លោក ឌួង ងៀប សារភាពថា បាន​យក​ប្រាក់​ពី​ដើម​បណ្តឹង​ដើម្បី​ទទួល​បា​ន​សញ្ជាតិ​ខ្មែរ ​តែ​បដិសេធ​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ឯកសារ​សារធារណៈ​

លោក ដួង ងៀប ក្នុង​វីដេអូ​មួយ ដែល​លោក​បាន​បង្ហោះ​ក្នុង​ហ្វេសប៊ុក​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២២។

ថ្លែង​ក្នុង​សវនាកា​រកាលពីថ្ងៃព្រហស្បតិ៍​ម្សិលមិញ លោក ឌួង ងៀប បានសារភាពថា លោក​បាន​យក​ប្រាក់ម្នាក់​ ១២ម៉ឺនដុល្លារ​អាមេរិក​ ពី​ជនជាតិ​ចិន និង​តៃវ៉ាន់​ដើម្បី​ទទួល​បាន​សញ្ជាតិខ្មែរ​។

លោក ឌួង ងៀប បាន​ដើរចូលក្នុង​តុលាការ​ដោយ​មិនជាប់ខ្នោះ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ និង​បាន​ស្វាគមន៍​សមាជិក​គ្រួសារ ដោយ​មាន​ឆ្មាំ​ពន្ធនាគារ​កាន់​ដបទឹក​ឱ្យលោក។ តុលាការ​បាន​ឃុំខ្លួន​លោក ឌួង ងៀប បណ្តោះ​អាសន្ននៅ​ពន្ធនាគារ PJ ចាប់​តាំងពីខែកុម្ភៈ ឆ្នាំ២០២២​។

លោក ឌួង ងៀប ត្រូវបាន​តុលាការ​ផ្ទន្ទាទោស​ពីបទ​ឆបោក​ យក​ប្រាក់ពី​ជនជាតិ​តៃវ៉ាន់ ក៏ដូចជា ការក្លែងបន្លំ​ឯកសារ​សាធារណៈ​ដោយ​បង្កើត​អត្តសញ្ញាណ​បណ្ណ​ក្លែងក្លាយ​។

ករណី​ក្លែង​បន្លំ​​អត្តសញ្ញាណ​បណ្ណ​​ត្រូវ​បាន​​បើកសវនការ​ជំនុំជម្រះ​ នៅថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ប៉ុន្តែ​​ពាក្យ​បណ្តឹង​​ប្រឆាំង​​រូប​លោក​​ត្រូវ​បាន​​ទម្លាក់​ចោល​ ​បន្ទាប់​​ពី​ដើម​បណ្តឹង​​បាន​យល់​ព្រម​​ថា​ ក្មួយ​ប្រុស​​របស់​លោក ឌួង ងៀប​ នឹង​ទទួល​ខុស​ត្រូវចំពោះ​ករណីនេះ​។ ទោះយ៉ាងណា ​ក្នុង​សវនាការ លោក ឌួង ងៀប បាន​និយាយ​​ថា ប្រាក់​ត្រូវ​បា​ន​​ប្រគល់​ទៅ​​ឱ្យ​មន្ត្រី​ក្រសួង​មហាផ្ទៃ ហើយ​​ក្រុមហ៊ុន​​របស់​លោក​ទទួលបាន​ប្រាក់​មិន​​ដល់ ១០% ទេ​​នៃ​​ចំនួន​ទឹកប្រាក់​​សរុប​។

សមាជិកគ្រួសារ​របស់លោក ឌួង ងៀប រួមទាំងភរិយារបស់លោក ឌួ​ង ឆាយ ក៏បាន​ចូលរួមស្តាប់សវនាការនេះ​ដែរ។

ប្រធានចៅក្រមជំនុំជម្រះលោក ស៊ិន សុវណ្ណារ័ត្ន បាននិយាយ​ថា «អ្នកដែល​មិនពាក់ព័ន្ធ​ក្នុងករណី​នេះ មិន​មាន​សិទ្ធិចូលរួម​ក្នុង​សវនាការ​នេះ​ទេ​»។

​មេធាវីការពារក្តីឱ្យលោក ឌួង ងៀប គឺលោក ម៉ី វណ្ឌី ដែល​​មាន​វត្ត​មាន​​​ក្នុងសវនាការនោះដែរ​​ត្រូវបាន​ចៅក្រម​​ប្រាប់​ថា លោក​មិនមាន​សិទ្ធិធ្វើ ជា​មេធាវី​ការពារក្តីឱ្យ​លោក ឌួង ងៀប ទៀតទេ​ ដោយបាន​លើកឯកសារ​របស់លោក ឌួង ងៀប ដែល​បង្ហាញថា លោក ឌួង ងៀប បាន​ដក​លោក​ចេញពី​មេធាវី​ការពារ​ក្តី​។

មេធាវី ម៉ី វណ្ឌី បាននិយាយថា៖ «ខ្ញុំនឹង​ចាកចេញ​ពីសវនាការនេះ។ គួរឱ្យសោកស្ដាយ​ ខ្ញុំ​ទើប​ដឹង​ថា ​គាត់​ដក​ខ្ញុំ​ចេញ និងមិន​អនុញ្ញាត​ឱ្យខ្ញុំធ្វើជា​មេធាវីការពារក្តី ព្រោះ​ខ្ញុំ​កំពុង​​បំពេញ​​ភារកិច្ចរបស់ខ្ញុំ។ គាត់​ត្រូវ​ការ​ខ្ញុំ ហើយ​​សុំ​ឱ្យ​ខ្ញុំ​ផ្តិត​មេដៃ ប៉ុន្តែ​គាត់​មិន​បាន​​ប្រាប់​ខ្ញុំ​ថា​ គាត់​ដក​ខ្ញុំចេញ​ទេ»។

មេធាវី ម៉ី វណ្ឌី ដើរចេញពីបន្ទប់សវនាការ​ទាំងខឹង។

សវនាការជំនុំជម្រះ​ត្រូវបានពន្យារពេលបីដងរួចមក​ហើយ​ ដោយសារ​តែមេធាវីទាំង១២រូប​របស់ លោក ឌួង ងៀប មិនមាន​វត្តមាននៅក្នុងសវនាការ។

នៅ​​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ចៅក្រម​​បាន​​លើក​ឡើង​ពី​ដំណើររឿង​ដែលចាប់​ផ្តើ​ម​តាំងពី​ឆ្នាំ២០១៧ ដោយលោក ឌួង ងៀប បាន​​ប្រាប់​ដើម​បណ្តឹង​​ឈ្មោះ ហ័ង សៅ ស៊ាន (Huang Hsiao Hsien) និង​បី​នាក់​ទៀត​ថា ពួកគេ​អាច​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ ​ដោយត្រូវ​បង់ប្រាក់ម្នាក់​ ១២ម៉ឺន​ដុល្លារ​។ លោក ឌួង ងៀប បាន​ឱ្យពួកគេ​​បង់​រម្លស់​ម្នាក់ ៥០ ០០០ដុល្លារ។

លោក ឌួង ងៀប បាន​​ប្រាប់​​តុលាការ​​ថា លោក​​មិន​ទាន់បាន​​បញ្ចប់​ដំណើរការ​​ផ្តល់សញ្ជាតិ​​ដល់ពួក​គេ​នៅឡើយ​ទេ បើ​ទោះ​បីជា​​បាន​​ផ្តល់​ប្រាក់​មួយចំនួន​​ទៅ​នគរបាល​​ក្រសួង​មហាផ្ទៃ​ក៏ដោយ។ ដំណើរការ​​នេះ​ត្រូវ​បាន​​ពន្យារ​ពេល​​ដោយសារ​​អាជ្ញាធរ​​តម្រូវ​ឱ្យ​​ពួកគេ​មកបង្ហាញខ្លួន ប៉ុន្តែ​ពួកគេ​មិនអាច​មក​បង្ហាញ​ខ្លួន​បាន​។

លោក ឌួង ងៀប បាន​និយាយ​ថា៖ ​«​ខ្ញុំ​បាន​​ធ្វើ​រឿង​នេះ​​ច្រើន​ដង​ហើយ​។ ពួកគេ​បានបង់ប្រាក់​ម្នាក់ ១២ម៉ឺនដុល្លារ​ ដើម្បីទទួល​បាន​សញ្ជាតិខ្មែរ ហើយខ្ញុំក៏បាន​ជួយជនជាតិតៃវ៉ាន់​ជាច្រើននាក់​ឱ្យទទួលបាន​សញ្ជាតិខ្មែរផង​ដែរ»។

ជាធម្មតា ត្រូវចំណាយពេល ៤-៦ខែ ក្នុងដំណើរការផ្តល់សញ្ជាតិនេះ ហើយ​ក្រុមហ៊ុនរបស់លោក ឌួង ងៀប រក​បានប្រាក់​ចំណូលប្រហែល​ ៥០០០-១០ ០០០ដុល្លារ​អាមេរិក ពីដំណើរ​ការនេះ។

លោក​ ឌួង ងៀប បាន​មាន​ប្រសាសន៍​ថា៖ ​«​យើង​​បាន​​ធ្វើ​រឿងនេះ​​ច្រើន​ដង​​ហើយ​ តាំង​ពី​លោក សុខ អាន នៅ​​មាន​​ជីវិត​»។

ទោះយ៉ាងណា ​ដំណើរការផ្តល់សញ្ជាតិនេះ​​បាន​ជាប់គាំង​​នៅ​ពេល​នេះ ហើយ​លោក​​មិន​អាច​សង​ប្រាក់​ទៅ​លោក Huang វិញ​បាន​ទេ ដោយសារ​​អាជីវកម្ម​របស់​លោក​​កំពុង​​ជួប​ការ​លំបាក​​ដោយសារ​​ការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកបាន​បន្ថែម​ថា លោកបាន​ស្គាល់លោក Huang តាំង​ពី​ឆ្នាំ១៩៩៥។

លោក ឌួង ងៀប ថ្លែងថា៖ «យើង​ជា​​ដៃ​គូ​អាជីវកម្ម ហើយ​ខ្ញុំ​មិន​ដឹង​ថា​ ហេតុ​អ្វី​បាន​ជា​គាត់​ប្តឹង​ខ្ញុំ»។

នៅពេលសវនាការ​​បានឈានទៅដល់ការពិភាក្សា​អំពីអត្តសញ្ញាណបណ្ណក្លែងក្លាយ លោក Huang បាននិយាយថា ក្មួយប្រុសរបស់​លោក ឌួង ងៀប និង​សហ​ចុងចោទ​ឈ្មោះ ឌួង ម៉េងហុង បានសន្យា​ធ្វើអត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរចំនួន​៤ ដែល​អត្តសញ្ញាណបណ្ណមួយ​មានតម្លៃ ១៤ ០០០ដុល្លារ ប៉ុន្តែ​ចុងក្រោយ​មានអត្តសញ្ញាណបណ្ណ៤​ ដែលមាន​លេខអត្តសញ្ញាណបណ្ណដូចគ្នា​។ ពេលនោះ​ឈ្មោះ ម៉េងហុង បានធ្វើ​អត្តសញ្ញាណបណ្ណ​ចំនួនបីបន្ថែមទៀត ដែល​មានលេខ​អត្តសញ្ញាណបណ្ណខុសគ្នា ប៉ុន្តែនៅពេលដែលលោក Huang ទិញដី​ដោយប្រើអត្តសញ្ញាបណ្ណនោះ ម្ចាស់ដី​បាននិយាយថា គឺជា​អត្តសញ្ញាណ​បណ្ណក្លែងក្លាយ។

លោក ឌួង ងៀប បាន​និយាយ​ថា លោក​​មិន​បាន​​ពាក់ព័ន្ធ​នឹង​​ប្រតិបត្តិការ​នេះ​​ទេ។

លោក Huang បាន​និយាយ​ថា លោក​បាន​​ប្តឹង​ទាំង​លោក ម៉េងហុង និងលោក ឌួង ​ងៀប ដោយសារ​​លោក​មិន​ដឹង​ថា​ លោក​គួរ​ប្តឹង​​នរណា​នោះ​ទេ ហើយ​លោក​បាន​​និយាយ​ថា លោក​នឹង​​ដក​ពាក្យ​បណ្តឹង​ប្រឆាំង​នឹងលោក ឌួង ងៀប។

នៅពេល​មេធាវី​របស់លោក ម៉េងហុង សួរថា ​តើ​លោកនឹង​ទម្លាក់​ចោល​ពាក្យ​បណ្តឹង​ប្រឆាំង​ក្មួយ​ប្រុស​របស់លោក ឌួង ងៀប ដែរឬទេ? លោក Huang បាន​និយាយ​ថា លោក​​មិនអាចនិយាយ​បានទេ។

សវនាការ​ត្រូវ​បន្ត​​ដោយ​ឈាន​ទៅ​ដល់ការចោទប្រកាន់លោក ឌួង ងៀប ពីបទ​ឆបោក បើទោះបី​ជា​មិន​ទាន់​កំណត់​​កាលបរិច្ឆេទ​។


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Jailed Tycoon Reveals Citizenship Racket During Trial

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ