ជនជាតិដើម​ភាគតិច​កួយ​នៅ​ឃុំងន ខេត្តកំពង់ធំ ប្រឈម​នឹង​ការ​បាត់​អត្តសញ្ញាណ​ក្រោយ​បាត់បង់​ព្រៃឈើ

ខ្ទមព្រះភូមិ ក្នុង​ព្រៃជំនឿរបស់​សហគមន៍ជន​ជាតិ​ដើម​ភាគតិច​កួយ ឃុំងន ស្ថិតនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ (ប៉ូ សាគុន)

កំពង់​ធំ៖ ជន​ជាតិ​ដើម​ភាគ​តិចកួយ​ នៅតំបន់ក្បិត​​ចង្ហូរខ្នារ ឃុំងន ស្រុកសណ្ដាន់​ ខេត្តកំពង់ធំ មានប្រ​ពៃណី​​ចូល​ព្រៃ​ចៀរជ័រ​ ដង​ជ័រ​ បោចវល្លិ ធ្វើ​ចន្លុះ កាប់​​​បន្លែព្រៃ​​ ជីក​រំដេង រក​មើម​ចិន​ ដក​ផ្សិត​ ជីក​ដំឡូង កាប់​សោម ​ច្រូត​ស្បូវ បេះ​ផ្លែ​ឈើ​​​ព្រៃ ដូច​ជា ​​ផ្លែ​គុយ សុគង់​ រំដួល​ និង​រក​អនុផល​ព្រៃ​ឈើជា​ច្រើន​ទៀត​ ដើម្បី​យក​ទៅ​លក់​​។ ពួកគាត់ក៏មានទំនៀមទម្លាប់​​​កាប់​​ចម្ការ​​វិល​​ជុំ ​ចែក​រំលែក​ចំណីអាហារ​​គ្នា ដោយ​មិន​មាន​ការលក់​ដូរ​ ​និង​មាន​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​ពេល​​អ្នក​​ភូមិ​​​មាន​​បញ្ហា​អ្វី​មួយ​ ឬមាន​ពិធី​​រៀប​អាពាហ៍​ពិពាហ៍ ​ជាដើម។

ចំណែក​ឯទំនៀម​ទម្លាប់និង​ជំនឿ​​វិញ មុន​ពេល​​កាប់​​ចម្ការ​ ​កាប់​ព្រៃ ឬ​ដុត​ព្រៃ​ ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ តែង​​តែ​មាន​ការ​សែន​ព្រេន និង​អុជ​ធូប​សុំ​ការ​អនុញ្ញាត​ពី​អ្នក​តា​ថែរក្សា​ព្រៃ​ទាំង​នោះ។ ពេល​ឈឺ​ដោយ​ប្រការ​ណា​មួយ ពួកគាត់​​​តែង​​បន់​​ស្រន់ ឬ​បញ្ចូល​​រូប។​ ពេល​ដឹង​ហេតុ​ការណ៍​​ណាមួយ ចាស់ទុំ​ក្នុង​ភូមិ​​តែងរៀបចំការ​​សែនព្រេន ដោយ​មាន​​មាន់​ ឬ​​ពង​​មាន់​ ឬ​ស្រា ឬ​ទឹក​ក្រូច ឬ​កំប៉ាង(ប្រាក់​)​ ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក​តា​​។​​ ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ តែង​តែ​ធ្វើ​ពិធី “ឡើង​អ្នក​តា” នៅ​ខែ​មាឃ ​​ហើយ​នេះ​គឺ​ជា​ជំនឿ​តាំង​​ពី​បរម​បុរាណ​។

តែយ៉ាងណា ប្រពៃណី ទំនៀមទម្លាប់ និងចម្ការ​វិលជុំរបស់​ជនជាតិដើមភាគតិចនៅឃុំងន កំពុង​​ប្រឈមនឹង​ការ​បាត់​បង់ ដោយសារតែការបាត់បង់ព្រៃឈើ និងការគំរាមកំហែងពីការឈូសឆាយដី​ពីសំណាក់​ក្រុមវិនិយោគផងដែរ។​

ការប្រឈមរបស់​ជនជាតិដើមភាគតិច​កួយ​ក្នុងឃុំងន

ឈរ​នៅ​ក្នុង​ព្រៃ​ជំនឿ មុខ​ខ្ទម​អ្នក​តា​ ដែល​​មាន​ដើម​ជ្រៃ​យ៉ាង​ធំ​មួយ​ដើមដុះ​នៅ​ក្បែរ​​ អម​ដោយ​ដើម​ឈើ​តូច​ធំជា​ច្រើន​ទៀត អ្នក​​ស្រី ហេង សាភេន ជា​ជន​ជាតិ​ដើម​ភាគ​តិច​កួយ និងជា​​អនុប្រធាន​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ ​ភូមិ​​ងន​ បានឱ្យដឹង​ថា ​ជំនឿ​របស់​​ជន​ជាតិ​ដើម​ភា​គ​តិច​ គឺ​ការ​គោរព​ព្រៃ ភ្នំ អូរ ជ្រោះ​ និង​អារក្ស​អ្នក​តា ជា​ដើម​​។

​ប៉ុន្តែអ្ន​ក​ស្រី​ ហេង សាភេន អះអាង​ថា ​​បច្ចុប្បន្ន​នេះ ទាំង​ព្រៃឈើ ទាំង​អូរ និង​អនុផល​ព្រៃ​ឈើ​ បាន​បាត់​បង់​ស្ទើរ​តែ​អស់​ទៅ​ហើយ ដោយ​ទាំង​ប្រពៃណី ទំនៀម​ទម្លាប់​ និង​ជំនឿ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ផង​ ព្រោះ​​តែ​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុនឯកជន​​។

មាន​អាយុ​៥៣​ឆ្នាំ និង​មាន​កូន​៥​នាក់​ សព្វ​ថ្ងៃ​នេះ អ្នក​ស្រី​ សាភេន​ ប្រកប​របរ​ធ្វើ​ចម្ការ ដាំ​​ស្រូវ ដំឡូង និងដាំ​​ស្វាយ​ចន្ទី​តិច​តួច។ ​អ្នក​ស្រី​​ថា ​គ្រួសារ​គាត់នឹង​មិន​អាច​មាន​ជីវភាព​​​រីក​ចម្រើន​ទៅ​មុខបាន​ឡើយ​​ ព្រោះ​ដី​របស់​គាត់បាននិង​កំពុង​​មាន​​​ទំនាស់​​ជាមួយ​​​​ក្រុម​​ហ៊ុន «សម្បត្តិ​ផ្លេធីណឹម (SAMBATH PLANTINUM Co.,LTD)» អស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ។  

រឿង​រ៉ាវ​ទំនាស់​ដីធ្លី​​មាន​លក្ខណៈ​ស្មុគស្មាញ​ ដែល​បាន​អូស​បន្លាយ​អស់​ជា​ច្រើន​ឆ្នាំ មិន​ទាន់​បាន​ដោះ​ស្រាយ​ចប់​សព្វគ្រប់​ផង រឿង​រំលោភ​ដី​ចម្ការ​វិល​ជុំ និង​ព្រៃ​ជំនឿ​​ បា​ន​កើត​ករណី​ថ្មី​បន្ថែម​ទៀត​។ អ្នកស្រី ហេង សាភេន ​ចោទ​ក្រុម​ហ៊ុន​ សម្បត្តិ​ផ្លេធីណឹម ថា​បាន​លួច​បោះ​បង្គោល​ព្រំ​ ចូល​​ដី​ចម្ការ​វិល​ជុំ​ និង​ព្រៃ​ជំនឿ​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​​​ ដោយ​បំពាន​ច្បាប់​។

អ្នក​ស្រី ហេង សាភេន អនុប្រធាន​​សហគមន៍ជន​ជាតិ​ដើម​ភាគតិចកួយ ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ (ប៉ូ សាគុន)

អ្នក​ស្រី​បញ្ជាក់​៖ «សូម្បី​តែ​ដី​​​ព្រៃ​ជំនឿ​ ក៏​គេ​បោះបង្គោល​​ពាក់​កណ្ដាលព្រៃ​​ដែរ ប៉ុន្តែ​គេ​មិន​ទាន់​ឈូស​ឆាយទេ​។ ទាំង​ដី​ចម្ការ​វិល​ជុំ និង​ព្រៃ​ជំនឿ យើង​រក​ឃើញ​​បង្គោល៦​​កន្លែង​។ យើង​រក​ឃើញ​ប៉ុណ្ណឹង ប៉ុន្តែ​មិន​ដឹង​ថា​គេ​បោះ​កន្លែង​​ផ្សេង​ទៀត ដែល​យើង​មិន​បាន​ឃើញ​ឬ​យ៉ាង​ណា​ទេ»​។

អនុប្រធាន​សហគមន៍​ជនជាតិ​ដើមភាគតិច​ភូមិ​​ងន អ្នកស្រី ហេង សាភេន​ អះអាង​ថា ​​បង្គោល​ចំនួន​​៦ ដែល​​ក្រុម​​ហ៊ុន​​ សម្បត្តិផ្លេធីណឹម បាន​លួច​បោះ​​ចូល​ដី​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគតិចនោះ​​ មានបង្គោលលេខ​​ ០១៣, ០១០, ០៩, ០៦, ០៤, និង​ ០១។ អ្នក​ស្រី​មិន​បាន​ដឹង​ឡើយ​ថា ការ​បោះ​​បង្គោល​នោះ​ចូល​ដី​សហគមន៍​ប៉ុន្មាន​ម៉ែត្រ​​ ​ព្រោះ​សហគមន៍​​មិន​បាន​វាស់​គ្រប់​បង្គោល​។ ទោះ​ជា​យ៉ាង​ណា អ្នកស្រីថា សហគមន៍​បាន​វាស់​​​បង្គោល​ ០១៣ (បង្គោល​ខាង​ចុង​គេ) ដោយ​មានចម្ងាយ​​១ ៤០០ម៉ែត្រ ពី​ព្រំ​ដែល​ក្រុម​ហ៊ុន​កាយ​ជា​ប្រឡាយ ​(ព្រំ​ទទួល​ស្គាល់​ទាំង​សង​ខាង​)។ យ៉ាង​ណា ​អ្នក​ស្រី​ សាភេន ថា​បង្គោ​ល​ទាំង​៦​នោះ​មាន​ខ្លះ​ឆ្ងាយ ​ហើយ​ខ្លះ​ជិត​។

បង្គោល​ព្រំដែលពលរដ្ឋអះអាងថា ​ក្រុម​ហ៊ុន​ សម្បត្តិផ្លេធីណឹម លួច​បោះ​ចូលក្នុងដីព្រៃសហគមន៍របស់ខ្លួន ស្ថិតនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ (ប៉ូ សាគុន)

អ្នក​ស្រី​បន្ថែម​ថា៖ «ពេល​ក្រុម​ហ៊ុនលួច​​បោះ​បង្គោល​ព្រំ ពួក​យើង​បាន​តេ[ហៅ​ទូរសព្ទ​]​​ទៅ​អាជ្ញាធរ​ភូមិ​ឃុំ ​តែ​គេ​ថា​មិន​ដឹង​ដែរ​។ ខ្ញុំ​ថា​​ បើ​ឃុំ​មិន​ដឹង សហគមន៍​នឹង​ដឹក​បង្គោល​នោះ​យក​ទៅ​ឱ្យ​ក្រុម​ហ៊ុន​វិញ ប៉ុន្តែ​អាជ្ញាធរ​ថា​ កុំ​ឱ្យ​ទៅ​ប៉ះ​ពាល់​របស់​គេ​។ ពេល​ប្រជុំ​ក្រុម​ប្រឹក្សា​ឃុំ ខ្ញុំ​​តែង​តែ​លើក​អំពី​ការ​បោះ​បង្គោល​ព្រំ​របស់​ក្រុម​ហ៊ុន​ ប៉ុន្តែ​អាជ្ញាធរ​ភូមិ​ឃុំ​ថា​វា​ហួស​ពី​សមត្ថភាព​របស់​គាត់ ហើយ​គេ​​ប្រាប់​ឱ្យខ្ញុំ​ទៅ​ថ្នាក់​លើ​ទៀត​​។ ក្នុង​ច្បាប់ ​មុន​នឹង​​វិនិយោគ​ ​អាជ្ញាធរ​ភូមិ​ឃុំ និង​ប្រជា​ពល​រដ្ឋ ​ត្រូវ​ដឹង​ពេញ​លេញ​ ទើ​ប​អាច​វិនិយោគ​បាន​ ប៉ុន្តែ​នេះ ​ពួកខ្ញុំ​​​មិន​បាន​ដឹង​ឡើយ»។

ស្របពេលដែលមានបញ្ហាដីធ្លីនេះ អ្នក​ស្រី​​ស្នើ​​​អាជ្ញាធរ​ពន្លឿន​ការ​​​​ចុះ​បញ្ជី​ដី​សមូហភាព​​ឱ្យ​ជន​ជាតិ​ដើម​ភាគ​តិច​​ឱ្យ​បាន​ឆាប់​ ដើម្បីឱ្យ​ពួក​គេអាច​​ការពារ​​ព្រៃ​​​ដែល​នៅ​សល់​​បន្ដិច​បន្តួចនោះ​ទុក​សម្រាប់​​កូន​ចៅ​ជំនាន់​ក្រោយ​​​។

​សមាជិក​គណៈកម្មការ​​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ភូមិ​​ងន​ អ្នក​ស្រី រស់ គាល វ័យ​៤៣​ឆ្នាំ​ ក៏បាន​បង្ហាញ​​​ពី​​​ក្ដីបារម្ភ​របស់​ខ្លួន ចំពោះ​ការ​បាត់​បង់​ព្រៃ​ និង​ដី​ចម្ការ​វិល​ជុំ​របស់​សហគមន៍​​ជន​ជាតិ​ដើម​ភាគ​តិច​​​ដែរ​។ អ្នក​ស្រី​ គាល ​មាន​មុខ​របរ​​ដាំ​ស្វាយ​ចន្ទី ដាំ​ដំឡូង កាប់​ចុង​សោម រក​ក្រែក​ ជីក​រំដេង បោច​មើម​ចិន និង​កាប់​ឈ្ន​ យកទៅលក់​។ ប៉ុន្តែអ្នកស្រីថា បច្ចុប្បន្ន​ មុខរបរនេះកាន់តែខ្សត់ពីមួយថ្ងៃទៅមួយ​ថ្ងៃ​។

អ្នកស្រី រស់ គាល សមាជិកគណៈកម្មការសហគមន៍ជនជាតិដើមភាគតិចកួយឃុំងន ស្ថិតនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ (ប៉ូ សាគុន)

​អ្នក​ស្រី​ត្អូញ​ត្អែរ​ដូច្នេះ​ថា៖ «តាំង​ពី​ក្រុម​ហ៊ុន​ចូល​មក​វិនិយោគ​ទុន​ ជន​ជាតិ​ដើ​ម​ភាគ​តិច​កួយ[ជួប]ទុក្ខ​លំបាក​ច្រើន​​ រក​អ្វី​មិន​បាន​ទេ។ ទៅ​ដើរ​រក​មួយ​ថ្ងៃ​ ជួន​កាល​យក​ទៅ​លក់​មិន​បាន​២​ម៉ឺនផង​។​ ថ្ងៃ​​ខ្លះ​១​ម៉ឺន​​[រៀល]សឹង​​មិន​​បាន​។ ប៉ុន្តែ​ពីមុន ​១ថ្ងៃ​​បាន​ប្រហែល​៤​ទៅ​៥​ម៉ឺន​[រៀល]។ ទៅ​រក​ចុង​សោម​ ក្រុម​ហ៊ុន​មិន​ឱ្យ​ចូល ព្រោះ​​ជា​អូរ​ក្នុង​ដី​ក្រុម​ហ៊ុន​ ​[ក្រុម​ហ៊ុន ទ្រី​ភាព, លីហួរ, ទេពីអាក្រូ] យើង​អាច​ចូល​បាន ​ទាល់​តែ​មាន​អត្តសញ្ញា​ណ​បណ្ណ​​។ កាល​ពី​មុន​មាន​ព្រៃ​ច្រើន យើង​អាច​​​ធ្វើ​ស្រូវ​បាន​។ ប៉ុន្តែ​ពេល​នេះ​មិន​មាន​ព្រៃ​ទៀត ដូច្នេះ​យើង​ត្រូវ​ធ្វើ​ចម្ការ​លើ​ដី​រេច​រឹលដដែល​ៗ»។

ស្ត្រី​រាង​ខ្ពស់​ស្រឡះ​ និងមានកូន៤នាក់ក្នុងបន្ទុករូបនេះ​​ សំណូម​ពរ​ដល់អាជ្ញា​ធរពាក់​ព័ន្ធ​​ទាំង​​អស់​​ដោះ​ស្រាយ​​ដី​របស់​​ពួក​​គាត់​ជា​មួយ​ក្រុម​​ហ៊ុន​ឱ្យ​ដាច់​ស្រឡះ​ ហើយ​ទុក​ដី​របស់​សហគមន៍​ដែល​អាស្រ័យ​ផល​ជាក់​ស្ដែង​ឱ្យ​ជន​ជាតិ​ដើម​ភាគ​តិច​វិញ។

​អ្នកស្រីបន្ថែមថា៖ «ពួកយើង​​មិន​មាន​អ្វី​ទី​ពឹង​ ក្រៅ​តែ​ពី​ដី​ និង​ព្រៃ​ទាំង​នោះ​ឡើយ។ ដីនិង​ព្រៃ​របស់​ពួក​យើង​​​​​ប៉ុនណាំ ក៏​ទុក​ឱ្យ​ពួក​យើង​​ប៉ុណ្ណោះ​ ហើយ​សុំ​ឱ្យ​ពន្លឿន​ការ​ចេញ​ប្លង់​កាន់​កាប់​ដី​ធ្លី​ឱ្យ​ពួក​យើង​។ បើ​គេ​យក​ដី​អស់ យើង​មិន​ដឹង​ទៅ​ណា​បាន​ យើង​រស់​នឹង​ដី ស្លាប់​ក៏​នឹង​ដី​ ដូច្នេះ​ពួក​យើង​ត្រូវ​តែ​តស៊ូ»​​។

របាយការណ៍នៅឆ្នាំ២០២២ ស្ដីពី​ស្ថានភាពសហគមន៍ជនជាតិដើមភាគតិចកួយ នៅភូមិក្បិត​ចង្ហូរ​ខ្នារ ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឱ្យដឹងថា ជនជាតិដើមភាគតិចកួយ ជាង​១០០គ្រួសារ បានរស់អាស្រ័យ​​ផលតាមរបៀបប្រពៃណីជនជាតិដើម​ភាគ​តិច​ លើព្រៃឈើស​ហគមន៍​ជនជាតិដើមភាគតិចកួយ​ក្បិតចង្ហូរខ្នារ តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ។

របាយការណ៍​ដដែលបន្តថា សហគមន៍​នេះបានចុះបញ្ជីទទួលស្គាល់ស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិចកួយ ដោយ​ក្រសួងអភិវឌ្ឍន៍ជនបទ​ នៅឆ្នាំ២០១៦ និង​ក្រសួងមហាផ្ទៃ នៅឆ្នាំ២០១៧ ដោយសហគមន៍​នេះមានផ្ទៃដី​ប្រមាណ​១ ០០០ហិកតា។

​យុវជន​ជន​ជាតិ​ដើម​ភាគតិច​កួយ លោក ឃុត សុន រស់​ក្នុងសហគមន៍​ក្បិត​ចង្ហូរ​ខ្នារ ឃុំ​ងន ក៏​​​​​មើល​ឃើញដែរ​ថា ការ​​​​បាត់​បង់​​​​ព្រៃ នឹ​ង​​​ធ្វើ​ឱ្យ​ជន​ជាតិ​ដើម​ភាគ​តិច​​បា​ត់​អត្តសញ្ញាណដែរ​ ដ្បិត​​​អី​​​មិន​មាន​ចម្ការ​វិល​ជុំ​ និង​មិន​មាន​ព្រៃ​រក​​អនុផល​​សម្រាប់ចិញ្ចឹមជីវិត​។ លោកបន្ត​ថា ​​ការ​កាប់​ចម្ការ​វិល​ជុំ​របស់​ជន​ជាតិ​ដើម​ភាគ​តិច តាំង​តែ​​ពី​​បុរាណ​រហូត​ដល់​បច្ចុប្បន្ន​ មិន​ធ្វើ​ឱ្យ​អន្តរាយ​ព្រៃ​ឡើយ ប៉ុន្តែ​​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​ទៅ​វិញ​ទេ​ ដែល​​ធ្វើ​ឱ្យ​ព្រៃ​វិនាស​។

យុវជន​ជន​ជាតិ​ដើម​ភាគតិច​កួយ លោក ឃុត សុន រស់​ក្នុងសហគមន៍​ក្បិត​ចង្ហូរ​ខ្នារ ឃុំ​ងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ (ប៉ូ សាគុន)

យុវជន ឃុត សុន និយាយថា៖ «​ក្រុម​ហ៊ុន​សម្អាត​ព្រៃទាល់​តែ​​ស្អាត​ភ្លឹង​ ដែល​មិន​អាចឱ្យ​​ព្រៃ​ដុះ​ឡើង​វិញ​បាន​ ទើប​គេ​ដាំ​កៅ​ស៊ូ ឬ​ដំណាំ​ផ្សេង​ៗ​។ ខ្ញុំ​សុំ​ឱ្យ​​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​នៅ​​​តំបន់​ជន​ជាតិ​ដើម​ភាគ​តិច​ ​កំណត់​​ព្រំ​ដី​ឱ្យ​បាន​​ច្បាស់​លាស់​ កុំ​​ឱ្យ​មាន​ការ​រំលោភ​បំពាន​ដី​ជា​បន្ត​បន្ទាប់ទៀត​។ ខ្ញុំ​មិន​ចង់​ឱ្យ​មាន​ការ​អភិវឌ្ឍ​នៅ​តំបន់​ជន​ជាតិ​ដើម​ភាគ​តិច​ទេ មិន​ថា​តែ​នៅ​តំបន់​របស់​ខ្ញុំ​ ឬ​តំបន់​ណា​ក៏​ដោយ​ ព្រោះ​តែ​មាន​ការ​ឈូស​ឆាយ​ព្រៃ នាំ​ឱ្យ​បាត់​អត្តសញ្ញាណ​របស់ពួក​យើង»​។

បើ​តាម​វីដេអូឯកសារ​របស់​គម្រោង​រេដបូក​កម្ពុជា-កូរ៉េ “គម្រោង​រេដបូក​ទំរីង” បាន​ឱ្យ​ដឹង​ថា ​ខេ​ត្ត​កំពង់​ធំ​ មាន​ផ្ទៃដី​៤០​ភាគរយ​ជា​​​ដែន​ជម្រក​សត្វ​ព្រៃព្រៃ​​ឡង់​ ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​តំបន់​អភិរក្ស​ជីវចម្រុះ​ឥណ្ឌូ​ភូមា​។ ព្រៃ​នេះ​មាន​សមត្ថភាព​ផ្ទុក​សន្និធិកាបូន​រហូត​ដល់​៣៧១,៨៩តោន​ សមមូល​ឧស្ម័នកាបូនិក​ក្នុង​​១​ហិកតា​។ ខេត្ត​កំពង់​ធំ ​ក៏​ស្ថិត​នៅ​ក្នុងចំណោម​​តំបន់ផ្សេងទៀត​នៅ​លើ​ផែន​ដី ដែល​កំពុង​រង​នូ​វ​ការ​គំរាមកំហែង ដោយ​សារ​ការ​ថយ​ចុះ​នៃ​គម្រប​ព្រៃ​ឈើ​និង​ជីវចម្រុះ ដែល​អត្រា​បាត់​បង់​ព្រៃ​ឈើ​ពី​ឆ្នាំ​២០១០ដល់​ឆ្នាំ​២០១៤ មាន​រហូត​ដល់​ចំនួន​៣,២៨​ភាគរយ​។

ប្រភពដដែលបន្តថា ​មូល​​ហេតុ​ចម្បង​​ដែល​នាំ​ឱ្យ​មាន​ការ​បាត់​បង់​ព្រៃ​ឈើ​នេះ គឺ​បណ្ដាល​​​មក​​​ពី​​ការ​​ប្រែ​​ដីព្រៃ​​​ទៅ​ជា​ដី​កសិកម្ម​ខ្នាត​តូច​និង​ធំ​ ការ​កាប់​រាន ដុតឈូស​ឆាយ​ដី​ព្រៃ​ខុស​ច្បាប់​ ការ​កាប់​ឈើ​ខុស​ច្បាប់​ ការ​ដក​ហូត​​ឈើ​ធ្វើ​ឧសនិង​ធ្យូងហួស​ប្រមាណ និង​ភ្លើង​ឆេះ​ព្រៃ​។

ប្រភពដដែលបាន​ព្យាករ​​ថា ការ​បាត់​បង់​និង​រេច​រឹល​ព្រៃ​ឈើ​នឹង​​បន្ត​កើត​ឡើង​នាពេល​ខាង​មុខទៀត​​ ប្រសិន​​បើ​មិន​មាន​វិធាន​ការ​សម​ស្រប​ណា​មួយ​ដើម្បី​ទប់​ស្កាត់​ ដែល​ការ​នេះ​នឹង​​ជះ​ឥទ្ធិពល​ដល់​ជីវចម្រុះ​ និង​​ជីវភាព​រស់​នៅ​របស់​សមាជិក​សហគមន៍​​។

ក្នុងវ័យ​ជិត៩០ឆ្នាំ លោក​ កុច លី ជាចាស់ទុំជនជាតិដើមភាគតិចកួយ ​មិន​​ចង់​​ឱ្យ​​មាន​​ការ​​វិនិយោគ​ណាមួយ​ដែល​​បំផ្លាញ​ព្រៃ​ឈើ​ក្នុងសហគមន៍នេះទេ​។ មានមុខរបរជា​​អ្នក​ក្រង​ត្រក​ បុរស​វ័យចំណាស់រូប​​នេះនិយាយ​ថា ​បច្ចុប្បន្ន វល្លិឈ្ន​​កាន់​តែ​ខ្សត់​​ ព្រោះ​ព្រៃ​ឈើក្នុងតំបន់នោះ​​ត្រូវបាន​ក្រុម​ហ៊ុន​ឈូស​ឆាយអស់​​។

មាន​ផ្ទៃ​មុខ​ស្រងូត ​ហាក់​អាឡោះ​អាល័យនឹង​​ជីវភាព​កាល​អតីតកាល​ បុរសដែល​ប្រកប​របរ​ក្រង​ត្រក​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយមរូប​នេះ និយាយថា បើទោះបីពី​ដើមមក​ ​គ្រួសារគាត់មានជីវភាព​ក្រខ្សត់ ប៉ុន្តែ​ក៏អាចរកអាហារទទួលទានបានគ្រប់គ្រាន់និង​​ងាយ​ស្រួល​។ ងាយ​ស្រួល​ក៏​ព្រោះ​ថា លោក​អាច​រក​ផលអនុផលព្រៃឈើ យក​មក​ធ្វើ​ជា​អាហារបានដោយ​មិន​ខ្វះ។

លោក កុច លី អ្នក​ប្រកប​របរ​ក្រងត្រក អង្គុយ​លើ​របង​ខាង​មុខ​ផ្ទះ​របស់​គាត់ ស្ថិតនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ (ប៉ូ សាគុន)

​លោក លី រំលឹកថា​៖ «ពី​បរមបុរាណមក ​គេ​កាប់​ចម្ការ​មែន ប៉ុន្តែ​វា​មិន​ពាយ​ព្រៃ​ទេ កាប់​ត្រង់​ណា​ក៏​វា​ដុះ​ឡើង​មក​វិញ​! ដាំ​ពោត​ ដាំ​ស្រូវ ដាំ​សណ្ដែក​ បាន​ស៊ី​ចុក​នោះ​ឯង​។ ប៉ុន្តែ​សព្វ​ថ្ងៃ​ ពាយ​ដោយ​សារ​​តែ​ក្រុម​ហ៊ុន​ឈូស​ឆាយ​នោះ​ឯង​។ សព្វ​ថ្ងៃ​ ដី​ក្រុម​ហ៊ុន​អស់​ហើយ ​កុំ​ដើរ​។ បើ​ពី​មុន ​សុទ្ធ​តែ​ព្រៃ​ធំ​ៗ សត្វ​ព្រៃ​ក៏​ច្រើន​ ហូប​មិន​ខ្វះ​ទេ​។ បាត់​ព្រៃ​នោះ វា​បាត់​អត្តសញ្ញាណ​ហើយ​។ ពី​ដើម ​អត់​ឃ្លាន​យ៉ាង​ណា ក៏ព្រឹក​នេះ​​ទៅ​រក​​ជ័រ​ចុង​ ព្រឹក​នេះ​ទៅ​ដង​ជ័រ​ យក​ទៅ​លក់ ​ទៅ​ដូរ​អង្ករ ដូរ​សាច់​ ហូប​ចុក​។ សព្វ​ថ្ងៃ​ទៅ​ដង​អី?​ ​ទៅ​រក​ជ័រ​អី​? មិន​ចេះ​តែបាន​ទេ​។ ​ដើរ​ព្រៃ​រក​អណ្ដើក​ រក​ត្រកួត ក៏​មិន​ចេះ​តែបាន​ វា​ពាយ​អស់​បាត់​ទៅ​ហើយ​សព្វ​ថ្ងៃ​នេះ បើ​ព្រៃ​វា​អស់​ទៅ​ហើយ»​។

បើតាម​ចាស់ទុំក្នុងភូមិរូបនេះ ​ដោយ​សារ​តែ​ការ​បាត់​បង់​ព្រៃ​ឈើ ក្មេង​ៗ​ជន​ជាតិ​ដើម​ភាគ​តិច​កួយខ្លះបាន​​ភ្លេច​​អត្តសញ្ញាណ​របស់ខ្លួន​ទៅ​ហើយ​ ខណៈយុវជនខ្លះ​​​ត្រូវ​ចំណាក​ស្រុកទៅ​​ធ្វើ​ការជា​កម្មករ​​នៅ​ប្រទេស​ថៃ ហើយ​ក្មេង​ៗ​ជំនាន់ក្រោយ​​ក៏​ប្រឈម​នឹង​ការ​បោះ​បង់​ចោល​ការ​សិក្សា​ផង​ដែរ ព្រោះ​តែ​ជីវភាព​ខ្វះ​ខាត​​។

ការស្វែងរកដំណោះស្រាយរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ

វីអូឌី បាន​ទាក់ទងទៅលោក ផាន ជាតំណាងក្រុមហ៊ុន​ សម្បត្តិផ្លេធីណឹម ដើម្បីសុំការបញ្ជាក់ ជុំវិញការ​លើក​ឡើង​របស់​ប្រជាសហគមន៍ជនជាតិដើមភាគតិចនៅឃុំងននេះដែរ ប៉ុន្តែលោកបដិសេធឆ្លើយតប ដោយ​ប្រាប់ថាមានធុរៈផ្ទាល់ខ្លួន។

ចំណែកមេឃុំងន លោក សិត ភូយ ​ថ្លែងថា ​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​នីមួយ​ៗតែង​តែ​មាន​ការ​ប៉ះ​ពាល់​ខ្លះ ដោយចៀសមិនរួច​។ លោក​ថា ​​រដ្ឋាភិបាល​​ផ្ដល់​​ដី​ឱ្យ​​ក្រុម​ហ៊ុន​​អភិវឌ្ឍ​ គឺ​ដើម្បី​ឱ្យ​ពល​រដ្ឋ​ក្នុង​តំបន់​មាន​ការ​រី​ក​ចម្រើន​។

លោក សិត ភូយ មេឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ (ប៉ូ សាគុន)

លោក​បញ្ជាក់ថា​៖ «ការ​ប៉ះ​ពាល់​ចៀស​មិន​​ផុត​ ប៉ុន្តែ​អាជ្ញាធរថ្នាក់​ក្រោម​ជាតិ​ ក៏​ខំ​ប្រឹង​ប្រែង​ដោះ​ស្រាយ​ជូន​ពល​រដ្ឋ​ដែរ។ ការ​អភិវឌ្ឍ​ធ្វើ​ឱ្យ​មាន​ការ​ប្រែ​ប្រួល​ ​ទំនៀម​​ទម្លាប់​របស់​គាត់ [ជន​ជាតិ​ដើម​ភាគ​តិច​]​ ដើម្បី​បន្សាំ​ជីវិត​ទៅ​តាម​ការ​រីក​ចម្រើន​របស់​សង្គម​ជាតិ​»។

ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្ត​កំពង់​ធំ លោក ប៉ែន វណ្ណារិទ្ធ មាន​ប្រសាសន៍ថា មន្ទីរ​​បាន​​ដោះ​​ស្រាយ​រឿង​​ទំនាស់ដីចម្ការ​វិលជុំ​ និង​ដី​ព្រៃ​រវាង​ជន​ជាតិ​ដើម​ភាគ​តិច ជា​មួយ​​ក្រុម​ហ៊ុន​ បាន​ច្រើន​ជំហាន​ហើយ។ លោកអះអាង​​ថា ​ថ្នាក់​ខេត្តនឹង​បង្កើត​ក្រុម​ការ​ងារចុះ​​ទៅ​ដោះ​ស្រាយ​ទំនាស់​នោះ​ ដោយ​នឹងកាត់​ដី​ដែល​ជន​ជាតិ​ដើម​ភាគ​តិច​កំពុង​ធ្វើ​ឬអាស្រ័យ​ផល​ ឱ្យ​ទៅ​ជន​ជាតិ​ដើម​ភាគ​តិច​វិញ​។

ទោះ​ជា​យ៉ាង​ណា លោក​ថា ​ការ​​ងារ​​នោះ​មិន​អាច​កំណត់​ពេល​វេលាជាក់​លាក់ថា​នឹង​បញ្ចប់​នៅ​ពេល​ណា​បាន​ឡើយ​ ដោយ​អាស្រ័យ​លើ​ការ​ចូល​រួម​ពី​ជន​ជាតិ​ដើម​ភាគ​តិច​ផ្ទាល់​។

លោក វណ្ណារិទ្ធ ពន្យល់​បន្ថែម​ថា៖ «ការ​ងារ​មិន​អាច​កំណត់​ថា​រយៈ​ពេល​ប៉ុន្មាន​ច្បាស់​លាស់​ទេ សំខាន់​រឿង​​ពួក​​គាត់​​ចូល​​រួម​។ ថ្ងៃ​មុន​ ខ្ញុំ​បាន​ទៅ​ប្រជុំ​ ខ្ញុំ​បាន​ជម្រាប​ពួក​គាត់​​រួច​ហើយ​ ឱ្យ​ពួក​គាត់ត្រៀម​លក្ខណៈ​ចូល​រួម​ជា​មួយ​ក្រុម​ការ​ងារ​ ទៅ​ពិនិត្យ​ជាក់​ស្ដែង​ជា​មួយគ្នា ថា​ដី​ណា​គាត់​កំពុង​អាស្រ័យ​ផល​ ហើយ​យើង​នឹង​ដាក់​របាយការណ៍​​ជូន​​ថ្នាក់​ដឹក​នាំ​ខេត្ត​ ដែល​ជា​ប្រធាន​គណៈកម្មការ​គ្រប់​គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត»​។

ចំណែកលោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ មាន​ប្រសាសន៍ថា ពាក់​ព័ន្ធ​នឹង​​ករណីធ្វើ​ចម្ការ​វិល​ជុំ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ ក្រសួងកំពុង​តែ​ជំរុញ​ឱ្យ​មាន​ការ​ចុះ​បញ្ជី និង​កំណត់​ផ្ទៃ​ដី​ឱ្យ​បាន​ច្បាស់​លាស់​​។

លោកថា៖ «បច្ចុប្បន្ន​នេះ​​មាន​ការ​វិវត្ត ដូច្នេះ​ដី​នៅ​ក្នុង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច មាន​​ចម្ការ​វិល​ជុំ​ ត្រូវ​មាន​ការ​គ្រប់​គ្រង​ច្បាស់​លាស់​ ដើម្បី​កុំ​ឱ្យ​ចូល​ទៅ​ក្នុង​តំបន់​ការ​ពារ​ដោយខុស​ច្បាប់​។ ​អគ្គនាយក​ដ្ឋាន​តំបន់​ការ​ពារ​ធម្មជាតិ ​និង​អគ្គនាយក​ដ្ឋាន​សហគមន៍​មូល​ដ្ឋាន ​កំពុង​តែ​ធ្វើ​ការ​​ងារ​ជា​មួយ​គ្នា​​។ តំបន់​ការ​ពារ​ធម្មជាតិ​ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​បរិស្ថាន នៅ​ជុំ​វិញ​តំបន់​ព្រៃ​ឡង់​ បានទទួល​ស្គាល់ពី​ក្រសួង​​បរិស្ថានរួច​​ហើយ ដែល​មាន​ការ​កំណត់​នូវ​ផ្ទៃ​ដី​ត្រឹម​ត្រូវ​»​។

គ្មាន​ការ​ជូន​ដំណឹង គ្មាន​ការ​​ពិគ្រោះ​យោបល់ ​ពេល​ក្រុមហ៊ុនចូលទៅវិនិយោគ

សហគមន៍ជន​ជាតិ​ដើម​ភាគ​តិចកួយ ឃុំ​ងន ​​ទើប​តែ​ដឹង​ថា ក្រុម​ហ៊ុន​ចូល​ទៅ​វិនិយោគ​នៅ​ក្នុង​តំបន់​របស់​ខ្លួន​នៅ​ឆ្នាំ​២០១០​-២០១១​ គឺ​នៅ​ពេល​ដែល​ក្រុម​ហ៊ុន​ទៅ​​ឈូស​ឆាយ​ដល់​ដីអាស្រ័យ​ផល​របស់​ពួក​គាត់​​ទៅ​ហើយ​​។ សហគមន៍​មិន​បាន​ដឹង​ឡើយថា​ ក្រុម​ហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋា​ភិបាល ក្នុង​​ឆ្នាំ​ណា លើ​ទំហំ​ផ្ទៃដី​ប៉ុន្មាន​ ឬ​នៅ​ទី​តាំង​ណា​ខ្លះ​នៃ​តំបន់​របស់​ពួក​គេ​រស់​នៅ​ ខណៈ​​អាជ្ញាធរ​មូល​ដ្ឋាន​ ក៏​ដូច​ជា​រដ្ឋាភិបាល​ មិន​ដែល​បាន​ជូន​ដំណឹង ឬ​ពិគ្រោះយោបល់​​ជា​មួយ​ពួក​គាត់​ មុន​ពេល​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុម​ហ៊ុន​ណា​មួយ​វិនិយោគ​នោះ​ឯង​។

ប្រធាន​កម្មវិធី​ដី​ធ្លី​​ និង​អភិបាល​កិច្ច​ធនធាន​ធម្មជាតិ នៃវេទិកា​មិនមែនរដ្ឋាភិបាល​ស្ដីពីកម្ពុជា (​NGO Forum) លោក ភាព សុភា មាន​ប្រសាសន៍ថា ​ជា​ទូទៅ​ ជន​ជាតិ​ដើម​ភាគ​តិច ​មាន​​ការ​​ព្រួយ​បារម្ភ​ចំពោះ​ការ​​ផ្ដល់​​​ដី​​សម្បទាន ឬ​គម្រោង​វិនិយោ​គ ព្រោះ​មិន​មាន​ការ​ចូល​រួម​ពិគ្រោះ​យោបល់​ពេញ​លេញ​ ពីភាគី​ពាក់​ព័ន្ធ។ លោកបន្តថា ​កាល​ពី​អំឡុង​ឆ្នាំ​២០១៨-២០១៩ ​​ក្រសួង​បរិស្ថាន​ តែង​តែ​អញ្ជើញ​អង្គការ​ NGO Forum ឱ្យ​​ចូល​រួម​ក្នុង​ការ​ពិគ្រោះ​យោបល់ លើ​របាយការណ៍ EIA។ ​ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោកថា NGO Forum មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួមទៀត​ទេ។

លោក​ថា ​បើ​អង្គការនេះ​​​បាន​ចូល​​​រួម​ យ៉ាង​ហោច​ណាស់ក៏​​​បានជួយ​​ផ្សព្វ​ផ្សាយ​ព័ត៌​មានទៅ​​កាន់​សហគមន៍​​​ និង​​សង្គម​​ស៊ីវិល​​​ក្នុង​តំបន់​នោះ ដើម្បី​ប្រមូល​ធាតុ​ចូល ក្ដីបារម្ភ ឬ​ការ​ចង់​បាន​របស់​ពួកគេ​​​ យក​​ទៅ​​ឱ្យ​ក្រសួង​​បរិស្ថាន​​ពិនិត្យនិង​​សម្រេច​ មុន​ផ្ដល់​សិទ្ធិ​ឱ្យ​មាន​ការ​វិនិយោគ ហើយការ​ធ្វើ​បែបនេះនឹង​​កាត់​បន្ថយ​​ផល​​ប៉ះ​ពាល់​ដល់​សហគមន៍ ព្រៃឈើ ឬ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​នោះ។

លោក ភាព សុភា ប្រធានកម្មវិធីដីធ្លី និងអភិបាលកិច្ចធនធានធម្មជាតិ នៃវេទិកា​មិនមែនរដ្ឋាភិបាល​ស្ដីពីកម្ពុជា (​NGO Forum)។ (ប៉ូ សាគុន)

លោក​ សុភា ថ្លែងថា៖ «ព្រោះ​​ព្រួយ​បារម្ភ​ NGO Forum តែង​តែ​បង្កើត​បរិយាកាស​មួយ​ឱ្យ​សង្គម​ស៊ីវិល សហគមន៍ និងស្ថាប័ន​រដ្ឋាភិបាល​ ជួប​ពិភាក្សាពីបញ្ហា​នានាឱ្យ​បាន​ញឹក​ញាប់​។ ពេល​ខ្លះ ​ព័ត៌មាន​​ពី​ថ្នាក់​ក្រោម​ជាតិផ្ដល់​ឱ្យ​ថ្នាក់​ជាតិ មិន​បាន​គ្រប់​គ្រាន់​ទេ​»។

បើតាមលោក ភាព សុភា សហគមន៍​​​​ដែល​នៅ​មាន​ធនធាន​ធម្មជាតិ ព្រៃ​ឈើ និង​ដីសមូហភាព ​ភាគ​ច្រើនមាន​​នៅ​ខេត្តភាគ​ឦសាន ដូច​ជា​ ខេត្តកំពង់ធំ ​​រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹង​ត្រែង និង​ព្រះ​វិហារ។ ចំណែក​​ឯខេត្ត​កំពង់​ស្ពឺ​ ពោធិ៍សាត់ កោះកុង ក៏​នៅ​មាន​ធន​ធាន​ព្រៃឈើ ដែល​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​របស់​​រដ្ឋបាល​ព្រៃ​ឈើដែរ​។

ទន្ទឹម​គ្នា​នោះ លោកថា​​ ដី​របស់សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិចមួយ​ចំនួនត្រួត​ស៊ី​គ្នា​ជា​មួយ​តំបន់​ការ​ពារ​ធម្មជាតិ​ដែល​គ្រប់​គ្រង​ដោយ​ក្រសួង​បរិស្ថាន​ ហើយ​ដី​មួយ​ចំនួនទៀតក៏​ត្រួត​ស៊ី​គ្នា​ជា​មួយ​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ដែល​​រដ្ឋាភិបាល​ផ្ដល់​ឱ្យ​ក្រុម​ហ៊ុន​ដែរ​។​ លោកបន្ថែមថា ករណី​នេះ​អាច​កើត​ឡើង​ទៅ​បាន​ក៏​ដោយ​សារ​តែ​អ្នក​អនុវត្តន៍​​មិន​បាន​គោរព​តាម​ច្បាប់​ភូមិបាល​ មាត្រា​២៣ ២៤ និង​២៥ ស្ដី​ពី​អចលនវត្ថុ​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​។

លោក សុភា និយាយថា​៖ «ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​ឬ​ខេត្ត​ខ្លះ ដូច​ជា​នៅ​ខេត្ត​ពោធិ៍សាត់ បាន​ត្រឹម​ចុះ​បញ្ជី​ទទួល​ស្គាល់​អត្តសញ្ញាណជន​ជាតិ​ដើម​ភាគ​តិច ប៉ុន្តែ​មិន​មាន​ដី​ចុះ​បញ្ជី​សមូហភាព​ឡើយ​ ​ដោយ​សារ​ពួក​គាត់​មួយ​ចំនួន​ទទួល​រង​ភាព​ទំនើបរបស់​សង្គម​​ ដោយ​ចុះ​បញ្ជីដី​​ឯកជន ហើយ​ដី​ខ្លះ​ទៀតត្រូវ​បាន​​ផ្ដល់​ជា​ដី​សម្បទាន»។

ដូច​គ្នា​ដែរ លោក យុន ឡូរ៉ង់ អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​ សម្ព័ន្ធ​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា​ ​សង្កេត​​ឃើញ​ថា កន្លង​ទៅ ​មុន​ពេល​រដ្ឋាភិបាល​​ផ្ដល់ដី​សម្បទាន​​ឱ្យ​​ទៅ​ក្រុម​ហ៊ុនណា​មួយ ដែល​ស្ថិត​ក្នុង​តំបន់​ជន​​ជាតិ​ដើម​ភាគ​តិច​រស់​នៅ គឺ​​មិន​​បាន​​​​​ជូន​ដំណឹង​ឬ​ពិគ្រោះ​ជា​មួយ​ជន​ជាតិ​ដើម​ភាគ​តិច​ឡើយ​។

មួយវិញទៀត លោក​ថា ​​រឿង​ដែលអយុត្តិធម៌ខ្លាំង​​នោះ នៅ​ពេល​មាន​ការ​ប្ដឹងផ្ដល់ ​​តុលាការ​​អនុវត្ត​តែ​ច្បាប់​វិនិ​យោគ​ ប៉ុន្តែ​ច្បាប់​ពាក់​ព័ន្ធ​នឹង​ជន​ជាតិ​ដើម​ភាគ​តិច តុលាការ​មិន​ដែល​ឱ្យ​តម្លៃ​​ឬ​យក​ទៅ​អនុវត្ត​ក្នុង​ការ​កាត់​ក្ដីឡើយ​។​ 

លោកថា៖ «មាត្រា២៣ ក្នុង​ច្បាប់​ភូមិ​បាល​ រាល់​ពេល​មាន​គម្រោង​វិនិយោគ​ ឬ​ធ្វើ​ EIA ត្រូវ​តែ​មាន​ការ​ដឹង​ឮ​និង​ឯក​ភាព​ពី​សហគមន៍ នេះ​និយាយ​ពី​ច្បាប់​ ប៉ុន្តែ​ជាក់​ស្ដែង​អត់​អ៊ីចឹង​ទេ។​ ការ​ផ្ដល់​ដី​សម្បទាន មិន​បាន​គោរព​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច ឬ​ពិគ្រោះយោបល់​ជា​មួយ​យើង​ទេ​។ ជន​ជាតិ​ដើម​ភាគ​តិច​ គាត់​មិន​ដឹង​រឿង គាត់​ធ្វើ​ចម្ការ​លើ​ដី​របស់​គាត់ គេ​ថា​គាត់​ធ្វើ​លើ​ដី​ក្រុម​ហ៊ុន​ ហើយ​គេ​ចាប់​គាត់​កាត់​ទោស​។ ជា​ការ​សោក​ស្ដាយ ​គឺ​ការ​​យក​បទ​ព្រហ្មទណ្ឌទៅ​ចោទ​ប្រកាន់ជន​ជាតិ​ដើម​ភាគ​តិច​​ ឬ​សហគមន៍​រង​គ្រោះ ខណៈ​ដែល​គាត់​អនុវត្ត​​ដោយ​សន្តិវិធី​»។

បន្ថែម​ពី​នោះ លោក យុន ឡូរ៉ង់ ថា​​ជន​ជាតិ​ដើម​ភាគ​តិចស្ទើរ​​ទូទាំង​ប្រទេស គឺ​មាន​ផល​ប៉ះ​ពាល់​ពី​ការ​វិនិយោគ​ដី​សម្បទាន​។ ជន​ជាតិ​ដើម​ភាគ​តិច​ដែល​រស់​នៅ​ជិត​តំបន់​វិនិយោគ ​ត្រូវ​បាត់​បង់​ដី​ធ្លី អត្តសញ្ញាណ ជំនឿ និង​សង្គម​សមូហភាពយ៉ាង​ខ្លាំង​។

បើតាមលោក យុន ឡូរ៉ង់ ​​​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិចនៅ​កម្ពុជា មាន​ចន្លោះ​ពី​៥០០ទៅ​៦០០​សហគមន៍​នៅ​ទូទាំង​ប្រទេស​​។ សហគមន៍​ដែល​បាន​ចុះ​បញ្ជីដី​​សមូហភាព មាន​ប្រមាណ​១៦០​សហគមន៍​ ហើយ​​​មាន​​តែ​៣៧​សហគមន៍​ប៉ុណ្ណោះ​ដែល​ទទួល​បាន​បណ្ណ​កម្មសិទ្ធិសមូហភាព។ ដោយ​ឡែក​សហគមន៍​ព្រៃ​ឈើ​ និង​សហគមន៍​តំបន់​ការ​ពារ​ធម្មជាតិ​ បាន​ចុះ​បញ្ជី​កក្នុង​ចន្លោះ​​ប្រមាណ​ជាង​៤០​សហគមន៍។

លោក​បន្ថែម​ថា ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិចនីមួយ​ៗ​អាច​ចុះ​បញ្ជី​ដី​​ចន្លោះ​ប្រហែល​ជា១ ៥០០ ទៅ២ ០០០ហិកតា​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើតាម​​ការ​ប្រើ​ប្រាស់​តាម​ប្រពៃណីជាក់​ស្ដែង​ ​​ក្នុង​មួយ​សហគមន៍មានដី​​​មិន​ក្រោម​៦ ០០០​ហិកតាឡើយ​។

ជាមួយគ្នានេះដែរ ប្រធាន​អង្គការ​ជន​ជាតិ​ដើ​ម​ភាគ​តិច​កម្ពុជា អ្នក​ស្រី យន់ ម៉ាណេ ក៏​បាន​​​ស្នើ​ដល់​រដ្ឋា​ភិបាល​ មុន​នឹង​សម្រេច​ធ្វើ​អ្វី​មួយ​ដែល​មាន​ផល​ជះ​ ឬ​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​ជន​ជាតិ​ដើម​ភាគ​តិច ត្រូវជូន​ដំ​ណឹង​ឱ្យ​បានទូលំទូលាយ​​ទៅ​ដល់​​ជន​ជាតិ​ដើម​ភាគ​តិច​ជា​មុន​។ អ្នកស្រីថា ការ​​ស្នើ​បែប​នោះ ក៏​ព្រោះ​ថា ជន​ជាតិ​ដើម​ភាគ​តិច​​ត្រូ​វ​ការ​ពេល​​​ពិគ្រោះ​ ពិភាក្សា​ និង​រក​ដំណោះ​ស្រាយ​នានា​ ​ដើម្បី​ឱ្យ​ការ​វិនិយោគ​ទាំង​ឡាយនោះមិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​របស់សហគមន៍​​ខ្លួន​។​

អ្នកស្រីថ្លែងថា៖ «​ដោយ​សារ​តែ​កន្លង​ទៅ​ ជន​ជាតិ​ដើម​ភាគ​តិច​រង​គ្រោះ​ដោយ​សារ​តែ​ការ​វិនិយោគ​នានា​ ព្រោះ​តែ​ពួក​គាត់​​ពុំ​បាន​ដឹង​មុន​ពី​គម្រោង​អភិវឌ្ឍន៍​ទាំង​នោះ​។ ​មិន​អាច​ហៅ​គាត់​តែ​២​ឬ​​៣​នាក់​ទៅ​ជូន​ដំណឹង ហើយ​ជូន​ដំណឹង​តែ​ចំណុច​ល្អ ដល់​តែ​ស្អែក​ឡើង​យក​ត្រាក់​ទ័រ​ទៅ​ឈូស​ទេ​ ត្រូវ​តែ​ទៅ​សិក្សា​ផល​ប៉ះ​ពាល់​ឱ្យ​ច្បាស់​លាស់ ទៅ​ដោះ​ស្រាយ​ទំនាស់​ឱ្យ​ច្បាស់​លាស់​ ដោះ​ស្រាយ​បញ្ហា​ឱ្យ​រួច​រាល់ ចាំ​ចូល​ទៅ​អភិវឌ្ឍនៅ​តំបន់​នោះ​។ ខ្ញុំ​ជឿថា ​បើ​រដ្ឋ​អនុវត្តតាម​អ្វី​ដែល​ជន​ជាតិ​ដើម​ភាគ​តិច​ស្នើ នោះ​នឹង​អាច​ឱ្យ​ការ​អភិវឌ្ឍ​ទៅ​មុខ​លឿន និង​មាន​ការ​ទទួល​យក​បាន​ពី​គ្រប់​ភាគី​»។

ចំណែក​​លោក យុន ឡូរ៉ង់ ថា​ដើម្បី​ឱ្យ​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​​មាន​ប្រសិទ្ធភាព លោក​ផ្ដល់​គំនិត​ទៅ​រដ្ឋាភិបាល​​ត្រូវ​តែ​​ចេញ​វិធាន​ការ​ការ​ពារ​បណ្ដោះ​អាសន្នទៅ​លើ​ដីវិវាទ​ទាំង​អស់ដែល​ចេញ​ដោយ​អភិបាល​ខេត្ត ហើយ​ត្រូវតែ​ដោះ​ស្រាយ​តាម​ច្បាប់​ឱ្យ​បាន​ច្បាស់​លាស់​។

ដើម្បី​បញ្ឈប់​ឬ​កាត់​បន្ថយ​វិវាទ​ព្រៃឈើឬ​ដីធ្លី ក្រុមអង្គការសង្គមស៊ីវិល​ទាំងនោះបានជំរុញ​ដល់​​សហគមន៍ជ​ន​​ជាតិ​ដើម​ភាគ​តិច​ ត្រូវ​តែ​ព្យាយាម​ស្វែង​យល់​ពី​​ធនធានធម្មជាតិ និង​វប្បធម៌របស់​ខ្លួន រួច​ចង​ក្រងហើយ​​យក​ឯកសារ​ទាំង​នោះទៅ​​ឱ្យ​អាជ្ញាធរ​មូល​ដ្ឋានដើម្បី​សុំ​ការ​គាំទ្រ​​។ ចំណែក​អាជ្ញាធរមូលដ្ឋានស្រុកខេត្ត ក៏​ត្រូវ​គាំទ្រសហគមន៍​ឱ្យ​បាន​ដិត​ដល់​ និង​ផ្ដល់​ឱកាស​ឱ្យ​សហគមន៍​ដឹង​ជា​មុននូវ​​ព័ត៌​មាន​វិនិយោគ​ ឬ​ការ​អភិវឌ្ឍនានា។

ក្រុមអង្គការ​​សង្គម​ស៊ីវិល​ទាំងនោះក៏បានស្នើដល់រដ្ឋាភិបាលអនុវត្តឱ្យបាន​គ្រប់ជ្រុងជ្រោយ​ទៅតាមគោល​នយោបាយ​របស់ខ្លួនដែលបានដាក់ចេញ និង​រាល់ការអភិវឌ្ឍទាំងអស់គួរតែមានការ​ពិគ្រោះយោបល់ពី​ផល​ប៉ះពាល់ជាមុនជាមួយភាគីពាក់ព័ន្ធ ព្រមទាំងដោះស្រាយ​វិវាទដីធ្លីដោយតម្លាភាព និងអាចទទួលយក​បាន​ពីគ្រប់ភាគីពាក់ព័ន្ធ។​

ពេញ​ចិត្ត​ជីវិត​កាល​១០​ឆ្នាំ​មុន​

ត្រលប់ទៅកាន់សហគមន៍ជនជាតិដើមភាគតិចកួយនៅឃុំងនវិញ អ្នក​ស្រី​ ហេង សាភេន ប្រធាន​សហគមន៍ជនជាតិដើមភាគតិចភូមិងន​ និយាយថា ​​កាល​​​ពី​​១០​​ឆ្នាំ​​មុន​ ជីវភាព​ក្នុង​គ្រួសារ​របស់​​អ្នក​ស្រី​​រស់នៅ​​ស្រួល​ មិន​ពិបាក​ចិត្ត​ឡើយ​។ អ្នក​ស្រី​ថា កាលណោះ ​​រក​មួយ​ថ្ងៃហូប​មួយ​ថ្ងៃ​ពិត​មែន ប៉ុន្តែ​​គ្រប់​ទី​កន្លែង​សុទ្ធ​តែ​អាច​រក​អាហារ បន្លែ និង​សាច់​​សត្វបាន​ ព្រោះ​មាន​ព្រៃ​ច្រើន​។ ថ្វី​ដ្បិត​ពេល​នេះ​ អ្នក​ស្រី​​មាន​ផ្ទះ​ធំជាង​មុន​​ ​អាច​​រក​ចំណូលបាន​ច្រើន​ជាង​​មុន​ ប៉ុន្តែ​អ្នក​ស្រី​រស់​ទាំង​ភ័យ​ខ្លាច។

(អាវលឿង) អ្នក​ស្រី ហេង សាភេន អនុប្រធាន​​សហគមន៍ជន​ជាតិ​ដើម​ភាគតិចកួយ ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ (ប៉ូ សាគុន)

​អ្នក​ស្រី​និយាយថា​៖ «មាន​ជីវភាព​ធូរ​ជាង​មុន​​នេះ​ ព្រោះយើង​ចេះ​គិត​ជាង​មុន​ ចេះ​រក​ទុក​និង​សន្សំ​សំចៃ​ ​ចេះច្នៃ​ដី​ដាំ​ដំណាំ​ផ្សេង​ៗ​ចម្រុះ​គ្នា​ ក៏​មាន​​ការ​រួម​ចំណែកពី​ការ​ចំណាក​ស្រុករបស់​កូន​ៗ​ទៅ​​ក្រៅ​ប្រទេស​​ដែរ។ ប៉ុន្តែ​​រាល់​ថ្ងៃ​នេះ ខ្ញុំ​​ដេក​ភ័យ​រាល់​ថ្ងៃ​ ខ្លាច​តែ​ថ្ងៃ​ណា​មួយគេ​មក​យក​ដី​អស់​ ឈូស​ដល់​ទាំង​ផ្ទះ​ទៀត​។ ធ្វើ​ចម្ការ​លើ​ដី​ខ្លួន​ឯងសោះ​ ប៉ុន្តែ​លួច​ធ្វើ​ ខ្ញុំ​ខ្លាច​​គេ​ចាប់រាល់​ថ្ងៃ​។

អ្នក​ស្រី ហេង សាភេន បន្តថា ​ព្រៃ​ឈើរបស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិចកួយ ក្នុង​ឃុំ​ងន​​ ដែល​​មាន​សព្វ​ថ្ងៃ​នេះ ​នៅ​សល់​ប្រហែល​តែ​២០​ភាគ​រយ​ប៉ុណ្ណោះ​ ដោយ​ក្នុង​នោះមាន​​ព្រៃ​​ជំនឿ និង​ព្រៃ​កប់​សព។ ចំណែក​​​ព្រៃ​តាម​អូរ និង​ព្រៃ​រក​អនុផល​​ផ្សេង​ទៀត ត្រូវ​បាន​ក្រុម​ហ៊ុន​ឈូស​យក​អស់​ ក្រោម​ហេតុ​ផល​ដីសម្បទាន​របស់​រដ្ឋ​។ អ្នក​ស្រី​ថា ក្នុង​អំឡុង​ឆ្នាំ​​​២០០០​ ព្រៃ​ក្នុង​សហគមន៍​របស់​អ្នក​ស្រី​​នៅសល់​​ច្រើន ​ហើយ​សម្បូរ​​​ឈើ​ប្រណិត ប៉ុន្តែ​ត្រូវ​បាន​បាត់​បង់​បន្តិច​ម្ដង​ៗចាប់​ពី​​អំឡុង​ឆ្នាំ២០១៤​​​។

ស្រប​ពេល​ដែល​​រដ្ឋាភិបាលកំពុង​ធ្វើ​វិសោធនកម្ម​ច្បាប់តំបន់​ការ​ពារ​ធម្មជាតិ​ និង​ច្បាប់​ព្រៃ​ឈើ អនុប្រធាន​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ អ្នក​ស្រី ហេង សាភេន មិន​ចង់​ឱ្យ​រដ្ឋាភិបាល​កំណត់​ចុះ​បញ្ជី​ដី​ជំនឿ​តែ​៧​ហិក​តា​ឡើយ​។

អ្នកស្រីថា៖ «យើង​មិន​ចង់​ឱ្យ​​​រដ្ឋា​ភិបាល​កំណត់​ទំហំ​ព្រៃ​ជំនឿ​​ឡើយ។ យើង​​ចង់​ឱ្យ​រដ្ឋ​រក្សា​​ដីព្រៃ​​សហគមន៍ដែលយើង​​​មាន​តាំង​ពី​ដើម​ទាំង​ប៉ុន្មាន គឺ​ចុះ​ឱ្យយើង​​ប៉ុននោះ​ ដើម្បី​ឱ្យ​ជន​ជាតិ​ដើម​ភាគ​តិច​ថែរក្សា​អត្តសញ្ញាណ និងថែរក្សា​​​ព្រៃ​ឈើ​​​តកូន​ចៅទៅ​មុខ​រហូត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ