធរមានប៉ុណ្ណោះ។

ចំណែកអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាលោក រស់ សុវាចា មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានមួយកាលពីខែសីហាថា ការ​បញ្ចូល​កម្មវិធី​សិក្សាភាសា​វៀតណាម​នៅ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញនោះ មា​នគោល​បំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការអប់រំ​រវាង​ប្រទេសកម្ពុជានិងវៀតណាម ដើម្បីលើក​កម្ពស់​ការ​រៀននិងបង្រៀន​នៅ​កម្រិត​ឧត្ដម​សិក្សា ដូចកម្ពុជា និងវៀតណាម បានធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្តផ្សេងទៀតផងដែរ។

លោក អន រតនា ឱ្យដឹងថា ការដាក់ញត្តិនៅសាលារាជធានីភ្នំនៅថ្ងៃនេះ គឺមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានទទូលញត្តិ ប៉ុន្តែមិនទានឆ្លើយតបយ៉ាងណានៅឡើយទេ ហើយការដាក់ញត្តិនេះដែរ អាជ្ញាធរមិនអនុញ្ញាតឱ្យពួកគាត់ធ្វើសន្និសីទការសែតនៅមុខសាលារាជធានីភ្នំពេញ និងបរិវេណវត្តភ្នំនោះទេ ក្រោមហេតុផលថា ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ហើយក៏មានសមត្ថកិច្ចតាមឃ្លាំមើលពួកគាត់ផងដែរ។

អភិបាលរងរាជធានីភ្នំពេញលោក កើត ឆែ មានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញមិនទាន់សម្រេចថា យ៉ាងណានៅឡើយទេដោយរង់ចាំកោះហៅក្រុមយុវជនទាំងនោះមកជួយពិភាក្សាគ្នាម្តងទៀតសិន។

លោកបន្ថែមថា៖«សាលារាជធានីភ្នំពេញនឹងចេញលិខិតអញ្ជើញពួកគាត់មកពិភាក្សាគ្នា។ យើងនឹងប្រជុំពិភាក្សាលើការទទួលខុសត្រូវជាមួយគ្នា និងពិនិត្យមើលលើផ្លូវច្បាប់ជាមួយគ្នាផងដែរ»

មាត្រា​៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទមាន​​សិទ្ធិ​ចូល​រួមយ៉ាងសកម្មក្នុងជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

ចំណែកមាត្រា៣៧ នៃរដ្ឋធម្មនុញ្ញ ចែងថា សិទ្ធិធ្វើកូដកម្មនិងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់ ខណៈមាត្រា៤១ ​ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងជួបជុំ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ