គ.ជ.ប លុប​ឈ្មោះ​អ្នក​បោះឆ្នោ​ត​ជាង​១០​ម៉ឺន​នាក់ ខណៈ​​អ្ន​កចុះ​ឈ្មោះ​ថ្មី​មាន​ជាង ៤០​ម៉ឺន​នាក់

លោក ហង្ស ពុទ្ធា មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផ្ដល់បទសម្ភាសន៍អំឡុងពេលដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លុប​​ឈ្មោះអ្ន​ក​បោះឆ្នោត​ជាង ១០​ម៉ឺន​នាក់ (១០៤ ៩៥៦នាក់​) ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០២២ បន្ទាប់ពីធ្វើបច្ចុប្បន្នភាពទៅលើបញ្ជីឈ្មោះ​បោះឆ្នោត ខណៈ​ចំនួ​ន​អ្នក​ចុះ​ឈ្មោះថ្មី ត្រូវ​បាន​ប៉ាន់​ស្មានថា​មាន​ប្រមាណជាង ៤០​ម៉ឺន​នាក់ (៤០៩ ០៥៦នាក់)។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍នៅថ្ងៃសុក្រនេះ​ថា គ.ជ.ប បាន​សម្រេច​លុបឈ្មោះ​អ្ន​ក​បោះ​ឆ្នោត​ចេញ​ពីបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២២ ចំនួនជាង ១០ម៉ឺននាក់ ក្នុង​នោះ ការ​លុបត្រូវ​បាន​ធ្វើឡើង​ក្រោម​លក្ខខណ្ឌសំខាន់ ៣​ចំណុច ដូចជា ហេតុផលមរណភាព ផ្លាស់​ប្តូរ​ទីលំនៅ និងអ្នកដែលត្រូវច្បាប់ផ្តន្ទាទោស ឬព្យួរសិទ្ធិបោះឆ្នោតជាដើម។

លោកថា៖ «ហេតុផលនៃការលុប ទី១ គឺដោយសារសាមីខ្លួនមានឈ្មោះក្នុងបញ្ជី​បោះឆ្នោត​ហើយ តែទទួល​មរណភាព។ ហេតុផលទី២ គឺគាត់បានផ្លាស់ប្តូរទីលំនៅពីឃុំសង្កាត់ចាស់ គឺត្រូវលុបចេញគាត់ត្រូវទៅចុះឈ្មោះនៅឃុំសង្កាត់ថ្មី។ ហេតុផលទី៣ អាច ប៉ុន្តែ​ដូចជាមិនមានទេ សម្រាប់អ្នកដែលត្រូវច្បាប់ផ្តន្ទា​ទោស ព្យួរ​សិទ្ធិ​បោះឆ្នោតជាដើម អាហ្នឹងក៏ជាលក្ខខណ្ឌមួយសម្រាប់ការលុបផងដែរ។ លក្ខខណ្ឌ ៣ចំណុចហ្នឹង គឺសំខាន់បំផុត»។

តារាងស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មានសម្រាប់បម្រើឱ្យ​ការពិនិត្យ​បញ្ជី​​ឈ្មោះ និងចុះឈ្មោះបោះឆ្នោត​ឆ្នាំ២០២២ បានឱ្យដឹងថា​ ចំនួនឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១ មានជាង ៩លាន២សែននាក់ (៩ ២០៥ ៦៨១នាក់) ខណៈការិយាល័យបោះឆ្នោតឆ្នាំ២០២២ នៅទូទាំងប្រទេស​មានចំនួន ២៣ ៧៦០ការិយាល័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ